គ.ជ.ប ថា គណបក្សប្រជាជនធ្វើយុទ្ធការឃោសនាបោះឆ្នោតព្រឹទ្ធសភាលេចធ្លោជាងគេ

ការឃោសនាបោះឆ្នោតរបស់បក្សកាន់អំណាច

គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ឲ្យដឹងថា ​រយៈពេល១៣ថ្ងៃនៃយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលពី៤នេះ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយតែ​ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាព ហែក្បួនឃោសនាតាមរាជធានី-ខេត្ត។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោតចេញផ្សាយកាលពីម្សិលមិញ ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានបើកយុទ្ធនាការឃោសនាបោះឆ្នោតតាមរាជធានី-ខេត្តមួយចំនួន មានដូចជា ខេត្តស្វាយរៀង ខេត្តកំពត ខេត្តកំពង់ធំ ខេត្តព្រៃវែង​ ខេត្តមណ្ឌលគិរី រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំជាដើម។ សេចក្ដីប្រកាសបញ្ជាក់ថា សកម្មភាពឃោសរបស់បក្សកាន់អំណាចនេះធ្វើឡើងតាមរូបភាព ការជួបប្រជុំ និងផ្សព្វផ្សាយគោលនយោបាយ​តាមឧបករណ៍បំពងសំឡេងជាដើម​។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍បន្ថែមថា គណបក្សដែលធ្វើសកម្មភាពលេចធ្លោគឺបក្សកាន់អំណាច ចំណែកបក្សចំនួនបីទៀតគ្រាន់តែធ្វើសកម្មភាពតិចតួចដូចជាចាក់ផ្សាយគោលនយោបាយតាមឧបករណ៍បំពងសំឡេងនៅតាមស្នាក់ការ។​

 

មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កង សាវាង្ស យល់ឃើញថា គណបក្សប្រជាជនកម្ពុជា ទោះមិនឃោសនាក៏ទទួលបានសំឡេងគាំទ្រច្រើនដែរ ព្រោះគណបក្សនេះមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាងគេ ។​

លោកថា៖ «យើងមើលឃើញតែគណបក្សប្រជាជនតែមួយគត់ដែលទទួលបានអាសនៈនៅក្នុងព្រឹទ្ធសភាក្រោយពីរំលាយគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជាចោល។  អញ្ចឹងគណបក្សផ្សេងៗគឺ ថាគ្រាន់តែជាគណបក្សដែលឈ្មោះក្នុងការចូលរួមបោះនោះទេ ប៉ុន្តែលទ្ធផលដែលទទួលបានគឺថាមិនបានទេ​លើកលែងតែគេហៅថា មានការសម្របសម្រួលផ្នែកនយោបាយ ឬក៏ការស្រុះស្រួល អ្វីមួយដែលធ្វើឲ្យគណបក្សផ្សេងមានអាសនៈអាហ្នឹងយើងមិនដឹងទេណាស់ ឬក៏មានការទាក់ទាញយ៉ាងម៉េចយើងមិនដឹងទេ ប៉ុន្តែជាពិតគឺថាមិនអាចបានទេ»។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​កាល​ពីឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ ឆ្នាំ២០១៧  ទៅតាមបណ្ដឹងរដ្ឋាភិបាល។

បើតាមការកំណត់របស់ គ. ជ. ប. យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលពី៤ ចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែកុម្ភៈ ហើយការបោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃទី២៥ខែកុម្ភៈ។

គណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានេះមានចំនួន៤គឺ​គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ