សំណាង​​ ​យុគ យក្សផ្លែ មិនទាន់ប្រកួត​ផងគេអោយឡើង​ជុំ​​៨នាក់​​​

ចាត់ទុកថាជារឿងកម្រដែល​កីឡាករ​​​​​មួយរូប​​​​​​នៅក្នុងព្រឹត្តិការណ៍​ជ្រើសរើសជើងឯក ​នៅប៉ុស្ដិ៍​លេខ​​៥ ​ត្រូវបានគណកម្មការ​​​ប្រកាសថា​​​​​​​​​កំណត់អោយឡើង​​ដោយស្វ័យប្រវត្តិ ​​​​​​​បើទោះជាការប្រកួតរបស់គេ​​​អាចនឹង ភ្លាត់ចាញ់​​​ក្រោម​ដៃកីឡាករម្ខាងទៀតដែលកំណត់អោយធ្លាក់នោះឬ​​យ៉ាងណា។ ការប្រកួត ដែលបានធ្វើឡើង​​នៅក្នុងថ្ងៃ២៤  មីនា នោះត្រូវគេ​​​អះអាងថាគ្រាន់តែជាការប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ​​​​​​ដែលអាចនិយាយបានថា​គឺទោះជាអ្នកណា​មានប្រៀបល្អជាង ក៏​យុគ យក្ស​ផ្លែ​នៅតែបាន​ឡើងទៅវគ្គ​​​​៨នាក់ ដោយ​ជៀសមិនផុត។

លោក​ សេង កដិកា អ្នករៀបចំការប្រកួតបានអះអាងថា យោងតាម​លក្ខណ្ឌ​ប្រសិន​បើកីឡាករ​ដែលបាន​​​ប្រកួត​ឈ្នះ​​​ណាម្នាក់ មិនអាច​រក្សាទម្ងន់ខ្លួនអោយនៅ​៥៧គីឡូក្រាម តាមអ្វីដែលកម្មវិធីបានកំណត់ទុកទេ គឺដាច់ខាតត្រូវតែអោយធ្លាក់ដោយស្វ័យប្រវត្តិ​​ ​​​​​​​​​​​​​​​​តែបើ​​​លើសត្រឹម​​​មួយគីឡូ ឬពីរគីឡូគឺមិនអីនោះទេ។

យ៉ាងណាមិញ ​លោកថា​ប្រសិនបើ​​​​​​​​​​កំណត់អោយធ្លាក់ដោយ​ស្វ័យប្រវត្តិ ​​ក៏ការប្រកួតមិនអាចបោះ​​បង់​បានដែរ ​​​​​បើមិនដូច្នេះទេ គឺមិនអោយតម្លៃខ្លួនទៅទៀត ​​​​អ៊ីចឹង​ហើយទើប​​​​លោក​​សម្រេចអោយកីឡាករ យុគ យក្សផ្លែ និង​​កីឡាករ នឹម នន ដែលជាគូប្រកួតជម្រុះ​​​​​​​​ក្នុងវគ្គ​​១៦នាក់ យក​​៨នាក់ នៅតែបន្តប្រកួតគ្នា ​​បើទោះជា​​​កីឡាករ​​​នឹម នន ដែល​​​បណ្ដោយអោយខ្លួនឡើងគីឡូ​ត្រូវកំណត់អោយ​ចាញ់​ដោយ​​​​​​​​​​​ក្រុម​អ្នកបច្ចេកទេស។

លោកថា​​​​​កីឡាករនឹម នន ​​បាន​ឡើងគីឡូ​រហូតដល់ជិត​​​៥គីឡូ ទើប​​​​​​ការប្រកួតរបស់គេ​កាលពីថ្ងៃសៅរ៍ ​ត្រូវកំណត់អោយធ្លាក់ តែ​តម្រូវអោយប្រកួតជាមួយ​​​យុគ យក្សផ្លែ បង្គ្រប់ម៉ោង​​​​ផ្សាយផ្ទាល់ ដោយ​បានទាំង​កំណត់អោយអ្នកទាំងពីរ​វាយ​គ្នាអោយល្អមើល​ផង ​ដើម្បីកុំអោយមហាជនរិះគន់ថា​ប្រកួតដូចប្រឡែងគ្នា។ យ៉ាងណាមិញលោកថាការប្រកួត​ទាំងមូល នៅតែមិន​​​បានដូចការ​ចង់បាននោះទេ ​ដោយសារតែ​កីឡាករ​​​នឹម នន ដឹងថាខ្លួន​ត្រូវធ្លាក់ក៏មិនសូវចង់ប្រកួត​​នាំអោយឈឺសាច់ ហើយកីឡាករ​​យុគ យក្ស​​ផ្លែ ដែលដឹងថាខ្លួនបានជាប់ទៅ​​ហើយ ក៏​​​​​មិនសូវបញ្ចេញ​ថ្វីដៃ​​ដើម្បីទុកកម្លាំង​ទៅប្រកួត​​វគ្គ​ក្រោយ។

លោកសម្ដែងការសោកស្ដាយ  ដែល​កីឡាករ​​នឹម នន ផងដែរ ដែល​លោក​​ក៏យល់ថា​គឺជា​កីឡាករល្អ តាមរយៈដែលគេឡើងប្រកួត​​​​​ជម្រុះ​ពី​៣២នាក់​យក​​​១៦នាក់ ​​​​​​​​​​​​បែរជាបណ្ដោយខ្លួន​អោយឡើងគីឡូលើសពី​គីឡូ ៥៧ដែលបានកំណត់​​​​​​ដោយក្រុមអ្នកបច្ចេកទេស ដែលនាំអោយគេត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ ​

លោកបានប្រកាសថា​បើការប្រកួតនេះ យោគយល់​អោយ​​​ នឹន នន ​​​​បានប្រកួត​ដោយ​មិនគិត​​ពី​ទម្ងន់ខ្លួនប្រែប្រួល គឺជារឿងអយុត្តិធម៌សម្រាប់កីឡាករ​​ដែលខំប្រឹង​ហ្វឹកហាត់​​យ៉ាង​ចាស់ដៃ​ដើម្បី​រក្សាគីឡូ និង​​បច្ចេកទេសរបស់ខ្លួនណាស់ ទើបលោកសម្រេចអោយ​​​ធ្លាក់ដោយស្វ័យប្រវត្តិ ដើម្បីជាការព្រមាន ដល់​កីឡាករ​​ផ្សេងទៀត កុំអោយ​​បណ្ដោយខ្លួនអោយឡើងគីឡូ​​​​​​ផ្ទុយពីអ្វីដែលកម្មវិធីបានកំណត់។ ​

កីឡាករ​​​ យុគ យក្សផ្លែ បន្ទាប់ពីបានឡើងអង្គុយ​កៅអី​​​​​៨នាក់ក្នុងលេខរៀងទី​៣ដោយស្វ័យប្រវត្តិ បានបង្ហាញអារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង ដោយលោកបានសារភាពថា​បើអោយប្រកួត​មែនទែនជាមួយកីឡាករនឹម នន ក៏មិន​អាចដឹងថា​តើអាចឈ្នះ​​​១០០ភាគរយ​​​​ ឬជាអ្នកធ្លាក់ហាលអាវ។ យ៉ាងណាមិញ លោកថា​ការប្រកួត​បង្គ្រប់កិច្ចនៅក្នុងថ្ងៃនោះ ក៏បានប្រឹងប្រែងយ៉ាងខ្លាំង​ ​​​គឺមិន​មែន​​គិតថា​​ឈ្នះ​ដោយស្វ័យប្រវត្តិ ហើយ​មិន​​អើពើប្រឹងប្រកួតទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ