ការប្រកួតដណ្ដើមខ្សែក្រវាត់មាសនៅក្នុងប្រទេសថៃកាលពីយប់ថ្ងៃទី២៦ កុម្ភៈ កីឡាករកម្ពុជា មឿន សុខហ៊ុច មិនទទួលជោគជ័យនោះទេ បន្ទាប់ពីគេត្រូវបានគណកម្មការផ្គូរផ្គងអោយប៉ះជាមួយជាកីឡាករជនជាតិបារាំង។ ពេញរយៈពេល៣ទឹក កីឡាករកម្ពុជាខំណាស់ តែនៅតែមិនអាចទៅរួចសម្រាប់ឱកាសឡើងដណ្ដើមខ្សែក្រវាត់នៅវគ្គផ្ដាច់ព្រ័ត្ត។
ការប្រកួតដែលបានធ្វើឡើងនៅខេត្តប៉ាតាយ៉ាប្រទេសថៃនេះ ជាជំនួបប៉ះគ្នារវាងកីឡាករ៤រូបដែលសុទ្ធតែជាម្ចាស់ខ្សែក្រវាត់ប្រាក់នៅក្នុងព្រឹត្តិការណ៍នេះកាលពីច្រើនខែមុន។ ការប្រកួតនេះត្រូវបានរៀបចំដោយគណកម្មការអន្តរជាតិរបស់ប្រទេសថៃ ដោយមានកីឡាករផ្នែកប្រដាល់សេរីច្រើនប្រទេសចូលរួម ដោយការប្រកួតលើកទី១ជ្រើសបានម្ចាស់ខ្សែក្រវាត់ប្រាក់ម្នាក់ លើកទី២ជ្រើសបានម្ចាស់ខ្សែក្រវាត់ប្រាក់ម្នាក់ លើកទី៣ជ្រើសបានខ្សែក្រវាត់ប្រាក់ម្នាក់ និងលើកទី៤ជ្រើសបានម្ចាស់ខ្សែក្រវាត់ប្រាក់ម្នាក់ទៀត ទើបតម្រូវអោយម្ចាស់ខ្សែក្រវាត់ប្រាក់ទាំង៤ប៉ះគ្នាកាលពីយប់ថ្ងៃទី២៦ កុម្ភៈ ដើម្បីដណ្ដើមយកខ្សែក្រវាត់មាស។
ក្នុងចំណោមម្ចាស់ខ្សែក្រវាត់ប្រាក់ទាំង៤ កីឡាករកម្ពុជាមឿន សុខហ៊ុច គឺម្ចាស់ខ្សែក្រវាត់ប្រាក់របស់ព្រឹត្តិការណ៍ MAX Muy Thai ត្រូវបានមហាជនចាប់អារម្មណ៍តាមដានយ៉ាងខ្លាំង សម្រាប់ការប្រកួតនាយប់នោះ។ ក្នុងនោះកីឡាករកិត្តិយសមកពីប្រទេសផ្សេងៗក៏ឃើញប្រកួតគ្នាកម្រសង្វៀនផងដែរ ដោយគ្រាន់តែការប្រកួតគ្នារវាងពួកគេមិនសូវការចាប់អារម្មណ៍ដូចការប្រកួតរបស់កីឡាករម្ចាស់ខ្សែក្រវាត់ប្រាក់ទាំង៤។
ម្ចាស់ខ្សែក្រវាត់ប្រាក់ទាំង៤នោះរួមមាន កីឡាករកម្ពុជា មឿន សុខហ៊ុច(កម្ពុជា) កីឡាករ Luke Bar ជនជាតិវែលឡ៍ កីឡាករ Fabrice Delannon ជនជាតិហ្គាណា និងកីឡាករ Guillaume Pascal ជនជាតិបារាំង។ កីឡាករទាំង៤តម្រូវអោយចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗ ដោយកីឡាករកម្ពុជាប៉ះជាមួយកីឡាករជនជាតិបារាំង ហើយកីឡាករអឺរ៉ុប និងស្បែកខ្មៅប៉ះគ្នា។ ការប្រកួតនេះ គឺអ្នកឈ្នះ២រូបប៉ះគ្នាដណ្ដើមយកខ្សែក្រវាត់មាស ហើយអ្នកចាញ់ត្រូវអស់ឱកាស ដោយសារតែមិនមានការប្រកួតកំណត់យកលេខ៣ និងលេខ៤នោះឡើយ។ អ៊ីចឹងហើយទើបក្រោយប្រកួតចាញ់ មឿន សុខហ៊ុច មិនត្រឹមតែបាត់ខ្សែក្រវាត់មាសដែលខ្លួនចង់បានប៉ុណ្ណោះទេ ប៉ុន្តែក៏បាត់ទឹកប្រាក់ប្រមាណជា៣ម៉ឺនដុល្លារ ដែលកម្មវិធីកំណត់អោយនោះដែរ។
យោងតាមការប្រកាសអ្នកឈ្នះខ្សែក្រវាត់មាស នឹងទទួលទឹកប្រាក់ប្រមាណជា៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទើបគេឃើញកីឡាករទាំង៤ប្រឹងណាស់ដើម្បីមុខមាត់ខ្លួនផង និងដើម្បីបានលុយត្រលប់មកវិញផង។ កីឡាករមឿន សុខហ៊ុន ថ្លែងប្រាប់មុនចេញទៅប្រកួតថាបើប្រកួតចាញ់កីឡាករទាំងអស់នឹងបានតែតម្លៃខ្លួនប៉ុណ្ណោះ ប៉ុន្តែលោកមិនបានដឹងថាតម្លៃខ្លួនសម្រាប់អ្នកមិនបានខ្សែក្រវាត់មាស នឹងបានកម្រិតណានោះទេ។
យ៉ាងណាមិញ លោកថាបើប្រកួតឈ្នះនឹងទឹកប្រាក់ច្រើន ទើបលោកប្រឹងប្រែងហ្វឹកហាត់ណាស់មុនពេលមានឈ្មោះឡើងយន្តហោះចេញទៅប្រកួត។ ការប្រកួតដែលបានធ្វើឡើងនោះ កីឡាករកម្ពុជាដែលជាម្ចាស់ខ្សែក្រវាត់ប្រាក់មួយ មានឱកាសវាយត្រូវគូប្រកួតច្រើនក្នុងទឹកទី១ ប៉ុន្តែក្នុងទឹកទី២ និងទី៣ ចាញ់កម្លាំងកីឡាករបារាំងទើបគេឃើញអ្នកទស្សនាតាមការបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍លេខ៨ថៃ បានដឹងតាំងពីមុនប្រកាសលទ្ធផលថាកីឡាករកម្ពុជាចាញ់ពិន្ទុ។
យ៉ាងណាមិញ ក៏ចាត់ទុកថាជាមុខមាត់ផងដែរ ដោយសារតែការប្រកួតនោះត្រូវបានធ្វើឡើងនៅក្នុងប្រទេសថៃតែមិនមានកីឡាករថៃក្នុងចំណោម៤នាក់ ដែលមានសិទ្ធិឡើងប្រកួតយកខ្សែក្រវាត់មាស់៕