របាយការណ៍៖ ស្ដ្រីបម្រើសេវាកម្សាន្ដជាង៤ម៉ឺននាក់ងាយប្រឈមនឹងជំងឺអេដស៍

របាយការណ៍មួយរកឃើញថា ស្ដ្រីបម្រើសេវាកម្សាន្ដជាច្រើនម៉ឺននាក់ នៅកម្ពុជាអាចប្រឈម នឹងការកើត ជំងឺអេដស៍ និងជំងឺងាយឆ្លងផ្សេងទៀត ដោយសារការមិនចេះប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ។

របាយការណ៍អង្គការ KHANA ចេញផ្សាយថ្ងៃទី២២ខែឧសភាឆ្នាំ២០១៧ បង្ហាញថា នៅប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធបានចូលរួមទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺអេដស៍ ដោយធ្វើឲ្យចំនួនអ្នកកើតជំងឺនេះថយចុះគួរឲ្យកត់សម្គាល់។ ប៉ុន្ដែរបាយការណ៍​នេះថា ស្ដ្រីបម្រើសេវាកម្សាន្ដប្រមាណជាង៤ម៉ឺននាក់ កំពុងប្រឈមនឹងការកើតជំងឺអេដស៍ រាប់បញ្ចូល​ទាំង​បុរសរួមភេទជាមួយបុរស ស្ដ្រីបម្រើសេវាកម្សាន្ដ និងអ្នកដែលចូលចិត្តប្រើប្រាស់គ្រឿងញៀន។

បើតាមរបាយការណ៍ អ្នកគ្រប់គ្រងគម្រោងផ្នែកបង្ការ និងបង្កើតថ្មីរបស់ទីភ្នាក់ងារ USIAD លោក សុផា រតនា បានលើកឡើងពីបទពិសោធន៍ និងបញ្ហាប្រឈមក្នុងកម្មវិធី «អ្នកបម្រើសេវាកម្សាន្ដ» ក្នុងខេត្ត/ក្រុងចំនួន២៣ នៃព្រះរាជាណាចក្រកម្ពុជា។

លោកថា ក្នុងឆ្នាំ២០១៦ មានស្ដ្រីបម្រើសេវាកម្សាន្ដ៤១ ០៥០នាក់ បានទទួលសេវាពិនិត្យ​ពិគ្រោះ​យោបល់ និង៦២ភាគរយនៃចំនួននេះ បានធ្វើតេស្ដរកមេរោគអេដស៍ ដោយលទ្ធផលស្ដ្រីបម្រើសេវា​កម្សាន្ដ៩៤នាក់ បានកើតជំងឺអេដស៍ និងទទួលសេវាព្យាបាល​និងថែទាំ។

លោក សុផា រតនា ក៏បានលើកពីបញ្ហាប្រឈមក្នុងកម្មវិធីនេះដែរ ដូចជា ការកើនឡើងនៃចំនួន​អ្នក​ធ្វើ​ការ​បម្រើ​សេវាកម្សាន្ដ ការមិនហ៊ានទៅធ្វើតេស្ដរកមេរោគអេដស៍ និងការរើសអើង​ចំពោះអ្នកកើតជំងឺអេដស៍។

របាយការណ៍អង្គការរបស់ទីភ្ងាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការណ៍ ហៅកាត់ថា អាក់តិច​ ឲ្យដឹងថា គ្រាន់តែនៅទីក្រុងភ្នំពេញ​មានស្រ្ដីរកស៊ីបម្រើសេវាកម្សាន្ដ​ប្រមាណ​ជាង​​២ម៉ឺន២ពាន់នាក់ ដោយពួកគេត្រូវទទួលរងការប្រមាថមាក់ងាយ លូកលាន់រាងកាយ និង​បង្ខំរួមភេទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ