ជិត៣%នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតនៅឃុំអញ្ចាញរូងមិនទាន់យល់ពីរបៀបគូសសន្លឹកឆ្នោត

យ៉ាងហោចណាស់ពលរដ្ឋឃុំអញ្វាញរូងបីនាក់ក្នុងចំណោម១០០នាក់ ដែលមានសិទ្ធិបោះឆ្នោត បានគូសមិន​ត្រឹម​ត្រូវ​លើ​សន្លឹក​ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃអាទិត្យទី៤ខែមិថុនា ឆ្នាំ២០១៧។

យោងតាមការបិទផ្សាយតារាងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនៅឃុំអញ្ចាញរូងបានបង្ហាញឲ្យឃើញថា ក្នុង​ចំណោម​សន្លឹកឆ្នោត២៧៥៥សន្លឹក មានសន្លឹកឆ្នោតមិនបានការចំនួន៧០ដែលស្មើនឹង២.៥៤%។

អ៊ុំស្រីវ័យ៨០ឆ្នាំម្នាក់បានឲ្យដឹងថា គាត់មិនចេះអក្សរហើយភ្នែកក៏អន់ ដូច្នេះពេលឃើញមានរូបសញ្ញាច្រើនលើ សន្លឹកឆ្នោតធ្វើឲ្យគាត់មានការភ័នភាំង៖ «ខ្ញុំចាស់អាយុ៨០ហើយ ខ្ញុំមើលអត់ឃើញទេ ខ្ញុំងងឹតហើយ ខ្ញុំឮគេផ្សព្វផ្សាយដែរ តែខ្ញុំស្ដាប់អត់បាន»។

ពលរដ្ឋទើបគ្រប់អាយុបោះឆ្នោតម្នាក់លើកឡើងថា គាត់ទើបបានបោះឆ្នោតជាលើកដំបូង ហើយគាត់មិនទាន់យល់ ច្បាស់ពីរបៀបគូសសន្លឹកឆ្នោតនោះទេ៖ «គេប្រាប់ថាឲ្យទៅគូសក្នុងបន្ទប់សម្ងាត់ ខ្ញុំក៏ទៅគូសនៅបន្ទប់ទៅ(មិនមែនគូសលើសន្លឹកឆ្នោត)»។

អ្នកស្រី ញ៉ែម ធា ជាអ្នកសង្កេតការណ៍មកពីគណបក្សសង្គ្រោះជាតិ បានកត់សម្គាល់ថា អ្នកបោះឆ្នោតខ្លះ​ពេល​ទទួល​បាន​សន្លឹក​ឆ្នោតយកទៅដល់បន្ទប់ហើយងាកមកសួរក្រុមការងារថាគូសកន្លែងណា? រីឯអ្នកខ្លះទៀត​ពេល​ទទួល​បាន​សន្លឹក​ឆ្នោត​ហើយ​មិន​គូស​លើសន្លឹកឆ្នោតទេ តែបែរជាទៅគូសលើបន្ទប់សម្ងាត់ទៅវិញ ហើយ​អ្នក​ខ្លះ​ទៀត​គូស​គណបក្ស​ទាំង​អស់​ដែល​មាន​លើស​ន្លឹក​ឆ្នោត​តែ​ម្ដង នេះគឺយើងសង្កេតឃើញនៅពេលពិនិត្យនិងរាប់សន្លឹកឆ្នោត៖ «ប្រហែលជាពលរដ្ឋខ្លះគាត់មិនមានការយល់ដឹងហើយបានជាគាត់គូសអញ្ចឹង»។

អ្នកស្រី ឃុត សាវុត ជាភ្នាក់ងារសង្កេតការណ៍នៃអង្គការខុមហ្រ្វែល ទទូចសូមឲ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ស្វែងយល់ពីរបៀបគូសសន្លឹកឆ្នោត៖ «សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទិកដាក់ស្ដាប់នូវការផ្សព្វផ្សាយអំពីការបោះឆ្នោត​របស់ គជប ដើម្បី​ការ​បោះ​ឆ្នោ​ត​អាណត្តិ​ក្រោយៗទៀតកុំឲ្យមានការខុស ព្រោះអីសន្លឹកឆ្នោតមួយសន្លឹកវាមានសារៈសំខាន់ណាស់»។

ដោយផ្ដោតទៅលើអ្នកដែលទើបគ្រប់អាយុបោះឆ្នោត អ្នកស្រី ម៉ិល រី ភ្នាក់ងារសង្កេតការណ៍សមាគមនារី​បានលើកឡើងថា ពួក​គេគឺជាក្រុមដែលមានការយល់ដឹងតិចតួចពីការគូសលើសន្លឹកឆ្នោត៖ «ប្រជាពលរដ្ឋមិនទាន់យល់ពីការគូសសន្លឹកឆ្នោតហ្នឹង សូមយកចិត្តទុកដាក់ស្ដាប់តាមវិទ្យុ ទូរទស្សន៍ ខិត្តប័ណ្ណផ្សេងៗ ដែល​គេ​បិទ​នៅតាមការិយាល័យ សុំឲ្យយកចិត្តទុកដាក់ឲ្យចេះគូសទាំងអស់គ្នា»។

នៅក្នុងឃុំអញ្ចាញរូងមានគណបក្សនយោបាយចំនួនបីបានចូលរួមប្រកួតប្រជែង ក្នុងនោះមានគណបក្ស ប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែររួបរួមជាតិ។ ពលរដ្ឋចំនួន២៩៧៩នាក់បានចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោត។ ពលរដ្ឋជាង៩២ភាគរយបានទៅបោះឆ្នោតនៅក្នុងការ​បោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ​សង្កាត់​កាលពី​ថ្ងៃទី​០៤ ខែ​មិថុនា​ថ្មីៗនេះ។

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) បាន​ប្រកាសថា​មាន​សន្លឹក​ឆ្នោត​មិន​បានការ​ចំនួន​​ប្រមាណជា​១៣ម៉ឺនសន្លឹក នៅក្នុងការ​បោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណតិ្តទី៤នេះ។

លោកបណ្ឌិត ហង់ ពុទ្ធា អ្នកនាំពាក្យ គជប មិនទាន់អាច​បញ្ជាក់​បាន​ទេ​ថាតើ​គជប​នឹង​មានវិធានការ​អ្វី​ខ្លះដើម្បី​​បញ្ជ្រាប​ការ​យល់​ដឹង ឬ​ផ្តល់ការ​អប់រំ​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​បាន​យល់​ដឹងពីការ​គូសលើ​សន្លឹកឆ្នោត៖ «ចំពោះដំណោះស្រាយ គឺចាំមើលខាង គជប លោកប្រជុំគិតថាយ៉ាងម៉េចៗ ឥឡូវយើងកំពុងជំរុញ រឿងលទ្ធផលបោះឆ្នោតសិន»។

យោងលទ្ធផលរបស់គជបបង្ហាញថា គណបក្សសង្គ្រោះជាតិទទួលបាន៩៥៦សម្លេង គណបក្សប្រជាជនកម្ពុជាទទួលបាន១៦៣១សម្លេង និងគណបក្សខ្មែររួមរួមជាតិទទួលបាន៩៨សម្លេង។

យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា មាត្រា៣៤ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោតនិងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។

មាត្រា៣៥ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ៕

ដោយ​លោក គីម សេង CJs ខេត្ត​កំពង់ឆ្នាំង

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។