លិខិតមិត្តអ្នកអាន៖ លោក កឹម សុខា ជាបន្លាក្នុងកែវភ្នែកលោក ហ៊ុន សែន? (ភាគបញ្ចប់)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

(តពីភាគទី៣)

១. ហេតុ​បច្ច័យ​នៅ​ខាង​ក្រោយ​នៃ​ការ​លើកលែង​ទោសលោក​ កឹម​ សុខា​​

ខ្សែ​អាត់​សន្ទនា​រវាង​លោក​ ហ៊ុន​ សែន​ និង​ កឹម​ សុខា​ ត្រូវ​បានទម្លាយ​​ជា​សាធារណៈ​ បន្ទាប់​ពី​លោក​ កឹម​ សុខា​ បាន​បដិសេធ​អំពី​ការ​ដោះ​ដូរ​នយោបាយ ក្រោយ​មាន​​​ការ​លើក​លែង​ទោស​ពី​មហាក្សត្រ​តាម​សំណើ​លោក​នាយករដ្ឋមន្ត្រី​នៅ​ខែ​​ធ្នូ​ ២០១៦។ តាម​បរិបទ​នេះ​ គេ​អាច​ប៉ាន់​ស្មាន​បាន​ពី​គោល​បំណង​របស់​លោក​ ហ៊ុន​ សែន​ ក្នុង​ការ​បញ្ចេញ​ខ្សែ​អាត់​នេះ​ ដើម្បី​បញ្ជាក់​ថា​ លោក​ កឹម​ សុខា​ កុហក​ចំពោះ​សម្តី​ដែល​ថា​គ្មាន​អ្វី​នៅ​ពី​ក្រោយ​នៅ​ពី​ក្រោយ​លើក​ទោស​, ដើម្បី​ធ្វើ​ឱ្យ​សាធារណជន​ជឿ​ថា​លោក​ កឹម​ សុខា​ ជាអាយ៉ង​របស់​លោក​​ នឹង​ដើម្បី​សង​សឹក​លោក​ កឹម​ សុខា​ ដែល​ក្បត់​ពាក្យ​​សន្យា​​ថា​នឹង​ «ដាក់​តាម​ហ្វេសប៊ុក​មួយ​មើល…​ដាក់​អា​រង្ស៊ី​មួយ​កញ្ចប់​មាត់​ទៀត​ ដាក់​ថា​៖ ទោះ​បី​ជា​ រង្ស៊ី​ ជា​ប្រធាន​បក្ស​ ក៏​ប៉ុន្តែ​ ពេល​នេះ​ ខ្ញុំ​ជា​ប្រធាន​ស្តីទី​។ សម្តី​លោក​ សម​ រង្ស៊ី​ មិន​អាច​យក​ជា​ការ​បាន​។ ឥឡូវ​ ហ៊ាន​ដាក់​សម្តី​ប៉ុណ្ណឹង​ អាណឹងគឺ​​ខ្ញុំ​នឹង​​ពិចារណា​អា​នោះ [លើក​លែង​ទោស​] ​ភ្លាម​។»

លោក​ កឹម​ សុខា​ ពិត​ជា​បាន​ដាក់តាម​​ហ្វេសប៊ុកមួយ​មែន​ តាម​ពាក្យ​លោក​នាយករដ្ឋមន្ត្រី​ គឺ​ ជំរុញឲ្យសមាជិកគណបក្ស “ចៀសវាងប្រើពាក្យសម្ដីហិង្សា ពាក្យអសុរោះ ឬវាយប្រហារ” នៅ​ថ្ងៃ​ទី​២៥ កញ្ញា​ ២០១៦ ពោល​គឺ​ជា​ថ្ងៃ​ដែល​ ​ទំព័រ​ ‘សីហា’​ អះ​អាង​ថា​មាន​ការ​សន្ទនា​សម្ងាត់​កើត​ឡើង​។  លោក​ កឹម​ សុខា​ ទំនង​ជា​នឹក​ឃើញ​វិធី​ប្រយោល​មួយ​ ដើម្បី​ដាក់​លោក​ សម​ រង្ស៊ី​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ដោយ​ខ្លួន​ឯង​ ពោល​គឺ​ប្រើ​កូន​ស្រី​របស់​លោក​ ដែល​ចាប់​ពី​​ខែ​តុលា មក​,​ កញ្ញា​ កឹម​ មនោវិទ្យា​ បាន​រិះ​គន់​លោក​ សម​ រង្ស៊ី​ ជា​បន្ត​បន្ទាប់​ អំពី​សំណើ​ដោះ​ដូរ​អ្នក​ទោស​នយោបាយ​និង​ការ​រក្សា​ជំហរ​និរទេស​ខ្លួន​ដដែល​ៗរបស់​លោក​។ មក​ពី​មាន​សំណើ​ពី​នាយករដ្ឋមន្ត្រី​ ទម្លាក​មកលើ​​ឪពុក​ អញ្ចឹង​ហើយ ​បាន​ជា​សុខៗ​ស្រាប់​តែ​កូនស្រី​លោក​ កឹម​ សុខា​ ​ចេញ​​មុខ​រិះ​គន់​មេ​បក្ស​ដ៏​គួរ​ភ្ញាក់​ផ្អើល​។ ទោះ​បី​យ៉ាង​ណា​ វា​គ្រាន់​តែ​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ​ នៅ​ក្នុង​ខ្សែ​អាត់ លោក​ កឹម​ សុខា​ បាន​ឱ្យ​ដឹង​ថា​ កូន​ស្រីលោក​​មិន​ពេញ​ចិត្ត​នឹង​ការ​ចោទ​ភរិយា​លោក​នាយករដ្ឋមន្រ្តី​ថាជា​ប្រពន្ធ​មេ​ដឹក​នាំ​វៀតណាមឬ​កូន​របស់​លោក​ ហ៊ុន​ សែន​ ជា​កូន​យួន​ ដោយ​លោក​ សម​ រង្ស៊ី​ នោះ​ឡើយ​។ ក្នុង​​ខ្សែ​អាត់​ដដែល​ លោក​នាយករដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា លោក​ សម​ រង្ស៊ី​ បាន​ជេរ​ទាំង​លោក​ កឹម​ សុខា​ និង​កូន​ស្រី​របស់​លោក​ទៅ​ទៀត​ ទោះ​យើង​មិន​ដឹងថា​លោក​ ហ៊ុន​ សែន​ កុហក​ឬ​អត់​ ឬ​មាន​ត្រចៀក​នៅ​ចាំ​ស្តាប់​លោក​ សម​ រង្ស៊ី​ និយាយ, លួច​ថត​សំឡេង​ ក៏​ទៅ​រួច​ដែរ​អំពី​ការ​ប្រមាថ​នេះ​ ថ្វី​បើ​យើង​ពុំ​បាន​ដឹង​ពី​ខ្លឹម​សារ​នៃ​ការ​ប្រមាថ​នេះ​ក៏​ដោយ​។ បាន​សេចក្តី​ថា​ ដោយ​សារ​ កញ្ញា​ កឹម​ មនោវិទ្យា​ ចាត់​ទុក​សកម្មភាព​របស់​លោក​ សម​ រង្ស៊ី​ អំពី​រឿង​ចោទ​គ្រួសារ​ត្រកូល​ហ៊ុន​ មាន​​ជាប់​ខ្សែ​ស្រឡាយ​វៀតណាម​ នេះ​ជា​រឿង​អសីលធម៌​ ហើយ​កញ្ញា​មិន​ពេញ​ចិត្ត​របៀប​ធ្វើ​នយោបាយ​​បែបនេះ​​ស្រាប់​ផង​ វា​អាច​ទៅ​រួច​ដែល​ថា​ កញ្ញា​រិះ​គន់​លោក​ សម​ រង្ស៊ី​ ដោយ​ខ្លួន​ឯង ជា​ជាង​ឪពុក​បញ្ជា​​​។ យ៉ាង​ណា​ក៏​ដោយ​ មិន​ថា​កញ្ញា​រិះ​គន់​ដោយ​ចិត្ត​ឯង ​ឬមួយ​​តាម​ឪពុកដែល​ធ្វើ​តាម​សំណើ​លោក​ ហ៊ុន​ សែន​​, ឬក៏​​ទាំង​ពីរ​ ក៏ពុំ​​អាច​បន្ទាប​សុពល​ភាព​នៃការ​​រិះ​គន់​របស់​កញ្ញា​ទៅ​លើ​ជំហរ​និរទេស​របស់​លោក​ សម​ រង្ស៊ី​ ដែរ​, អ្នក​ដែល​រិះ​គន់​កញ្ញា​ថា​ខុស​ គឺ​ពួក​គេ​នោះ​ឯង​ជា​អ្នក​ខុស​, ពី​ព្រោះ​វាជា​​ការ​ត្រឹម​ត្រូវ​ដែល​បក្ស​ប្រឆាំង​ត្រូវការ​​ទាំង​មេ​ទ័ព​ធំ​និង​មេ​ទ័ព​រង​ នៅ​ក្នុង​សមរភូមិ​ក្នុង​ស្រុក​ដែល​កំពុង​ក្តៅ​គគុកនិង​បន្ត​កាន់​តែ​សស្រាក់​សស្រាំ​, ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ គឺ​ជា​ទឹក​ផ្តាច់​ព្រ័ត្រ​រវាង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​ ដូច្នេះ​បក្ស​ប្រឆាំង​ត្រូវ​ការ​លោក​ សម​ រង្ស៊ី​ ជាង​ពេល​ណាៗ​ទាំង​អស់​ មិន​មែន​ត្រូវ​ការ​តែ​លោក​ កឹម​ សុខា​ នោះ​ទេ​, នយោបាយ​និរទេស​ខ្លួន​គ្មាន​ផល​ល្អ​​ចំពោះ​បក្ស​ប្រឆាំង​ឡើយ​ មាន​តែ​ចំពោះ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ​។​

​បើ​តាម​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្រោយ​ការ​សន្ទនា​ លោក​ កឹម​ សុខា​ ពិត​ជា​បាន​ធ្វើ​តាម​សំណើ​លោក​នាយករដ្ឋមន្ត្រី ហេតុ​អ្វី​ក៏​ក្រោយ​មាន​ការ​លើក​លែង​ទោស​ហើយ​, លោក​ ហ៊ុន​ សែន​ បន្ទោស​លោក​ កឹម​ សុខា​ ថា​មិន​គោរព​ពាក្យ​សន្យា​ទៅ​វិញ​? ឬ​មួយ​ក៏​លោក​នាយករដ្ឋមន្ត្រី​ខឹង​នឹង​លោក​ កឹម​ សុខា​ ដែល​មិន​បាន​ដាក់​លោក​ សម​ រង្ស៊ី​ បែរ​ជា​បើ​ប្រើ​អ្នក​ផ្សេងធ្វើ​​ ខុស​នឹង​សន្យា​ដែលលោក​​ចង់​លោក​ កឹម​ សុខា​ ដាក់លោក​ សម​ រង្ស៊ី​ ​ដោយ​ខ្លួន​ឯង​ ត្បិតអី​​លោក​ ហ៊ុន​ សែន​ ចង់​ឱ្យ​សាធារណជន​មើល​ឃើញ​ថា​ មេ​បក្ស​ទាំង​ពីរ​ឈ្លោះ​ រួច​លោកចាំ​ត្រង​ប្រយោជន៍, អ្នក​ផ្សេង​ដាក់​លោក​ សម​ រង្ស៊ី​ មិន​សូវ​បាន​ប្រយោជន៍​ដល់​លោក​​ទេ​។ ទំនង​ជា​មានពាក្យ​សន្យា​ផ្សេង​ទៀត​ដែល​គេ​ពុំ​បាន​ដឹង​ក៏​អាច​ថា​បាន​ ព្រោះ​​លោក​ ហ៊ុន​ សែន​ បាន​ព្រមាន​ថា​នឹង​បញ្ចេញ​ខ្សែ​អាត់​និង​សារ​ដទៃ​ទៀត បើ​លោក​ កឹម​ សុខា​ នៅ​តែ​ពុំ​ព្រម​ទទួល​ស្គាល់​ថា​ជា​ការ​ពិត​។​ ម្យ៉ាង​ទៀត​ ខ្សែ​អាត់​ដែល​ទំព័រ​ សីហា​ បញ្ចេញ​ក៏​ពុំ​មែន​ចាប់​ផ្តើម​ពី​ដើម​ទី​ដែរ​ គឺ​មាន​ការ​សន្ទនា​នៅ​ខាង​ដើម​ មុន​មាន​ការ​ថត​សំឡេង​ ឬ​មួយ​ក៏​ខ្សែ​អាត់​នេះ​ មាន​កន្លែង​ខ្លះ​ត្រូវ​គេ​ច្នៃ​ឬ​កាត់​ចោល​ក៏​គេ​ពុំ​ដឹង​ដែរ​។

មាន​ន័យ​ថា​ លោក​ កឹម​ សុខា​ ពុំ​ទាន់​គោរព​តាម​សន្យា​ពេញ​លេញ​ផង​ទេ​​ ស្រាប់​តែ​មាន​ការលើកលែង​​​ទោស​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​, លោក​ កឹម​ សុខា​ គ្មាន​ផល​ចំណេញ​អ្វី​ដែល​ត្រូវ​ធ្វើ​តាម​ការ​សន្យា​ កាល​បើ​សម្រេចគោល​បំណង​ទទួល​បានការ​លើក​លែង​ទោស​​​ទៅ​ហើយ​, ​ញ៉ាំង​ឱ្យ​លោក​ ហ៊ុន​ សែន​ ដែល​ធ្លាប់​តែ​ដើរ​ខ្សែ​លើ​គេ​ជា​និច្ច​នោះ​ ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង​ ជា​ហេតុ​នាំ​ឱ្យមាន​ការ​ទម្លាយ​ខ្សែ​អាត់​ដែល​ទំព័រ​ សីហា​ បញ្ចេញ​ដើម្បី​បញ្ជាក់​ពី​អត្ថិភាព​នៃ​ការ​សន្ទនា​ដោះ​ដូរ​នឹង​ការ​លើក​លែង​ទោស​ និង​ពន្យុះ​ឱ្យ​មេ​បក្ស​ទាំង​ពីរ​ឈ្លោះ​គ្នា​។​ គេ​មិន​គួរ​មាន​សុទិដ្ឋិនិយម​ពេក​ទេ​អំពី​ការ​លើក​លែង​ទោស​នេះ​ ព្រោះ​លោក​ ហ៊ុន​ សែន​ អាច​បង្កើត​រឿង​ថ្មី​ឬ​សើរើករណី​ដដែល​នេះ​ឡើង​វិញ​ ដោយ​បញ្ជា​តុលាការ​​តេឡេ​របស់​លោក​ រួច​សំអាង​ថា​ លោក​គ្មាន​សិទ្ធិ​ជ្រៀត​ជ្រែក​សកម្មភាព​តុលាការ​ដូច​ដែល​លោក​ធ្លាប់​ដោះ​សា​ និង​ធ្វើ​ដាក់​លោក​ សម​ រង្ស៊ី​ ហើយ​និង​សកម្មជនដទៃ​ទៀត​​។

បើ​លោក​ កឹម​ សុខា​ ពិត​ជា​មនុស្ស​របស់​លោក​ ហ៊ុន​ សែន​ ព្រោះតែ​មាន​ការ​សន្ទនា​សម្ងាត់​នេះ​ ហេតុ​អ្វី​លោក​ កឹម​ សុខា មិន​ធ្វើ​តាម​សំណើ​​ ហ៊ុន​ សែន​ គ្រប់​ម៉ាត់​? ហេតុ​អ្វី​លោក​ត្រូវ​ខឹង​នឹងអាយ៉ង​របស់​លោក​? មាន​ន័យ​ថា​ កំហឹងរបស់​លោក​ ហ៊ុន​ សែន​ ខ្លួនឯង ខុស​​ពី​ចេតនា​ចង់​ឱ្យ​គេ​ជឿ​ថា​ លោក​ កឹម​ សុខា​ ជា​មនុស្ស​របស់​លោក​​ ​បញ្ជាក់ដោយ​ឯក​ឯង​​ថា​ លោក​ កឹម​ សុខា​ មិន​មែន​ជា​អាយ៉ង​របស់​លោក​ ដែល​លោក​អាច​បញ្ជា​ឱ្យ​ធ្វើ​អ្វី​ក៏​បាន​នោះ​ទេ​។ មិន​ខុស​ពី​កាល​ពី​បង្កើត​វប្បធម៌​សន្ទនា​, លោក​ សម​ រង្ស៊ី​ ក៏​ត្រូវ​មតិ​ខ្លះ​យល់​ថា​ ជា​អាយ៉ង​របស់​អាយ៉ង[វៀត​ណាម​]ដែរ​​ ​ដោយ​តែ​​សន្ទនា​ជា​មួយ​លោក​ ហ៊ុន​ សែន​ ដោយ​គ្មាន​លោក​ កឹម​ សុខា,​ ឥឡូវ​នេះ​ លោក​ កឹម​ សុខា​ វិញ​ម្តង​ ក៏​ត្រូវ​មតិ​ខ្លះ​ យល់​ថា​ អាយ៉ង​របស់​លោក​ ហ៊ុន​ សែន​ ទៀត​​ ព្រោះ​តែ​សន្ទនា​នឹង​លោក​នាយករដ្ឋន្ត្រី​ដោយ​គ្មាន​លោក​ សម​ រង្ស៊ី​។​ តាម​ពិត​ទៅ​ វា​តែ​គ្រាន់​តែ​ជា​ការ​ដោះ​ដូរ​នយោបាយ​ប៉ុណ្ណោះ​ មិន​ខុស​ពី​អ្វី​ដែល​លោក​ សម​ រង្ស៊ី​ ធ្លាប់​តែ​ធ្វើ​នោះ​​ទេ​, លោក​ កឹម​ សុខា​ ក៏​ធ្វើ​អ៊ីចឹង​ដូច​គ្នា​ ប៉ុន្តែ ​រាល់​ការ​ចរចា​នយោបាយ​ អ្វី​ដែល​គេ​សង្កេត​ឃើញ​កន្លង​មក​ គឺ​លោក​ ហ៊ុន​ សែន​ តែង​តែ​ជា​អ្នក​ឈ្នះ​ ជា​អ្នក​ដើរ​ខ្សែ​លើ​ និង​ជា​អ្នក​ក្បត់​ពាក្យ​សន្យា​ដូច​គ្នា, ចរចា​ជា​មួយនឹង​​លោកប្រៀប​ដូច​ចូល​សំណាញ​ពីង​ពាង​​​។

ការលើក​​លែង​ទោស​​លោក​ កឹម​ សុខា​ បាន​លើក​ទឹក​ចិត្ត​សង្គមស៊ីវិល​និង​អ្នក​វិភាគ​ឱ្យ​មាន​សុទិដ្ឋិនិយម​​ថា​នឹង​នាំ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​ យ៉ាង​ហោច​ណាស់​ ក៏​ដោះ​លែង​​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​ករណីរឿង​អាស្រូវ​របស់​​លោក កឹម​ សុខា​ ទាំង​ប៉ុន្មានដែរ​ ត្បិត​សូម្បី​តែ​លោក​ កឹម​ សុខា​ ដែល​តួ​អង្គ​សំខាន់​ក្នុង​ករណី​នេះ​ក៏​ត្រូវ​បាន​លើក​លែង​ទោស​ដែរ​​។ តាម​ពិត​ទៅ​ លោក​ កឹម សុខា​ ទទួល​បាន​ការ​លើក​លែង​ទោស​មក​ពី​លោក​ ហ៊ុន​ សែន​ នៅ​តែ​ត្រូវ​ការ​លោក​​ប៉ុណ្ណោះ​ អ្នក​ឯ​ទៀត​ លោក​មិន​ត្រូវ​ការ​ឱ្យ​ពួក​គេ​នៅ​ក្រៅ​ឃុំ​ឡើយ​ ដើម្បី​ទុក​ធ្វើ​ចំណាប់​ខ្មាំង​នយោបាយ​​ ហេតុ​នេះ​ហើយ​ ពួក​គេ​នៅ​តែ​ជាប់​ឃុំ​។ ​ជំនួប​រវាង​បក្ស​ទាំង​ពីរ​អំពី​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​ ត្រូវ​បាន​បង្អាក់​ដោយ​សារ​ការ​រិះ​គន់​ធ្ងន់​ឥត​ឈប់​ឈរទៅ​លើ​គណបក្ស​​ប្រជាជន​​ពី​លោក​ សម​ រង្ស៊ី ដែល​ត្រូវ​បាន​លោក​ មាស នី​ នា​កាល​ណោះ​ចាត់​ទុក​ជា​អ្នក​នយោបាយ​មាត់​ឥត​គម្រប​​។

បន្ទាប់​ពី​លោក​ កឹម​ សុខា​ ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធាន​គណ​បក្ស​ ក្រោយ​ពី​លោក​ សម​ រង្ស៊ី​ បាន​លា​លែង​ពី​ប្រធាន​បក្ស​ ដើម្បី​បញ្ចៀស​លទ្ធភាព បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ ព្រោះ​ប្រធាន​ជាប់​ទោស​, លោក​ ហ៊ុន​ សែន​ សរសេរ​លិខិត​អប​អរ​សាទរ​លោក​ កឹម​ សុខា​, ក្រោយ​មកទៀត​ លោកស្រាប់​តែ​អះ​អាង​ថា​ លោក​ជា​អ្នក​ជួយ​ឱ្យ​លោក​ កឹម​ សុខា​ ឡើង​ធ្វើ​ជា​ប្រធាន​បក្ស​, ជា​ថ្មី​ម្តង​ទៀត​ លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​បែបនេះ​ ដើម្បី​បញ្ជាក់​ថា​ លោក​ កឹម​ សុខា​ ជា​អាយ៉ង​របស់​លោក​​។

ការ​អះ​អាង​ថា​ គណបក្ស​ប្រជាជន​ធ្វើ​វិសោធនកម្ម​នេះ​ ដើម្បី​ដាក់សម្ពាធ​ទៅ​លើ​​លោក​ សម​ រង្ស៊ី ឱ្យ​លា​លែង​ពី​ប្រធាន​គណបក្ស​ រួច​បើក​ឱកាស​​ឱ្យ​លោក​ កឹម​ សុខា​ ឡើង​ធ្វើប្រធាន​ មិន​ទំនង​ឡើយ​ ព្រោះ​មិន​មែនតែ​បក្ស​ប្រឆាំង​ទេ​ ​គណបក្ស​កាន់​អំណាច​​ក៏​ទំនង​ជា​មានភាព​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ដែរ​ ពេលលោក​ សម​ រង្ស៊ី​ លា​លែង​ ដែល​ការ​លា​លែង​ពី​គណបក្ស​របស់​លោក​និង​សមាជិក​បក្ស​ប្រឆាំង​ជាប់ទោស​ដទៃ​ទៀត​ ដែល​កំពុង​ជាប់​ពន្ធានាគារ​ ដូច​ជា​ លោក​ អ៊ំ សំអាន​, លោក​ ហុង​ សុខ​ហួរ​ ជា​អាទិ, បូក​រួម​ទាំង​ការ​លើក​លែង​ទោស​លោក​ កឹម​ សុខា​, បាន​លុប​លេស​ដែលអាច​រំលាយ​បក្ស​ប្រឆាំង​នេះ​ចោល​បាន។ការ​ដែល​លោក​ សម​ រង្ស៊ី​ លា​លែង​ពី​ប្រធាន​បក្ស​ព្រោះ​តែ​ច្បាប់​គណបក្ស​នយោបាយ​ ពុំ​អាច​បញ្ជាក់​​​ថា​ បក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ ក្នុង​បំណង​ធ្វើ​ឱ្យ​លោក​លា​លែង​ពី​តំណែង​នោះ​ទេ ព្រោះ​ច្បាប់​នេះ​មាន​គោល​ដៅ​​រំលាយ​គណបក្សប្រឆាំង​​តែ​ម្តង មិន​មែន​ត្រឹម​តែ​បង្ខំ​មេ​បក្ស​​ម្នាក់​ឱ្យ​លា​លែង​ទេ​។ បើ​ច្បាប់​គណបក្ស​នយោបាយ​ពិត​ជា​គ្មាន​បំណង​ចង់​រំលាយ​បក្ស​ប្រឆាំង​ទេ​​ និងបែរ​ជា​មាន​​​បំណង​​ធ្វើ​ឱ្យ​លោក​ សម​ រង្ស៊ី​ លា​លែង​ទៅ​វិញ​​, គេ​គប្បី​យល់​ថា​ ចំពោះ​​គណបក្ស​កាន់​អំណាច​ រំលាយ​គណបក្ស​ប្រឆាំង​មាន​ប្រយោជន៍​ច្រើន​ជាង​ការ​លា​លែងរបស់​លោក​ សម​ រង្ស៊ី​ និង​ការ​ដំឡើង​លោក​ កឹម​ សុខា​ ឆ្ងាយ​ណាស់​, ស្រប​ពេល​ដែល​គេ​មិនអាច​​សម្រេច​គោល​បំណង​ទាំង​ពីរ​ក្នុងពេល​តែ​មួយបាន​​, ការ​ដំឡើង​លោក​ កឹម​ សុខា​ មិន​សក្តិ​សម​ទទួល​​បាន​ការ​ខិត​ខំកែ​ច្បាប់​ពី​គណ​បក្ស​ប្រជាជន ​ដោយ​មិន​​ខ្វល់​ពី​ការ​រិះ​គន់​ពី​ច្រើន​មជ្ឈដ្ឋាន​ នោះ​តេ​ លុះ​ត្រា​តែ​លោក​ កឹម​ សុខា​ ក្រោយ​ឡើង​ធ្វើ​ប្រធាន​ នឹង​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក​ ហ៊ុន​ សែន​ ប៉ុន្តែ​លោក​ កឹម​ សុខា​ មាន​ប្រវត្តិ​បំបាក់​ការ​ជឿ​ទុកចិត្ត​ពី​លោក​ ហ៊ុន​ សែន​ ទៅ​ចូល​រួម​នឹង​លោក​ ​សម​ រង្សី ដូច​ដែល​សម្តី​សម្តេច​ក្នុង​ខ្សែ​អាត់​​, ហេតុ​នេះ​ គេ​ពិបាក​ជឿ​ថា​ គណបក្ស​ប្រជាជន​សុខចិត្ត​​ប្រថុយជឿ​លោក​ កឹម​ សុខា​ ម្តង​ទៀត​ រួច​​​​ធ្វើ​វិសោធនកម្ម​នេះ​ ដើម្បីបង្ខំ​លោក​ សម​ រង្ស៊ី​ ឱ្យ​ចុះ​ចេញ​ពី​តំណែង​ រួច​​ដំឡើង​លោក​ កឹម​ សុខា​ ណាស់​។ មាន​ភាព​មិន​ចុះ​ចម្រុង​គ្នា​រវាង​គោល​បំណង​រំលាយ​គណបក្ស​និង​​ការ​លា​លែងពី​​តំណែង​​ ពោល​គឺ​ បើ​លោក​ សម​ រង្ស៊ី​ លា​លែង​ គឺ​គ្មាន​លេស​រំលាយ​បក្ស​​ឡើយ​, ដោយ​សារ​លោក​ សម​ រង្ស៊ី​ លា​លែង​ ក្រោយ​វិសោធនកម្ម​ច្បាប់​នេះ​ ដូច្នេះ​ គេ​ពិបាក​ជឿ​ថា​ បក្ស​កាន់​អំណាច​ទាយ​ដឹង​ពី​លទ្ធភាព​នេះ​ណាស់​, ធ្វើ​ម្តេចគណ​បក្ស​ប្រជាជនអាច​ច្បាស់​ថា​​ មេ​បក្ស​រូប​នេះ​នឹង​លា​លែង​​ ក្រោយ​អនុម័ត​ច្បាប់​នេះ​ បើ​លោក​ ហ៊ុន​ សែន​ ក៏​ចាត់​ទុក​លោក​ សម រង្ស៊ី​ ជា​មេ​បក្ស​ក្រាញ​អំណាច​ដូច​គ្នា​ដែរ​ហ្នឹង​?​

ម្យ៉ាង​វិញ​ទៀត​ ក្រសួងមហាផ្ទៃ​របស់​គណបក្ស​ប្រជាជន​ពន្យារ​ការ​ផ្តល់​សុពលភាព​ជូនសមាស​ភាព​ថ្នាក់​ដឹកនាំ​​បក្ស​ប្រឆាំង​ សំអាង​ថា​ខុស​លក្ខន្តិកៈ​គណបក្ស​ ដែល​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​បក្ស​គេ​សុទ្ធ​​សាធ​ បន្ទាប់​ពី​ការ​ជាប់​ឆ្នោតធ្វើ​ជា​​ប្រធាន​របស់​លោក​ កឹម​ សុខា រួច​បន្ទាប់​មក​ទទួលស្គាល់​​តែ​លោក កឹម​ សុខា​ មិន​ទទួលស្គាល់​អនុប្រធាន​ ៣រូប​ទៀត​ រួម​មាន​លោក ប៉ុល ហំម, លោកស្រី មួរ សុខហួរ និងលោក​ អេង ឆៃអ៊ាង, ​ តិច​ឬ​ច្រើន​ បង្ហាញ​ពី​ឆន្ទៈ​របស់​គណបក្ស​ប្រជាជន​ថា បើ​និយាយ​ដោយ​ឡែកគឺ​​មិន​ចង់​ឃើញ​លោក​ កឹម​ សុខា​ ជា​ប្រធាន​គណបក្ស​, ​ និងបើ​និយាយជា​រួម​គឺមិន​ចង់​ឱ្យ​គណបក្ស​ប្រឆាំង​មាន​ថ្នាក់​ដឹក​នាំ​រឹង​មាំ​ ដូច​អះ​អាង​របស់​លោក​ មាស​ នី​។ ទោះ​បី​គណបក្ស​ប្រឆាំង​ព្រម​ដក​ថយ​មួយ​ជំហាន​ហើយ​ មួយ​ជំហាន​ទៀត​ ដូច​ជា​ព្រម​បោះ​បង់​សារ​នយោបាយ​ «ប្តូរ​​មេ​ឃុំ​បម្រើ​បក្ស​ ដាក់​មេ​បក្ស​រាស្ត្រ» ក៏​គណបក្ស​ប្រជាជន​តាម​រយៈ​ក្រសួង​មហាផ្ទៃ​ នៅ​តែ​មិន​សុខ​ចិត្ត​នឹង​សមាស​ភាព​ដឹក​នាំ​ថ្មីដដែល​ បញ្ជាក់​ថា​ តាក់ទិច​រុក​កួន​គូ​ប្រជែង​នៅ​តែ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ប្រតិបត្តិ​ ទោះ​វា​មាន​ប្រសិទ្ធភាព​ឬ​អត់​ក៏​ដោយ​។​​ ជា​រួម​​ ច្បាប់​គណបក្ស​នយោបាយ​មិន​ទំនង​ជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ ដើម្បី​​ដំឡើង​លោក​ កឹម​ សុខា​ ឬ​ធ្វើ​ឱ្យ​លោក​ សម ​រង្ស៊ី​ លា​លែងនោះ​​ទេ​ ព្រោះ​បើ​អ៊ីចឹង​មែន​ ក្រសួង​មហាផ្ទៃ​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​គួរ​តែ​រីករាយ​ផ្តល់​សុពល​ភាព​ជូន​សមាសភាព​ថ្នាក់​ដឹក​នាំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​ដោយ​គ្មាន​អល់​អែក​​ឡើយ​ មិន​បន្ត​បន្ទុច​បង្អាក់​មក​ទល់​ឥឡូវ​ទេ​, លើស​ពី​នេះ ការ​មិន​ផ្តល់​សុពល​ភាព​នេះអាច​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​ខក​ខាន​មិនអាច​​ចូល​រួម​ការ​បោះ​ឆ្នោត​ ​ស៊ី​គ្នា​នឹង​គោល​បំណងរំលាយ​គណបក្ស​ប្រឆាំង​ នៅ​ក្នុងច្បាប់​​គណបក្ស​​​នយោបាយ​។

២. នយោបាយ​ជើង​មិន​ជាប់​ដីរបស់​លោក​ សម​ រង្ស៊ី​ ​និង​នយោបាយ​ត្រូវ​​ហ៊ាន​ប្រឈម​របស់​លោក​ កឹម​ សុខា​

ការ​សិក្សា​ពី​ជំហរ​នយោបាយ​របស់​លោក​ សម​ រង្ស៊ី​ ដោយ​មិន​ពិនិត្យ​ឱ្យ​បាន​ស្មើ​គ្នាជំហរ​របស់​លោក​ កឹម​ សុខា, ​ ចៀស​មិន​ផុត​ពី​ការ​ចោទ​ថា ​លើក​ដាក់​តែ​ម្ខាងឬ​លំអៀង​​ នោះ​ឡើយ​ ម្យ៉ាង​ លោក​ កឹម​ សុខា​ ក៏​សក្តិ​សម​នឹង​ទទួល​បាន​វិភាគ​ប្រហាក់​ប្រហែល​គ្នា​ដែរ មិន​មែនមាន​​តែ​លោក​ សម​ រង្ស៊ី​​ទេ​។ ​ភាព​ស្រពិច​ស្រពិល​អំពី​បញ្ញត្តិ​ថា​ ‘ភាព​មិន​លំអៀង, ​​អព្យាក្រឹតភាព​, កណ្តាល​’​ គួរតែ​​​ត្រូវ​បាន​លាង​ជម្រះ​មុន​នឹង​បន្ត​ការ​វិភាគ​។ សាធារណជនរមែង​យល់​ច្រលំ​និង​គ្មាន​និយម​ន័យ​ច្បាស់​លាស់​អំពី​ពាក្យ ការ​ពិត​ មិន​លំអៀង អព្យាក្រឹត កណ្តាល ពាក្យ​ទាំង​នេះ​មាន​ន័យ​ប្រហាក់​ប្រហែល​គ្នា​ គឹ​ថា​ ពួក​គេ​ចួន​កាល​យល់​ថា​ ទាល់​តែ​រិះ​គន់​ទើប​មិន​លំអៀង​ សរសើរ​គឺ​លើក​ជើង​ឬ​ល្អៀង​, បើ​រិះ​គន់​ត្រូវ​តែ​រិះ​គន់​ទាំង​សង​ខាង​ដែល​ហៅ​រិះ​គន់​កណ្តាល​នោះ​, ​រិះ​គន់​ម្ខាង ​សរសើរ​ម្ខាង​ គឺ​លំអៀង​ មិន​កណ្តាល​, បើ​​រិះគន់​អ្នក​ដែល​ពួក​គេ​គាំទ្រ​គឺ​​លំអៀង​ តែ​បើ​រិះ​គន់​អ្នកដែល​ពួក​គេ​មិន​គាំទ្រ​គឺ​មិន​លំអៀង​ទេ​​។ តាម​ពិត​ទៅ​ គេ​ពិបាករិះគន់​ដោយ​មិន​លំអៀង​ខ្លាំង​ណាស់​ ព្រោះ​ភស្តុតាងដែល​មាន​ស្រាប់​ ភស្តុតាង​ដែល​មិន​ទាន់​បែក​ធ្លាយ​ ​និង​ការ​ជ្រើស​រើស​ភស្តុតាង​មិន​មែន​ចេះ​តែ​រកបាន​​ស្មើ​គ្នា​រវាង​ភាគីសង​ខាង​នោះ​ទេ​ ហើយ​ប្រធានបទ​វិភាគ​​មិន​ប្រាកដថា​មាន​ភាគី​តែ​ពីរ​រហូត​នោះ​ដែរ​​។ ភាគី​ទាំង​ឡាយ​មិន​ចេះ​តែ​ខុស​ត្រូវ​ស្មើ​គ្នា អាច​​អនុញ្ញាត​​ឱ្យ​គេ​យក​មក​វិភាគ​ស្មើ​គ្នា​ កណ្តាល​រហូត​នោះ​ទេ​ ពេល​ខ្លះ​ភាគី​ច្រើន​ ខ្លះ​ធ្វើ​ត្រូវ​ ធ្វើ​ខុស​ ឬ​ត្រូវ​ផង​ខុស​ផង​ តាម​ករណី តាម​ព្រឹត្តិការណ៍​​ តាម​ការ​គិត​របស់​ពួក​គេ​ មិន​ចេះ​អាច​ឱ្យ​អ្នក​សិក្សា​​ធ្វើ​តុល្យកម្ម​ រក​ចំណុច​កណ្តាលនោះ​ទេ​​ ហើយ​កណ្តាលក៏​មិនប្រាកដ​ត្រឹម​ត្រូវ​តាម​ការ​ពិតដែរ​​ ព្រោះ​ការ​ពិតខ្លះ​​ក៏​អាច​លំអៀង​រវាង​ភាគី​នីមួយៗ​ដែរ​ មានភាព​​ស្មុគ​ស្មាញ មិន​មែន​ពាក្យប៉ុន្មាន​ម៉ាត់ដូច​ជា​ កណ្តាល​, លំអៀង​, អព្យាក្រឹត​ អាច​ក្តោប​ឬ​​បរិយាយអស់​សេចក្តី​​​នោះ​ទេ​​​។ ការវិភាគ​ដែល​ផ្អែក​ទៅ​លើ​ការ​ពិត​មិន​លំអៀង​ គឺ​រក​ឃើញ​ភស្តុតាង​យ៉ាង​ម៉េច​ គឺ​បក​ប្រែ​ទៅ​តាម​នោះ​ ទោះ​ខុស​ត្រូវ​ មាន​ប្រសិទ្ធភាព​ឬ​អត់​ ដោយ​មិន​ខ្វល់​ពី​ភាព​កណ្តាល​ឬ​មិន​កណ្តាល​នោះ​ទេ​, តុល្យភាព​រវាង​ការ​រិះ​គន់​និង​​សរសើរ​​​ភាគី​ទាំង​ពីរ​ អាច​ធ្វើ​បាន​ ប៉ុន្តែ​កណ្តាល​រវាង​ការ​ពិត​គឺ​គ្មាន​ទេ​ ខុស​គឺ​ខុស​ ត្រូវ​គឺ​ត្រូវ​ហើយ​ បើ​មិន​ច្បាស់ ត្រូវ​សនិ្នដ្ឋាន​ថា​មិន​ច្បាស់​ មិន​ចេះ​តែ​បក​ស្រាយ​ឬ​ប្រើ​ពាក្យ​មាន​ខ្លឹម​សារ​ថា​ប្រាកដ​នោះ​ទេ​។​ បើ​ភស្តុតាង​និង​ហេតុផល​មិន​គ្រប់​ គឺ​សន្និដ្ឋាន​តាម​កង្វះ​ខាត​ រួច​ទុក​ភាគ​បន្ត​ ឬ​ដាក់​សិក្សា​នៅ​ក្នុង​កម្រិត​ជា​សម្មតិកម្ម​ រង់​ចាំ​ភស្តុតាង​លេច​ចេញ​បន្ត​បន្ទាប់​ទៀត​។  ជំហាន​នយោបាយ​របស់​លោក​ កឹម​ សុខា​ ទទួល​បាន​ការ​គាំទ្រ​ជាងរបស់​​លោក​ សម​ រង្ស៊ី,​ យើង​ត្រូវ​បក​ស្រាយ​ទៅ​តាម​នោះ​ សរសើរ​លោក​ កឹម​ សុខា​, បន្តុះ​​បង្អាប់​លោក​ សម​ រង្ស៊ី​ គឺ​ជា​ការ​លំអៀង​ តែ​លំអៀង​ទៅ​រក​ការ​ពិត​ ក៏​ព្រោះ​នយោបាយ​និរទេស​ដដែលៗ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​នើយ​ហត់​, នយោបាយ​ប្រឈម​ផ្ទាល់​ ទោះ​នៅ​តែកង្វះ​ភាព​ក្លាហាន​ដូចគ្នា​​ ក៏​មិន​ទាន់​កំសាក​ដល់​ថ្នាក់​រត់​ចោល​អ្នក​គាំទ្រ​នោះ​ដែរ​, ប្រជាពលរដ្ឋ​​នៅ​តែ​ការ​ពារ​មេ​ដឹក​នាំ​របស់​ពួក​គេ​ នៅ​ពេល​ដែល​មេ​នៅ​រួម​សុខ​ទុក្ខ​ជា​មួយ​ ទោះ​បី​ពួក​គេ​ខ្លះ​នៅ​តែ​យល់​ថា សំងំ​នៅ​មួយ​កន្លែង​គឺ​ជា​ការ​​កំសាក​ក៏​ដោយ​។ ការ​អះ​អាង​យក​រួច​ខ្លួន​ ចាក់​ខ្សែ​កណ្តាល​ ថា​ ជំហរ​នយោបាយ​របស់​លោក​ សម​ រង្ស៊ី​ និង​ កឹម​ សុខា​ ម្យ៉ាង​ម្នាក់​ឬ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​, កណ្តាល​មែន​ តែកណ្តាល​ខាង​ខុស​​។

មិន​មែន​តែ​លោក​ សម​ រង្ស៊ី​ ទេ​ដែល​​ត្រូវ​បាន​គេ​ចោទ​ថា​ កំសាក​, លោក​ កឹម​ សុខា​ ក៏​ដូច​គ្នា​ដែរ​ ទោះ​បី​លោក​ពុំ​បាន​ភៀស​ខ្លួន​ទៅ​បរ​ទេសក៏​ដោយ​​ ក៏​ការ​ប្រឈមក្នុង​ប្រទេស​របស់​លោក​​មាន​កម្រិត​ មិន​មែន​ជា​ការ​ប្រឈម​ដោយ​គ្មាន​ការ​ពារ​ឬ​ប្រឈម​ដោយ​គ្មានការ​​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នោះ​ឡើយ​​។ បន្ទាប់​ពីព្រឹត្តិការណ៍​វាយ​តំណាងរាស្ត្រ​​បក្ស​ប្រឆាំង​នៅ​មុខ​រដ្ឋ​សភា​ តុលា​ ២០១៥ និង​បាតុកម្ម​ដោយ​អ្នក​គាំទ្រ​បក្ស​ប្រជាជន​ទាម​ទារ​​ឱ្យ​ដក​លោក​ កឹម​ សុខា​ ចេញ​តំណែង​អនុប្រធាន​រដ្ឋ​សភា, បក្ស​កាន់​អំណាច​នៅ​តែ​បន្ត​យាយី​បក្ស​ប្រឆាំង​ បើ​និយាយ​ជា​រួម​ យាយី​លោក​ កឹម​ សុខា​ បើ​និយាយ​ដោយ​ឡែក​ ពោល​គឺ ​ដោយ​គំរាម​ទម្លាយ​រឿង​អាស្រូវ​ស្នេហា​ បើ​មិន​ព្រម​ធ្វើ​បក្ស​ប្រហារ​ដណ្តើម​តំណែង​លោក​ សម ​​រង្ស៊ី នេះ​តាម​ការ​បញ្ជាក់​លោក​ សម​ រង្ស៊ី​ នៅ​ក្នុង​វេទិកា​អាស៊ីសេរី​។ ដោយ​សារ​លោក កឹម​​ សុខា​ ​ចចេស​មិន​ព្រម​ចុះ​ញ៉ម,​ រឿង​អាស្រូវ​ក៏​ត្រូវ​បាន​ទម្លាយ​ ថែម​ទាំងរាល​ដាល​ដល់​​ប្រធាន/​សមាជិក​សង្គម​ស៊ីវិល​ដែល​ជួយ​ជ្រោម​ជ្រែង​ផ្នែក​ច្បាប់​ដល់​ស្រី​កំណាន់​លោក​ កឹម​ សុខា​ ​ ​ទៅ​ទៀត​ ឱ្យ​ជាប់​ពន្ធានាគារ​ពី​បទ​សូក​ប៉ាន់​សាក្សី​​ ឯ​លោក​ កឹម​ សុខា​ វិញ​ពី​បទ​សញ្ចារកម្ម។

មតិ​ខ្លះ​បន្ទោស​ស្រី​កំណាន់​លោក​ កឹម​ សុខា​ ថា​ជា​ដើម​ចម​នៃ​បញ្ហា​ តាម​ពិត​ទៅ​ នាង​គ្រាន់​តែ​ជា​ស្រ្តី​ពេញ​វ័យ​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ​ មាន​សិទ្ធិ​ជ្រើស​ដៃ​គូ​តាម​ទំនោរ​បុគ្គល​ ទោះ​បុគ្គល​មាន​វ័យ​ចំណាយ​ឬ​ជា​អ្នក​នយោបាយ​ គ្មាន​ច្បាប់​ហាម​ទេ​។ បើ​និយាយ​ទៅ​ នាង​ក៏​ជា​ជន​រង​គ្រោះ​ដែរ​, ឋិត​នៅ​ក្រោម​សម្ពាធ​ពី​គណបក្ស​កាន់​អំណាច​ នាង​មិន​អាច​ធ្វើ​អ្វី​ ក្រៅ​ពី​ធ្វើ​តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច​ឡើយ ដូច​ជា​ប្តូរ​​ទៅ​ប្តឹង​លោក​ កឹម​ សុខា​ វិញ​ជា​ដើម​។ យ៉ាង​ណា​មិញ​ ​ទោះ​គ្មាន​រឿង​អាស្រូវ​នេះ​ ក៏​បក្ស​កាន់​អំណាច​គង់​តែ​នឹង​រក​រឿង​ផ្សេង​មក​រុក​កួន​បក្ស​ប្រឆាំង​បាន​​ដូច្នោះ​។ គូ​ប្រជែង​ដែល​មាន​សក្តានុពលរបស់​បក្ស​កាន់​អំណាច​ នឹង​គ្មាន​ថ្ងៃ​នៅ​បាន​សុខ​ស្រួល​នោះ​ទេ​ លុះ​ត្រា​តែ​ពួក​គេ​ឈប់​ធ្វើ​នយោបាយ​។

តាក់ទិច​ទម្លាយ​រឿង​អាស្រូវនេះ​​បាន​ផ្លាត​ត្រូវ​បក្ស​កាន់​អំណាច​វិញ​ ធ្វើ​ឱ្យ​ប្រជាជន​មួយ​ចំនួន​​ មើល​ឃើញ​និង​ស្អប់ខ្ពើម​​ល្បិច​នយោបាយ​ស្មោក​គ្រោក​ ទោះ​ប៉ះ​ពាល់​ដល់​ប្រជាប្រិយ​ភាព​លោក​ កឹម​ សុខា​ ខ្លះ​ក៏​ដោយ​ ទោះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​គាំទ្រខ្លះ​​ពី​ខាង​ក្រៅ​របស់​បក្ស​ប្រឆាំង​ ដោយ​សារ​ខ្មែរ​នៅ​បរទេស​មិន​ចូល​ចិត្តអ្នក​នយោបាយ​ដែល​ប្រលូក​ប្រលាក់ស្រី​ញី​​ក៏​ដោយ​ ក៏​មិន​គ្រប់​គ្រាន់​យក​មក​អះ​អាង​ថា​ តាក់ទិច​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ដែរ​​​ ក៏​ព្រោះ​សាធារណជន​ដឹង​ថា​ ជា​ល្បិច​បក្ស​កាន់​អំណាច​ ដូច​ដែល​ធ្លាប់​ធ្វើ​ដាក់​សម្តេច​ក្រម​ព្រះ​ ធ្វើ​ច្បាប់​ឯកពន្ធភាព​, ផ្លាតទៅ​បក្ស​កាន់​អំណាច​វិញ​ ក៏​ព្រោះ​មន្ត្រី​បក្ស​ប្រជាជន​ខ្លួន​ឯង​ក៏​មាន​រឿង​អាស្រូវ​ស្នេហា​ច្រើន​ដូច​គ្នា​ រហូត​ដល់​មាន​ការ​ជះ​ទឹក​អាស៊ីត​និង​បាញ់​សម្លាប់​ស្រី​កំណាន់​ទាំង​នោះ​ទៀត, នៅ​ពេល​លោក​ ហ៊ុន​ សែន​ ព្យាយាម​វាយ​ប្រហារ​លោក​ កឹម​ សុខា​ តាម​រយៈ​រឿង​បុគ្គល​ផ្ទាល់​ខ្លួន​, សាធារណជន​ក៏​ចាប់​ផ្តើម​លើក​ឡើង​ពី​រឿង​អាស្រូវស្រី​ញី​​របស់​លោក​នាយករដ្ឋមន្ត្រីវិញ​ដែរ​​​​អំពីករណីស្នេហា​លួច​លាក់​និង​​ឃាតកម្មទៅ​លើ​​​សិល្បការិនី​​ ពិសិដ្ឋ​ ពីលិកា​។ ទោះ​បី​រឿង​អាស្រូវ​របស់​លោក​ កឹម​ សុខា​ នេះ​​ជា​ការ​ពិត​ក៏​ដោយ​ ប្រជាពលរដ្ឋដែល​គាំទ្រ​បក្ស​ប្រឆាំង​​នៅ​តែ​ការ​ពារ​លោក​ កឹម​ សុខា​ និង​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន បញ្ជាក់​ថា​ ប្រសិទ្ធភាព​នៃ​ការ​បញ្ចេញ​រឿង​អាស្រូវ​មាន​តិច​តួច​។

៣. ឃាតកម្ម​លោក​ កែម​ ឡី​ និង​កូដកម្ម​នយោបាយ​របស់​លោក​ កឹម​ សុខា​

គណបក្ស​ប្រជាជន​មើល​មិន​ឃើញ​ថា​ កម្ពុជា​មាន​វិបត្តិ​នយោបាយ​ឡើយ​ ក៏​ពុំ​មាន​អ្វី​ចម្លែក​ដែរ​ ចំពោះភាគី​ដែល​បង្ក​វិបត្តិ ពួក​គេ​មើលមិន​​ឃើញ​វិបត្តិ​នោះ​ទេ​ ព្រោះ​ពួក​គេ​រង​កម្មពី​វិបត្តិ​នោះ​។​ ស្ថានភាព​នយោបាយ​កាន់​តែ​តាន​តឹង​នេះ​ មាន​មតិ​ខ្លះ​ យល់​ថា​គ្រាន់តែ​​​ជា​ជម្លោះ​នយោបាយ​រវាង​បក្សធំៗ​ពីរ​ប៉ុណ្ណោះ​ មិន​មែន​ជា​វិបត្តិ​នយោបាយ​ធ្ងន់​ធ្ងរ​អ្វី​ទេ​។ ក្រោយ​ពី​រាលដាល​ដល់​សង្គម​ស៊ីវិល​ រហូត​ដល់មាន​ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី​ បញ្ជាក់​ថា​ ពិត​ជាមាន​​វិបត្តិ​នយោបាយមែន​​ ពោលគឺ​ជា​វិបត្តិ​ដែល​​ប៉ះ​ពាល់​ដល់​តួរង​ជា​ច្រើន​ទៀត​ មិន​មែន​ត្រឹម​តែ​ជា​ជម្លោះ​រវាង​តួ​ឯង​នោះ​ទេ​។

កំលុង​ពេល​ដែល​លោក​ កឹម​ សុខា​ កំពុង​សំងំ​ក្នុង​ទី​ស្នាក់​ការ​បក្ស, លោក​ កែម​ ឡី​ គឺ​បុគ្គល​សំខាន់​មួយ​រូប​ក្នុង​ចំណោម​បណ្តា​អង្គ​ទូត​ដែល​ចុះ​សួរ​សុខ​ទុក្ខ​លោក​ កឹម​ សុខា​ ជា​ជាង​រង់​ចាំ​លោក​ កឹម​ សុខា​ ទៅ​សួរ​សុខ​ទុក្ខ​វិញ​ ដែល​ទង្វើ​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មិន​សប្បាយ​ចិត្ត​ រួច​ចាត់​ទុកថាការ​​​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា, ចំណែក​លោក​ កែម​ ឡី​ វិញ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ជា​ពួក​ប្រឆាំង​ ដូច​​នឹង​អ្នក​រិះ​គន់​ដទៃ​ទៀតដែរ​​ ឱ្យ​តែ​រិះ​គន់​គឺ​ប្រឆាំងហើយ​​​។ កូដកម្ម​របស់​លោក​ កឹម​ សុខា​ ទោះ​ត្រូវ​បាន​មតិខ្លះ​យល់​ថា​កំសាក​ក៏​ដោយ​ ក៏​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​មួយ​ចំនួនដែរ​​ ដែល​ក្នុង​នោះ ការ​ឧបត្ថម្ភ​ផ្នែក​គំនិត​ពី​លោក​​​ កែម​ ឡី​ បាន​ហុច​ផ្លែ​ផ្កា​ជា​ច្រើន ​​ចេញ​ជា​គោល​នយោបាយវិមជ្ឈការ​បីរបស់​គណបក្ស​សង្គ្រោះ​ជាតិ​​៖ ​​១. វិមជ្ឈការ​ថវិកា, ​២. វិមជ្ឈការ​ធនធាន​មនុស្ស និង​​ ៣. វិមជ្ឈការ​សេវា​សាធារណៈ។ តើ​ទង្វើ​នេះ​បង្ហាញ​ថា​ លោក​ កែម​ ឡី​ គាំទ្រ​បក្ស​ប្រឆាំង​ឬ​? តាម​ពិត​ទៅ​ ប្រជាពលរដ្ឋ​ណា​​ក៏​ចង់​ឱ្យ​គំនិត​របស់​ពួក​គេ​​ត្រូវបាន​​គណបក្ស​នយោបាយ​យក​ចិត្ត​ទុក​ដាក់​ដែរ​, កែម​ ឡី​ ក៏​មិន​ខុស​ពី​អ្នក​ដទៃ​, គណបក្ស​ណា​ដែល​ទទួល​យក​គំនិត​គេ​ ទើប​គេ​ផ្តល់​គំនិត​ឱ្យ​, បើ​គំនិត​ទាំង​នោះពិត​ជា​នឹង​​ត្រូវ​បាន​យក​ទៅ​បម្រើប្រយោជន៍​​សាធារណៈ​ បុគ្គល​ឯករាជ្យ​ដែល​មាន​សមត្ថភាពដូច​លោក​ កែម​ ឡី​ ​គ្មាន​អ្វី​ទើស​ទាស់​នឹង​ផ្តល់​ឱ្យ​ទេ​, បើ​គណបក្ស​ប្រជាជន​ចង់​បាន​ លោក​ កែម​ ឡី​ ក៏​ធ្លាប់​សរសេរ​អនុសាសន៍​ជា​ច្រើន​​ផ្តល់​ឱ្យ​ដែរ​។ គោល​នយោបាយ​វិមជ្ឈការទាំង​នេះ​​នឹង​ទទួល​បាន​ការ​គាំទ្រ​ ពី​ព្រោះ​វា​ឆ្លើយ​តប​តាម​តម្រូវ​ការរបស់​​ប្រជាជននៅ​មូលដ្ឋាន​ និង​មន្ត្រី​ថ្នាក់​ក្រោម ដែល​ត្រូវ​ការ​ស្វ័យ​ភាព​ទាំង​អំណាច​នយោបាយ​និងការ​គ្រប់​គ្រង​ប្រមូល​​ចាយ​វាយ​​ថវិកា​​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​វា​នឹង​ត្រូវ​បាន​អនុវត្ត​ឬ​អត់​ ត្រូវ​គណបក្ស​ប្រជាជន​​បន្ទុច​បង្អាក់​ឬ​អត់​ គេ​ពិបាក​មាន​សុទិដ្ឋិនិយម​ណាស់​។ ជា​អកុសល​ ​លោក​ កែម​ ឡី​ ពុំ​មាន​អាយុ​សង្ខារ​ នឹ​ង​បាន​ដឹង​ថា​ គណបក្ស​ប្រឆាំង​យក​គំនិត​របស់​លោក​ទៅ​អនុវត្ត​ ឬ​ក៏​អត់​ទេ​​។

ឃាតកម្ម​លោក​ កែម​ ឡី​ កើត​ឡើង​នៅក្នុង​​កំលុង​ពេល​ដែល​លោក​ កឹម​ សុខា​ កំពុង​ធ្វើ​កូដកម្ម​។ លោក​ កឹម​ សុខា​ បាន​បំពេញ​អវត្តមាន​របស់​លោក​វិញ​ ដោយ​ក្រោយ​ពេល​មាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ភ្លាម​ លោក​ក៏​បាន​ទៅ​អុច​ធូបគោរព​វិញ្ញាណ​ក្ខន្ធ​​ជូន​លោក​ កែម​ ឡី​ នៅ​កន្លែង​បញ្ចុះ​សព​ដល់​ស្រុក​កំណើត​របស់​លោក និង​យក​អនុសាសន៍​លើគោល​នយោបាយ​​វិមជ្ឈការទាំងបី​ពី​ការ​ចួប​គ្នានា​កាល​ណោះ​​ មក​​ធ្វើ​កំណែ​ទម្រង់គណបក្ស​​​។ ពិត​មែន​តែ​ការ​សំងំ​ក្នុង​ទី​ស្នាក់​ការ​បាន​បំផុស​ឱ្យ​មាន​ការ​គាំទ្រ​លោក​ កឹម​ សុខា​ ជា​ជាង​ថម​ថយ​ ការ​សំងំ​មិន​ហ៊ាន​ចេញ​ មិន​ហ៊ាន​ទៅ​ចូល​រួមបុណ្យ​សព​លោក​ កែម​ ឡី​ ចៀស​មិន​ផុតពី​ការ​មើល​ងាយ​ថា​ កំសាកនោះ​​ទេ​​ ទោះ​មិន​កំសាក​ដល់ថ្នាក់​​រត់​ចោល​ស្រុក​​ក៏​ដោយ​។

តាម​រយៈ​អាស៊ី​សេរី​ លោក អេង ឆៃអ៊ាង បាន​ដោះ​សា​ជូន​ប្រធាន​ស្តី​ទី​របស់​ខ្លួន​​ថា មិន​មែន​លោក កឹម សុខា ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន​ឡើយ​ តែ​ព្រោះ​​លោកកំពុង​ធ្វើ​កូដកម្ម​នយោបាយ ទើប​ខក​ខាន​មិន​បាន​ចូល​រួម​បុណ្យ​សព​លោក​ កែម​ ឡី​ ជំនួស​មក​វិញនូវ​ការ​​ដុត​ធូប​បួងសួង​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​ កែម ឡី នៅ​ទី​ស្នាក់​ការ​បក្ស​។ លោក មាស នី បានគាំទ្រ​ថា​​ ការ​មិន​បង្ហាញ​ខ្លួន​របស់​លោក កឹម សុខា…គឺ​ជាការ​​ស្អំ​ស្ថានការណ៍​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​៖ «ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន លោក កឹម សុខា គួរ​តែ​នៅ​ស្ងៀម​សិន ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយហ្នឹងអាច​ទៅ​មុខ​តិចៗ មាន​ដំណាក់​កាល​…នឹង​អាច​​ត្រជាក់តិច​មក​​​វិញ​…។ បើ​កាលណា​គាត់​មក វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ពុះ​កញ្ជ្រោលឡើង​វិញ​នូវ​មតិ​សាធារណជនអី​ទៅ​​​ វា​នាំ​តែ​មាន​ផ្លែ​ផ្កាទៅ​មកទៀត​​ ​រឿង​រ៉ាវ​ចេញម្តង​ទៀត​​។»

ទោះ​បី​យ៉ាង​ណា​ ​ ទស្សនៈ​របស់​លោក​ មាស​ នី​ ពុំ​សូវ​ត្រឹម​ត្រូវ​ឡើយ​ ហេតុ​គឺទោះ​លោក​ កឹម​ សុខា​ ទៅ​ចូល​រួម​បុណ្យ​សព​ឬ​អត់​ ក៏​​ស្ថានភាព​នយោបាយ​កម្ពុជា​នៅ​តែ​ក្តៅដដែល​​, មិន​ទៅ​ចូល​រួម​បុណ្យ​សព​ ក៏មិន​អាច​កាត់​បន្ថយ​​កម្តៅ​នយោបាយ​អ្វី​បានដែរ​​, ​ម្យ៉ាង​លោក​ពុំ​អាច​សំងំ​ក្នុង​ទី​ស្នាក់​ការ​បក្ស​បែប​នេះ​រហូត​នោះ​ទេ​​​។ ជា​សគុណ​ដែល​លោក​ កែម​ ឡី​ បាន​ផ្តល់​យោបល់​មិន​ខ្លាច​គ្រោះ​ថ្នាក់ជូន​គណបក្ស​ប្រឆាំង​​, លោក​ កឹម​ សុខា​ បើ​មិន​ក្លាហាន​គ្រប់​ករណី​ទេ​ ​ គួរតែបើក​ករណី​លើក​លែង​ ​​ហ៊ាន​ប្រឈម​ក្រៅ​ទី​ស្នាក់​ការ​បក្ស​ម្តង​ដែរ​ ដើម្បី​ទៅ​ចូល​រួម​បុណ្យ​របស់​លោក​ កែម​ ឡី ឱ្យ​ស៊ី​គ្នា​នឹងទ្រឹស្តី​​​ សម្លុត​មិន​ខ្លាច​ របស់​លោក​។​ មែន​ទែនទៅ​ គេ​អាច​ទស្សន៍​ទាយ​ពី​ផ្លូវ​ចិត្ត​របស់​លោក​ កឹម​ សុខា​ បាន​ គឺ​ថា​ ឃាតកម្ម​ទៅ​លើ​ កែម​ ឡី​ ជា​សញ្ញា​ប្រាប់​ថា​ លោក​អាច​ជា​មុខ​សញ្ញា​​បន្ទាប់​ ដូច្នេះ​ហើយ​ទើប​លោក​មិន​ហ៊ាន​ទៅ​។​ ល្មម​បំភ័យ​លោក​ កឹម​ សុខា​ បាន​ហើយ​ ត្បិត​សូម្បី​ព្រះ​មហាក្សត្រ​ក៏​មិន​ហ៊ាន​បង្ហាញ​ព្រះ​ភក្រ្តនៅ​រោង​​បុណ្យ​ដែរ​ បាន​ត្រឹមចូល​រួម​​តាម​រយៈ​អ្នក​តំណាងតែ​ប៉ុណ្ណោះ​​ វត្តមាន​សម្តេច​ម៉ែ​និង​ព្រះ​អម្ចាស់​ធម្មាកោ​ ជា​តឹក​តាង​។​ ​​លោក អំ សំអាត មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូវិញ​ យល់​ឃើញ​បាន​ត្រឹម​ត្រូវ​ ដែល​ថា លោក កឹម សុខា ក៏​ចង់​ទៅ​ដែរ ប៉ុន្តែ​ទំនង​បារម្ភ​​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន, នៅ​ពេល​លោក​ធ្វើ​ដូច្នេះ ពុំ​អាច​​ចៀស​ផុត​ពី​ការ​ចោទ​ប្រកាន់​ថា កំសាក នោះ​ឡើយ​​​៖ «ខ្ញុំ​ជឿ​ថា ​អ្នក​ណាដែល​​អាណិត​ស្រឡាញ់​រាប់​អាន​គាត់​ និង​ធ្លាប់​មាន​ការ​រាប់​អាន​ពី​មុន​មក​ គឺ​តែង​តែ​ចង់ទៅ​​គោរព​វិញ្ញាណក្ខន្ធ​ចុង​ក្រោយ ប៉ុន្តែ​ខ្ញុំ​គិត​ថា ឯកឧត្តម កឹម សុខា ប្រហែល​​លោក​មាន​បញ្ហា​ឬ​ក៏​​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​…។»

មិន​មែន​គ្មាន​ច្រក​ចេញឡើយ​​ លោក​ កឹម​ សុខា​ នៅ​តែ​អាច​ទៅ​ចូល​រួម​បុណ្យ​សព​លោក​ កែម​ ឡី​ បាន​ ដោយ​មាន​អង្គរក្ស​ការ​ពារ​ ឬ​មាន​ប្រជាជន​ច្រើន​ហែរ​ហម​ មិន​មែន​ថា​ គេ​មិន​អាចធ្វើ​ឃាតលោក​ក្នុង​ចំណោម​មហាជន​ទេ​ តែ​គឺ​គេ​ពិបាក​បញ្ចៀស​ការ​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល​ នៅ​ពេល​អ្នក​រិះ​គន់រដ្ឋាភិបាល​ទើប​តែ​ត្រូវ​បាន​បាញ់​សម្លាប់​ ហើយមាន​​ឃាតកម្ម​ទៅ​លើ​គូ​ប្រជែង​នយោបាយ​ម្នាក់​ទៀត​។ យ៉ាង​ច្រើន​ណាស់​ រដ្ឋាភិបាល​អាច​ត្រឹម​ដាក់​កង​សន្តិសុខ​អម​តាម​ផ្លូវ​ យក​លេស​សណ្តាប់​ធ្នាប់​សាធារណៈ​ឬ​អសន្តិសុខ​សង្គម ចោទ​ប្រកាន់​ថា​ជា​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​,​ រារាំង​មិន​ឱ្យ​ទៅ​ដល់​រោង​បុណ្យ​ប៉ុណ្ណឹង​, បើ​លោក​​ កឹម​ សុខា​ នៅ​តែ​ក្រាញ​ននៀល​ចង់​ចូល​រួម​ គេ​មិន​អាច​បង្អាក់​លោក​បាន​រហូត​នោះ​ទេ​, ទោះ​មិន​បានដល់​​រោង​បុណ្យ​​ ក៏​ជា​ការ​បង្គ្រប់​កិច្ច​ប្រសើរ​អុច​ធូប​នៅ​ទី​ស្នាក់​ការ​បក្ស​ដែរ​ ពិសេស​វា​កាន់​តែ​ធ្វើ​ប្រជាជន​រដ្ឋាភិបាល​ បក្ស​ប្រឆាំង​កាន់​តែ​កើន​ប្រជាប្រិយ​ភាព​ទៅ​ទៀត​។

៤. ការ​ចល័ត​កម្លាំង​ចម្រុះ​ឆ្លង​កាត់​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​

ថ្ងៃទី៣១ ខែសីហា ២០១៦ ឧទ្ធម្ភាគចក្រយោធា ៥គ្រឿង, អូប័រ ៥គ្រឿង, រថយន្តដឹកទាហានពាក់របាំងមុខ និងប្រដាប់ដោយអាវុធមួយ​ចំនួន​ បានចល័តព័ទ្ធជុំវិញទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ  ក្នុងខណ្ឌមានជ័យ ពីរថ្ងៃបន្ទាប់ពីលោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិង​ជា​មនុស្ស​ជំនិត​របស់​លោក​ ហ៊ុន​ សែន​ បានព្រមាន​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​៖ «បើ កឹម សុខា ជាមួយនឹង សម រង្ស៊ី ជាអ្នកទោសព្រហ្មទណ្ឌ ត្រូវតែប្រគល់ខ្លួនឱ្យគេចាប់ដាក់ទោសទៅតាមច្បាប់។ ខ្ញុំត្រូវតែមានវិធានការ ឱ្យតែមានសំណូមពរពីតុការ កម្លាំងប្រដាប់អាវុធយើងនឹងធានាចាប់ខ្លួន។»​

ដល់​ខែ​កញ្ញា​ ទើប​គេ​បាន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​និង​នរណា​នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​នេះ​។ សុន្ទរកថាក្នុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំថ្ងៃ​ទី​១៩ កញ្ញា​ ២០១៦, លោកនាយករដ្ឋមន្ត្រីបាន​ទទួល​ស្គាល់​ថា ​លោកជាអ្នកចេញ​បញ្ជាឱ្យ​ចល័តកង​កម្លាំង​ពី​ប្រទេសសិង្ហបុរី ឱ្យយោធាធ្វើសមយុទ្ធដើម្បីសាកល្បងសមត្ថភាពបញ្ជារបស់លោកតាមប្រព័ន្ធទូរស័ព្ទ ដែល​​​ចួន​ជាកើត​ឡើង​​ត្រូវ​ឆ្លង​តាម​ផ្លូវ​ទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ឆ្លើយ​តប​នឹង​ការ​គំរាម​ធ្វើ​បាតុកម្ម​ពី​បក្ស​ប្រឆាំង​​៖ «កុំ​ស្អី​ឡើង ​គំរាម​ធ្វើ​បាតុកម្ម​ ​គំរាម​គេ​ធ្វើ​បាតុកម្ម​ដើម្បី​​ចរចា​, អ្ហាក! អត់​ផ្លូវ​ទេ​អាពៅ​!…ចង់​ចរចា ​និយាយ​គ្នាឱ្យ​​ត្រង់​ និយាយឱ្យ​ស្រួល​…បើ​អញ​ចរចា​ ឆ្កែ​សុទ្ធ!​…កន្លែង​តែ​មួយ​គត់​ដើម្បី​និយាយ​គ្នា​គឺ​សភា​ ហើយ​សភា​ អ្នក​ឯង​ដើរ​ចោល​សភា​! […] ហើយ​កុំគំរាម!​  អ្នក​ណា​គំរាមអ្នក​ណា?​ អ្នក​ឯង​គំរាមអ្ហា, ​​ពីរ​ថ្ងៃ​ជាប់​គ្នា​ ថ្ងៃ​នៅ​ស្រុក​ចិន​ គំរាម​​ធ្វើ​បាតុកម្ម,​ ឯង​មក​ដល់​ស្រុក​ខ្មែរ​ គំរាម[​ទៀត​]។ ដាក់​វិញ​ភឹង​…មួយ​សិន​ ដាក់​ជា​បទ​បញ្ជាហ្មង​ ហើយ​ខ្ញុំ​ប៉ាន់​ស្មាន​មុន​​ មុខ​តែពួក​​អ្នក​វិភាគ​ចេញ​មក​ថា​ លោក​ ហ៊ុន​ សែន​ គំរាម​, ខ្ញុំ​ថា​ នេះ​មិនមែនជាការគំរាមទេ តែ​វា​ខ្លាំង​ជាងការគំរាមទៅទៀត  ព្រោះវាជាប្រភេទនៃបទបញ្ជា ដើម្បី​កម្ចាត់ចោលអ្នកណាក៏ដោយដែលបំផ្លាញសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម។ […] ចេញ​មក​ៗ ឥឡូវ​​អំពាវ​នាវឱ្យ​ចេញ​មក​! ចេញ​ឱ្យ​រហ័ស!​​ ខ្ញុំ​បញ្ជា​កន្លែងណា​​ធ្វើ​នៅ​កន្លែង​ហ្នឹង។​ អ្នកឯងមានសិទ្ធិធ្វើបាតុកម្ម រឿងអីយើងគ្មានសិទ្ធិឆ្លើយតប? អ្នកឯងមានសិទ្ធិគាំទ្របក្សប្រឆាំង ខ្ញុំមានសិទ្ធិគាំទ្ររដ្ឋាភិបាល។…អ្នក​ឯង​គំរាម​គេ​មុន​អ្ហា​! […] ហើយ​ចួន​កាល គេ​សមយុទ្ធរបស់​គេ…​​​រាជរដ្ឋាភិបាលនៅក្នុងតំណែង មានសិទ្ធិនឹងបញ្ជាធ្វើសមយុទ្ធគ្រប់ពេលទាំងអស់ មិន​ថា​ពេល​ណា​ទេ​។ ថ្ងៃ​មួយ ​ខ្ញុំចង់ដឹងប្រតិកម្មកម្លាំង៖ ខ្ញុំបញ្ជា ៣៦នាទី ពី​សាំងកាពួរ ខ្ញុំ​ចង់​ដឹង​ប្រព័ន្ធ​បញ្ជា​​…កម្លាំងទាំងជើង ទាំង​ទឹក ទាំងគោក និងអាកាស ចេញដំណើរបាន។ ប៉ុន្តែវា​ទាស់​ត្រង់​​ ​វា​បើក​មក វា​​កាត់​​ស្នាក់​ការ​​របស់​គេ​ខ្លះ​នោះ​…ទី​ណា​ក៏​គេ​ធ្វើ​បាន​ដែរ កុំ​ឱ្យ​តែ​គេ​ចូល​ស្នាក់​ការ​យើង​។​ វា​ទៅ​ជា​គេ​គំរាម គេ​ស្អី​អ៊ី​ណា​! ហើយ​ចុះបើមានភេរវកម្មកើតឡើង តើកម្លាំងអាខ្លះ មួយទៅលិច មួយទៅកើត ម៉េច​កើត? ធ្វើ​ម៉េច​​? កុំ​ភ្លេច ​ភេរវកម្ម​ វា​វាយ​អត់​រើស​មុខ​ទេ! ចឹង​គេ​ក៏​ចង់​ដឹង​ កម្លាំងប្រតិកម្ម​​​រហ័ស​កើត​ឡើង​យ៉ាង​ម៉េច​ អាហ្នឹង​ នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​ធ្វើ​ អគ្គបញ្ជាការ​​ទ័ព​ត្រូវ​ទទួល​បទ​បញ្ជាដើម្បី​នឹង​ធ្វើ​អាហ្នឹង​​​ភ្លាម​​។»

ជា​ការ​ពិត​ សកម្មភាព​ចល័ត​កង​កម្លាំង​ចម្រុះ​នោះ​គ្រាន់​តែជា​​សម​យុទ្ធប៉ុណ្ណោះ​ ដោយ​សំអាង​ថា​គ្មាន​ការ​ចាប់​ខ្លួននិង​ការ​លុក​លុយ​ទី​ស្នាក់ការ​​បក្ស​​អ្វី​កើត​ឡើង​ឡើយ​។ ដូច្នេះ​ លោក​ ហ៊ុន​ សែន​ ពុំ​បាន​កុហក​ទេ​អំពី​ចំណុច​​នេះ​ ប៉ុន្តែ​ត្រង់​គោល​បំណង​ដទៃ​ទៀត​ក្រៅ​ពី​ការ​សាក​ល្បង គេ​ពិបាក​ជឿ​ណាស់​។ សម្តេច​ទាយ​ត្រូវ​ អ្នក​វិភាគ​ ដូច​ជា​ លោក​ ឡៅ​ ម៉ុង​ហៃ​ និង​ មាស​ នី​ នៅ​ក្នុង​វេទិកា​អាស៊ី​សេរី​ ពិត​ជា​យល់​ថា​ជាការ​​គំរាម​មែន​ ភស្តុតាង​មិន​បាច់​សម្លឹង​រក​ឆ្ងាយ​​ឡើយ​ ​សូម្បី​តែ​ក្នុង​សន្ទរកថា​ដដែល​នោះ​ លោកនាយករដ្ឋមន្ត្រី​​បាន​ពោល​គំរាម​បង្ក្រាប​បាតុកម្ម​បក្ស​ប្រឆាំងជា​ច្រើន​ដង​ទៅ​ហើយ​ ​ដូច​នៅ​ក្នុង​សន្ទរកថា​ដទៃ​ទៀត​កន្លង​មកដែរ​​​​, គឺ​សម្តី​របស់​លោកនាយករដ្ឋមន្ត្រី​ខ្លួន​ឯង​បញ្ជាក់​ថា​ ការ​ចល័ត​កង​កម្លាំង​​ចម្រុះ​នេះ​ជា​ប្រតិកម្ម​​តប​នឹង​ការ​គំរាម​ធ្វើ​បាតុកម្ម​​ពី​បក្ស​ប្រឆាំង​ ទោះ​បី​លោក​ព្យាយាម​យក​មក​មូល​ហេតុ​ភេរវកម្ម​មក​ដោះ​សា​ក៏​ដោយ​។ ម្យ៉ាងទៀត​​ កម្ពុជា​ពុំ​ដែល​មាន​ភេរវកម្មពី​ក្រុម​ឧទ្ទាម​​កើត​ឡើងឡើយ​​ ព្រោះ​គ្មាន​ទាំង​វត្តមាន​ក្រុម​ឧទ្ទាមផង​​ មានតែ​​ភេរវកម្ម​ពី​រដ្ឋ​អំណាច​ ឧ. ​ចលនារណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ឬ​ចលនា​​ក្បាល​ខ្លា​របស់​លោក​ សម​ សេរី​ នៅ​ឆ្នាំ​២០០៩ ត្រូវ​បានរដ្ឋាភិបាល​ទប់​ស្កាត់​បាន​ដោយ​ជោគ​ជ័យ​ គ្មាន​វត្តមាន​នៅ​កម្ពុជា​ទៀត​ទេ​។ ភេរវកម្ម​ពុំ​មែន​ចេះ​កើត​ឡើង​ឬ​វាយ​រដ្ឋាភិបាល​មិន​រើស​មុខ​ ដូច​ការ​អះ​អាង​របស់​លោក​នាយករដ្ឋមន្ត្រី​ឡើយ​ ភេរវកម្ម​ជា​ទូទៅ​កើត​ចេញ​ពី​​​បុព្វហេតុ​នយោបាយ​ មាន​គោល​ដៅ​ច្បាស់​លាស់​ វាយ​រដ្ឋាភិបាល​ណា​ដែល​ជា​គ្រឿង​គំរាម​កំហែង​ដល់​​ចលនា​របស់​ពួក​គេ ឧ. រដ្ឋាភិបាល​ប្រទេស​ណា​មួយ​ដែល​ជា​សម្ពន្ធមិត្ត​របស់​គូ​ប្រជែង​នឹង​​ភេរវជន,​ មិន​កើត​ឡើង​នៅ​កម្ពុជា​ព្រោះ​កម្ពុជា​ពុំគាំទ្រ​​រដ្ឋាភិបាល​ណា​មួយ​ដែល​កំពុង​វាយ​ប្រហារ​ចលនា​ភេរវកម្ម​។​  ដូច្នេះ​ លោកនាយករដ្ឋមន្ត្រី​​អះ​អាង​ថា ​សមយុទ្ធ​ដើម្បី​ត្រៀម​ទប់​ទល់​ភេរវកម្ម ​គឺមាន​ន័យ​ពិត​ប្រាកដ​ថា​សម​យុទ្ធ​ដើម្បី​ត្រៀម​បង្ក្រាប​បាតុកម្ម​ ទើប​ត្រូវ​ជាង​។ ​ទោះ​លោក​ ហ៊ុន​ សែន​ ពិតជា​​គ្មាន​បំណង​បំភ័យ​មែន​​ក៏​ដោយ​ ក៏​ពុំ​មែន​មាន​ន័យ​ថា​ គ្មាន​លទ្ធផល​ដែល​បង្ក​ជាបរិយាកាស​ភ័យ​ខ្លាច​ ចេញ​ពី​ការ​ចល័ត​កម្លាំង​នៅ​ក្នុង​ទី​ក្រុង​ដែល​តំបន់​ទី​​ប្រជុំ​ជន​នោះ​ដែរ​​។ មូល​ហេតុ​មួយ​ដែលរដ្ឋាភិបាល​​ត្រូវ​ធ្វើ​សម​យុទ្ធ​នៅ​កណ្តាល​ទី​ក្រុង​ ពី​ព្រោះ​គម្រោង​បាតុកម្ម​របស់​បក្ស​ប្រឆាំងក៏​​​ធ្វើ​នៅ​ទី​ក្រុងដែរ​ បញ្ជាក់​ថា​ជា​សម​យុទ្ធ​ត្រៀម​បង្ក្រាប​បាតុកម្ម​ ពី​ព្រោះតែ​​លទ្ធភាព​ទាប​ដែល​មាន​ភេរវកម្មកើត​ឡើង​ លទ្ធភាព​ខ្ពស់​ចំពោះ​​បាតុកម្ម​​។​

៥. កូដកម្ម​នយោបាយ​បង្ខាំង​ខ្លួន​ឯង​ក្នុង​ទី​ស្នាក់​ការ​បក្ស​មាន​ប្រសិទ្ធភាព​ឬ​ទេ​?

បរាជ័យ​ដំបូង​បំផុត​នៃ​កូដកម្ម​នយោបាយ​របស់​លោក​ កឹម​ សុខា​ គឺ​គ្មាន​នរណា​យល់​ថាជា​កូដកម្ម​នយោបាយ​ ​ឬ​ប្រើ​ពាក្យ​ កូដកម្ម​នយោបាយ​ ក្រៅ​ពី​សមាជិក​បក្ស​ប្រឆាំង​និងលោក​ ​កឹម​ សុខា​ ខ្លួន​​ឯង​នោះ​ឡើយ​ ពោល​គឺ​ គេ​សុទ្ធ​តែ​យល់​ថា​ ជា​ការ​សំងំ​បារម្ភ​​ពី​សុវត្ថិភាពផ្ទាល់​ខ្លួន​​តែ​ប៉ុណ្ណោះ បើសិន​​គេ​​មិន​អាច​ថា​លាក់​ខ្លួន​ ព្រោះ​បាន​ប្រកាស​ជា​សាធារ​ណៈ​ពី​ទី​តាំង​ស្នាក់​នៅ​ក្រោយ​មក​។ ការ​មិន​ហ៊ាន​ចេញ​ពី​ទី​ស្នាក់​ការ សំងំ​ដោយ​គ្មាន​កាលបរិច្ឆេទ​ច្បាស់​លាស់​ថា​នឹង​ធ្វើ​ដល់​ពេល​ណា​,​ បើ​ថា​លុះ​សម្រេច​គោល​បំណងទទួល​បាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់និង​លើក​លែង​ទោស​ ទើប​បញ្ឈប់​ នោះ​គឺ​មិន​ច្បាស់​លាស់ទេ​​ ព្រោះ​គេ​ពុំ​ដឹង​ថា ​ពេល​ណា​ទើប​សម្រេច​បំណងទាំង​នេះ​​ និង​មិន​ដឹង​ថា​ ​​កូដកម្ម​នយោបាយ​នេះមាន​ឥទ្ធិពល​លើ​លទ្ធផល​ដែល​អ្នក​ធ្វើ​កូដកម្ម​​ចង់​បាននោះ​ ឬ​ក៏​អត់​ផង​​​​​។​​

គេ​មិន​គួរ​ប្រញាប់​វាយ​តម្លៃ​ពីកម្រិត​ប្រសិទ្ធភាព​នៃ​​ការ​សំងំ​​របស់​លោក​ កឹម​ សុខា​ នោះ​ទេ​ ដរាប​ណា​​លោក​ពុំ​ទាន់​ប្រកាស​ឬ​បញ្ឈប់​សកម្មភាព​នេះ​, សូម្បី​តែ​​ពេល​ដែល​លោក​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក៏​ពុំ​ទាន់​ដល់​ពេល​វាយ​តម្លៃ​ដែរ​ ព្រោះ​លោក​វិល​វិញ ​បន្ត​ការ​ស្នាក់​នៅ​ក្នុង​ទី​ស្នាក់​ការ​បក្ស​​ដដែល​ លុះ​ដល់ពេល​មាន​ការ​លើក​ទោស​ពី​ព្រះ​មហាក្សត្រ​ ទើប​គេ​អាច​សន្មត​ជា​ស្ថាពរ​បាន​។ គោល​បំណង​នៃ​កូដកម្ម​របស់​លោ​ក​ កឹម​ សុខា​ បាន​សម្រេចខ្លះ​​ដែរ​​​ ប៉ុន្តែ​ថា​តើ​គេ​អាច​សន្និដ្ឋាន​ថា​ កូដកម្ម​របស់​លោក​មាន​ប្រសិទ្ធភាព​សម្រេច​បាន​ការ​លើក​លែង​ទោស​នេះ​ឬ​ទេ​? ចម្លើយ​គឺ​ គ្មាន​ឥទ្ធិពល​​ទៅ​លើ​​ការ​លើក​លែង​ទោស​ចេញ​ពី​កូដកម្ម​របស់​លោក​ កឹម​ សុខា​ នោះ​ទេ​ ពី​ព្រោះ​កូដកម្ម​របស់​លោក​មាន​ប្រសិទ្ធភាព​​តិច​តួច​ណាស់​ទៅ​លើ​ការ​សម្រេច​ចិត្ត​ស្នើ​សុំ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​របស់​លោក​នាយករដ្ឋមន្ត្រី​។

គេ​អាច​អះ​អាងថា​ មក​ពី​លោក​​ ហ៊ុន​ សែន​ ពុំ​អាច​ធ្វើ​អ្វី​​លោក​ កឹម​ សុខា​ បាន​ បាន​ត្រឹម​តែ​គំរាម​ចាប់​ខ្លួន​ តែ​មិន​ហ៊ាន​ចាប់​ នៅ​ពេល​ដែល​លោក​ កឹម​ សុខា​ នៅ​តែ​បន្តកូដកម្ម​នយោបាយ​ ដូច្នេះ​ក៏​ស្នើ​លើក​លែង​ទោស​ដើម្បី​ដោះ​ដូរ​នយោបាយ​ ត្បិត​ពេល​វេលា​មាន​អំណោយ​​​ខាង​លោក​ កឹម​ សុខា​ ច្រើន​ជាង​លោក​ ហ៊ុន​ សែន​ ដោយ​ហេតុ​ថា​ លោក​ ហ៊ុន​ សែន​ ត្រូវ​ការ​បំបែក​គណបក្ស​ប្រឆាំង​ឱ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ដែល​កំពុង​តែ​ខិត​ជិត​មក​ដល់​ រី​ឯ​ខាង​លោក​ កឹម​ សុខា​ និង​បក្ស​ប្រឆាំង​វិញ​ ត្រូវ​ការត្រឹម​​តែ​ទប់​ទល់​ឱ្យ​បាន​ដល់​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ​ រួច​រង់​ចាំ​ត្រង​យក​ប្រជាប្រិយ​ភាព​ចេញ​ពី​កំហឹង​របស់​ប្រជាជន​ទៅ​លើ​សកម្មភាព​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​បក្ស​កាន់​អំណាច​ បញ្ជាក់ដោយ​​សម្តីលោក​ កឹម​ សុខា​ ខ្លួន​ឯង​ កាល​ពី​ថ្ងៃ​ទី២៤ កុម្ភៈ​ ២០១៧​​៖ «បើគេកៀប គេកេង និងគេគំរាមយើងកាន់តែខ្លាំង បក្សប្រឆាំងកាន់តែកើនការគាំទ្រច្រើន។»

ទោះ​បី​ការ​ដើរ​តួ​ជា​ជន​រង​គ្រោះ​ ទទួលបាន​​សេចក្តី​សន្តោស​ប្រណី​ពី​មតិ​សាធារណជន​ក៏​ដោយ​ គេ​ក៏​គួរ​យល់​ថា​ ជន​រង​គ្រោះ​ពុំ​អាច​សង្គ្រោះ​ជន​រង​គ្រោះ​ផ្សេង​ទៀត​ទេ​ បាន​សេចក្តីថា​​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​តាំង​ខ្លួន​ជា​អ្នក​សង្គ្រោះ​ជាតិ​ នឹង​មិន​អាច​សង្គ្រោះ​ជាតិ​ពី​អ្នក​សាង​​គ្រោះ​ជាតិ​នោះ​ទេ ដរាប​ណា​មិន​អាច​បំប្លែង​ខ្លួន​ពី​​ជន​រង​គ្រោះ​​ទៅ​ជា​អ្នក​សង្គ្រោះ​​ ពោល​គឺ ​បក្ស​នេះ​ត្រូវ​តែ​មាន​​យុទ្ធសាស្ត្រ​ទប់​ទល់​និង​យក​ឈ្នះ​លើ​គូ​ប្រជែង​ លើស​ពី​ការ​បោះ​ឆ្នោត ពោល​គឺ​បើ​មិន​ឈ្នះឆ្នោត​ ត្រូវ​ធ្វើ​អ្វី​​​, បើ​ឈ្នះ​ឆ្នោត​ហើយ​ បក្ស​កាន់​អំណាច​មិន​ព្រម​ទទួល​យកលទ្ធផល​ ​មិន​ផ្ទេរ​អំណាច ធ្វើ​រដ្ឋប្រហារ​, តើ​មាន​ជំហាន​អ្វី​ខ្លះបង្ការ​​សេណារីយ៉ូ​នីមួយៗ​ ក្រៅ​ពី​អាង​អន្តរជាតិ​, ​​ បើ​ពុំមាន​ផែន​ការ​យុទ្ធសាស្ត្រ​រយៈ​វែង​​នោះ​ទេ​ កុំ​ថា​ឡើយ​សង្គ្រោះ​ជាតិ​ សង្គ្រោះ​តែ​បក្ស​ខ្លួន​ឯង​ មិន​ដឹង​ថា​បាន​ឬ​អត់​ផង​​!

កូដកម្ម​របស់​លោក​ កឹម​ សុខា​ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ចាត់​ទុកថា​គ្រាន់​តែ​ជា​​ការ​​ឃុំ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ មាន​ន័យ​ថា​ គ្មាន​នរណា​កំហិត​លោក​មិន​ឱ្យ​ចាក​ចេញ​ពី​ទី​ស្នាក់​ការ​បក្សឬ​ចាប់​លោក​​នោះ​ទេ គឺ​លោក​ដាក់​​ទណ្ឌកម្ម​ខ្លួន​ឯង​។ បើ​មើល​ឱ្យ​មែន​ទែន​ទៅ​ ការ​ដែល​លោក​ កឹម​ សុខា​ សំងំ​ក្នុងទី​​ស្នាក់​ការ​បក្ស​ ពុំ​បាន​សេចក្តី​ថា​ គ្មាន​អ្វី​ជំរុញ​ឱ្យ​លោក​ធ្វើ​បែប​នេះ​នោះ​ទេ​ គឺ​ថា​ មិន​មែន​សុខ​ៗ​លោក​ទៅ​ឃុំ​ខ្លួន​ឯង​អត់​អំពើ​នោះ​ឡើយ​។ លោក​ ហ៊ុន​ សែន​ ពោល​បែប​នេះ​ ដើម្បី​បញ្ឈឺ​លោក​ កឹម​ សុខា​ តែ​ប៉ុណ្ណោះ​ តាម​ពិត​ទៅ​ លោក​គឺ​ជា​ស្ថាបត្យករ​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​នេះ​ ដែលបាន​ត្រៀម​ទុក​តាំង​ពី​ឆ្នាំ​២០១៣​ មក​ម្ល៉េះ​។ លោក​នាយករដ្ឋមន្ត្រី​គំរាម​លោក​ កឹម​ សុខា​​ ជា​ញឹក​ញយ​, ប៉ុន្តែ​ដល់​ពេល​​ដែល​ កឹម​ សុខា​ សំងំ​ខ្លួន​ក្នុង​ទី​ស្នាក់​ការ​បក្ស​ដោយ​សារ​តែ​ការ​គំរាម​របស់​លោក​សោះ​ លោក​បែរ​ជា​បន្ទោសលោក​ កឹម​ សុខា​​ ថា​ឃុំ​ខ្លួន​ឯង​ទៅ​វិញ​, ចរិត​នយោបាយ​របស់​លោក​ ហ៊ុន​ សែន​ រក​រឿង​គេ គំរាម​គេ​ ធ្វើ​បាប​គេ​​ហើយ​ បន្ទោស​គេ​ទៀត​ ឧ. ធ្វើ​រដ្ឋ​ប្រហារ​គណបក្ស​ហ៊្វុនស៊ិនប៉ិចនៅ​ឆ្នាំ​១៩៩៧ ​ហើយ​ នៅ​បន្ទោស​គណបក្ស​នេះ​ទៀត​។

យ៉ាង​ណា​មិញ​ គេក៏​​មិន​អាច​អះ​អាង​ថា​ មក​ពី​កូដកម្ម​របស់​លោក​ កឹម​ សុខា​ ទើប​ធ្វើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​កែ​ប្រែ​មធ្យោបាយ​ក្តៅ​ ពី​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​ មក​មធ្យោបាយ​ត្រជាក់​នោះ​ដែរ​​​ ព្រោះ​លោក​ ហ៊ុន សែន​ នៅ​តែ​អាច​វិល​រក​មធ្យោបាយ​ក្តៅ​វិញ​គ្រប់​ពេល​វេលា​ ដោយ​មិន​ចាំ​បាច់​ខ្វល់​ថា​ លោក​ កឹម​ សុខា​ ធ្វើ​កូដកម្ម​ឬ​មិនធ្វើ​​។ តួ​យ៉ាង​ ​ក្រោយ​លើក​លែង​ទោស​លោក​ កឹម​ សុខា​ ជាបុគ្គល​, បក្ស​កាន់​អំណាច​ចាប់​ផ្តើមបែរ​ទៅ​រក​​មធ្យោបាយ​ក្តៅដដែល​ ពោល​គឺ​វិសោធនកម្ម​ច្បាប់គណបក្ស​​នយោបាយ​, អាច​ផាត់បក្ស​ប្រឆាំង​ចេញ​ពីការ​ប្រកួត​ប្រជែង​​​នយោបាយ​ទាំង​ស្រុង​​តែ​ម្តង, ត្រូវ​បាន​សមាជិក​សភា​បក្ស​កាន់​អំណាច​អនុម័ត​ក្រោយ​ការ​លើក​លែង​ទោស​លោក​ កឹម​ សុខា​ ទោះ​បី​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​និង​មាន​ការ​រិះ​គន់​ពី​សង្គម​ស៊ីវិល​និង​សហគមន៍​អន្តរជាតិខ្លាំង​​យ៉ាង​ណា​​។ ពិត​​មែន​តែរំលាយ​បក្ស​ប្រឆាំង​​​ជា​ជំហានដ៏​ប្រថុយ​ប្រថាន​របស់​​បក្ស​កាន់​អំណាច​ ត្បិត​បក្ស​នេះ​​ដឹង​ថា​ ខ្លួនក៏​នៅ​​ត្រូវ​ការ​ការ​ចូល​រួម​ពី​បក្ស​ប្រឆាំង​ដើម្បី​បង្គ្រប់​ភាព​ស្រប​ច្បាប់នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​ដែរ​ ​​ ប៉ុន្តែ​វា​ជម្រើស​ចុង​ក្រោយ​របស់គណ​បក្ស​ប្រជាជន​ ក្នុង​ករណី​ដែល​មិន​អាច​បង្វិល​លទ្ធផល​​ចាញ់​ឆ្នោតបាន​, សុខ​ចិត្ត​ឈ្នះ​ដោយ​គ្មាន​បក្ស​ប្រឆាំង​ ប្រសើរ​ជាង​ចាញ់​ រួច​​ត្រូវ​បង្ក្រាប​ការ​តវ៉ា​ទាម​ទារឱ្យ​​ចុះ​ចេញ​អំណាច, យ៉ាង​ម៉េច​ក៏ដោយ​ក៏​​នៅ​តែ​ប្រសើរ​ជាង​​ធ្វើ​រដ្ឋ​ប្រហារបក្ស​ឈ្នះ​ឆ្នោត​​​ម្តង​ទៀត​ដែរ​។​

ក្រោយការ​លើក​លែង​ទោស​ លោក​ ហ៊ុន​ សែន​ បាន​មួម៉ៅ​​នឹង​លោក​ កឹម​ សុខា​ ដែល​មិន​បាន​គោរព​តាម​ពាក្យ​សន្យា​ បញ្ជាក់​ថា​ មក​ពី​មាន​ការ​ដោះ​ដូរ​ដាក់​លក្ខខណ្ឌ​ ទើប​មាន​ការ​លើក​លែង​ទោស​ ដូច្នេះ​មិន​មែន​មក​ពី​កូដកម្ម​របស់​លោក​ កឹម​ សុខា​ នោះ​ទេ​។ ជា​រួម​ មិន​ខុស​ពី​ករណី​លោក​ សម​ រង្ស៊ី​ ដែល​បាន​ចូល​ស្រុក​និងទទួល​បាន​ការ​​លើក​លែង​ទោស​ដោយ​សារ​ការ​ដោះ​ដូរ​នយោបាយ​,​ ករណី​លោក​ កឹម​ សុខា​ ក៏​ដូច​គ្នា​ដែរ​ អ្វីៗ​នៅ​តែ​សម្រេច​លើ​លោក​ ហ៊ុន​ សែន, អ្នក​ចង​គឺ​ជា​អ្នក​ស្រាយ​​។

ជា​ការ​សន្និដាន​ទៅលើ​អត្ថបទ​ទាំង​មូល​ ទាំង​ព្រឹត្តិការណ៍​ សកម្មភាពនិងសម្តី​​របស់​ភាគី​នា​នា​ គួរ​តែ​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់ថា​ លោក​ កឹម​ សុខា​, សម​ រង្ស៊ី​, ព្រម​ទាំង​គណបក្ស​ទាំង​មូល​ នឹង​មាន​តែ​រង​ការ​គំរាម​កំហែង​និង​រុក​កួន​កាន់​តែ​ខ្លាំង​ ពុំ​មែន​ចំពោះ​តែ​​លោក​ កឹម​ សុខា​ ម្នាក់​ទេ​ ទោះ​បី​លោក​ជា​មុខ​សញ្ញា​រង​គ្រោះ​ខ្លាំង​ក៏​​ដោយ​។ ក្នុង​ឆាក​នយោបាយកម្ពុជា​ គូ​ប្រជែង​របស់​គណបក្សប្រជាជន​ ​ជា​រួម​ ឬ​របស់​លោក​ ហ៊ុន​ សែន​ ​ពោលដោយ​​ឡែក​ នឹង​មិន​ងាយអាច​​ចៀស​រួច​ពី​​ស្ថាន​ភាព​រង​គ្រោះ​ឡើយ,​ ប្រឈម​ឬ​រត់​គេច​ គឺ​ជម្រើស​របស់​បុគ្គល​ ប៉ុន្តែ​វា​មាន​ផល​ប៉ះ​ពាល់​​ទៅ​លើ​គណបក្ស​ដែល​ប្រកួត​ប្រជែងគ្នា​ទាំង​សង​ខាង​​និង​ទៅ​លើ​ស្ថានភាព​នយោបាយ​ជា​ទូទៅ​។ ប្រតិកម្ម​ពី​គណបក្ស​កាន់​អំណាច​គឺ​ជា​ម៉ែត្រ​វាស់​ដ៏​ត្រឹម​ត្រូវ​, កំណត់​ឱ្យ​ជាក់​អំពី​មុខ​សញ្ញា​ដែល​បក្ស​នេះ​ដៅ​ មាន​សារៈសំខាន់​ក្នុង​ការ​បង្កើត​យុទ្ធសាស្ត្រ​​នយោបាយ​ទប់​ទល់​និង​យក​ឈ្នះ​។ ជា​បន្លា​ក្នុង​កែវ​ភ្នែក​បុរស​ខ្លាំង​ពិការ​ភ្នែក​ម្ខាង​ ជា​ដំណឹង​អាក្រក់​ ព្រោះ​ប្រឈម​នឹង​ការ​ត្រូវ​គេចាប់​​ដក​ចេញ​ ហើយក៏​​ជា​ដំណឹង​ល្អ​ដែរ​ ព្រោះ​មក​ពី​មាន​​សក្តានុពល​អាច​បង្ក​ការ​ឈឺ​ចាប់​ផ្នែក​នយោបាយ​ដល់​គេ​ហ្នឹង​​ហើយ​ ទើប​ត្រូវ​គេ​កំណត់​ជា​មុខ​សញ្ញា​, គ្មាន​អ្វី​គួរ​ឱ្យ​ខ្មាស​អៀន​ឬ​ភ័យ​ខ្លាច​ដោយ​គ្រាន់​តែ​ទទួល​ស្គាល់​ការ​ពិត​មួយនេះ​​នោះ​ទេ​៕  

ដោយ​ ទេព​ រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ