​បទ​យកការណ៍​៖ ពលរដ្ឋ​មិន​ទាន់​អស់​អាល័យ​ចំពោះ​ការបាត់បង់​លោក កែម ឡី​

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

សពអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ដ៏ល្បីឈ្មោះ ដែលពលរដ្ឋហៅថា ជាសំដីមាសនោះ បានដង្ហែរចេញពីរាជធានីភ្នំពេញហើយ នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីតម្កល់ទុកនៅវត្តចាស់អស់រយៈពេល១៥ថ្ងៃរួចមក។

លោក កែម ឡី ជាអ្នកស្រាវជ្រាវផង ជាអ្នកវិភាគផង ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់នៅក្នុងហាងទំនិញមួយកន្លែង ស្ថិតក្បែរស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ការបាញ់សម្លាប់នេះ ធ្វើឲ្យពលរដ្ឋរាប់លាននាក់បង្ហាញការសោកស្តាយ ខណៈពលរដ្ឋប្រមាណ២លាន បានចូលរួមដង្ហែសពលោកពីវត្តចាស់ត្រើយម្ខាងនៃស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ ដោយទឹកមុខសោកសង្រែង និងក្តុកក្តួលក្នុងចិត្ត។ សពអ្នកវិភាគបញ្ហាសង្គមលោក កែម ឡី ត្រូវបានដង្ហែរយកទៅបញ្ចុះនៅស្រុកកំណើត ស្ថិតនៅភូមិអង្គតាកុក ស្រុកត្រាំកក់ ខេត្តតាកែវ។

អាជីវករវ័យជាង៥០ឆ្នាំ បានសម្រក់ទឹកភ្នែកហូរកាត់ថ្ពាលទាំងគូ។ អ្នកស្រី ចាន់ បុប្ផា បានរៀបរាប់ទាំងអួលដើមកថា អ្នកស្រីនៅតែសោកស្តាយលោក កែម ឡី ដោយថាលោកជាវីរៈជនស្នេហាជាតិ និងហ៊ាននិយាយរឿងពិតនៅក្នុងសង្គមខ្មែរ។

លោក កែម ឡី មានអាយុ៤៦ឆ្នាំ បានដាក់គោលដៅធ្វើយុទ្ធនាការ១០០រាត្រី ដោយចុះស្នាក់នៅតាមភូមិដាច់ស្រយាល ដោយថា លោកដើម្បីស្តាប់ពីកង្វល់របស់ពលរដ្ឋខ្មែរទាក់ទងនឹងបញ្ហាព្រំដែន បញ្ហាដីធ្លី និងបញ្ហាចំណាកស្រុកជាដើម។

វ័យជាង៣០ឆ្នាំ ឈរក្បែរចិញ្ចៀមផ្លូវ លោក យាម ស៊ុនវាសនា បានរៀបរាប់ថា លោកនៅតែសោកស្តាយលោក កែម ឡី ដោយថាលោកជាវីរៈជនស្នេហាជាតិ និងហ៊ាននិយាយរឿងពិតនៅក្នុងសង្គមខ្មែរ។

អ្នកស្រី ឃុត ផារី អះអាងថា មានជំងឺប្រចាំកាយផងនោះ បានមកឈរក្បែរចិញ្ចើញផ្លូវម្តុំវត្តទឹកថ្លា ចូលរួមមើលក្បួនហែសព លោក កែម ឡី។ អ្នកស្រី និយាយថា គាត់សុខចិត្តលះបង់ពេលវារបស់ខ្លួនចូលរួមរំលែកទុក្ខលោក កែម ឡី ដោយអ្នកស្រីថា លោក កែម ឡី ជាវីរៈជនខ្មែរជួយប្រទេសជាតិច្រើន។

លោក កែម ឡី មានសញ្ញាបត្របណ្ឌិតផ្នែកស្រាវជ្រាវពីសាកលវិទ្យាល័យមួយនៅប្រទេសម៉ាឡេស៊ី។ មុនពេលឃាតករបាញ់សម្លាប់ លោក ធ្វើការជាអ្នកស្រាវឯករាជ្យ និងជាអ្នកវិភាគ បន្ទាប់ពីលោកបោះបង់ការងារជាវិជ្ជបណ្ឌិតមួយ។

ឈរក្បែរចិញ្ចើមផ្លូវត្រៀមជូនដំណើរសពលោក កែម ឡី ទៅខេត្តតាកែវ យុវជន ស្វាយ សុង បានរៀបរាប់ថា នៅថ្ងៃអាទិត្យនេះ លោកបានសុំច្បាប់សម្រាកពីការងារនៅកន្លែងឯកជនមួយថ្ងៃ ដើម្បីចូលរួមដង្ហែរសពលោក កែម ឡី ដោយលោកថា លោក កែម ឡី ជាធនធានមនុស្សកម្ររកបាននៅក្នុងប្រទេសកម្ពុជា។

ប្រជាពលរដ្ឋដែលឈរនៅអមក្បួនដង្ហែសពលោក កែម ឡី តាមដងផ្លូវចាប់ពីវត្តចាស់ ត្រើយខាងកើតស្ពានជ្រោយចង្វារ រហូតដល់ផ្លូវបំបែកចោមចៅ រាជធានីភ្នំពេញ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានវីអូឌី(VOD)ប្រហាក់ប្រហែលគ្នាថា បើទោះជាលោក កែម ឡី ស្លាប់មែន ប៉ុន្តែពួកគេថា ភក្តីភាពស្នេហាជាតិរបស់គាត់នៅតែស្ថិតនៅក្នុងចិត្តរបស់កូនខ្មែរគ្រប់ជំនាន់។

អ្នកនាង ស វ៉ាន់នី ដែលចូលរួមហែសព លោក កែម ឡី បានអំពាវនាវឲ្យអន្តរជាតិចុះស៊ើបអង្កេតលើករណីឃាតកម្មលោក កែម ឡី ដើម្បីស្វែងរកឃាតករពិតនិងអ្នកពីក្រោយខ្នង ផ្តល់យុត្តិធម៌ឲ្យអ្នកវិភាគសង្គមរូបនោះ និងក្រុមគ្រួសារ។

លោក កែម ឡី ត្រូវបានប្រជាពលរដ្ឋខ្មែរប្រហែល២លាននាក់ចូលរួមដង្ហែសពលោក។ អ្នកចូលរួម បានសរសើមិនដាច់ពីមាត់ថា លោក ជាវីរៈជនអ្នកសេ្នហាជាតិរបស់ខ្មែរ។

មជ្ឈដ្ឋានមួយចំនួន បានដាក់ការសង្ស័យថា យុត្តិធម៌ពិតសម្រាប់លោក កែម ឡី រឹតតែពិបាក ជាងជនរងគ្រោះមុនៗ ទៅទៀត។

ការពិបាកសង្ឃឹមថា បានយុត្តិធម៌ ដោយសាតែអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនោះ មុនគេបានបាញ់សម្លាប់ បានរិះគន់រដ្ឋាភិបាលឥតសម្ចៃ ទាំងពីរបៀបដឹកនាំ បែបគ្រួសារនិយម ទាំងយុទ្ធសាស្ត្របែបពង្រឹងអំណាច។

មុនឃាតករបាញ់សម្លាប់ លោកបានចុះធ្វើយុទ្ធនាការ១០០ថ្ងៃ ដោយដេកតាមផ្ទះពលរដ្ឋ សិក្សាពីបូរភាពទឹកដី និងប្រជុំកោះនានាទុកជាឯកសាសម្រាប់យុវជនជំនាន់ក្រោយ ។

បន្ថែមពីនេះទៀត លោកបានបកស្រាយពន្យល់ លើរបាយការណ៍ស៊ើបអង្កេត របស់អង្គការGlobal Witness ដែលដាក់ចំណងជើងថា «អាណាចក្រជំនួញ ត្រកូលហ៊ុន»។ របាយការណ៍នេះជាញឹកញាប់ រដ្ឋាភិបាលតែងតែទាត់ចោល ដូចរបាយការណ៍ស៊ើបអង្កេតមុនៗ ដែលដាក់ចំណងជើងថា«សែស្រឡាយអ្នកលួចជាតិ»និង«កម្ពុជា ជាប្រទេសសម្រាប់លក់»ជាដើម។

ថ្វីត្បិតតែរដ្ឋាភិបាលបានចេញសារចូលរួមរំលែកទុក ដល់ការស្លាប់របស់លោក កែម ឡី មែន តែអ្វីដែលគួរឲ្យកត់សំគល់នោះ អាជ្ញាធររាជធានី បានបញ្ជាឲ្យអ្នកលក់ដូរប្រេងសាំងផ្អាកលក់ ខណៈមានការហែក្បួនសព លោក កែម ឡី។

បុគ្គលិកនៅស្ថានីយសាំងមួយកន្លែងម្តុំរង្វង់មូលចោមចៅ លោក យ៉ង់ សុជា បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរបានប្រាប់ឲ្យថៅកែលោកបិទអាជីវកម្មមួយរយៈរហូតចប់ហែសពលោក កែម ឡី ទើបឲ្យបើកវិញ។ លោកថា អាជ្ញាប្រាប់ថាខ្លាចមានរឿងអ្វីមួយកើតឡើង ពេលហែសព លោក កែម ឡី។

ពលរដ្ឋអ្នកដំណើរមួយចំនួនរួមជាមួយអ្នកចូលរួមដង្ហែសពលោក កែម ឡី សម្តែងការមិនពេញចិត្ត ចំណាត់ការរបស់អាជ្ញាធរ។

និយាយទាំងភ្នែករលីងរលោង ឈរក្បែរការ៉ាស់សាំងមួយកន្លែង ម្តុំចោមចៅ កញ្ញា បាន នីតា បង្ហាញការងឿងឆ្ងល់ចំពោះចំណាត់ការរបស់អាជ្ញាធរដែលមិនឲ្យអាជីវករបើកលក់ប្រេងសាំងនេះ។ ប៉ុន្តែកញ្ញាយល់ថា ចំណាត់ការរបស់អាជ្ញាធរបង្ហាញពីការមិនពេញចិត្តចំពោះប្រជាពលរដ្ឋដែលចូលរួមដង្ហែសពលោក កែម ឡី។

ទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ឋមួយចំនួនបានអំពាវនាវឲ្យអ្នកនយោបាយខ្មែរឈប់យកខ្មែរគ្នាឯង ធ្វើជាសត្រូវ និងអំពាវនាវឲ្យអ្នកចេះដឹងមួយចំនួនទៀតត្រូវហ៊ាននិយាយការពិត ដើម្បីការពារប្រយោជន៍ជាតិ ជាជាងបំភ្លៃស្ថានការណ៍ទាញយកប្រយោជន៍បុគ្គលមួយក្រុមតូច ធ្វើឲ្យប្រទេសជាតិលិចលង់នៅថ្ងៃអានាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ