រដ្ឋាភិបាលអះអាងជាថ្មីថា បានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោក សុខ គង់ ផ្លាស់ប្តូរឈ្មោះសាខាក្រុមហ៊ុន សុខា អូតែល តែមិនមែនអនុញ្ញាតឲ្យប្តូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្ត្រនោះទេ។
រមណីយដ្ឋានឋានសួគ៌បូកគោ ត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា «សុខា ឋានសួគ៌» ពីសំណាក់ក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ កាលពីពេលថ្មីៗនេះ ដែលបង្កឲ្យមានប្រតិកម្មពីមហាជនអំពីការផ្លាស់ប្ដូរឈ្មោះតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ។
បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋបាលខេត្តកំពត អះអាងថា មិនបានដឹងអំពីការផ្លាស់ប្ដូរឈ្មោះនេះក៏ដោយ ប៉ុន្តែ លិខិតមួយច្បាប់របស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី០១ ខែកញ្ញា បានបង្ហាញថា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បានសម្រេចអនុញ្ញាតឲ្យដូរឈ្មោះរមណីយដ្ឋាននេះ ទៅតាមការស្នើសុំរបស់លោក សុខ គង់។
ក្រោយពីរកឃើញថា ក្រសួងពាណិជ្ជកម្មបានអនុញ្ញាតឲ្យដូរឈ្មោះរមណីយដ្ឋានបូកគោហើយនោះ ក្រសួងនេះ បានចេញបំភ្លឺឡើងវិញអំពីសេចក្ដីសម្រេចរបស់ខ្លួន។
ក្នុងលិខិតបំភ្លឺមួយទៀតចេញនៅថ្ងៃទី២៤ ខែកញ្ញានេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងបានអនុញ្ញាតឲ្យក្រុមហ៊ុន ប្តូរឈ្មោះសាខាក្រុមហ៊ុន សុខា អូតែល «ឋានសួគ៌បូកគោ» ទៅជាឈ្មោះ «សុខាឋានសួគ៌» តែក្រសួងថា មិនមានសិទ្ធិអនុញ្ញាតឲ្យក្រុមហ៊ុនផ្លាស់ប្តូរឈ្មោះរមណីយដ្ឋានឋានសួគ៌បូកគោទេ។
ក្នុងសេចក្ដីជូនដំណឹងដដែលបន្តថា ក្រសួងបញ្ជាក់បន្ថែមថា ក្នុងលិខិតមួយចុះថ្ងៃទី០១ ខែកញ្ញា គឺក្រសួងអនុញ្ញាតឲ្យក្រុមហ៊ុនប្តូរឈ្មោះសាខារបស់ខ្លួននោះ ក្នុងគោលបំណងបញ្ជាក់ថា ក្រុមហ៊ុន សុខា អូតែល មានសាខាធ្វើអាជីវកម្មនៅតាមខេត្ត ហើយចំពោះការលើកស្លាក គឺត្រូវលើកនៅលើអគារទីស្នាក់ការសាខាក្រុមហ៊ុនប៉ុណ្ណោះ ដើម្បីងាយស្រួលដល់សមត្ថកិច្ចបំពេញបែបបទពន្ធដារ និងនីតិវិធីនានា។
រមណីយដ្ឋានឋានសួគ៌បូកគោ ត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា «សុខា ឋានសួគ៌» ពីសំណាក់ក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ កាលពីពេលថ្មីៗនេះ ដែលបង្កឲ្យមានប្រតិកម្មពីមហាជនអំពីការផ្លាស់ប្ដូរឈ្មោះតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ។
បន្ទាប់ពីផ្ទុះការរិះគន់ពីមហាជន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញថា លោកមិនបានដឹងអំពីការផ្លាស់ប្ដូរឈ្មោះរមណីយដ្ឋាននោះទេ ទៀតសោត អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ក៏មិនបានដឹង និងមិនបានអនុញ្ញាតដែរ។
លោក ហ៊ុន សែន ក៏បានបញ្ជាភ្លាមៗ ទៅអភិបាលខេត្តកំពតលោក ចាន់ ចេស្ដា ឲ្យរុះរើស្លាកឈ្មោះថ្មីនោះ ដោយលោកចាត់ទុកជា «ផ្លាកសញ្ញាអត់ច្បាប់»។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពតកាលពីម្សិលមិញបានឲ្យដឹងថា ស្លាកឈ្មោះនោះ ត្រូវបានរុះរើ និងកែប្រែមកឈ្មោះដើមវិញ បន្ទាប់ពីមានការអន្តរាគមន៍ផ្ទាល់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕