ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាលថា​ បណ្តឹងវិវាទ​​ការងារ​ធ្លាក់​ចុះ ​បន្ទាប់​ពីដាក់​ឲ្យ​ប្រើ​​ច្បាប់​សហជីព

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មូល​និធិក្រុម​ប្រឹក្សា​អាជ្ញាកណ្តាលលោកស្រី ឈីវ ភិរម្យ

ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល ដែល​មាន​នាទី​ដោះ​ស្រាយ​វិវាទ​ការ​ងារបាន​ឲ្យ​ដឹង​ថា​ បន្ទាប់​​ពី​ច្បាប់សហជីព​ត្រូវ​បាន​បង្កើត​ឡើង​ចំនួនពាក្យ​បណ្តឹង​បានថយចុះ ដោយសារ​ការ​កំណត់​ពី​សមត្ថកិច្ច​របស់​សហជីព​នៅ​ក្នុង​ច្បាប់នេះ។

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មូល​និធិក្រុម​ប្រឹក្សា​អាជ្ញាកណ្តាលលោកស្រី ឈីវ ភិរម្យ បាន​ឲ្យ​ដឹង​ថា បណ្តឹង​ពី​វិវាទ​ការងារ​ដែល​បាន​ប្តឹង​មក​កាន់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាលកាន់​តែ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ដោយ​ថា​នៅ​ឆ្នាំ​២០១៥ មាន​៣៦៥បណ្តឹង តែនៅឆ្នាំ​២០១៦ បានថយមកនៅ៣៣០បណ្តឹង និង​ឆ្នាំ​២០១៧ ត្រូវ​បាន​កត់​សំគាល់​ថា​កាន់​តែ​តិច​ជាង​ឆ្នាំ​មុន​បន្ថែម​ទៀត។ លោក​ស្រីបាន​លើក​ឡើង​បន្ថែម​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​បណ្តឹង​នេះ​កាន់តែធ្លាក់​ចុះ​នោះ ដោយ​សារ​តែ​​ច្បាប់​សហជីព​បានកំណត់ពី​សហជីព​ណា ​ដែល​មាន​​សិទ្ធិ​​ពេញ​លេញក្នុង​ការ​ដាក់​បណ្តឹង ដែល​ច្បាស់​លាស់ ត្រឹម​ត្រូវ​​ជាង​ច្បាប់ពី​មុន​។

លោក​ស្រីថា៖ «ពេលនេះ​ សហជីដែលអាចនាំបណ្តឹងមកក្រុមប្រឹក្សាអាជ្ញាកណ្តាល​ បានទាល់តែមានភាពជាតំណាងបំផុត ហើយភាពជាតំណាងរបស់គាត់ត្រូវបានកាត់បន្ថយ ពីមុនទាមទារឲ្យមានសមាជិកភាពចាប់ពី៥០បូកមួយ។ ច្បាប់សហជីពថ្មី បានបន្ធូរបន្ថយឲ្យតែ៣០%​ទេ បានបន្ធូរបន្ថយតែត្រូវតែមានលក្ខខណ្ឌ​ ទើបអាចយកមក​​ដាក់បាន។បើមិនអញ្ចឹងទេ​ គេមិនមែនហៅគាត់ថាជាសហជីពដែលមានភាពជាតំណាងបំផុតបានទេ។ បើសិនជាសហជីពគាត់បង្កើត​​ឡើងកាលពីម្សិលមិញ ហើយគាត់​​យករឿងមកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលមុមានរឿងពោពាស មានរឿងច្រើ​ អាហ្នឹងវាបានជួយម្យ៉ាងដែរ »

ប្រ​ធាន​សហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថា​បណ្តឹង​ធ្លាក់​ចុះ​មែន​តែ​មិន​អាច​បញ្ជាក់​ថា ​ក្នុង​វិស័យការ​ងារ​មិន​មាន​វិវាទ​ទេ។ លោក​ថាបន្ទាប់​ពី​មាន​ច្បាប់​នេះ មក​មាន​បណ្តឹង​ជា​ច្រើន​ដែល​ត្រូវបាន​ក្រសួង​ការ​ងារ​សម្រេច​មិន​បញ្ជូន​ទៅ​កាន់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដោយ​សា​រ​តែ​លើក​ឡើង​ថា​ សហជី​ព​នោះ​មិន​​មែន​តំណាង​ឲ្យ​កម្មករ​ពិត​ប្រាកដ​ ហើ​យ​សហជីព​មួយ​ចំនួន​ទៀត​សោត​មិនត្រូវ​បានក្រសួង​ទទួល​ចុះ​បញ្ជី​នោះ​ទេ​​។ លោក​ចាត់​ទុ​ក​ថា​ច្បាប់នេះវា​បាន​រឹតត្បិត​សិទ្ធិ​សេរីភាពរបស់​សហជីព និង​ធ្វើ​ឲ្យ​ខាតប្រយោជន៍​របស់​កម្មករធ្ងន់​ធ្ងរ។

លោក​ថា៖ «ធាតុពិនីតិវិធីពីមុនគឺយើងប្រើតាមច្បាប់ស្តីពីការងារ តែឥឡូវច្បាប់ស្តីពីសហជីពហាក់ដូចជាគ្រប់ដណ្តប់ច្បាប់ស្តីពីការងារក៏ដូចជានីតិវិធីមួយចំនួនព្រោះអីនៅក្នុងហ្នឹងគេបានចែងពីអំណាចរបស់សហជីព ព្រោះថាសហជីពដែលមានភាពជាតំណាងបំផុតទើអាចតំណាងឲ្យកម្មករដូច្នេះកម្មករម្នាក់គាត់អត់បានចូលសហជីពណាទេ ហើយគាត់ទៅពឹងតំណាងសហជីពឲ្យជួយគាត់ដើម្បីឲ្យសហជីពដែលគាត់ទៅពឹងនោះ ក៏អត់អាចធ្វើជាតំណាងឲ្យគាត់បានដែរ អញ្ចឹងយើងពិបាកដែលរកបុគ្គលណាដែលការពារកម្មករហើយ »

គួររំលឹក​ផង​ដែរ​ថា ច្បាប់ស្ដីពីសហជីពត្រូវបានដាក់ឲ្យអនុវត្តកាលពីខែឧសភាឆ្នាំ២០១៦ ដែល មានចំនួន១៧ជំពូកនិង១០០មាត្រា។ ចំពោះបក្សប្រឆាំង សហជីពឯករាជ្យ ​និងអង្គការសង្គមស៊ីវិល នៅ​តែអះអាងថា ច្បាប់សហជីពនេះ មិនបានការពារប្រយោជន៍សហជីពនិងកម្មករនោះទេ ខណៈ​ខ្លឹម​សារ​ខ្លះគឺមានចរិតផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ