សមាជិកសភា​បក្ស​ប្រជា​ជនព្រមានចាត់ការ​លើ​​ឧត្តម​ស្នងការសិទ្ធិមនុស្ស​អង្គការ​សហប្រជាតិ

តំណាងរាស្រ្ត​បក្សកាន់អំណាច លោក ឈាង វុន

សមាជិក​សភា​គណបក្ស​ប្រជា​ជនបាន​វាយ​ប្រហារ​ទៅ​លើ​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ ថា​បាន​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា និង​ថា​ត្រៀម​ចាត់​វិធាន​ការ​នានា​ទៅ​លើការ​ជ្រៀត​ជ្រែកនេះ ដើម្បី​ឲ្យមាន​ការ​​គោរព​ច្បាប់របស់​កម្ពុជា។

សមាជិកសភា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា២រូប ដែលចូលរួមប្រជុំនៅព្រឹទ្ធសភានៅថ្ងៃនេះ ដើម្បីពិនិត្យនិងការពារសេចក្តីស្នើច្បាប់​ស្តីពីគណបក្សនយោបាយ​ ​បានឆ្លៀត​វាយ​ប្រហារ​ទៅ​លើ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ ថា​​​បាន​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​ និង​ពុំ​ស្គាល់​ច្បាប់​របស់​ប្រទេស​កម្ពុជា។

សមាជិកព្រឹទ្ធសភាលោក គង់ សារាជ មាន​ប្រសាសន៍​ថា ខណៈដែល​ព្រឹទ្ធសភា កំពុង​រៀប​ចំ​នីតិវិធីនៃ​ការ​ពិនិត្យ​ច្បាប់ស្តីពីគណបក្ស​នយោបាយ​​នោះ កាលពី​ថ្ងៃ​ទី​២៤ កុម្ភះ ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្សនៃ​​អង្គការ​សហ​ប្រជា​ជាតិ បាន​ដាក់​លិខិត​មក​សុំ​ជួប​ប្រធា​ន​ព្រឹទ្ធិសភា ពិភាក្សា​ពីច្បាប់​នេះ។​ លោកចាត់ទុក​ថា អង្គការ​នេះ​​កំពុង​តែ​បំពានទៅ​លើ​រដ្ឋ​ធម្មនុញ្ញរបស់​កម្ពុជា ​មិន​អាចទទួល​យក​បាន និង​ថាត្រៀម​ចាត់​វិធានការនានា​ចំពោះ​ការ​ជ្រៀត​ជ្រែត​នេះ។

សមាជិក​រដ្ឋ​សភាលោក ឈាង​ វុន បាន​បន្ថែម​ពី​លើ​លោក គង់ សារាជ​ ថាការិយាល័យ​នេះ​គួរ​តែ​ត្រូវ​បាន​បញ្ចប់​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា​ជា​យូរ​មក​ហើយ។ លោក​ថាលោក​សោក​ស្តាយ​ដែល​ការិយាល័យ​នេះ​​ នៅ​តែ​បន្តព្យាយាម​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជាបន្តទៀត បើ​ទោះ​បី​កម្ពុជា​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ការិយាល័យ​នេះ​គោរព​អធិបតេយ្យ​របស់​កម្ពុជា​ក៏​ដោយ។

វីអូ​ឌី​មិន​ទាន់​អាច​សុំការ​ឆ្លើយ​បំភ្លឺ​ពីការិយាល័យឧត្តមស្នងការអង្គការសហប្រជា​ជាតិទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​បាន​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៨ខែកុម្ភះនេះ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ថា​កម្ពុជា​មានអធិបតេយ្យភាព​​​របស់​ខ្លួនមែន តែ​អធិបតេយ្យ​នេះ​ត្រូវ​បាន​ចង​ដោយរដ្ឋ​ធម្មនុញ្ញអង្គការ​សហ​ប្រជាជាតិ ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ហើយ​​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​នេះ ​មាន​សិទ្ធិ​ក្នុង​ការ​អន្តរាគមន៍​ ​ឲ្យកម្ពុជា​គោរព​តាម​អ្វី​ដែល​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា។ លោក​យល់​ថា​ ប្រតិកម្ម​របស់​សមាជិក​សភាប​ក្សកាន់​អំណា​ច​នេះ​គឺ​ជា​ការ​ខំប្រឹង​សំដែង​ពី​ភាព​រឹង​មាំ​របស់​ខ្លួន និង​ព្យាយាម​បំបាក់​ស្មារតី​របស់​ពល​រដ្ឋ​មួយ​ចំនួន​ដែល​ចង់​ទាម​ទារសេរីភាព។

គួរ​រំលឹក​ផង​ដែរថាកាល​ពី​ថ្ងៃ​ទី​១៩ខែធ្នូ២០១៦ រដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ដើម្បីឲ្យអង្គការ​អន្តរជាតិ​នេះបន្ត​ការងារ​​នៅ​កម្ពុជា សម្រាប់​រយៈពេល ២​ឆ្នាំ​ទៀត។

មុន​នឹង​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​ជាថ្មីនេះ រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន កាល​ពី​ថ្ងៃ​ទី​២២ខែវិច្ឆិកាឆ្នាំ២០១៦ បាន​ផ្ញើ​លិខិត​ទៅ​កាន់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ដោយព្រមាន​បញ្ឈប់​កិច្ច​ប្រតិបត្តិការ ឬ បិទបញ្ចប់​ការិយាល័យនេះ ដោយចោទថា បានជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ