សិទ្ធិលំនៅឋានថា បញ្ហាដីធ្លីនឹងធ្វើឲ្យបក្សកាន់អំណាចចាញ់ឆ្នោតបើមិនដោះស្រាយបញ្ចប់

ក្រុមការងារពិសេសសិទ្ធិលំនៅឋានបានចេញលិខិតចំហមួយ ព្រមានថា បញ្ហាដីធ្លីនៅតែជាកត្តាចំបងមួយ ទា​ញ​​ទម្លាក់​ប្រជាប្រិយភាពបក្សកាន់អំណាច បើរដ្ឋាភិបាលមិនព្យាយាមរកដំណោះស្រាយ បញ្ច​ប់​ជ​ម្លោះនេះ មុនការបោះឆ្នោតថ្នាក់ជាតិចូលមកដល់។

សេច​ក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ខែមិថុនា ក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានកត់សម្គាល់ថា សហគ​មន៍​​មា​នជម្លោះដីធ្លី នៅរាជធានីភ្នំពេញ ចំនួន៣៦ ​ក្នុងនោះមាន២៨សហគមន៍ បានបោះឆ្នោ​តទម្លាក់ចៅសង្កាត់ រ​ប​​​​​ស់​​ប​ក្សកាន់អំណាច និងមានតែ៨សហគមន៍ទេដែលបានបោះឆ្នោតគាំទ្របន្ត។

បន្ថែមលើសេចក្តីថ្លែងការណ៍នេះ មន្ត្រីព័ត៌មាននិងច្បាប់ របស់ក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក ស្រី សុភ័ក្ត្រ លើកឡើងថា សហគមន៍ដែលព្រមទទួលយកការសន្យាជាបណ្តោះអាសន្នមុខបោះឆ្នោតឃុំ សង្កាត់ លោកថាពួកគេនឹងមិនបោះឆ្នោតគាំទ្របក្សកាន់អំណាចទេ បើដំណោះស្រាយមិនត្រូវ​ធ្វើឡើ​ង​នៅ​មុ​​​ន​​ការបោះឆ្នោ​​តជាតិចូលមកដល់នៅឆ្នាំ២០១៨ខាងមុខនេះ។

លោកថា៖ «ដោយសារតែយើងសាកសួរប្រជាពលរដ្ឋ សហគមន៍ ដែលគាត់មានបញ្ហាដីធ្លីគាត់ថា គាត់​ព្រម​ជឿនៅឆ្នាំ២០១៧នេះ គាត់បោះឆ្នោតគាំទ្រដដែល​សម្រាប់សង្កាត់ចំនួ​ន៨ដែលប្រជាពលរដ្ឋ​គាត់​នៅ​មា​នបញ្ហានៅឡើយ។ ហើយគាត់ថា បើមិនព្រមដោះស្រាយនៅមុនឆ្នាំ២០១៨ទេ ដល់ពេល​នោះគាត់​ថា នឹ​ងបោះទម្លាក់»។

បើតាមលោក​ ស្រី សុភ័ក្ត្រ តំណែងចៅសង្កាត់ មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលមានបញ្ហាដីធ្លី ហើយ​ពួ​​កគេនៅបន្តជាប់ឆ្នោតនោះ លោកថា ដោយសារការដោះស្រាយ របស់អាជ្ញាធរ អាចឲ្យពលរដ្ឋ ទទួ​លយ​កបាន គ្មានការបណ្តេញចេញទាំងបង្ខំ ដូចជាអ្នករស់នៅលើអាគារប៊ូឌីង ក្នុងសង្កាត់ទន្លេបា​សាក់ជាដើ​ម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ជាគោល​ការណ៍គ​ណ​បក្សបា​ននឹ​ង​ជំ​​រុ​ញករណីនេះ។ ប៉ុន្តែលោកថាបញ្ហាដែលនៅអូសបន្លាយដោយថា អាជ្ញា​ធរត្រូវការ​ឯកសារ​ជាក់​លា​​ក់ប​ន្ថែមទៀតមុនឈានទៅអន្តរាគមន៍បញ្ចប់ជម្លោះនេះ។

លោកថា៖ «គេខិតខំដោះស្រាយណាស់ហើយ ប៉ុន្តែសួរថាគេដោះស្រាយលើអី? អញ្ចឹងមានតែយកគោ​លការ​ណ៍​ច្បាប់គោលការណ៍ជាក់ស្តែងយកមកអនុវត្ត​ន៍ ដូចជាបូរីកីឡាអញ្ចឹងដល់តែគេទាមទារ ថាឯ​ណា​ឯក​សារដែលអ្នកឯងថាមកនៅយូហើ​យ ពីឆ្នាំណាដល់ឆ្នាំណា អ្នកឯងមានឯក​សារអី។​ ដូ​ចជាគ្រួសារថ្មីចូលមកនឹងមានឯកសារស្អីខ្លះ? ដល់គេរកឯកសារវាអត់មានបង្ហាញគេ ដល់អញ្ចឹង​ការ​ដោះ​ស្រាយ​មិនចេញនេះ វាមិនមែនមកពីអ្នកដោះស្រាយទេ វាលើអ្នកដែលត្រូវ​ឲ្យគេដោះស្រា​យហ្នឹងវា​អត់មា​នអី​បង្ហា​​ញគេ ដើម្បីសំអាងថាខ្លួនត្រូវទទួលបានចំណែងដែលខ្លួនត្រូវទទួលបាននោះ វាអញ្ចឹងហ្អេស វា​មាន​បញ្ហាអញ្ចឹង»។

កាលពីការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា កាន់កាប់តំណែងចៅស​ង្កាត់ទាំងអស់ក្នុងរាជធា​នីភ្នំពេញ។ ប៉ុន្តែនៅឆ្នាំ២០១៧នេះ គណបក្សកាន់អំណាចមួយនេះ បានបាត់បង់​តំណែង ជាចៅសង្កាត់អស់ចំនួន៥៧នាក់ ទៅគណបក្សប្រឆាំង ក្នុងចំណោម១០៥សង្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ