ពលរដ្ឋនៅខេត្តកំពតរកអន្តរាគមន៍ពីរដ្ឋាភិបាលជួយដោះស្រាយវិវាទដីធ្លី

ពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកឈូកខេត្តកំពត

ពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកឈូកខេត្តកំពតប្រមាណជិត១០០នាក់នៅថ្ងៃអង្គារនេះ រកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ដោយថាអាជ្ញាធរខេត្ត ដោះស្រាយមិនមានតម្លាភាព។

លោក ថន សុខា ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋប្រាប់អ្នកសារព័ត៌មានថា ពលរដ្ឋចំនួន១៨៩គ្រួសាររស់នៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានជម្លោះដីធ្លីជាមួយបុគ្គលមានលុយមានអំណាចពីរនាក់ គឺ ឈ្មោះ អាំង ផល្លីន ភេទប្រុស និងឈ្មោះ ហ៊ាង សុគន្ធី ភេទស្រី តាំងពីឆ្នាំ២០១៤ ដោយលោកថា កាលនោះបុគ្គលទាំងនាក់នោះបានយកគ្រឿងចក្រមកឈូសឆាយផ្ទះ ដំណាំផ្សេងៗ និងបានប្រើបក្សពួកមកវាយពលរដ្ឋមិនឲ្យតវ៉ាទៀតផង។

លោកបន្តថា បើទោះជាមានការប្រើហិង្សាក៏ដោយ ពលរដ្ឋនៅតែនាំគ្នាតវ៉ា ហើយក្រោយមកនៅខែឧសភាឆ្នាំ២០១៦ អាជ្ញាធរខេត្តបានសន្យាចុះវាស់វែងដីនោះជូនពលរដ្ឋដែលតវ៉ា ប៉ុន្តែលោកថាអាជ្ញាធរមិនបានវាស់វែងជូនគាត់ទេ គឺវាស់វែងឲ្យទៅពលរដ្ឋផ្សេងដែលមិនធ្លាប់តវ៉ាទៅវិញ។

លោកបន្ថែមថា «ខ្ញុំមកក្រសួងដែនដីនេះ ដើម្បីឲ្យក្រសួងហ្នឹងជួយវាស់វែងដីជូនពួកខ្ញុំហ្នឹង ឲ្យបានខ្ញុំជាម្ចាស់ដីពិតប្រាកដ ព្រោះអាជ្ញាធរចេញប្លង់នោះមិនមានឈ្មោះពួកខ្ញុំអ្នកតវ៉ាទេ ហើយខ្ញុំឆ្ងល់ថា ពួកខ្ញុំអ្នកតវ៉ាហេតុអីមិនព្រមចេញឲ្យពួកខ្ញុំអ្នកតវ៉ា ហេតុអីចេញបានជាចេញ ទៅអ្នកមិនតវ៉ាទៅវិញ»។

ពលរដ្ឋម្នាក់ទៀត លោក ហេង សឿន ឲ្យដឹងថា លោកបានមករស់នៅលើដីនោះតាំងឆ្នាំ២០០៥ ដោយកាន់កាប់ដីទំហំ១០ហិកតា ប៉ុន្តែនៅឆ្នាំ២០១៤ បុគ្គលឈ្មោះ អាំង ផល្លីន និងឈ្មោះ ហ៊ាង សុគន្ធី យកគ្រឿងមកឈួសឆាយរំលោភយកទាំងអស់ និងបានប្រើអំពើហិង្សា លើពួកគាត់ដែលចេញតវ៉ាថែមទៀត។

លោកបន្តថា ចាប់តាំងពីមានទំនាស់ដីធ្លីនោះមកគ្រួសារលោកគ្មានដីសម្រាប់ធ្វើកសិកម្មដើម្បីបង្កបង្កើនផលនោះទេ។

លោកបន្ថែមថា «ប្រជាជននៅក្នុងតំបន់ហ្នឹងភាគច្រើនជាពលរដ្ឋក្រីក្រ និងជាអ្នកទន់ខ្សោយ ដល់អញ្ចឹងគាត់{បុគ្គលឈ្មោះ អាំង ផល្លីន និងឈ្មោះ ហ៊ាង សុគន្ធី}ទន្រ្ទានយកតាមអំពើចិត្ត របស់គាត់ ហើយបើប្រជាជនណាមិនព្រមដោះដូរដីឲ្យគាត់ៗនឹងធ្វើទារុណកម្ម ដូចរូបខ្ញុំផ្ទាល់ គឺគាត់ឲ្យខ្ញុំដូរដីឲ្យគាត់ដល់ខ្ញុំមិនព្រមដូរគាត់បានបញ្ជាកូនចៅរបស់គាត់ឲ្យមកវាយខ្ញុំសន្លប់ពីរដង»។

លោកបន្តថា កន្លងមករូបលោកនិងពលរដ្ឋផ្សេងទៀតធ្លាប់ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរខេត្តឲ្យជួយដោះស្រាយជាច្រើនដងហើយ ប៉ុន្តែលោកថាអាជ្ញាធរទាំងនោះមិនយកចិត្តជួយភាគីខាងពលរដ្ឋនោះទេ។

វិអូឌីមិនអាចទាក់ទងឈ្មោះ អាំង ផល្លីន និងឈ្មោះ ហ៊ាង សុគន្ធី ដើម្បីឆ្លើយបំភ្លឺករណីនេះបានទេ។ ចំណែកអនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី លោក ហេង រ៉ាន បានចេញមកជូបពលរដ្ឋនិងបានស្នើឲ្យពលរដ្ឋទាំងនោះដាក់ពាក្យបណ្តឹងទៅមន្ទីសុរីយោដីខេត្តកំពត ដោយថាលោកបានទាក់ទងទៅរួចហើយដើម្បីឲ្យដោះស្រាយលើករណីនេះ។

លោកបន្ថែមថា «ខាងក្រសួងមិនអាចទាន់លូកដៃបានទេ ព្រោះពេលនេះ គឺជាដំណាក់កាល ដែលគេកំពុងបិទប្រកាសបញ្ជីឈ្មោះក្បាលដីនៅឡើយ អញ្ចឹងខ្ញុំសុំណែនាំឲ្យពលរដ្ឋទាំងអស់ គ្នាហ្នឹងទៅមើលក្បាលក្បាលដីឡើងវិញ ក្បាលដីនៅកន្លែងណា ? លេខប៉ុន្មានប្តឹងទៅមន្ទីកន្លែងហ្នឹង? ខ្ញុំតេទៅប្រធានមន្ទីរួចហើយ»។

ពលរដ្ឋឲ្យដឹងថា ដីពួកគេដែលបុគ្គលឈ្មោះ អាំង ផល្លីន និងឈ្មោះ ហ៊ាង សុគន្ធី រំលោភយកនោះសរុបទំហំជិត១០០០ហិកតា ដោយភាគច្រើនជាដីចំការមានដំណាំដូចជាដូង ខ្នុរ ស្វាយ និងដំណាំផ្សេងទៀត។

កន្លងមកប្រជាពលរដ្ឋធ្លាប់រកអន្តរាគមន៍ពីអាជ្ញាធរខេត្តកំពតជាច្រើនដងនិងក្រសួងរៀបចំដែននគររូបនីយកម្ម និងសំណង់ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ