រដ្ឋាភិបាលកម្ពុជា បានប្រកាសថា គ្រឿងអលង្ការបុរាណផលិតពីមាស ដែលជាកេរ្តិ៍ដំណែលសល់ពីសម័យអង្គរ ត្រូវបានប្រទេសអង់គ្លេសសម្រេចប្រគល់មកឲ្យកម្ពុជាវិញនាពេលថ្មីៗនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ទីភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art កាលពីថ្ងៃទី២០ ខែមេសា បានស្ម័គ្រចិត្តប្រគល់ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ថ្មភក់ ដែលមានអាយុកាលក្នុងសម័យអង្គរ ត្រឡប់មកកម្ពុជាវិញ តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងឡុងដ៍។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ គ្រឿងអលង្ការបុរាណនេះ ត្រូវបានទីភ្នាក់ងារខាងលើប្រកាសដាក់លក់នៅទីក្រុងឡុងដ៍ កាលពីខែវិច្ឆិកា ឆ្នាំមុន។
ក្រសួងបញ្ជាក់ថា ក្រោយការប្រកាសដាក់លក់មក ក្រសួងបានទាមទារយកគ្រឿងអលង្ការបុរាណនេះត្រឡប់មកវិញ ដោយក្រសួងអះអាងថា គ្រឿងអលង្ការទាំងនោះ ត្រូវបានគេយកចេញពីកម្ពុជាដោយខុសច្បាប់៕