បទយកការណ៍៖ កម្មករស្នើកុំឲ្យរើសអើង នៅពេលពួកគេប្រើបណ្ណរបបសន្តិសុខសង្គម

កម្មកររោងចក្រ

នេះជាការរៀបរាប់អំពីជ្រុងមួយ នៃការលំបាករបស់កម្មាការិនីម្នាក់ ដែលបានប្រើប្រាស់បណ្ណធានារ៉ាប់រងរបស់រដ្ឋ ហៅថា «បេឡាជាតិរបបសន្ដិសុខសង្គម» ឬ ប.ស.ស។

ខណៈរង់ចាំអ្នកមកទទួលយកទៅផ្ទះ កម្មការិនីម្នាក់ សព្វថ្ងៃធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ អេស អិល ប្រូសេសស៊ីងសាខាទី២ នៅលើផ្លូវ៣៧១ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ គឺអ្នកស្រី ហ៊ុន ច័ន្ទ និយាយថា អ្នកស្រីតែងជួបញ្ហាសុខភាព និងដួលសន្លប់ នៅក្នុងរោងចក្រ និងថា គ្រាន់តែចំណាយលើការមើលថែខ្លួនឯង គឺមានខែខ្លះ ចំណាយពី១០០ ទៅ២០០ដុល្លារឯណោះ។

ដោយមានកូន២នាក់ ជាបន្ទុកគ្រួសារ និងប្ដីជាអ្នករត់ម៉ូតូឌុប រកប្រាក់បានគ្រាន់មួយចាយៗ អ្នកស្រី ហ៊ុន ច័ន្ទ និយាយថា​ បន្ទាប់ពីបានចុះឈ្មោះប្រើប្រាស់បណ្ណ ប.ស.ស អ្នកស្រីថា វាបានជួយកាត់បន្ថយការចំណាយមួយកម្រិតដែរ។

ប៉ុន្ដែ អ្នកស្រីថា នៅពេលទៅព្យាបាលជំងឺ គ្រូពេទ្យឯកជនខ្លះ មិនសូវយកចិត្តទុកដាក់លើរូបគាត់នោះទេ និងថា បើជំងឺធ្ងន់ធ្ងរខ្លាំង គឺអ្នកស្រី ត្រូវទៅមន្ទីរពេទ្យមួយទៀត ហើយត្រូវរ៉ាប់រងចំណាយដោយខ្លួនឯង។

អ្នកស្រីថា៖ «សុខភាពខ្ញុំ មិនសូវល្អទេ ឈឺរហូត ភាគច្រើនថប់ ហើយនិងទន់ដៃ ទន់ជើង ឧស្សាហ៍សន្លប់ក្នុងរោងចក្រ ១ខែ ជួនកាលអស់តិច ជួនកាលអស់ច្រើន ច្រើន១ខែ ចំណាយជួនកាល ពី២០០ ឬ១០០ដុល្លារ ប្រាក់ខែគោល១៥៣ដុល្លារ ហើយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតបាន ១៧០ជាង»។

កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ម្នាក់ទៀត លោក សួន ភូរី រៀបរាប់ថា ជាញឹកញាប់ លោកតែងជួបបញ្ហាសុខភាពផងដែរ ប៉ុន្ដែជាជំងឺស្រាល ដូចជា គ្រុនក្ដៅ​ ឈឺក្បាល និងវិលមុខជាដើម។ លោកថា គ្រូពេទ្យខ្លះ ថែទាំអ្នកជំងឺបានល្អ ប៉ុន្ដែខ្លះទៀត បែរជាប្រើសម្ដីគំរោះគំរើយ និងមិនសូវជាអើពើទេ។

លោកស្នើឲ្យក្រុមគ្រូពេទ្យ ទាំងឯកជននិងរដ្ឋ បង្កើនការយកទុកដាក់ចំពោះកម្មករ បើទោះបីជាពួកគេប្រើបណ្ណ ប.ស.ស ដើម្បីព្យាបាលជំងឺក៏ដោយ។

លោកថា៖ «វាដោយកន្លែងដែរអញ្ចឹង ដែលសម្ដីអាក្រក់វាទៅតាមហ្នឹងដែរ ពេលខ្លះទៅ និយាយអញ្ចឹងដែរ ដូចថា និយាយមកលើកម្មករគំរោះគំរើយ មិនសូវជាចាប់អារម្មណ៍ជាមួយកម្មករអញ្ចឹងដែរ។ ខ្ញុំស្នើថា ពេលដែលកម្មករប្រើបណ្ណ ប.ស.ស ឈឺ សូមថា ជួយមើលឲ្យដិតដល់ កុំធ្វើព្រងើយកន្ដើយជាមួយកម្មករ»។

អនុប្រធានសហជីពនៅរោងចក្រ អេស អិល២ អ្នកស្រី ស៊ាន សុផល អះអាងថា អ្នកស្រីផ្ទាល់ ក៏ជួបការរើសអើង ពីក្រុមគ្រូពេទ្យ ខណៈអ្នកស្រី​មានបញ្ហារលូតកូន និងត្រូវការការមើលថែដិតដល់។ អ្នកស្រីថា គ្រូពេទ្យខ្លះ បានផ្ដល់ថ្នាំព្យាបាលដល់កម្មករ ដែលពុំមានប្រសិទ្ធិភាព ហើយកម្មកររអ៊ូថា នៅតែឈឺដដែល។

អ្នកស្រីថា៖ «មានពេទ្យខ្លះ ប្រធានពេទ្យឆ្មប ឆ្លើយថា គ្រាន់តែ ឮ បណ្ណ ប.ស.ស ធុញ ហើយខ្ញុំសួរថា ធុញដោយសារអី គេឆ្លើយត្រឹមថា ធុញ។ ហើយថ្នាំពេលទៅដេក ២យប់ ៣ថ្ងៃ ១ថ្ងៃឲ្យថ្នាំតែ២គ្រាប់ អាហ្នឹងជាក់ស្ដែងខ្ញុំទៅហ្មង។ តែចំណែកជុសឈាម អត់ទេ ឲ្យតែថ្នាំលេប ត្រូវមិនត្រូវ គាត់ចេះតែលេបទៅណា ហើយភាគច្រើនរអ៊ូថា  លេបមិនដែលត្រូវ»។

អ្នកស្រី ស៊ា ន សុផល បន្ថែមថា នៅរោងចក្រ អេស អិល២ គេមិនអនុញ្ញាតឲ្យកម្មករឈប់សម្រាក ដើម្បីពិនិត្យសុខភាពនោះទេ បើទោះបីជាមានការបញ្ជាក់ ពីគ្រូពេទ្យ ដោយប្រើប័ណ្ឌ ប.ស.ស ក៏ដោយ។

អ្នកស្រីថា៖ «ប្រើបណ្ឌ ប.ស.ស ហ្នឹងមែនបន្ដែដាច់លុយថ្ងៃនៅរោងចក្រនេះ តែរោងចក្រគេ ឲ្យតែមានចេញពីពេទ្យ មកគេទទួលយកបាន គេគិតជាប្រាក់ឈ្នួលឲ្យ តែនៅរោងចក្រ អេស អិល២នេះ រដ្ឋបាលអត់ឲ្យដាច់ខាត សំបុត្រពេទ្យពី ប.ស.ស មក  អត់យកទេ ឲ្យច្បាប់ធម្មតា»។

កំពុងជជែកគ្នាលេង នៅខាងក្រោមដើមឈើ ដែលផ្ដល់ជាម្លប់ត្រជាក់បង្គួរ កម្មការិនីម្នាក់ក្នុងចំណោមនោះ គឺអ្នកស្រី ញ៉ាត គឹមលី អាយុ៣៦ឆ្នាំ សព្វថ្ងៃធ្វើការនៅរោងចក្រ ញូវ អររៀន ស្ថិតក្នុងឧទ្យានរោងចក្រកាណាឌីយ៉ា  និងថា បានធ្វើការនៅទីនេះអស់រយៈពេល ១៥ឆ្នាំមកហើយ។

អ្នកស្រីនិយាយថា មន្ទីរពេទ្យមួយចំនួន បានប្រើពាក្យសម្ដីមិនល្អ និងស្ដីបន្ទោសដាក់អ្នកជំងឺ ពេលឃើញពួកគេ ប្រើបណ្ណ ប.ស.ស។ បន្ថែមលើសនេះ អ្នកស្រីថា ថ្នាំ ដែលគ្រូពេទ្យផ្សំឲ្យនោះ មិនមានប្រសិទ្ធិភាពនោះទេ និងធ្វើឲ្យស្ថានភាពជំងឺ កាន់តែធ្ងន់ធ្ងរជាងមុនទៀតផង។

អ្នកស្រីថា៖ «ខាង ប.ស.ស អត់អីទេ សេវាល្អ ប៉ុន្ដែខាងគ្រូពេទ្យ អត់ចង់មើលយើង ពេលយើងឈឺអីហ្នឹង គាត់គំរោះគំរើយ ប៉ុន្ដែពួកខ្ញុំនិយាយរឿងផ្លូវច្បាប់ជាមួយពួកគាត់ អាហ្នឹងពួកគាត់មើលខ្ញុំ ប៉ុន្ដែអ្នកផ្សេងៗ អត់យល់ពីច្បាប់យ៉ាងម៉េច អត់សូវមើលគាត់ទេ»។

ក្រុមកម្មករផ្សេងទៀត ដែលបានបទសម្ភាសន៍ និយាយថា ពួកគាត់ក៏ជួបការលំបាកស្រដៀងគ្នានេះដែរ ដូចជា ត្រូវគ្រូពេទ្យស្ដីបន្ទោស ការមើលថែមិនបានដិតដល់ ការពិនិត្យជំងឺនៅមានកម្រិត ឬមើលជំងឺតាមទឹកលុយ៖ «លោកគ្រូយក ២ ៤០០០រៀលទេ​ អត់អាចអេកូរបានទេ គេនិយាយចឹង ពេទ្យលោកសង្ឃហ្នឹង ខ្ញុំទៅ គាត់ថាលុយហ្នឹងអត់គ្រប់ទេ បើអេកូរមិនគ្រប់លុយហ្នឹងទេ។ ខ្ញុំថា​ធម្មតាជាទូទៅ អ្នកប្រើប័ណ្ណ ប.ស.ស ភាគច្រើនគឺទៅតម្រូវឲ្យលុយគ្រប់មែនបានអាចពិនិត្យអេកូរបានមែន គាត់ថា​ពេទ្យចេះតែយល់ទៅ តាមពិតលុយហ្នឹងអត់គ្រប់ទេ»។​

បេឡាជាតិរបបសន្តិសុខសង្គម កើតមានឡើងនៅឆ្នាំ២០០៧ ហើយដាក់ឲ្យអនុវត្តនៅឆ្នាំ២០០៨។ បើគិត​ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ ប.ស.ស បានចុះបញ្ជីរោងចក្រ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានជាង​ ៨ពាន់កន្លែង ដែលមាន​កម្មករ​និយោ​ជិត​ជាង១លាននាក់ ដើម្បីជួយទំនុកបំរុងកម្មករ ពេលជួបគ្រោះថ្នាក់ការងារ។

កាល​ពី​ខែ​សីហាឆ្នាំ២០១៧ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ចាប់​ពី​ខែ​មករាឆ្នាំ​២០១៨ ថៅកែ​ ឬម្ចាស់ក្រុមហ៊ុន ​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះការ​បង់​ថ្លៃ​សេវា​គាំពារ​សុខភាព​ឲ្យកម្មករ១០០​ភាគរយ។

ហើយនៅខែកញ្ញាឆ្នាំ២០១៧ ក្រសួងការងារក៏បានប្រកាសថា បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន ១២៧៣កន្លែង  ដែលរួមមាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក និងមណ្ឌលសុខភាព និងពេទ្យឯកជនចំនួន ១១កន្លែង ដើម្បីផ្ដល់សេវាគាំពារសុខភាព ដល់កម្មករនិយោជិកនៅទូទាំងប្រទេស។

បើតាមរបាយការណ៍សហព័ន្ធសហជីពស៊ីខៅឌូ កម្មករ-កម្មាការិនី ផ្នែកកាត់ដេរសំលៀកបំពាក់ប្រមាណ៨០ភាគរយ ឬស្មើនឹង៨០ម៉ឺននាក់ ក្នុងចំណោមកម្មករសរុប ១សែន២ម៉ឺននាក់ បានចុះឈ្មោះ ប្រើប្រាស់ បណ្ណ ប.ស.ស។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា បញ្ហារើសអើងចំពោះកម្មករ បានកើតឡើងជាញឹកញាប់ ដោយលោកថា កម្មករទាំងនោះ ប្រើប្រាស់សេវាសុខភាព ដែលពុំបង់ថ្លៃ។ ករណីនេះ លោកស្នើឲ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ របស់ក្រុមគ្រូពេទ្យ ដោយថាដើម្បីជួយសម្រួលដល់ក្រុមកម្មករ ដែលកំពុងខ្វះខាតជីវភាព និងត្រូវការការថែទាំជាចាំបាច់។​

លោកថា៖ «កន្លងមក គឺពេទ្យស្រុកខ្មែរ ភាគច្រើនគាត់ត្រូវការសេវា មានលុយធីប មានលុយអញ្ចឹងទៅណាស់ ហើយអ្នកដែលបណ្ឌ ប.ស.ស គឺគាត់មិនផ្ដល់អីទេ អញ្ចឹងធ្វើឲ្យឥរិយាបថ គ្រូពេទ្យមួយចំនួន គាត់ជាអ្នករួសរាយទេ ហើយក៏ស្នើឲ្យរដ្ឋាភិបាល ក្រសួងសុខាភិបាលអីគាត់ពិនិត្យដែរ យើងបានឃើញគេបានធ្វើរយៈដែរ ប៉ុន្ដែវាមិនទាន់បានល្អ»។

ប៉ុន្ដែខាងមន្ទីរពេទ្យមេត្រី ដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យ អះអាងថា ក្រុមគ្រូពេទ្យ មិនដែលស្ដីបន្ទោស ឬប្រើសម្ដីមាក់ងាយកម្មករទេ។ ប៉ុន្ដែមន្ទីរពេទ្យនេះ ថា សុំទោស ដែលមានពេលខ្លះ តម្រូវឲ្យពួកគាត់រងចាំយូរ ដោយសារ មានអ្នកជំងឺច្រើនពេក។

ក្រុមកម្មករ កម្មការិនី ក៏ស្នើឲ្យរដ្ឋាភិបាល និងក្រុមគ្រូពេទ្យ ផ្ដល់សេវាសុខភាព ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ពេលពួកគេទៅព្យាបាលជំងឺ ដោយប្រើប្រាស់បណ្ណ ប.ស.ស៖ «ខ្ញុំអំពាវនាវឲ្យរដ្ឋាភិបាល ដែលមានប័ណ្ឌ ប.ស.ស ហ្នឹងឲ្យស្ថាប័នពេទ្យទាំងអស់ កុំរើសអើងហ្នឹងកម្មករអី ព្រោះអីគ្នាខ្វះខាតលុយកាក់ យើងទៅរើសអើងនឹងកម្មករ​ឲ្យគ្នាធ្វើម៉េច កុំអាងទុកចោល អាងតែគ្នាគ្មានលុយ ប៉ុន្ដែគ្មានបង់ឲ្យរាល់ខែតើ» «ខ្ញុំសំណូមពរ មិនថា ពេទ្យ មិនថាខាងប.ស.ស ទេ ទី១ ខាងប.ស.ស ព្រោះខាង ប.ស.ស គេឲ្យអ្នកជំងឺត្រឹមចំនួនទឹកលុយ២ម៉ឺនជាងហ្នឹង ទី២ រឿងច្បាប់ ថា ប.ស.ស គាត់ថា អត់ឲ្យឈប់ច្រើនទេ គាត់តែងដាក់គំនាប លើពេទ្យ អញ្ចឹងខ្ញុំសុំសំណូមពរឲ្យខាង ប.ស.ស កែតម្រូវ យើងមើលតាមខុសភាពគាត់ ទី៣ ឲ្យគាត់ពង្រឹងខាងពេទ្យ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ