បទយកការណ៍៖ មនុស្សចាស់ជរាស្នើរដ្ឋាភិបាលចិញ្ចឹមពួកគាត់

(ពេជ្រ ចំរុង)

«ខ្ញុំមកពីខេត្តព្រៃវែង វាខ្វះខាត ដោះស្រាយគ្រួសារ មកស៊ីនៅហ្នឹងមក មិនគ្រប់គ្រាន់ នៅផ្ទះគ្មានជំពាក់នរណាទេ តែផ្ទះតូច ប្រពន្ធស្លាប់ហើយ កូនទៅរកស៊ីថៃ ក្នុងគ្រួសារកូន៦នាក់»។

អង្គុយនៅលើស៊ីក្លូ រួមជាមួយមិត្តភក្ដិ វ័យស្របាលគ្នា២នាក់ទៀត ដែលកំពុងកោសខ្យល់ ក្រោយបរិភោគអាហារពេលល្ងាច នៅម៉ោងប្រមាណ៨យប់ទៅហើយនោះ លោក នៅ អុន អាយុ៧៨ឆ្នាំ រៀបរាប់ថា សព្វថ្ងៃ លោកជួបការលំបាកទាំងការហូបចុក រកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង​ និងជួបបញ្ហាសុខភាព ព្រោះវ័យកាន់តែជរា ហើយឧស្សាហ៍កើតជំងឺរាគរុស។​

លោករៀបរាប់ថា ប្រពន្ធគាត់បានស្លាប់ចោលទៅ១៥ឆ្នាំមកហើយ ចំណែក កូនប្រុសស្រី៦នាក់ ពួកគេមានប្ដី មានប្រពន្ធអស់ហើយ និងបាននាំគ្នាចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយមិនបានយកចិត្តទុកដាក់ ឬផ្ញើលុយកាក់មកឲ្យគាត់ចាយវាយនោះទេ។

ដោយសារកូនៗ មិនអើពើ លោកថា ត្រូវខិតខំរកប្រាក់ ដោយការធាក់ស៊ីក្លូជារៀងរាល់ថ្ងៃ ហើយនៅពេលយប់ លោកថា ត្រូវសម្រាកលើស៊ីក្លូ នៅតាមសំយាបផ្ទះប្រជាពលរដ្ឋ និងពេលខ្លះ នៅតាមរបងវត្តនានា ក្នុងរាជធានីភ្នំពេញ។ លោកថា មួយថ្ងៃ ការធាក់ស៊ីក្លូ រកបានប្រាក់យ៉ាងច្រើន ១ម៉ឺន៥ពាន់រៀល ប៉ុន្ដែ ត្រូវចំណាយលើការហូបចុកពី ៧ពាន់ទៅ៨ពាន់រៀល ហើយសល់ប៉ុន្មាន ទុកគ្រាន់ចាយវាយ និងថែទាំសុខភាពខ្លួនឯង។

លោកថា៖ «កូននោះ គេមានគ្រួសារ គេដោះស្រាយគ្រួសារគេអស់ហើយ នៅតែខ្ញុំទេ នៅតែឯង មិនដែលផ្គត់ផ្គង់ឲ្យទេ មិនដែលផ្គត់ផ្គង់ឲ្យផង គេដោះស្រាយតែគ្រួសារគេទៅ ហើយខ្ញុំដោះស្រាយខ្លួនខ្ញុំទៅ មិនមានតែអូន មិនមែនហ្មង មានរឿងរកស៊ីខ្លួនឯង បានបាន ចាំកូន យូរៗ គេឲ្យម្ដង»។

បុរសវ័យ៧៨ឆ្នាំរូបនេះ សង្ឃឹមថា នឹងមានអង្គការ ឬរដ្ឋាភិបាល ជួយឧបត្ថម្ភប្រាក់ ទំនុកបម្រុងជីវិតចុងក្រោយ បើកូនចៅរបស់គាត់មិនពើអើ ពេលគាត់កាន់តែចាស់ ធ្វើការលេងកើត។

លោកថា៖ «ដឹងកូនគេចិញ្ចឹម ឬមិនចិញ្ចឹម របស់ខ្ញុំ ក៏មានស្រូវ មានអី លុយកាក់តិចតួច បើកូនគេមក មកទៅ បើគេមិនមក អីតែខ្លួនឯង អ្នកស្រុកគេជួយទៅបានហើយ។ បើអង្គការ ឬរដ្ឋាភិបាលជួយខ្ញុំ ក៏មានការសប្បាយរីករាយចិត្តណាស់ ព្រោះខ្ញុំកម្លាំងចាស់ហើយ រកបានតិចតួចគ្រាន់បានចិញ្ចឹមខ្លួនឯង មិនបានរកតទៅមុខទៀតទេ»។

កំពុងរៀបចំចងម៉ុងភួយ ចូលសម្រាន្ដជាមួយចៅប្រុស២នាក់ នៅលើចិញ្ចើមផ្លូវមួយ ក្បែរម្ដុំផ្សារបឹងកេងកង ខណៈ វេលាស្មានេះ ម៉ោង៩យប់ទៅហើយ លោក កៅ អឿន អាយុ ៦៤ឆ្នាំ ឲ្យអ្នករាយការណ៍ព័ត៌មានដឹងថា លោកបានមកប្រកបរបរជាអ្នកប៉ះកង់ម៉ូតូ នៅរាជធានីភ្នំពេញ អស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយសារខ្វះខាតបញ្ហាជីវភាព។

ដោយអះអាងថា មានស្រុកកំណើតនៅខេត្តស្វាយរៀង លោក កៅ អឿន និយាយថា មានការភ័យខ្លាចបញ្ហាសុវត្ថិភាពខ្លះដែរ ខណៈ លោកមកស្នាក់នៅឆ្ងាយពីស្រុកកំណើត និងសម្រាន្ដនៅលើចិញ្ចើមផ្លូវដូចនេះ។

បុរសវ័យ៦៤ឆ្នាំរូបនេះ រៀបរាប់ថា ប្រាក់ដែលខំរកបានក្នុងមួយខែ ត្រូវចំណាយលើចៅ២នាក់ ដែលនៅតូច ហើយផ្ញើទៅប្រពន្ធ អាយុ៦៦ឆ្នាំ ដែលនៅចាំផ្ទះឯស្រុកកំណើត ខណៈ លោកថា កូនៗ របស់គាត់ រវល់តែមើលថែគ្រួសាររបស់ពួកគេរៀងៗ ខ្លួន។ លោកថា មានការត្រេកអរចិត្ត នៅពេលឮថា រដ្ឋាភិបាលប្រកាសជួយមនុស្សចាស់ជរា ប៉ុន្ដែ លោកថា ចង់បានត្រឹមតែប្រាក់ឧបត្ថម្ភប្រចាំខែ និងមិនចង់ស្នាក់នៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់អ្វីនោះឡើយ។

លោកថា៖ «បើបានផ្ដល់ឲ្យសប្បាយចិត្ត ចង់បានលុយទេ បើជួយនៅផ្ទះត្រេកអរ បើជួយកន្លែងអង្គការ មិននៅទេ មើលមិនឃើញ ស្មានមិនត្រូវដែរ បើជួយបន្ថែមកាន់តែល្អឡើង»។

ដូនជីម្នាក់ គង់នៅវត្តមួយ ក្បែរស្ពានស្ទឹងមានជ័យ រាជធានីភ្នំពេញ គឺដូនជី ហេង លី អាយុ៥៦ឆ្នាំ ឲ្យដឹងដែរថា ដូនជីមានការសប្បាយចិត្ត បើសិនរដ្ឋាភិបាលជួយមនុស្សចាស់ដូចជារូបគាត់ ដោយថា ដូនជី មិនមានកូន ឬអ្នកជួយផ្គត់ផ្ដង់លុយកាក់អ្វីនោះទេ។ ដូនជីថា អាចរស់បាន ដោយអាស្រ័យនៅវត្ត និងថា សប្បុរសជនខ្លះ បានឲ្យបច្ឆ័យតិចតួច ទុកគ្រាន់ធ្វើបុណ្យទាន នៅពេលចាស់ទៅតែប៉ុណ្ណោះ។

ដូនជីថា៖ «រកបានខ្លះដែរ គេជូនបាន៥ពាន់ មួយម៉ឺន ពឹងផ្អែកលើវត្ត លើកុដលោក ចង់បានដែរ ចង់មើលថែទាំជំងឺខ្លួនឯង»។

ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីមនុស្សចាស់ ពីឆ្នាំ២០១៧ដល់ឆ្នាំ២០៣០ កាលពីថ្ងៃទី១៨មករា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា គោលនយោបាយនេះ​ សំដៅធានាឲ្យបាន​សន្តិសុខ​ប្រា​ក់​ចំណូល កាត់ប​ន្ថ​យ​​​​​​​ភា​​​ពងាយរងគ្រោះ​ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​របស់មនុស្សវ័យចំណាស់ និងលើកក​ម្ពស់សុខមាល​ភាព​ប្រ​ក​​​ប​​​ដោយសមធម៌។

លោកថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួងស្ថាប័នដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ នឹងខិតខំអ​នុវត្ត​រួ​ម​ចំ​ណែកការចូលរួមវិភាគទានយ៉ាងសំខាន់ ដើម្បីធ្វើឲ្យមានការប្រែប្រួ​យជាវិជ្ជមាននូវកម្រិ​តជីវ​ភាពរស់​នៅ ​និង​គុណភាពជីវិតរស់នៅមនុស្សកម្ពុជាគ្រប់រូប»។

អ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មិនទាន់អាច​បញ្ជាក់បា​នថា មូលនិធិនេះ នឹងចែកជាលុយសុទ្ធប្រចាំខែ​ដល់មនុស្សចាស់ ឬក៏ផ្តល់សេវាគាំ​ពារយ៉ា​ងណា​នៅ​ឡើ​យ​​​ទេ ដោយថា ក្រសួងត្រូវការពេលវេលាបន្ថែម ដើម្បីសិក្សា​ទៅលើសេវាទ្រ​ទ្រង់មនុស្ស​ចាស់។

ប៉ុន្តែ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ក្រសួងបានកសាងមជ្ឈមណ្ឌមួយ​នៅខណ្ឌសែនសុខ រាជធា​នីភ្នំពេ​ញ ដែលសម្រេចបា​នជា​​ង ៧​០​ភាគរយហើយ ដោយថា ក្រសួងគ្រោងនឹងដាក់ដំណើរការមជ្ឈមណ្ឌល​នេះនៅឆ្នាំ២០១៨ ដើ​​ម្បី​ថែទាំ​​មនុស្សចាស់។

បើតាមអ្នកនាំពាក្យ​រូប​នេះ ក្រសួងនឹងបង្កើតឲ្យមានមជ្ឈមណ្ឌលគំរូបែបនេះ នៅតាមបណ្តាខេត្តមួយចំនួនទៀត តាមទំហំនៃមូលនិ​ធិដែ​លប្រ​មូ​លបាន និងកិច្ចសហការពីដៃគូពាក់ព័ន្ធ។

លោកថា៖ «មជ្ឈមណ្ឌលនេះ ជាមជ្ឈមណ្ឌលជាតិដែលមានតែមួយសម្រាប់ស្រុកខ្មែរយើង ហើយយើ​ង​យកការ​អនុវត្ត​នៅមជ្ឈមណ្ឌលនេះ ធ្វើជាគំរូសម្រាប់ខេត្តដទៃ ឬសម្រាប់មជ្ឈមណ្ឌលដទៃទៀត ដើម្បីជាស្តង់ដា​មួ​យ​សម្រា​ប់ថែទាំមនុស្សចាស់ ហើយយើងកំពុងតែស្វែងរកដៃគូមួយចំនួន ដូចជា ជប៉ុនអី គាត់កំ​ពុងតែគាំទ្រ​យើងរឿ​​​ងហ្នឹងដែរ ហើយ​ជប៉ុនគា​ត់មាន​បទពិសោធន៍ក្នុងរឿងហ្នឹងដែរ ហើយជប៉ុនមានបទពិ​សោធន៍ល្អក្នុងកា​រងា​រថែ​​ទាំ​មនុស្សចាស់នេះ»។

ការប្រកាសបែបនេះ របស់គណបក្សកាន់អំណាច គឺបន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ បានសន្យាកាលពីអំឡុងការបោះឆ្នោតឆ្នាំ២០១៣ ថា នឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់ចំនួន៤ម៉ឺនរៀល។ ចំណែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានដាក់បញ្ចូលបញ្ហានេះផងដែរ ទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន ដោយសន្យាផ្ដល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់ដល់ទៅ១៥ម៉ឺនរៀល។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន សាទរចំពោះគោលនយោបាយគាំពារមនុស្សចាស់នេះ។ លោកជឿជាក់ថា រដ្ឋាភិបាលអាចជួយមនុស្សចាស់ ក្នុងមួយខែ ១៥ម៉ឺនរៀល តាមរយៈការបែកចែកថវិកាមួយផ្នែកនៃកញ្ចប់ថវិកាជាតិទាំងមូល និងថា រដ្ឋាភិបាលត្រូវជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនការវិនិយោគ និងប្រមូលពន្ធជាដើម។

លោកថា៖ «ឃើញមានរាជរដ្ឋាភិបាល គាត់មានគោលនយោបាយ ក្នុងការជួយដល់មនុស្សចាស់ជរានេះ យើងស្វាគមន៍ យើងគិតថា ជាជំហានមួយល្អ យើងគិតថា រឿងនេះ មិនមែនជារឿងលំបាក គោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យើងនឹងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិខ្លាំងជាងបច្ចុប្បន្ន តាមរយៈគោលនយោបាយគាំទ្រដល់សហគ្រាសខ្នាតតូច​ និងមធ្យម ការពង្រឹងអភិបាលកិច្ចល្អ ឈានទៅកាត់បន្ថយអំពើពុករលួយ អញ្ចឹងយើងអាចរកចំណូលជូនជាតិ កាន់តែច្រើនថែមទៀត អញ្ចឹងលទ្ធភាព ជួយមនុស្សចាស់អាយុ៦៥ឆ្នាំឡើងទៅ ក្នុងទឹកប្រាក់១៥ម៉ឺនរៀល ក្នុង១ខែនេះ មិនមែនរឿង ដែលយើងធ្វើមិនបាននោះទេ»។

របាយការណ៍នាយកដ្ឋានសុខភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្ហាញថា មនុស្សវ័យ​ចំណាស់ អាយុចាប់ពី៦០ឆ្នាំឡើង​ ក្នុងឆ្នាំ២០១៣ មានប្រមាណ៨ភាគរយ ឬ​១លាន ២​សែននាក់ នៃប្រ​ជាជ​ន​ស​រុប១៥​លាននាក់។ រដ្ឋាភិបាលបានព្យាករថា នៅឆ្នាំ២០៣០ តួរលេខមនុស្សចាស់នឹងកើនដល់២លាននាក់ ស្មើនឹង១១ភាគរយ ​នៃ​​​​ប្រជា​​ជ​ន​​សរុប​ប្រមាណ ១៨លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ