គ.ជ.ប អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ដើម្បីរើសមេដឹកនាំដែលខ្លួនពេញចិត្ត​

ប្រធានគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ស៊ិក​ ប៊ុនហុក (ណាត សុភាព)

មេដឹកនាំគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតហៅ​កាត់​ថា គ.ជ.ប. បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសទៅបោះឆ្នោត​ថ្នាក់ជាតិទាំងអស់គ្នា ដោយថាដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត​។

ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ​កាលពីចុងឆ្នាំ២០១៧ មានប្រតិកម្មពីអ្នកគាំទ្រគណបក្សនេះថា ពួកគេអាចនឹងមិនទៅបោះឆ្នោតទេ។​

ប្រធាន គ.ជ.ប. លោក ស៊ិក​ ប៊ុនហុក បានថ្លែងក្នុងពិធីមួយកាលពីម្សិលមិញថា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨នេះ មិនមានវត្តមាន​គណ​បក្ស​សង្គ្រោះជាតិចូលរួមប្រកួត​ប្រជែង​​ជាមួយបក្សនយោបាយផ្សេងៗនោះទេ។

ក្នុងឱកាសនោះ​​លោកក៏បាន​ ​អំពាវ​នាវ​ទៅប្រជា​ពលរដ្ឋដែល​មានឈ្មោះបោះឆ្នោតទំាងអស់ ឲ្យ​ទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួន​ពេញ​ចិត្ត​នៅ​ចុង​ខែកក្កដា ឆ្នំា២០១៨នេះ​ ដោយថាកុំឲ្យបាត់បង់ឱកាស។

លោកថ្លែងថា «ស្រលាញ់គណបក្សណាបោះឲ្យគណបក្សហ្នឹងទៅ គឺមិនគួរបោះបង់ឱកាសសំរាប់​រើសថ្នាក់ដឹកនាំប្រទេសជាតិយើងនោះទេ​»។

អតីតតំណាង​រាស្ត្រគណបក្សប្រឆំាង​លោក ម៉ៅ មុនីវណ្ណ យល់ថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ជាសិទ្ធិរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ប៉ុន្តែលោកថា បើ​ការបោះឆ្នោតថ្នាក់ជាតិចុង​ឆ្នំា២០១៨នេះ មិនមានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួត​ប្រជែង​ជាមួយបក្សកាន់អំណាច ការបោះឆ្នោតនោះមិនមានភាពសេរី និងយុត្តិធម៌នោះទេ​។

លោកយល់ថា «ខ្ញុំយល់ឃើញថា វាមិនមានគោលការណ៍សេរី ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ទេ​ ដោយសារថា មួយក្រុម​មិនបានចូលរួម ហើយមិនបាន​បញ្ចេញមតិឲ្យវាទូលំទូលាយ ដែលត្រូវបិទគណបក្ស[សង្គ្រោះជាតិ​]មួយ ដែលមានការគំាទ្រពាក់កណ្តាលប្រទេស​»។

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច សំ គន្ធាមី ថ្លែងថា ការទៅបោះឆ្នោតឬ អត់គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋផ្ទាល់។ លោក​បន្តថា តាមការគត់សម្គាល់របស់លោកគឺ អាចពលរដ្ឋច្រើនមិនទៅបោះឆ្នោតទេ បើសិនជាមិនមានវត្តមានគណបក្សប្រឆាំងនោះ​។​

លោកបន្តថា «តាមកាលៈទេសៈបច្ចុប្បន្ននេះ តាមការសន្និដ្ឋានមិនមានចំនួនអ្នកទៅបោះឆ្នោតកើនឡើងទេ…លើកលែងតែនៅពេលខាងមុខ​ទៀត មានការវិវត្តន៍ទៅរកសភាពធូរស្រាលខាងនយោបាយវិញ ឬយ៉ាងម៉េច? បានយើងធ្វើការវាយតម្លៃម្តងទៀត​»​។

តាមរបាយការណ៍ គ​.​ជ​.​ប​. កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ មាន​ចំនួន ៨ ៣៨០ ២៤០ នាក់ ដោយមាន​អ្នកបោះឆ្នោត​ជា​ស្ត្រី ៤ ៤៧០ ៨៨២ នាក់​។

តាមប្រតិទិន ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៨នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ