កូរ៉េខាងត្បូងបញ្ជាក់ជំហរនៅតែស្និទ្ធជាមួយអាមេរិក​

មេដឹកនាំកូរ៉េខាងត្បូងបញ្ជាក់ជំហរថា ប្រទេសរបស់លោកនៅតែមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក​រឹងមាំដូចថ្ម ហើយកាន់តែមានភាពប្រសើរឡើងជារៀងរហូត បើទោះបីជាប្រទេសនេះកំពុងចាប់ផ្តើមស្និទ្ធស្នាលជាមួយកូរ៉េខាងជើងជាប្រទេសបងប្អូនគ្នានេះ។​

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីម្សិលមិញ។ នេះ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋាភិបាលរបស់លោក លោក Moon Jae-in កំពុងតែប្រឈមមុខរដ្ឋសភាកោះហៅទៅសាកសួរ ជុំវិញគោលនយោបាយ ឬ ទស្សនៈគំនិត ដែលធ្វើឲ្យរាំងស្ទាំងដល់ទំនាក់ទំនងមិត្តភាពរវាងសម្ព័ន្ធជាមួយអាមេរិក​ ដោយសារតែឥទ្ធិពល សុំឲ្យមានការបន្ធូរបន្ថយពីកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងនោះ។​

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីMonocle ដែលចេញផ្សាយនៅថ្ងៃនេះលោក Moon Jae-in ថ្លែងថា លោកត្រាំ ប្រធានាធិបតីអាមេរិក​តែងតែខិតខំប្រឹងប្រែងឲ្យមានការជជែកគ្នាស្វែងរកដំណោះស្រាយរវាងកូរ៉េទាំងពីរ។​

មន្ត្រីរបស់កូរ៉េខាងត្បូងជាច្រើន​រូបរួមទាំងរដ្ឋមន្ត្រីការបរទេសលោក​ Kang Kyung-hwa សុទ្ធតែបានច្រានចោលព័ត៌មានដែលថា កូរ៉េខាងត្បូងកំពុងមានគោលនយោបាយផ្ទុយពីអាមេរិកក្នុងការដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង។​

គណៈប្រតិភូរបស់កូរ៉េទាំងពីរចាប់ផ្តើមជជែកគ្នាជាលើកដំបូងនៅក្នុងខែមករាកន្លងទៅនេះ បន្ទាប់ពីរផ្អាកអស់រយៈពេល២ឆ្នាំ ហើយការចូលរួមកីឡាអូឡាំពិករដូវត្រជាក់រួមគ្នារបស់កូរ៉េទាំងពីរកាន់តែធ្វើឲ្យទំនាក់ទំនងនៅក្នុងឧបទ្វីបនេះកាន់តែមានភាពប្រសើរឡើង។​

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជូនប្អូនស្រីរបស់លោក គឺលោកស្រី Kim Yo Jong ទៅកូរ៉េខាងត្បូង ហើយប្អូនស្រីរបស់លោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងកូរ៉េខាងជើង ដើម្បីជជែកការងារជាមួយបងប្រុសខ្លួនវិញ។​

សកម្មភាពមួយរយៈកាលចុងក្រោយនេះ បង្ហាញពីសញ្ញាល្អជាបន្តបន្ទាប់​ចំពោះទំនាក់ទំនងរវាងកូរ៉េខាងត្បូង និង កូរ៉េខាងជើង ខណៈបញ្ហារវាងសហរដ្ឋអាមេរិក និង កូរ៉េខាងជើងនៅតែមានភាពតានតឹងជាលំដាប់។​ មេដឹកនាំអាមេរិក​និងមេដឹកនាំកូរ៉េខាងជើងនៅតែប្រើពាក្យសម្តីវាយប្រហារគ្នា។​

ទោះយ៉ាងណាចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៧មក កូរ៉េខាងជើងមិនបានធ្វើសកម្មភាពធ្វើតេស្តសាកល្បងអាវុធទៀតទេ។​

សហរដ្ឋអាមេរិកបញ្ជាក់ជំហរថា គាំទ្រឲ្យមានការជជែកគ្នាដោយផ្ទាល់រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងក្នុងការដោះស្រាយបញ្ហា ប៉ុន្តែអាមេរិកនៅតែបញ្ជាក់ជំហរទាមទារឲ្យកូរ៉េខាងជើងទម្លាក់ចោលកម្មវិធីអាវុធនុយក្លេអ៊ែ។ ទោះយ៉ាងណាបំណងរបស់អាមេរិកនេះ ត្រូវកូរ៉េខាងជើងច្រានចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ