គ.ជ.ប. ​ថាទទួលបានបណ្ដឹង​តវ៉ា​​៤២​ករណី​​នៅ​ទូទាំង​ប្រទេស​ក្រោយ​បិទ​ការ​តវ៉ា

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានឲ្យដឹងថា បណ្ដឹង​តវ៉ា​ចំនួន ៤២ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ដាក់​ទៅ​ស្ថាប័ន​មួយ​នេះ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ៥ និង​នៅ​រាជ​ធានី​ភ្នំពេញ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប. កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ បណ្ដឹង​ដល់​ទៅ ៣៨ កើត​ឡើង​នៅ​ខេត្ត​ពោធិ៍សាត់ និង​បណ្ដឹង​ចំនួន ៧​ កើត​មាន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ខណៈ​បណ្ដឹង ១​ករណី កើត​ឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ កំពត តាកែវ និង​រាជ​ធានី​ភ្នំពេញ។

គ.ជ.ប. បានឲ្យដឹងថា ការ​​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​​​​ដំបូងនៅតាម​ឃុំ-សង្កាត់​ និង​នៅ​តាម​ទីតាំង​ណា​មួយ​ក្នុង​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​បិទ​បញ្ចប់​​ហើយ​កាលពីថ្ងៃទី២៤ ខែធ្នូនេះ​។

ក្រោយពីការបិទបញ្ចប់ គ.ជ.ប. បញ្ជាក់ថា ស្ថាប័ននេះទទួលបាន​ពាក្យបណ្តឹងពីប្រជាពលរដ្ឋ​​ចំនួន ​៤២ ដែលក្នុង​នោះរួមមាន ប្តឹងតវ៉ា​សុំកែតម្រូវ​ទិន្នន័យក្នុងបញ្ជីបោះឆ្នោត ១០បណ្តឹង និង​ប្តឹង​តវ៉ា​សុំ​រក្សា​ទុក​ឈ្មោះក្នុង​បញ្ជីបោះឆ្នោត​មាន​ ៣៩បណ្តឹង​។

អគ្គលេខាធិការរង គ.ជ.ប. លោក សោម សូរីដា មានប្រសាសន៍បន្ថែមថា ការប្តឹងតវ៉ា​របស់​ប្រជា​ពល​រដ្ឋ ជុំវិញការស្នើសុំកែ​តម្រូវ​ទិន្នន័យក្នុងបញ្ជីបោះឆ្នោតនោះ ដោយសារអ្នកខ្លះ ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត ជាដើម​។ ដោយឡែក​អ្នកដែល​ប្តឹងតវ៉ា​សុំរក្សា​ទុកឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយសារ​អ្នកខ្លះ​មានឈ្មោះ​បោះ​​ឆ្នោតស្ទួន (មានឈ្មោះចាប់ពីពីរឡើងទៅ) ករណីនេះ លោកថា គ.ជ.ប. សម្រេច​រក្សាឈ្មោះឲ្យបុគ្គល​នោះ​ មានតែមួយនៅការិយាល័យបោះឆ្នោត ឃុំ-សង្កាត់ កាលពីឆ្នាំ​២០១៧​ដដែល។

គ.ជ.ប. បាន​ចាប់​ផ្ដើមការ​​ចុះ​ឈ្មោះ​បោះឆ្នោត និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា​​កន្លង​មក​នេះ។

របាយការណ៍ គ.ជ.ប. ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង ៥០​ម៉ឺន​នាក់ បាន​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​នេះ ខណៈ​ដែល​ពលរដ្ឋ​ជាង ១​លាន​នាក់​​ទៀត ត្រូវ​បាន​គេ​ដឹង​ថា មិន​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​កន្លង​មក​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ