សាលាខេត្តរតនគិរី បានប្រកាសច្រានចោល ការលើកឡើងថា សហគមន៍មួយនៅខេត្តនោះ យកបង្គន់អនាម័យរបស់កូនស្តេចថៃ ធ្វើជាការិយាល័យ ដោយចាត់ទុកថា ការផ្សព្វផ្សាយកន្លងទៅខុសពីការពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអាជ្ញាធរដែនដី។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៦ ខែកុម្ភៈ សាលាខេត្តរតនគីរី បានលើកឡើងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ មានបណ្តាញសង្គមហ្វេសប៊ុក របស់មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរី គឺលោក ឆាយ ធី និងហ្វេសប៊ុកអ្នកផ្សេងទៀត ដែលសាលាខេត្តថា ចុះផ្សាយថា សហគមន៍បឹងយក្សឡោម បានយកបង្គន់របស់កូនស្តេចថៃ ធ្វើជាការិយាល័យ ក្រោយពីកូនស្តេចថៃ បញ្ចប់ព្រះរាជទស្សនកិច្ចនៅទីនោះ។
សាលាខេត្តអះអាងទៀតថា ការផ្សព្វផ្សាយនោះ ជារឿងមិនពិត និងថាធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាជ្ញាធរដែនដី។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា ក្រោយពីបញ្ចប់ទស្សនកិច្ចរបស់កូនស្តេចថៃ សាលាខេត្តថា ក្រុមការងារខេត្ត បានចុះទៅពិនិត្យនៅក្នុងបន្ទប់នោះ ពុំឃើញមានបង្គន់ដូចការអះអាងទេ តែសាលាខេត្តថា ឃើញមានតែសម្ភារៈប្រើប្រាស់មួយចំនួនដូចជា កៅអី តុដាក់ថូផ្កា ម៉ាស៊ីនត្រជាក់ ទ្វា បង្អួច និងឧករណ៍ប្រើប្រាស់មួយចំនួនទៀត។
សាលាខេត្តរតនគីរី បានព្យាយាមពន្យល់ថា សំណង់អគារដែលសង់នោះ ធ្វើដោយក្រុមហ៊ុនថៃ សម្រាប់ទទួលកូនស្តេចថៃ បានសម្រួលព្រះកាយ បណ្តោះអាសន្ន ក្រោយពីសោយព្រះក្រយ៉ារួច តែក្រោយមកសាលាខេត្តថា ពេលព្រះអង្គម្ចាស់ក្សត្រីយ៍យាងត្រឡប់ទៅប្រទេសថៃវិញ ក្សត្រអង្គនោះ បានប្រគល់សំណង់នោះ ឲ្យសហគមន៍រមនីយដ្ឋានបឹងយក្សឡោមចាត់ចែង និងប្រើប្រាស់តាមតម្រូវការ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តរតនគិរី លោក ឆាយ ធី ដែលថា បានចុះតាមដានករណីនេះ អះអាងថា សហគមន៍រមនីយដ្ឋានបឹងយក្សឡោម ពិតជាយកបង្គន់របស់កូនស្តេចថៃនោះ ធ្វើជាការិយាល័យសម្រាប់ធ្វើការមែន តែក្រោយមកបង្គន់នោះ ត្រូវបានគេរើចេញ និងបិទការ៉ូវិញ។
បើតាម លោក ឆាយ ធី អ្វីដែលលោកដឹង គឺតាមការអះអាងពីប្រធានសហគមន៍ រមនីយដ្ឋានបឹងយក្សឡោម គឺលោក វេន ចឹក។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិនថន បានយាងមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា ចំនួន៣ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤កុម្ភៈ។
ក្នុងព្រះរាជដំណើរទៅកាន់ខេត្តរតនគិរី នៅថ្ងៃទី២២ ខែកុម្ភៈនោះ ព្រះអង្គម្ចាស់ក្សត្រីយ៍បានយាងសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលសុខភាព ដែលជាព្រះរាជអំណោយរបស់ទ្រង់។ ក្រៅពីនោះ ព្រះអង្គក៏បានយាងសោយព្រះក្រយ៉ា នៅមាត់បឹងយក្សឡោម ដែលជារមនីយដ្ឋានដ៏ល្បីល្បាញរបស់ខ្មែរនៅខេត្តរតនគិរីនេះផងដែរ៕