វិភាគ៖ តើបក្សប្រឆាំងអាចធ្លាក់ប្រជាប្រិយទេពេលដករូបមេដឹកនាំចាប់ដៃគ្នាចេញ?

គណបក្សសង្គ្រោះជាតិ បានសម្រេចឲ្យស្លាកគណបក្សរបស់ខ្លួន មានតែសញ្ញារូបព្រះអាទិត្យ ដោយ​ដក​រូប​លោ​​ក សម រង្ស៊ី និងលោក កឹម សុខា ចាប់​ដៃ​គ្នាចេ​​ញ ដោយថាដើម្បីបញ្ចៀស ការចោទប្រកាន់ ពេលច្បាប់​គណ​បក្សនយោបាយថ្មីចូលជាធរមាន។

លោក ហ៊ុន សែន អំឡុងខែមិថុនា បានជំ​រុ​ញម្តងទៀត ​​​ឲ្យ​តំ​ណា​​​​​​​ង​​រាស្រ្តរបស់ខ្លួន ធ្វើវិសោធនកម្មច្បាប់​ជា​​​នេះលើ​​កទី​​២ ។

ច្បា​ប់​​ដ៏ចម្រូងចម្រាសនេះ បានឆ្លងផុតពីស្ថាប័នកំពូលមួយទៀតគឺ​ក្រុម​​ប្រឹ​ក្សា​​​​​​ធម្មនុញ្ញ នៅថ្ងៃទី២​៥ខែមិ​ថុ​នា​នេះ ក្រោយពីសមាជិ​ក​​សភា​ និ​​ងព្រឹទ្ធសភា របស់គណបក្សប្រ​ជាជនបាន​អនុ​ម័​តដោ​យរ​លូ​ន​។

ច្បាប់គណបក្សនយោបាយនេះ អ្នកតាមដានអះអាងថា បា​ន​ផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ មិនឲ្យពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី ដែលឡោមព័ទ្ធដោយបណ្តឹង ពីលោក ហ៊ុន សែន ផងនោះ បានប្រកសា​លាលែង​តំណែ​ងពី​ប្រធានគណបក្ស  មុនថ្ងៃបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់អា​ណត្តិទី៤ចូលមកដក់ ដែ​លលោ​ក​សម រង្ស៊ី អះអាងថា ការលាលែងតំណែងនោះ កុំឲ្យបក្សកាន់អំណាច យកច្បា​ប់នេះ​ទៅរំលាយគ​ណ​​​បក្សខ្លួនបាន។

មន្ត្រី​បក្សកាន់​អំ​ណា​​ច រួមទាំងលោក ហ៊ុន សែន ផង ​ហៅ​លោក សម រង្ស៊ី ថាជាទណ្ឌិត បើទោះ​បី​ប្រព័​ន្ធយុត្តិធម៌នៅកម្ពុជា រងការរិះគន់ថាមិនឯករាជ្យ។

មាត្រា៦ ថ្មី(ពីរ) នៃច្បាប់គណបក្សនយោបាយ បានចែងថា គណបក្សនយោបាយមិនត្រូវឃុបឃិត ឬប្រើ​ប្រា​​ស់​សា​រជា​សំ​ឡេ​ង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិ​តជា​ប់​ទោ​ស​បទ​ឧក្រិដ្ឋ ឬពីបទម​ជ្ឈឹ​ម ដើ​ម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ។

តំ​ណា​ងរាស្ត្របក្សប្រឆាំង ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ច្បាប់នេះ មិនអនុញ្ញាត​ឲ្យតាំ​ង​រូប ​លោ​ក សម រង្ស៊ី ដែ​លគេ​ចោទថាជាទណ្ឌិតនោះ នៅ​​​ទី​សាធារណទេ បើពុំនោះទេគណបក្ស នឹង​ប្រ​ឈមនឹងការ​ផ្អា​កធ្វើ​ស​​​កម្ម​​ភាព ឬ​រំលា​យ​ចោល តាមអំណាចតុលាការ។

ច្បាប់គណបក្សនយោបាយ បានឆ្លងផុតពីដៃក្រុមប្រឹក្សាធម្មនុញ្ញហើយ នៅពេលព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ត​លេខា ច្បាប់នេះនឹងត្រូវប្រកាសឲ្យប្រើប្រាស់។

តើការដករូបមេដឹកនាំចេញពីស្លាកគណបក្សនេះប៉ះពាល់ប្រជាប្រិយភាពបក្សប្រឆាំងឬទេ?

អ្នកវិភាគនយោបាយបង្ហាញទស្សនផ្សេងគ្នា ករណីនេះ។​ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការដករូបលោក សម រង្ស៊ី ចេញពីស្លាកគណសង្គ្រោះវិញនេះ លោកវិភាគថា គ​ណ​បក្សនេះ អាចនឹងធ្លាក់ចុះប្រជាប្រិយភាពបន្តិចវិញ បើអ្នកមានភក្តីភាពនឹងលោកសម រង្ស៊ី គ្មានជំ​នឿ​លើ​​ក្បាលម៉ាស៊ីនដឹកនាំថ្មី។

លោកថា៖«គណបក្សសង្គ្រោះជាតិវាចេញពីឫសគុលសំខាន់ គឺអ្នកហែរហម ដែលឲ្យតម្លៃខ្លាំងទៅលើលោកស រង្ស៊ី កាលណាដករូបលោកចេញទៅធ្វើឲ្យអ្នកគាំទ្រហ្នឹង គិតថា លោក សម រង្ស៊ី បានដាច់ស្រឡៈពីគណបក្សសង្គ្រោះជាតិ។

ដូចនេះប្រជាប្រិយភាពហ្នឹងវាអាចថមថយខ្លះ។ប៉ុន្តែវាមិនទាំងស្រុងទេ ដោយសារតែបរិបទ បរិយាកាស​[ច្ចុប្បន្ន] នេះ គណបក្សប្រជែ[បក្សប្រឆាំង]​និងបក្សកាន់អំណាច អត់មានគណបក្សណាធំ ដូចគណបក្ស​​ង្គ្រោះជាតិទេ។អញ្ចឹងអាចឲ្យប្រជាពលរដ្ឋហ្នឹងទ្រឹងការដកសេចក្តីទុក្ខចិត្តហ្នឹងឡើង»

សាស្ត្រចារ្យវិទ្យានយោបាយមួយរូបទៀត គឺលោក សូ ចន្ថា លើកឡើងថា ការដករូបមេដឹក​នាំរបស់គ​ណ​បក្ស​​​ស​ង្គ្រោះជាតិទាំងពីរចេញពីស្លាកគណបក្សនេះលោកវិភាគថា មិនប៉ះពាល់ដល់ប្រជា​ប្រិយ​ភា​ព​បក្ស​​​ប្រ​ឆាំ​ងមួយនេះទេ។

លោក សូ ចន្ថា ពន្យល់ថា បច្ចុប្បន្នពលរដ្ឋបានតាមដានពីសកម្មភាពអ្នកនយោបាយរបស់បក្សប្រឆាំង និងថែមទាំងមានមេឃុំ ចៅសង្កាត់ ដែលទើបជាប់ឆ្នោតថ្មី ជាង៥០០នាក់ទៀតនោះ លោកថាពួកគេអាចពន្យ់ពលរ​ដ្ឋឲ្យយល់​ពី​​ស្ថា​នកា​រណ៍នយោបាយប្រែប្រួលនៅពេលនេះ។

លោកថា៖«ការដែលដករូបលោក កឹម សុខា និងលោក សម រង្ស៊ី ចាប់ដៃគ្នា ចេញពីស្លាកគណបក្ស ខ្ញុំគិតថា វាមិនមែនជាបញ្ហាចោទជាបញ្ហាទេ

មិនចោទបញ្ហា ដោយសារតែ ប្រសិនបើ លោក សម រង្ស៊ី នៅតែប្រកាន់ជំហរមិនចូលជាមួយគណបក្សផ្សេង មិនបង្កើតគណបក្សដទៃនោះខ្ញុំគិតថា មិនប៉ះពាល់អីទេ ហើយអ្វីដែលប៉ះពាល់ លុះណាតែលោក សម រង្ស៊ី ទៅបង្កើត ឬទៅចូលរួមជាមួយគណបក្សដទៃ»

អ្នកវិភាគនយោបាយវ័យក្មេងលោក ឆាំ ប៊ុនថេត លើកឡើងថា ជាការល្អទៅវិញទេ ដែលគណ​បក្សស​ង្គ្រោះ​​ជាតិ​សម្របខ្លួនតាមស្ថានការនយោបាយ ដោយសម្រេចដករូបមេដឹកនាំ​ទាំងពីរចេ​ញពីស្លា​កគ​ណ​ប​​ក្ស​​​​​​នេះ​។

លោក ឆាំ ប៊ុនថេត វិភា​គទៀតថា ការសម្រេច​ចិត្តបែបនេះនឹងធ្វើ​ឲ្យអ្នកគំាទ្រកាន់តែ​មើលឃើញច្បា​ស់ថា​គ​​​​​ណ​ប​ក្ស​មិន​មែ​​​ន​​ជា ​​​​របស់បុគ្គលណាមួយជាថ្នាក់ដឹកនាំនោះទេ ដោយលោកវិភាគថា គណបក្ស​ដែ​ល​ខ្លាំង ​មិនមែនពឹងផ្អែកតែមេដឹកនាំម្នាក់ឬពីរនាក់នោះទេ ពោលគឺត្រូវបង្កើតគោ​លនយោបាយដោះ​ស្រា​យ​ប​ញ្ហា​​ជាតិ ឆ្លើ​យតបនឹងបញ្ហាសង្គមពិតៗ និងមានផ្ទៃក្នុងរឹងមាន  ។

អ្នកវិភាគវ័យក្មេងរូបនេះ វិភាគទៀតថា អ្វីដែលសំខាន់ជាងនេះ ដើម្បីសម្រេចគោលដៅចង់កាន់​អំណាច​ឆ្នាំ​២​០១៨ ដោយសន្តិវិធី លោកថា គណបក្សប្រឆាំងមួយនេះ គួបង្កើតឲ្យមានវប្បធម៌ ជជែកទុលមុខគ្នា ដោះ​​​ស្រាយបញ្ហាជាតិរួមគ្នាពីពេលនេះទៅ។

លោកថា៖«អាទាំងអស់ហ្នឹងដែលត្រូវចាប់ផ្តើមនិយាយពីឥឡូវ តែបើសិនជា នៅចាំតែរងគេវ៉ាយ យើ​​ងដើរតួជាជនរងគ្រោះរហូត ហើយយកប្រជាប្រិយភាពតាមរយៈអំពើអាក្រក់របស់អ្នកដទៃ នយោបាយបែបហ្នឹទោះបីឈ្នះក៏ចាញ់ដែរ[ឈ្នះមិនបានកាន់អំណាច] ហើយក៏មិនអាចធ្វើឲ្យជាតិប្រសើឡើងបានដែរ។អញ្ចឹងបើសិនក្នុងចេតនាចង់ដោះស្រាយវិបត្តិជាតិគួជជែងរឿងគោលការណ៍ជាតិឲ្យបានច្រើន ថាតើជាតិត្រូវដោះស្រាយរបៀបណា?ដើម្បីឲ្យមានសេដ្ឋកិច្ចប្រសើរឡើង ដើម្បីឲ្យមានសន្តិសុខជាងមុន ដើម្បីឲ្យមានប្រ​​ព័ន្ធយុត្តិធម៌ល្អជាងមុន ហើយឈប់យកអាចំនុចជាទង្វើអាក្រក់ របស់អ្នកដទៃ មកធ្វើជាចំនុចខ្លាំងខ្លួនឯងដោយមិនបានកសាងអាសេចក្តីខ្លាំងខ្លួនឯងអាហ្នឹងទី១។

ទី២ត្រូវពង្រឹងការជឿទុកចិត្ត ទៅលើគណបក្សមួយទៀតថា នៅពេលដែលខ្លួនឯងឈ្នះទៅ ម្ខាងទៀតអត់មានបញ្ហា ខាងនោះមានសុវត្ថិភាពធ្វើការងារជាមួយគ្នាដើម្បីដោះស្រាយវិបត្តិជាតិរួមគ្នា នឹងជាអ្វីដែត្រូ​​​វចាប់ផ្តើមធ្វើពីឥឡូវ រហូតដល់ថ្ងៃបោះឆ្នោត២០១៨»

សរុបជារួម អ្នកវិភាគថា ការដករូបលោក សម រង្ស៊ី និងលោក កឹម សុខា ចេញពីស្លាក​គណបក្ស​នយោ​បាយនេះ មិនប៉ះពាល់ប្រជាប្រិយភាពធ្ងន់ធ្ង របស់បក្សប្រឆាំងទេ បើពួកគេចេះ​ពន្យល់​​ព​​ល​​​​​រ​ដ្ឋ​ឲ្យ​យល់​ពី​ស្ថា​​នការណ៍នយោបាយ ដែលត្រូវសម្របខ្លួន និងពង្រឹងផ្ទៃក្នុងបានរឹងមាំនោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ