កម្ពុជានិងឡាវឯកភាពគ្នាគ្រោងចុះវាស់ព្រំដែនដែលនៅ «ចម្រូងចម្រាស់»

គណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ ឯកភាពគ្នាថានឹងចុះពិនិត្យបង្គោលព្រំមួយចំនួនដែលគណៈកម្មការនេះអះអាងថា នៅមានភាពចម្រូងចំរាស់ដើម្បីដោះស្រាយឈានទៅរកការបោះបង្គោលព្រំដែនបញ្ជាប់រវាងប្រទេសទាំងពីរ។

ការចុះពិនិត្យព្រំដែននេះ គឺជាឯកភាពគ្នាក្រោយពីមន្រ្តីជំនាញព្រំដែននៃគណៈកម្មការចម្រុះព្រំដែន កម្ពុជា – ឡាវ បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​នៅកម្ពុជាកាលពីថ្ងៃទី២៥ មករា ឆ្នាំ២០១៧នេះ ខណៈការ​បោះ​បង្គោល​​នៅ​សល់ប្រមាណ​២៤បង្គោលទៀត។

ក្នុងសេចក្តីប្រកាសព័ត៌មាន គណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ ឲ្យដឹងថានៅពេលឆាប់ៗខាងមុខនេះ ភាគីកម្ពុជា-ឡាវ នឹងចុះពិនិត្យព្រំដែនរួមគ្នាលើដីជាក់ស្តែងក្នុងតំបន់ពីរ គឺនៅត្រង់បង្គោលលេខ០០២-០០៣ បង្គោលភ្លោះលេខ០២៩ និងលេខ០៣០។

សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា ភាគីទាំងពីរនឹងបង្កើតក្រុមការងារមួយដើម្បីសិក្សាលទ្ធភាពស្តីពីការបោះបង្គោលព្រំដែនបំពេញបន្ថែមរួមគ្នាដែលភាគីទាំងពីរមិនទាន់ឯកភាព។

ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនលោក វ៉ា គីមហុង មិនឆ្លើយនឹងសំណួររបស់VODដែលសួរបន្ថែមលើបញ្ហានេះទេ ដោយលោកថាជាប់រវល់ប្រជុំ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ ហាក់ពុំដឹងច្បាស់ថា តំបន់ដែលភាគីកម្ពុជា -ឡាវ គ្រោងចុះទៅពិនិត្យរួមគ្នានោះមានបញ្ហាអ្វីកើតឡើងខ្លះទេ។ តែយ៉ាងណា លោកស្នើឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាបព្រំដែនជាមួយឡាវនេះ ត្រូវផ្អែកលើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ។

លោកបន្ថែម៖ «ការចុះពិនិត្យបែបហ្នឹងវាមិនទាស់ខុសអីទេ សំខាន់ប្រទេសជាតិមួយៗជាពិសេស ប្រទេសកម្ពុជាយើងរដ្ឋាភិបាលត្រូវស្មារតីជាក់ច្បាស់នៅក្នុងការពារទឹកដីរបស់ខ្លួន ហើយរឿង ដែលសំខាន់ត្រូវស្តាប់សំលេងពលរដ្ឋនៅតាមព្រំដែន ហើយមួយទៀតសម្រាប់ប្រទេសកម្ពុជា យើងគួរតែមានគណៈកម្មការចំរុះដែលមានទាំងគណបក្សប្រឆាំងដើម្បីជាសាក្សីរស់

កន្លងមកលោក វ៉ា គឹមហុង ធ្លាប់ប្រាប់​អ្នកសារព័ត៌មាន​ថា ​ប្រទេស​កម្ពុជានិង​ប្រទេស​ឡាវ​មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង៥៤០គីឡូម៉ែត្រ​ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​ប្រមាណ១៤៥​បង្គោល​ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ភាគី​ទាំង​ពីរ​បាន​ចំនួន១២១បង្គោល​ហើយ​ស្មើ​នឹង៨៣ភាគរយ ​នៅ​សល់​ប្រមាណ២៤បង្គោល​ទៀត​នោះ​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារនិង​ខេត្ត​ស្ទឹងត្រែង ដូច​ជា​នៅ​ចំណុច​ទន្លេ​ល្ពៅ ទន្លេ​សាឡាំផៅ ទន្លេ​សេកុង តំបន់​អូរតាង៉ាវជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ