​ព្រំ រដ្ឋា សម្រេច​ចិត្ត​​​​​ឈប់ប្ដឹង ពេជ្រ អាវីហ្សា

​ព្រំ រដ្ឋា(​ឆ្វេង​)​ និង ពេជ្រ អាវីហ្សា ​​(រូបថត៖ វង្ស សុម៉ាលីន​)

​បន្ទាប់ពីមាន​ដំណឹងថា​ ពេជ្រ អាវីហ្សា សុខចិត្ត​ចូលគុក​ដោយសារតែ​​​​ភាគី​ខាង​​​​​ជន​រង​គ្រោះ​​​ក្នុងហេតុការ​ប៉ះ​​​គ្នា​រវាង​ម៉ូតូ និង​​រថយន្ត​របស់​​នា​ង​​​កាលពីយប់ថ្ងៃ​ទី​​២៣ មីនា មិន​ព្រមទម្លាក់តម្លៃ​​សំណង ​បានធ្វើអោយមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​​ដោយសារតែ​​​​​ពេជ្រ អាវីហ្សា គឺជាតារា​ល្បី​ហើយ​មិនគួរធ្លាក់ដល់​សភាព​​​​​មិន​មាន​ថវិកា​​បង់សំណង​ក្រោយពេល​កើត​ហេតុ។ ​​​យ៉ាង​ណាក៏ដោយលទ្ធផល​ចុង​ក្រោយ បាន​​​​ទម្លាយ​ហើយ​ថា​​​ភាគី​​​​​​​​​​ជន​រង​គ្រោះ​យល់​ព្រម​​ទទួល​​យក​​​សំណើ​​របស់​​​​នាង និង​​បាន​​​​​ប្រកាស​​​​ស្នើ​​បទ​ចោលប្រកាន់​​ចំពោះ​​​​ករណី​នោះ​ផង ​​​​ដើម្បី​បញ្ចប់​រឿង​​ក្រៅប្រព័ន្ធ​តុលាការ​។

​​អ្នកនាង​ព្រំ រដ្ឋា ជា​​​អតីត​ពិធីការិនី និង​ជា​​តំណាង​​​​​​​ជន​រង​គ្រោះ បានអះអាងថា​​ដោយសារតែ​​ជន​រង​គ្រោះ​ទាំង​​២​ម្នាក់​​ជា​​​​​​​​​​អ្នក​កាន់កាមេរ៉ា ​និងម្នាក់​​ជា​អ្នក​បច្ចេកទេស​ប្រចាំ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​នាង ​ហើយត្រូវ​​ឪពុកម្ដាយ​​របស់​​​បុគ្គលិកទាំង​ពីរ​​​​​​​​ប្រគល់សិទ្ធិ​អោយចេញមុខ​ដោះស្រាយ​ផង ទើប​អ្នកនាង​​​​​​​ក្លាយជា​អ្នក​ចចារ។

​អ្នកនាង​ថា​​​​​ក្នុង​ពេល​​ចចារ​ដំបូង​ៗ ​​​ឪពុកម្ដាយរបស់គ្រួសារ​រង​គ្រោះ​​មិន​ព្រម​បញ្ចុះនៅ​ក្រោម​​​៨០០០​ដុល្លារ​នោះទេ ​ប៉ុន្តែ​ដោយសារតែ​អ្នកនាង​ចង់អោយឆាប់ត្រូវ​គ្នា​​​​ ​​​ហើយមិនចង់អោយ​​​ករណី​របស់​ពេជ្រ អាវីហ្សា​ ធ្លាក់​ដល់​ដៃ​តុលាការ ទើប​​​​​​​​​​​​សុំ​អាកាត់​ត្រឹម​​​៦៥០០​ដុល្លារ។ នៅ​រសៀល​ថ្ងៃ​ទី​​២៤ មីនា ​​​​អ្នកនាង​បាន​​​បន្តអាកាត់មួយ​តង់​ចុង​ក្រោយ ដោយសុខ​ចិត្ត​ទម្លាក់​នៅ​ត្រឹម​​​៦០០០​ដុល្លារ និង​យល់​ព្រម​អោយ​ពេជ្រ អាវីហ្សា ​​បង់​​ជា​២​ដំណាក់​កាល គឺ​​បង់​ពាក់​កណ្ដាលជា​​មុន និង​ទុក​អោយ​នាង​រក​​​ពាក់​កណ្ដាលទៀត​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់​បង់​​​បញ្ចប់​នៅ​​​​​ប៉ុន្មានថ្ងៃក្រោយ។

​អ្នកនាង​ថា​ខ្លួនស្ថិត​នៅ​ចំណុច​កណ្ដាល​យ៉ាង​ពិបាក​ដោយ​​​​អាកាត់​​​អោយ​នៅត្រឹម​​​៦ពាន់​ដុល្លារ​ក៏​ខុស​​​ខាង​​​​​​​គ្រួសារ​ជន​​រង​គ្រោះ ​​​ហើយ​នៅ​ពេល​មិន​អាច​បញ្ចុះ​​អោយ​ទាប​ជាង​នេះ​បន្ថែម​ទៀត​​តាមការ​​ទាមទារ​របស់​​​​ពេជ្រ អាវីហ្សា ក៏ត្រូវគេ​ចោទ​ថា​​ម្ដេច​ក៏​ដាច់​​​ចិត្ត​ធ្វើ​បាប​គ្នា​ឯង​ម្ល៉េះ​ឯណោះទៀត​។ ​អ្នកនាង​​ថា​អ្នកនាង​គ្រាន់តែ​​​ចេញ​មុខ​​​​សម្រុះសម្រួល​ក្នុង​នាមជា​​គ្រួសាររបស់​​ជន​រង​គ្រោះ​ប៉ុណ្ណោះ ប៉ុន្តែ​​ការ​កំណត់​រឿង​សំណង​​មិនមែនអ្នកនាង​​​​​អ្នកសម្រេច​នោះទេ ​​​​​តែ​អ្នកនាង​ជា​អ្នក​​​​​​​​​បន្ទាប​​​ដោយចិត្ត​ឯង​​ម្ដង​​ហើយម្ដងទៀត ​​​ដើម្បី​​​កុំអោយ​​ករណី​​របស់អាវីហ្សា ត្រូវ​​​គ្រួសារ​ជន​រង​គ្រោះ​​​​​​រុញអោយ​បញ្ជូន​ទៅ​តុលាការ​។

​អ្នកនាង​​និយាយថា​«​​​​ខាង​​​​អ្នកគាំទ្រ​អាវីហ្សា ថា​មិច​ខ្ញុំ​ទា​ថ្លៃ​ម្ល៉េះ ហើយខាង​ឪពុកម្ដាយ​គ្រួសារ​ជន​រង​គ្រោះ​ថា​ខ្ញុំ​មិន​​ក៏​​សម្រេច​​យកតិច​ម៉េះ ដល់​ចឹង​ខ្ញុំ​អត់​ដឹង​ធ្វើមិច​ទេ ងាកទៅណា​ក៏ខុស​ដែរ តែ​ខ្ញុំ​​ខំ​ធ្វើអស់​ពីលទ្ធភាព​​​ហើយ​ដើម្បី​​​អោយភាគីទាំង​ពីរ​ត្រូវ​គ្នា!»។

​អ្នកនាង​​​​​​​​ឪពុករបស់​ជន​រងគ្រោះ​ម្នាក់​​​ដាច់​ខាត​អត់​​ព្រម​ទទួល​យក​​​​​​​៦០០០​ដុល្លារ​ដែលអ្នកនាង​សម្រេច​តែ​ម្ដង ​ដោយ​អ្នកនាង​​ មិន​ហ៊ាន​​អោយ​​លោក​ប៉ះ​​​​​សម្ដីគ្នាជាមួយ​ពេជ្រ អាវីហ្សា​នោះ​ផង ​​​​ដើម្បី​កុំអោយមាន​រឿង​។ ​​​អ៊ីចឹ​ហើយ ទើបអ្នកនាង​សម្រេច​មិនអោយ​​​​​​​ឪពុក​របស់ជន​រង​គ្រោះ​ម្នាក់​​នោះ​ ចេញមុខ​ដោះស្រាយទេ ​​​ដោយ​​អ្នកនាង​យល់​ថា​​​បើ​ចេញ​មុខ​មែន គឺ​ពិតជា​​​អត់ត្រូវ​គ្នា​រឿង​សំណង​ប៉ុណ្ណឹង។

អ្នកនាង​​​ថា​​ពេជ្រ អាវីហ្សា គឺ​ជាតារា​​សិល្បៈ  ​ហើយ​​​​ជនរង​គ្រោះ​គឺ​ជា​បុគ្គលិកច្រើន​ឆ្នាំរបស់ខ្លួន ​​​​​​​ដូច្នេះ​​អ្នកនាង​ត្រូវតែ​ស្វែង​រកដំណោះស្រាយ​ផ្លូវកណ្ដាល​មួយ  ដើម្បី​អោយភាគីទាំង​ពីរ​បានត្រូវគ្នា។ ​អ្នកនាង​បាន​ទាំង​ព្រមព្រៀង​អោយ​​កញ្ញា​ពេជ្រ អាវីហ្សា ​បង់ត្រឹម​​​ពាក់​កណ្ដាល​មុន ​ដោយសុខ​ចិត្ត​ប្រើ​លុយ​ខ្លួនឯង​​ដោះស្រាយ​ជួយ​ជនរង​គ្រោះ​សិន ​​​ទម្រាំ​ពេជ្រ អាវីហ្សា ​បង្វិល​លុយ​​​​​នបង្គ្រប់​។ ​​​​​អ្នកនាង​សប្បាយចិត្ត​ ដែល​ភាគី​​ខាង​ពេជ្រ អាវីហ្សា យល់​ព្រម​បង់​សំណង​​​៦០០០ដុល្លារ ​​​​​​​ក្នុង​ពេលដែលភាគី​ខាង​គ្រួសារ​ជន​រងគ្រោះ ​​បើទោះជាមិន​សប្បាយចិត្ត តែ​បាន​​​យល់​ព្រមដូច​គ្នា​។ ​​​​

អ្នកនាង​បាន​​​ស្នើអោយ​មន្ត្រី​​​​​​​​​​ការិយាល័យចរា​ចរជើង​គោក ទម្លាក់​ចោល​បណ្ដឹង​​លើ​​ករណីរបស់អាវីហ្សា បន្ទាប់ពីកិច្ច​សម្រុះសម្រួល​ត្រូវ​បាន​ព្រម​ព្រៀង​កាលពី​រសៀលថ្ងៃ​ទី​​២៤ មីនា។ អ្នកនាង​និយាយថា​«​ក្រោយពេល​​​យើង​ស្រុះ​ស្រួល​គ្នា ខ្ញុំ​តំណាង​អោយជន​រង​គ្រោះ យើង​​​សុំកុំអោយ​​​​​​​​​​​មន្ត្រី​​ប៉ូលីស​បញ្ជូន​សំណុំរឿង​ហ្នឹង​ទៅ​តុលាការ ព្រោះធ្វើ​មិច​វា​ជា​រឿង​អចេតនា ហើយ​អាវីហ្សា​ ក៏​បានទទួលខុស​ត្រូវ​ដែរ​​!»។

​​យ៉ាងណាមិញ ​អ្នកនាង​​​ថា​ករណី​​បើករថយន្ត​ដោយមាន​​ជាតិស្រវឹង របស់នាង​គឺ​​​​ខាង​​​​ថ្នាក់លើ​​នឹង​ដោះស្រាយ​​​ផ្សេង ​ប៉ុន្តែ​សម្រាប់ខាង​ជន​រង​គ្រោះ នឹង​មិនមានបណ្ដឹង​​ណាមួយ​​ពាក់ព័ន្ធ​នឹង​រឿង​នេះឡើយ។ ​

កញ្ញា​ពេជ្រ អាវីហ្សា ​និយាយថា បើ​គ្មានការ​យោគយល់​អោយ​បង់​ត្រឹម​​ពាក់​កណ្ដាល​ជា​មុន កញ្ញា​ពិត​ជា​លំបាក​​ដោយសារតែ​ភាព​ជាក់ស្ដែង​​កញ្ញា​មាន​តែ​​​​​​​​រង្វង់​​២​ពាន់​ដុល្លារ​ប៉ុណ្ណោះក្នុងដៃ ​មុន​ពេល​​​​​​​​​​​​​​​​​​​​ស្វែង​រកដំណោះស្រាយ​​។ កញ្ញា​ថា​មិត្តភ័ក្ត្រ ​និង​បង​ប្អូន​បានរួម​គ្នា​​អោយខ្លះ និង​អោយខ្ចី​ខ្លះ ទើប​អាច​ដោះស្រាយ​​បាន​​​ចំនួន​៦​ពាន់​ដុល្លារ ​ដោយថវិកាទាំង​នោះ​​នឹង​​អាច​ប្រមូល​បាន​គ្រប់​នៅ​​សប្ដាហ៍​ក្រោយ។ កញ្ញា​ថា​​​រំភើប​ចិត្ត​ដែលតារា​សិល្បៈច្រើនរូប មានបំណង​ចង់​​​​​​​​​រ៉ៃ​ថវិកា​គ្នា​​បំពេញ​កង្វះខាត​របស់​នាង នៅ​ពេល​​​​នាង​និយាយថា​​មិនមានលទ្ធភាព​​អាច​បង់​​បាន​​​​គ្រប់​នឹង​សំណង​ដែល​បាន​កំណត់ទា។  ​​​យ៉ាងណាមិញ នាង​ថា​​​​​ខ្លួនស្ថិត​ក្នុងការ​​ឃាត់ខ្លួននៅ​​ការិយាល័យ​ចរាចរណ៍ជើង​​គោក​នៅ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ​​នៅឡើយ​ប៉ុណ្ណោះ ដោយនាង​ប្រាប់ថា​ប្រហែលទាល់តែ​​​បាន​ប្រគល់​លុយ​អស់​ទើប​​​មាន​ការ​អនុញ្ញាតិ​អោយចេញ៕​​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ