បក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលត្រូវបានរំលាយចោលទៅហើយនោះ បានថ្កោលទោសចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ដែលបានបែងចែកអាសនៈរបស់បក្សមួយនេះ ទៅឲ្យគណបក្សដទៃទៀត ដោយចោទ គ.ជ.ប.ថា បានរំលោភរដ្ឋធម្មនុញ្ញ និងធ្វើផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។
គ.ជ.ប. កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ បានសម្រេចបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ៥៥ ដែលបានមកពីការបោះឆ្នោតជាតិនៅឆ្នាំ២០១៣នោះ ទៅឲ្យគណបក្ស ៥ផ្សេងទៀត ដែលមិនបានជាប់ឆ្នោត។
បើតាមរូបមន្តនៃការបែងចែកអាសនៈធ្វើឡើងដោយ គ.ជ.ប. គណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ នរោត្ដម នរណឫទ្ធិ ទទួលបាន ៤១អាសនៈ ហើយអាសនៈ ១៤អាសនៈទៀត ត្រូវបានបែងចែកទៅគណបក្សផ្សេងទៀត។
គ.ជ.ប. បានសម្រេចបែងចែកអាសនៈជាប់ឆ្នោតរបស់បក្សសង្គ្រោះជាតិទៅឲ្យបក្សផ្សេងបែបនេះ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។
បន្ទាប់ពីការបែងចែកអាសនៈរបស់ពួកគេ ក្រុមមេដឹកនាំបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯបរទេសនោះ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញនេះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អតីតតំណាងរាស្ត្របក្សប្រឆាំងម្នាក់ដែលកំពុងរស់នៅឯក្រៅប្រទេសនោះ បានប្រាប់ VOD តាមសារអេឡិចត្រូនិចនៅថ្ងៃនេះថា ក្រុមមេដឹកនាំជាន់ខ្ពស់បក្សនេះនៅឯក្រៅប្រទេសនោះ ពិតជាបានចេញសេចក្ដីថ្លែងការណ៍ថ្កោលស្ថាប័ន គ.ជ.ប. មែន។
ក្នុងសេក្ដីថ្លែងការណ៍នោះ ក្រុមមេដឹកនាំបក្សប្រឆាំង បានចោទស្ថាប័នរៀបចំការបោះឆ្នោតនេះថា បានរំលោភលើរដ្ឋធម្មនុញ្ញ និងដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។
ក្រុមមេដឹកនាំបក្សប្រឆាំង បានចោទ គ.ជ.ប. ថា បានសមគំនិតជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងតុលាការកំពូល «ប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរ»។
បើទោះបីត្រូវបានរំលាយ និងត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ ៥ឆ្នាំក៏ដោយ ប៉ុន្តែ ក្រុមមេដឹកនាំបក្សប្រឆាំងអះអាងថា ពួកគេនៅតែជាតំណាងស្របច្បាប់របស់ពលរដ្ឋម្ចាស់ឆ្នោត ហើយថា ពួកគេនៅតែត្រូវបានទទួលស្គាល់ពីសហភាពអន្តរសភាថា ជាតំណាងរាស្ត្រដដែល។
ក្រុមមេដឹកនាំបក្សប្រឆាំងទាំងនោះ ក៏បានទាមទារឲ្យដោះលែងមេដឹកនាំរបស់ខ្លួន គឺលោក កឹម សុខា ដែលកំពុងស្ថិតនៅក្រោមការឃុំខ្លួននៅក្នុងពន្ធនាគារ និងដោះលែងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនដីធ្លី និងអ្នកសារព័ត៌មានផងដែរ។
សហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានថ្កោលទោសចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបង្ក្រាបទៅលើបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួននៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយបានចាត់ទុកចំណាត់ការទាំងនេះថា ជាដំណើរថយក្រោយ និងឃ្លាតចាកពីគន្លងប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា ប្រទេសចិនកុម្មុនីស្ត ដែលជាម្ចាស់ជំនួយធំសម្រាប់កម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ចោទទុកជាការការពារសន្តិភាព និងស្ថេរភាពជាតិ៕