អ៊ិន សុភិន ថា​​ភាពយន្តខ្មែរ មិនអាច​​​​ហក់ចូលទីផ្សារអន្តរជាតិ

ក្រោយពី​ចុះ​​ពីលើយន្តហោះ​មកពីក្នុងព្រឹត្តិការណ៍ Hong Kong Film  Mart Festival នៅក្នុងប្រទេសចិន ​លោកអ៊ិន សុភិន ​ម្ចាស់​​ផលិតកម្មមហាហង្ស ដែលត្រូវបានអញ្ជើញអោយចូលរួមក្នុងព្រឹត្តិការណ៍នេះ បានសារភាពថា ភាពយន្ត​ខ្មែរ​ គឺទោះជាប្រឹងអភិវឌ្ឍន៍ជាងហ្នឹង ក៏មិនអាចធ្វើកា​​រ​​ប្រកួត​​​លើឆាកអន្តរជាតិ​​បានដែរ។

​​លោកបានត្រឹមតែ​​​​ថា ​​ភាពយន្តដែលបាន​ផលិតហើយចូលត្រឹមទីផ្សារ​​​ជិត​ខាង និង​​​បម្រើ​អោយ​​​​តម្រូវការ​របស់​​អ្នកទស្សនា​ខ្មែរ​ប៉ុណ្ណោះ ដោយលោក​បញ្ជាក់នូវហេតុ​ផលច្រើន​យ៉ាង​ដែលនាំអោយ​លោក​យល់ឃើញបែបនោះ បន្ទាប់ពីបានទៅឃើញ​ភាពយន្ត​បរទេស​មកពី​​ជុំវិញ​ពិភព​​លោក​បង្ហាញខ្លួន​​​នៅក្នុង​មហោស្រព​អន្តរជាតិ។ ការលើកឡើងរបស់លោកគឺផ្ទុយពី​​​​​ក្រុមផលិតករ​មួយចំនួន ដែលធ្លាប់ប្រកាសថា​​ភាពយន្តខ្មែរ​កំពុង​មាន​ការទទួលស្គាល់​ដោយអន្តរជាតិ​ ហើយមិនពិបាក​​​​​​​​ប្រកួតប្រជែង​។

​លោក​ថ្លែង​បញ្ជាក់ថា ​​​ផ្អែក​តាម​ភាពជាក់ស្ដែង​​លោកនៅតែយល់ឃើញថា ភាពយន្តរបស់​កម្ពុជា​​មិនអាច​ជាទីផ្សារ​​លើឆាក​អន្តរជាតិ​បានទេ ដោយ​សូម្បី​​​​​​​​​តែ​​គុណភាពសម្រាប់​​តម្រូវការ​​​នៅក្នុងមហោស្រពភាពយន្ត​​​អន្តរជាតិដែល​លោកបានឃើញនៅក្នុងទីក្រុង​ហុងកុង ក៏លោកយល់​ពិបាកទៅ​រួច។ ហេតុ​​ផលដែល​លោកយល់ឃើញបែបនេះ គឺ​ដោយសារតែ​បញ្ហា​ដើមទុន និង​សម្ភារៈក្នុងការ​ផលិត​​​តែម្ដង ខណៈដែលនៅកម្ពុជា​​ប្រភព​ពីការ​ផលិត​កុន​ក៏មាន​ចំនួន​ក្នុងកម្រិតមួយ​មិន​សូវ​​​​​ល្អប្រសើរ ដែលលោកនិយាយថា​​​​​​​​​​​បើ​ហ៊ានធ្វើកុន​អោយត្រូវស្ដង់​​អន្តរជាតិ គឺមិនខុសពី​​​​​​ផ្សង​​ព្រេង​​ និងឡុងចុងខ្លាំងនោះឡើយ។

លោក​​​​និយាយថា​​​​​ភាពយន្ត​​​មួយដែលមាន​​កម្រិត​ស្ដង់ដារ​អាច​ចូល​​ដល់ទីផ្សារអន្តរជាតិ​បាន គឺលុះត្រា​​​​ប្រើទុនចាប់​​ពី​​​​​កន្លះលាន​ដុល្លារ ឡើង​ទេ ដោយ​​រឿងដែល​ល្អមែន​ទែន គឺ​​​លុះត្រាតែ​ចាយរង្វង់​មួយលាន​ដុល្លារឡើងទៅ ដែលលោកប្រកាសថា​មិនមាន​ផលិតករ​​ក្នុងស្រុកណាមួយ​ហ៊ាន​ចំណាយ​ដល់ម្លឹងបានទេ ដោយសារតែ​ទីផ្សារ​​ក្នុងស្រុក​​ក៏​មិនអាច​​​​​​រកប្រភពចំណូលបាន​​​​​​​​ដល់ប៉ុណ្ណឹង​វិញ ស្របគ្នាដែរ​​នៅ​​​ក្រៅប្រទេស​ក៏មិនប្រាកដថា​​​ជោគជ័យ​ក្រោយ​ការ​​ចំណាយ​ខ្ពស់​​​​​​រង្វង់ហ្នឹង​ផលិតឡើង។

លោកអះអាងថា ​​​​​​​​​នៅ​ក្នុង​​ទីផ្សារ​​ខាងក្រៅប្រទេស គេ​ហ៊ានចំណាយ​ទុនខ្ពស់ផលិតរឿងដល់រង្វង់រាប់លានដុល្លារ ដោយសារតែពលរដ្ឋ​​គេច្រើន ហើយបើទោះជាមិនបានជោគជ័យសម្រាប់ការដាក់បញ្ចាំងនៅ​​ក្រៅប្រទេស​ក៏​​​អាចកើបចំណូល​បានខ្ពស់​ពីការបញ្ចាំង​ក្នុងស្រុក​​ ទើប​​​ខាង​ផលិតករ​​របស់បរទេស​​​បន្ត​ផលិត​​​​​យកស្នាដៃ​ដោយមិនខ្វល់​​អស់ច្រើន។

​​​​​លោកនិយាយថា «​ខ្ញុំមើលទៅ​រឿង​​យើង​​វា​បានត្រឹមតែ​ក្នុងស្រុក និង​​​​ទៅប្រទេសជិត​​ខាង​អីតិច​តួច​ទេ ប៉ុន្តែ​​បើទៅ​ដល់​​ទីផ្សារ​ក្រៅប្រទេស​ ឬ​ចង់ចូល​​ក្នុងមហោស្រព​​​ភាពយន្តអន្តរជាតិអីអោយ​គេ​ចាប់អារម្មណ៍​ចូលអត់រួចទេ ដោយសារតែទុន​​គេ​រាប់​លាន ហើយ​រឿង​យើង​មិន​ដល់​​​​​​​​១០ម៉ឺន​​ផងហ្នឹង​!»។

លោកថា ​​​​​ភាពយន្តមួយដែល​ល្អទៅ​បាន​គឺអាស្រ័យលើ​​​ដើមទុន ​​​អាស្រ័យ​​សម្ភារៈដែលត្រូវ​ប្រើប្រាស់ដើម្បី​ផលិត ​និងអាស្រ័យ​​លើក្រុមបច្ចេកទេស​​ដែលមានជំនាញច្បាស់​លាស់ ហើយ​សម្រាប់កត្តាទាំង​​៣ មិនទាន់មានផលិតករ​ក្នុងស្រុកណាមួយ ដែលអាច​​​​ទៅរួច​នោះទេ ​ដោយសារតែ​​​​​​ផលិត​ករស្ទើរទាំងអស់នៅក្នុងស្រុក​លោកថា​​បើទោះជា​​​ចេញពី​​​​​​​​​​​គ្រួសារ​អ្នកមានស្ដុកស្ដម្ភ​​ប៉ុណ្ណា ក៏មាន​​ហ៊ាន​បោះទុន​ផលិតរឿង​​ដល់ខ្ទង់​លាន​នោះដែរ។ ​

​លោក អ៊ិន​ សុភិន បន្តថា​សម្រាប់ភាពយន្តកម្ពុជា​​​​មិនចាំបាច់​​​​ឆ្នាំក្រោយ​ឬ​១០ឆ្នាំក្រោយនោះទេ ​សំខាន់អោយតែមាន​លុយ​​​​​​ មានដើមទុន​គ្រប់គ្រាន់​គឺ​​​​អាច​ផលិត​បានមិនចាញ់ភាពយន្តបរទេស​នោះទេ ​​ប៉ុន្តែលោកបានសរសើរថា​​បណ្ដា​ផលិតករ​ក្រៅស្រុក​​មានការ​ភ្ញាក់ផ្អើល ក្នុងពេល​ដែល​បានដឹង​ថា​​ភាព​​យន្តខ្មែរ​មួយ​ៗ​​​ចំណាយអស់ត្រឹមតែ​​​​៤​​ទៅ​​​៥​ម៉ឺនដុល្លារ ក៏អាចទទួលយកបានដែរ ​​​ដែលខាងផលិតករ​ទាំង​នោះ​បាន​ចោទសួរមក​​​​​​លោកវិញថា ​តើ​​​​​​​​​​ត្រូវផលិត​យ៉ាងមិច​​​​​ដើម្បី​​​​​​អោយមួយរឿង​ចប់​​​​ចំណាយ​អស់​​តិច​យ៉ាង​នឹង។ លោកថា​កម្ពុជា​ប្រហែលត្រូវការ​​​អ្នកមើល​កុនក្នុងស្រុក​ឈានដល់​​​​​​ច្រើន​​​លាននាក់គាំទ្រ​រឿង​ខ្មែរជាមុនសិន ទើប​អាច​អោយ​​​​ផលិតករ​​ណាមួយ​ហ៊ាន​បោះ​ទុនដល់​​​​កន្លះ​លាន​ដុល្លារ ឬច្រើនជាង​នេះ​​​​ធ្វើការ​ផលិតរឿង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ