សម្តេចក្រុមព្រះគាំទ្រចំណាត់ការរដ្ឋាភិបាលលើលោក កឹម សុខា

ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ

ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ សម្ដេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ ​លើក​ឡើង​ថា​ព្រះអង្គ​គាំ​ទ្រ​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន ​លើ​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា​។

ថ្លែងនៅក្នុងសមាជវិសាមញ្ញមួយ​នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រនាព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ ប្រធាន​គណ​បក្ស​​ហ្វ៊ុន​ស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ មានប្រសាសន៍ថាលោក កឹម សុខា បានបកស្រាយពីការពឹង​បរទេសឲ្យជួយខ្លួន ដូច្នេះព្រះអង្គគាំទ្រលើចំណាត់ការរបស់រដ្ឋាភិបាល លោក ហ៊ុន សែន លើប្រធានគណបក្សប្រ​ឆាំងរូបនោះ។

ព្រះអង្គលើកឡើងថា៖ «កឹម សុខា និង គាត់ អញ្ចឹងសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន គាត់ចង់ធ្វើអីធ្វើទៅ ដូច្នេះ​ហើយក្នុងនាមខ្ញុំគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ចង់ធ្វើអីខ្ញុំគាំទ្រលោកទាំងអស់»។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោកដោយគ្មានដីកា កាលពី​រំលង​អធ្រាត្រ​ចូលថ្ងៃ០៣ ខែកញ្ញា ហើយបញ្ជូនទៅឃុំខ្លួនភ្លាមៗ នៅ ពន្ធនាគារត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្តត្បូងឃ្មុំ។

ការចាប់ខ្លួននេះ ត្រូវបានមន្រ្តីរដ្ឋាភិបាល អះអាងថា ជាការអនុវត្តច្បាប់ ដោយរដ្ឋាភិបាលបានចោទ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា “ក្បត់ជាតិ”។

ទោះបីជាយ៉ាងណា គណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗជំរុញឲ្យរដ្ឋាភិបាលដោះលែង លោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ។ គណកប្សប្រឆាំងបានហៅការចាប់ខ្លួនលោក កឹម សុខា ថា ជាការរំលោភបំពាន​អភ័យ​ឯកសិទ្ធិសភា និង​គាបសង្កត់ផ្នែកនយោបាយ។

ជាមួយគ្នានោះ តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក និង​សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួនមេបក្សរូបនោះ​ ហើយពួកគេ ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​បក្សប្រឆាំង។ ប៉ុន្តែប្រទេសកុំមុយនីស្តចិនបានគាំ​ទ្រ​ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ