ឃីម បូរ៉ា ឈ្នះបានប្រាក់២តង់ ក្នុងជំនួបជាមួយជើងខ្លាំងថៃ

ខុសពីការគ្រោងទុកដែលគ្រាន់តែមានបំណងចង់ឈ្នះលើកីឡាករថៃ Phat Num Noeng ក្នុងជំនួបប្រកួតជាលក្ខណៈអន្តរជាតិកាលពីព្រឹក​ថ្ងៃអាទិត្យទី២៥ មិថុនា កីឡាករវ័យក្មេងឃីម បូរ៉ា មិនត្រឹមតែបានឈ្នះដោយជោគជ័យប៉ុណ្ណោះទេ គឺបានទាំងទទួលប្រាក់២តង់ពីការប្រកួតនោះផង។ នេះជាជោគជ័យដែលធ្វើអោយគេឈានឡើង ក្នុងពេលដែលការប្រដាល់របស់​គេកន្លងមក ត្រូវគេកត់សម្គាល់ថាពេលខ្លះក៏ល្អ ពេលខ្លះក៏ធ្លាក់ដៃពិបាកអោយអ្នកគាំទ្រទុកចិត្តពេញទំហឹងចំពោះ ឃីម បូរ៉ា។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៏អាស៊ីអាគ្នេយ៍នោះ គឺជាការប្រកួតអន្តរជាតិសំខាន់មួយ​ដែលត្រូវគេប្រកាសថាសម្រិតសម្រាំងសម្រាប់ចុងខែមិថុនា ដោយកីឡាករដែលបានឡើងប្រកួតក៏ត្រូវបានគេប្រកាសថានឹងផ្ដល់ប្រាក់រង្វាន់​​ចំនួន១លានរៀលបន្ថែមពីលើតម្លៃខ្លួនផងដែរ ប្រសិនបើភាគីកម្ពុជាមានសមត្ថភាពវាយ​ផ្ដួលអោយបរទេសបោះបង់ការប្រកួតមុនចប់ទឹកទី​៣។ កីឡាករ ឃីម បូរ៉ា ដែលមានឈ្មោះឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍នោះ ហាក់​​មិនមានអ្នកគាំទ្រច្រើនណាស់ណាទេទុកចិត្តថាលោកនឹងឈ្នះ​ការប្រកួតមុនទឹកទី៣ ដើម្បីអាចទទួលបានប្រាក់រង្វាន់បន្ថែមពីលើតម្លៃខ្ពស់ដែលត្រូវគេដឹងថាមានចំនួនមិនក្រោម៣០០ដុល្លារសម្រាប់កីឡាករខ្មែរលើសង្វៀនអន្តរជាតិ ដោយសារតែគូប្រកួតរបស់គេគឺជាជើងខ្លាំងដែលមានប្រវត្តិវាយផ្ដួលកីឡាករកម្ពុជាខ្លាំងៗរាប់មិនអស់នាពេលកន្លងមក។ ផ្អែកតាមប្រវត្តិ កីឡាករថៃ Phat Num Noeng មកប្រកួតនៅទូរទស្សន៍អាស៊ីអាគ្នេយ៏ច្រើនលើក គឺមានប្រវត្តិប្រកួតឈ្នះ និងស្មើកីឡាករកម្ពុជាសឹងតែគ្រប់លើក ក្នុងពេលដែលកីឡាករថៃរូបនេះ​ក៏ត្រូវគេស្គាល់ថាមានបច្ចេកទេសម៉ាត់ និងវាយកែងបានរស់រវើក ពិបាករកអ្នកទប់។

អ្នកតាមដានការប្រកួត បានត្រឹមតែរំពឹងថាកីឡាករកម្ពុជានឹងឈ្នះដោយពិន្ទុ ជាពិសេសបន្ទាប់ពីមើលការប្រកួតក្នុងទឹកទី១ និងទី​២ ហើយឃើញកីឡាករឃីម បូរ៉ា វាយមិនចុះនឹងកណ្ដាប់ដៃដ៏ខ្លាំងរបស់កីឡាករថៃ។ ប៉ុន្តែការយល់ឃើញនេះ បានប្រែក្លាយជារឿងភ្ញាក់ផ្អើល ហើយ​ក្លាយជាសំលេងបន្ទរយ៉ាងកងរំពងវិញ នៅពេលដែលទឹកទី៣ចូលមកដល់ កីឡាករកម្ពុជាស្រាប់តែអាចប្ដូរកណ្ដាប់ដៃ និងជង្គង់ វាយអោយកីឡាករជើងខ្លាំងរបស់ថៃរាប់ដល់ទៅ៣ដងផ្ទួនៗគ្នាត្រឹមតែមួយទឹក ដែលអ្នកណាៗក៏នឹកស្មានមិនដល់។ ជ័យជម្នះត្រូវបានធ្លាក់លើឃីម បូរ៉ាយ៉ាងគួរអោយសរសើរ បើទោះជាអ្នកគាំទ្រកីឡាករថៃត្រូវគេឃើញទម្លាក់ទឹកមុខព្រោះតែមិនចង់ជឿ។

នេះជារឿងនឹកស្មានមិនដល់ ដែល កីឡាករកម្ពុជាសម្រេចបាន ​ដោយក្រៅពីអាចជាប់ឈ្មោះបានឈ្នះកីឡាករថៃជើងខ្លាំងហើយ គឺបានទាំងទទួលទឹកប្រាក់ក​២តង់ទៅទៀត គឺតម្លៃខ្លួនសម្រាប់ការប្រកួតមួយតង់ និងទឹកប្រាក់រង្វាន់ដែលផ្ដួលគូប្រកួតបានមុនចប់ទឹកទី៣ចំនួន១លានរៀលទៀត។ សរុបទាំងទឹកប្រាក់ដែលមានការឧបត្ថម្ភពីអ្នកទស្សនាដោយផ្ទាល់ក្រោយពីទទួលជ័យជម្នះទៀតមានការប៉ាន់ស្មានថា លោកបានទទួល​សឹងនឹងប្រហាក់ប្រហែល១ពាន់ដុល្លារត្រលប់ទៅខេត្តបន្ទាយមានជ័យវិញ ដើម្បីយកទៅអោយប្រពន្ធដែលបើកមុខរបរចិញ្ចឹមជ្រូកនៅឯស្រុកកំណើតនោះ។ ​​

កីឡាករឃីម បូរ៉ាត្រូវគេឃើញសប្បាយចិត្តឡើងកញ្ជ្រោលលើរេញ បន្ទាប់ពី​ឃើញកីឡាករថៃត្រូវរាប់ជាលើកទី​៣ក្នុងទឹកទី៣ ​ប៉ុន្តែលោកក៏បុកពោះមិនតិចផងដែរក្នុងពេលដែលគូប្រកួតវាយត្រូវច្រើនដៃតែហាក់មិនរង្គើក្នុងទឹកទី១ និងទី២។ លោកថាខ្លួនបានហ្វឹកហាត់ចំនួនមួយអាទិត្យនៅខេត្តបន្ទាយមានជ័យមុនពេលឡើងមកប្រកួតជាមួយកីឡាករ Phat Num Noeng  ប៉ុន្តែមិនបា​បនឹកថានឹងឈ្នះ​ក្នុងទឹកទី៣តាមការចង់បាននោះទេ ដោយសារតែលោកដឹងថាកីឡាករថៃជាគូប្រកួត គឺជាជើងខ្លាំងម្នាក់ ពិសេសដៃ កែង និងជើងក្រោម។ យ៉ាងណាមិញ លោកថាគេមានចំណុចខ្សោយត្រង់ពោះ ហើយដោយសារតែលោកលូកត្រូវមួយជង្គង់ធ្វើអោយ​ប្រែប្រួលស្ថានការណ៍ប្រយុទ្ធ ទើបលោកប្ដូរពីវាយផ្នែកខាងលើ មកទាត់ធ្វេងទាត់ស្ដាំ និងរកផ្លូវអុកជង្គុងដដែលៗបណ្ដាលអោយកីឡាករថៃរាប់ម្ដងហើយម្ដងទៀត ក្នុងទឹកទី​៣។ លោកមិនភ័យរឿងកីឡាករថៃសុំសងសឹកនោះទេ បន្ទាប់ពី​​អាចវាយអោយគេបោះបង់ការប្រកួតក្នុងទឹកទី​៣ក្រោយជំនួបលើកនេះ។

លោកទទួលស្គាល់ថាកីឡាករថៃគេមានចំណុចខ្លាំង ជាពិសេសក្នុង​​ទឹកទី​២គឺលោកអត់មានសង្ឃឹមតែម្ដង ថានឹងឈ្នះកីឡាករថៃដោយអាចទទួលបានប្រាក់២តង់។ លោកបានចាត់ទុកថាជ័យ​ជម្នះ​ដែលខ្លួនសម្រេចបាន គឺជាការវាយឆ្លាតក្រោយពីអាចរកឃើញចំនុចខ្សោយត្រង់ពោះ តែលោកក៏នៅតែមិននឹកស្មានគេនឹងបោះបង់ការប្រកួតក្នុងទឹកទី៣នោះដែរ ដោយបានត្រឹមតែសង្ឃឹមថានឹងឈ្នះ​ការប្រកួត​មុនចប់ទឹកទី​​​៥ប៉ុណ្ណោះ។ លោកខ្លួនមានអារម្មណ៍សប្បាយចិត្តដែលអាចវាយឈ្នះជើងខ្លាំងរបស់ថៃគឺកីឡាករ Phat Num Noeng  ហើយឈ្នះក្នុងទីតាំងដែលជួយអោយលោកទទួលបានទឹកប្រាក់១លានរៀលលើសពីតម្លៃខ្លួនដែលត្រូវបាន មុនត្រលប់ទៅខេត្តបន្ទាយមានជ័យវិញ។

លោកក៏ប្រកាស​ស្វាគមន៍អោយមានការរៀបចំការប្រកួតជាមួយកីឡាកររូបនេះជាថ្មីអោយបានឆាប់ផងដែរ ដើម្បីអោយលោកដឹងថាតើការជួបប្រកួតជាថ្មីតើលោកនឹងឈ្នះដដែល ឬមានលទ្ធផលខុសពីនេះ។ យ៉ាងណាមិញសម្រាប់ជំនួប​លើកក្រោយ​លោករំពឹងត្រឹមឈ្នះដោយពិន្ទុប៉ុណ្ណោះដោយសារតែកីឡាករថៃរូបនេះគឺល្អបច្ចេកទេសមិនធម្មតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ