សកម្មជនដីធ្លីលេចធ្លោម្នាក់នៅតំបន់បឹងកក់គឺអ្នកស្រី ទេព វន្នី។ ស្រ្តីអាយុ៣៧ឆ្នាំរូបនេះត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារចំនួន៣ដងមកហើយ។
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ អ្នកស្រី ទេព វន្នី រួមទាំងស្ត្រី១២នាក់និងបុរសម្នាក់ទៀតដែលជាម្ចាស់ដីត្រូវបានអាជ្ញាធរចាប់យកទៅដាក់ពន្ធនាគារព្រៃសអស់រយៈពេល១ខែ៣ថ្ងៃ។
ក្រោយចេញពីពន្ធនាគារវិញ អ្នកស្រី ទេព វន្នី ត្រូវបានអតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ប្រគល់ពានរង្វាន់ «ជាស្ត្រីឆ្នើមមេដឹកនាំពិភពលោក»។
នៅឆ្នាំ២០១៤អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនម្ដងទៀតហើយឃុំខ្លួនអស់រយៈពេល៥ខែ ពេលដែលអ្នកស្រីដឹកនាំពលរដ្ឋផ្សេងទៀត ទៅតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យអភិបាលក្រុងភ្នំពេញដោះស្រាយបញ្ហាទឹកសំអុយជន់លិចភូមិពួកគេរស់នៅ។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ អ្នកស្រី ទេព វន្នី ក៏ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនម្ដងទៀត ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុកនិងមន្ត្រី គ.ជ.ប រួមទាំងទទួចឲ្យផ្តល់យុត្តិធម៌ជូន លោក កែម ឡី។
ការឃុំខ្លួនស្រ្តីដែលជាម្ចាស់ពានរង្វាន់ «ស្រ្តីឆ្នើមជាអ្នកដឹកនាំពិភពលោក» រូបនេះ ត្រូវបានក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិចាត់ទុកថាជារឿងនយោបាយ។ រឿងនយោបាយដោយពួកគេផ្អែកលើសំណុំរឿងរបស់មន្រ្តីសិទ្ធិមនុស្សអាដហុក៤រូបនិងអគ្គលេខាធិការរង គ.ជ.ប។ អ្នកទាំង៥ត្រូវបានដោះលែងបណ្តោះអាសន្នហើយ បន្ទាប់ពីឃុំខ្លួនជាងមួយឆ្នាំ ខណៈតុលាការថាមិនមានភស្តុតាងកាត់ទោសដូចអ្វីដែលអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់នោះ។
ចំណែក អ្នកស្រី ទេព វន្នី ដែលសកម្មចេញមុខដឹកនាំយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» សុំដោះលែងអ្នកទាំង៥នោះ ហេតុអ្វីបានជានៅតែបន្តឃុំខ្លួន? នេះជាសំណួរដែលត្រូវបានអ្នកតាមដានបញ្ហាសង្គមលើកឡើងជារឿយៗ។
សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសអ្នកស្រី ទេព វន្នី ក្រោមការចោទប្រកាន់របស់អាជ្ញាធរក្រុងភ្នំពេញដែលថា ស្រ្តីរូបនេះ ប្រើហិង្សាលើកងសន្តិសុខខណ្ឌដូនពេញ។ ប៉ុន្តែតាមសាក្សី និងវីដេអូដែលគេថតបានគឺមិនឃើញស្រ្តីជាអ្នកតវ៉ាប្រើហិង្សាលើក្រុមសន្តិសុខជាបុរសនោះទេ។ ជារឿយៗគេឃើញតែ «ក្រុមសន្តិសុខ វាយទាត់ធាក់ទៅលើក្រុមអ្នកតវ៉ា»។
អ្នកស្រី បូ ឆវី សកម្មជនដីធ្លីក្នុងតំបន់បឹងកក់ ត្រូវបានលោក ប៉ុល សំអឿន ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ ហៅឲ្យធ្វើសាក្សី ក្នុងសវនការសាលាឧទ្ធរណ៏កាលពីទី២៧ខែកក្កដា។ សាក្សីរូបនេះ ត្រូវតុលាការឲ្យបំភ្លឺជុំវិញហេតុការណ៍ហិង្សាមួយដែលបានកើតឡើងនៅក្បែរផ្ទះលោក ហ៊ុន សែន កាលពីខែមីនា ឆ្នាំ២០១៣ ដែលកងសន្តិសុខពីររូបក្នុងខណ្ឌដូនពេញ អះអាងថា ពួកគេត្រូវស្ត្រីពីរនាក់ធ្វើឲ្យមានរបួសស្នាមនៅត្រង់ក្បាល និងផ្ទៃមុខ។ ប៉ុន្តែ អ្នកស្រី បូ ឆវី បានប្រាប់ក្រុមប្រឹក្សាអង្គជំនុំជម្រះថា អ្នកស្រី ទេព វន្នី មិនបានប្រើហិង្សានោះទេ ប៉ុន្តែគាត់ថាក្រុមសន្តិសុខទៅវិញទេដែលជាអ្នកបង្កហិង្សាលើស្រ្តីអ្នកតវ៉ានោះ។
ក្រុមអង្គការសិទ្ធិមនុស្ស បានកត់សំគាល់ថា សវនការកាត់ទោស អ្នកស្រី ទេព វន្នី កន្លងមកគឺមិនមានភាគីដើមបណ្តឹងចូលបង្ហាញមុខក្នុងសវនការទេ។ សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ខែកក្កដា ក្រុមអង្គការសិទ្ធិមនុស្សចំនួន២៦បានហៅការកាត់ទោសនេះថាធ្វើឡើងទៅតាមតែរបាយការណ៍របស់អាជ្ញាធរចោទប្រកាន់តែប៉ុណ្ណោះ។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា តាមការអង្កេតក្នុងសាលសវនាការ តុលាការមិនបានបង្ហាញភស្តុតាងជាក់លាក់គាំទ្រដល់ការកាត់ទោសកន្លងមកនោះឡើយ។ លោកថា «ឆ្លងតាមការជជែកដេញដោលនេះ យើងខ្ញុំដែលចូលស្តាប់សវនាការ យើងហាក់បីដូចជាមិនរកឃើញភស្តុតាង ឬចំណុចណាមួយដែលថា អ្នកស្រី ទេព វន្នី បានប្រព្រឹត្តដូចការចោទប្រកាន់ហ្នឹងទេ។ អីចឹងយើងគ្រាន់តែមានការសង្ឃឹមថា សាលាឧទ្ធរណ៍លោកនឹងទម្លាក់ចោលនូវបទចោទប្រកាន់នេះ ហើយនឹងដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ»។
ក្រុមអង្គការសង្គមស៊ីវិលអំពាវនាវឲ្យសាលាឧទ្ធរណ៍ ទម្លាក់បទចោទលើ អ្នកស្រី ទេព វន្នី ដោយថា សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ កន្លងទៅថា «ជាចេតនានយោបាយ ប្រឆាំងនឹងសំឡងអ្នករិះគន់»។
ការដែលតុលាការបង្គាប់ឲ្យឃុំខ្លួន អ្នកស្រី ទេព វន្នី ជាលើកទី៣នេះ គឺមានរយៈពេលជិតមួយឆ្នាំហើយ។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត មាស នី លើកឡើងថា ការចាប់ខ្លួន អ្នកស្រី ទេព វន្នី លោកថាអាចដោយសារដ្ឋាភិបាល មិនចង់ឲ្យមានការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយថាយុទ្ធនាការនោះ ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ករណីចាប់ឃុំខ្លួនមន្ត្រីសង្គមស៊ីវិល នាពេលកន្លងទៅ។
លោក មាស នី យល់ថា បើមានការទម្លាក់បទចោទលើ អ្នកស្រី ទេព វន្នី លោកថា អាចជា ការជួយលើកមុខមាត់រដ្ឋាភិបាលឡើងវិញ។
លោកថា៖ «ខ្ញុំគិតថាបើទោះបីខ្ញុំមិននិយាយ ក៏ក្រសួងយុត្តិធម៌ក៏បាននិយាយនៅពេលថ្មីៗនេះហើយដែរ ថាប្រព័ន្ធយុត្តិធម៌មានបញ្ហាច្រើនដែលត្រូវកែតម្រូវ។ អញ្ចឹងរឿងទាំងអស់ដែលយើងធ្លាប់ឃើញកន្លងមកហើយនេះគឺសុទ្ធតែបានបង្ហាញពីភាពស្រពិចស្រពិល ទៅលើឯករាជ្យភាព របស់ប្រព័ន្ធតុលាការ»។
សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣។
ក្រុមអង្គការសង្គមជាតិ និងអន្តរជាតិ ចាត់ទុកការចាប់ខ្លួនអ្នកស្រី ទេព វន្នី នោះថាជារឿងនយោបាយ ហើយស្នើទម្លាក់បទប្រចោទទាំងនោះ។
ទោះជាយ៉ាងណាក៏ដោយ សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាលើបណ្តឹងជំទាស់របស់អ្នកស្រី ទេព វន្នី នៅថ្ងៃទី៨ខែសីហាខាងមុខ៕