ក្រសួងបរិស្ថានថានឹងជំរុញទៅក្រសួងមហាផ្ទៃឲ្យជួយពង្រឹងទប់ស្កាត់បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

ក្រសួងបរិស្ថាន អះអាងថា ខ្លួននឹងសហការណ៍ជាមួយក្រសួង​មហាផ្ទៃបន្តទៀត ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសព្រៃឈើ ខណៈសហគមន៍ រាយការណ៍ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ បទល្មើសព្រៃឈើមានការកើនឡើង ដោយអាជ្ញាធរមូលដ្ឋានមួយចំនួនមិនចូលរួមទប់ស្កាត់។

ក្នុងវេទិកាមួយ ដែលរៀបចំដោយក្រសួងបរិស្ថាននៅថ្ងៃនេះ សហគមន៍ព្រៃឈើមកពី ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ បានរាយការណ៍ប្រាប់ លោករដ្ឋមន្រ្តី សាល សំអាល់ ថា បទល្មើសព្រៃឈើនៅក្នុងសហគមន៍របស់ពួកគេ នៅតែបន្តកើតមាន និងថា សមត្ថិកិច្ចពាក់ព័ន្ធ មិនបានសហការណ៍ល្អ ជាមួយសហគមន៍ក្នុងការទប់ស្កាត់នោះទេ ហើយសហគមន៍ទាំងនោះ ស្នើក្រសួងជួយដោះស្រាយបញ្ហានេះ។

តំណាងសហគមន៍ត្រពាំងក្បាលដំរី មកខេត្តព្រះវិហារ លោក ហម លីហៀង ឲ្យដឹងថា រយៈ​ពេល​ប៉ុន្មានខែចុងក្រោយនេះ សកម្មភាពកាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ពីព្រៃសហគមន៍របស់លោក គឺមានការកើនឡើង។

លោកបន្ថែមថា «សមត្ថកិច្ចគេ មិនសូវយកចិត្តទុកដាក់ទេ មូលហេតុវា ពិបាកថាដែរ ខ្លះមានគេដែររៀបលុយរៀបកាក់អីក៏មិនដឹង យើងមិនសូវដឹងដែរ ហើយបើសមត្ថកិច្ចគាត់សហការណ៍គ្នាល្អ នោះវា មិនអត់មានកើតអីទេ បទល្មើសហ្នឹង បើពលរដ្ឋវិញ គាត់មិនសូវចេះដឹងទេ ពេលគេនិយាយតិច គាត់ខ្លាចហើយ បទល្មើសព្រៃឈើហ្នឹង គេដឹកចេញឆ្លងទៅឡាវ»។

ប្រហាក់ប្រហែលគ្នានេះដែរ តំណាងសហគមន៍ព្រៃឡង់ មកពីខេត្តកំពង់ធំ លោក មីង នី និយាយថា នៅតំបន់ព្រៃឡង់ក៏ កំពុងកើនឡើងបទល្មើសព្រៃដែរ ហើយលោក ស្នើឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ លើយន្តការទប់ស្កាត់បទល្មើសព្រៃឈើ។

លោកបន្ថែមថា «បើតាមទស្សនៈរបស់ខ្ញុំ ការកើនឡើងបទល្មើសព្រៃឈើនេះ ដោយសារតែ រដ្ឋាភិបាលមិនទាន់អាចទប់ស្កាត់ការនាំចេញឈើទៅក្រៅប្រទេសបាន ព្រោះបើឈើ នៅតែមានទីផ្សារ គឺយើងមិនអាចទប់ស្គាត់បទល្មើសព្រៃឈើបានទេ! ដឹកចេញពីក្នុងព្រៃ គេដឹកតាមតាឡេងថង (រថយន្ត) មកដល់ក្រៅគេដឹងតាមឡានសាំយ៉ុង»។

ឆ្លើយភ្លាមៗ ទៅកាន់សហគមន៍ព្រៃឈើ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ មានប្រសាសន៍ថា លោក និងទៅពិភាក្សារជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ឲ្យជួយជំរុញទៅមន្រ្តីក្រោមឱវាទ ពង្រឹងការចូលទប់ស្កាត់បទល្មើសព្រៃឈើ ដូចមានចែងក្នុងសារាចរណ៍០៥។

លើលពីនេះទៀត លោក សាយ សំអាល់ ក៏គ្រោងឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួន ចុះត្រួតពិនិត្យឡើងវិញ ចំពោះភាពមិនប្រក្រតីរបស់ដេប៉ូឈើ តាមបណ្តាខេត្តមួយចំនួនផងដែរ។

លោកបន្ថែមថា «ដោយសារតែមានសំណូមពរហ្នឹង! ពីរបីមកហើយ អញ្ចឹង ខ្ញុំនឹងធ្វើសំណូមពរទៅសម្តេចក្រឡាហោម ស ខេង ដើម្បីឲ្យគាត់លើកឡើងនៅពេលធ្វើសន្និបាទក្រសួងមហាផ្ទៃ ពីព្រោះពេលហ្នឹង នឹងមានថ្នាក់រាជធានីខេត្តមកច្រើនដែរ អញ្ចឹងដើម្បីសុំការជំរុញសហប្រតិបត្តិការ រវាសគមន៍និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជា ជំរុញឲ្យអនុវត្តសារាចរណ៍០៥ ខ្ញុំនឹងសំណូមពរទៅសម្តេចក្រឡាមហោមតែម្តង»។

កាលពីអង្គារទី២១វិច្ឆិកាម្សិលមិញ សហគមន៍ព្រៃឈើព្រះរកា ក្នុងខេត្តព្រះវិហារ សហគមន៍ព្រៃឈើខេត្តឧត្តមានជ័យ ក៏រាយការណ៍ថា សហគមន៍របស់ពួកគេ កើនឡើងបទល្មើសព្រៃឈើ ដោយថា ការកើនឡើងនេះ ដោយសារតែមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយរវាងអាជ្ញាធរមូលដ្ឋាន និងជនល្មើស។

ក្នុងវេទិកាជាតិ «ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ» ក្នុងរាជធានីភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭ​ទៅ​មន្ត្រីរបស់​លោក ឲ្យពង្រឹងប្រសិទ្ធភាព ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ដោ​យថា ការ​បណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថា «ស្មើកាប់ក្បាលរបស់លោក»។

លើសពីនេះទៀត លោក ហ៊ុ​ន សែន ក៏បាន​បញ្ជាឲ្យស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែល​លោក​​ថា ជួយកសា​ង​បន្តិ​ច​​​បន្តួច តែបែរជាសម្ងំលាក់ខ្លួន ធ្វើជាឧក្រិដ្ឋជនបំផ្លាញ​ព្រៃនៅ​តាមខេត្ត​មួយ​ចំនួន​ទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ