កម្ពុជា​ព្រមាន​ពី​ព្យុះ​​តឹមប៊ិន ខណៈ​​ព្យុះ​នេះ​សម្លាប់​មនុស្ស​២៣០​នាក់​នៅ​ហ្វីលីពីន

ក្រសួងធនធានទឹក និងឧត្តុនិយម បាន​ព្រមាន​ទៅ​ដល់​ពលរដ្ឋ​រស់​នៅ​តំបន់​ឆ្នេរ​សមុទ្រ ឲ្យ​ប្រុង​ប្រយ័ត្ន ខណៈ​ដែល​​ព្យុះ​ទីហ្វុងតឹមប៊ិន កំពុង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា បន្ទាប់​ពី​វា​បោក​បក់​បំផ្លាញ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​និយាយ​ថា ព្យុះ​ទីហ្វុង​តឹមប៊ិន នឹង​បោក​បក់​មក​ដល់​ប្រទេស​វៀតណាម​នៅ​ល្ងាច​ថ្ងៃ​នេះ ហើយ​នឹង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ឡំ​ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង ស្ទើ​រតែ​ទូទាំង​ប្រទេស។

ក្រសួង​បាន​ព្រមាន​ទៅ​ដល់​​ពលរដ្ឋធ្វើ​ដំណើរ​តាម​សមុទ្រ ឲ្យ​​ផ្អាក​សកម្មភាព​របស់​ខ្លួន​ចាប់​ពី​ល្ងាច​ថ្ងៃ​នេះ​ រហូត​ដល់​អាកាស​ធាតុ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

សេចក្ដី​រាយការណ៍របស់​ទូរទស្សន៍​អូស្ត្រាលី ABC បាន​ឲ្យ​ដឹង​ថា ព្យុះ​ទីហ្វុង​តឹមប៊ិន បាន​បោក​បក់​កាត់​កោះ​មិនដាណាវ ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដោយ​បាន​បង្ក​ជា​ទឹក​ជំនន់​ដ៏​ឆាប់​រហ័ស និង​ការ​រអិល​បាក់​ដី ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​រហូត​ដល់ ២៣០​នាក់ ខណៈ​ដែល​មនុស្ស​ប្រហែល ១០​ម៉ឺន​នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​ជម្លៀស​ចេញ​ទៅ​ជំរុំ​សុវត្ថិភាព។

បើ​តាម ABC ព្យុះ​មួយ​នេះ នឹង​បោក​បក់​មក​ដល់​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ហើយ​អាជ្ញាធរ​វៀតណាម​បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​ប្រហែល ១​លាន​នាក់ ឲ្យ​ត្រៀម​ខ្លួន​ជម្លៀស​ចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ