ជ័យជម្នះ​​ មាស ច័ន្ទមាន ​​​​​ភាគីថៃ​​ដាក់កំហុសលើអាជ្ញាកណ្ដាល

កីឡាករ ​មាស ច័ន្ទមាន (សុខ ឆាយ)

​ការប្រកួតប្រដាល់អន្តរជាតិកាលពីថ្ងៃទី​២៧ សីហា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍​​ កីឡាករ​កម្ពុជា​​​ដែលត្រូវគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់​ទម្ងន់​​​៦៣,៥គីឡូក្រាម បានទទួល​​ជ័យ​​ជម្នះ​លើ​​ភាគី​ថៃ ក្រោយការ​ប្រកួត​​​​ឈានដល់ទឹក​​ទី៤។

យ៉ាងណា​មិញ ជ័យជម្នះរបស់លោក​​មិនទទួលបាន​កិត្តិយស​នោះទេ ដោយ​មានអ្នកគាំទ្រ​​មួយចំនួន​ចោទថាជាការស៊ីឡាក់ ខណៈដែលភាគីថៃបានអះអាងថា​​​អ្វីដែលបានកើតឡើងគឺជាកំហុស​​​របស់​លោកអាជ្ញាក
ណ្ដាល​​​កម្ពុជា។

ការប្រកួតដែលបានធ្វើឡើងនោះកីឡាករ​​​​កម្ពុជានិង​​ថៃឈ្មោះ Phat Chhayakphum ​​បាន​​បើកឆាក​ប្រយុទ្ធ​​ស៊ីសាច់ហុត​ឈាមដាក់គ្នា​​​យ៉ាងស្វិត​ស្វាញ ដោ​យ​ភាគីខាងកីឡាករ​​ម្ខាង​​​ៗរកចំណុច​មានប្រៀបជាង​គ្នា​មិនឃើញនោះ​​​ផង​​​នៅ​ក្នុង​​រយៈពេល​​៣ទឹក​​​។ ​ការ​ប្រកួតមួយនេះ​​កាន់តែឡើងកំដៅនៅទឹកទឹ​៤ ហើយ​ក្នុងពេល​​​អ្នកទាំង​​ពីរ​​វាយទៅ​​​វាយមក​​មិនដកដៃ កីឡាករថៃក៏​ភ្លាត់​​​វ័ធកែងមួយ​​ដៃត្រូវចំ​កញ្ចឹង-ករបស់​​​​កីឡាករកម្ពុជា ​​​​មាស ច័ន្ទមាន
បណ្ដាល​​​​​​ក្រុម​គណកម្មការ​​​កាត់ក្ដី​អោយ មាស ច័ន្ទមាន ​​ឈ្នះ។

​​​អ្នកទស្សនា​មួយចំនួនយល់ស្រប​ចំពោះការកាត់ក្ដីនោះ ប៉ុន្តែមួយចំនួន​ក៏​ស្រែក​ឡូឡា​ដោយចោទ​​ថា​​​​​កីឡាករ​មាស ច័ន្ទមាន ដ្បិតថា​ត្រូវ​​មួយកែង​​ក្នុងពេល​កីឡាករថៃភ្លាត់​​​​​​​​​ក៏ពិតមែន ប៉ុន្តែមិនគួរ​ដល់ថ្នាក់​សន្លប់នោះ​ទេ
ប៉ុន្តែមកពីមាន​​​​​​​​បំណង​ស៊ីឡាក់ទើប​​ធ្វើ​​​ដេកដួល។

បើទោះជាមានការ​​ចាក់​វីដេអូបង្ហាញ​ថា​កីឡាករថៃពិតជា​ជ្រុលកែងត្រូវចំ​​កីឡាករកម្ពុជា​ម្ដងជាពីរ​យ៉ាងក៏ដោយ ក៏​អ្នក​​​​ចោទថា​កីឡាករកម្ពុជាស៊ីឡាក់ នៅតែ​​មានប្រតិកម្ម​​​​​ និង​ចោទថា មាស ច័ន្ទមាន​ ​​​មិន​​​​​​​​​​មានទឹកចិត្ត​ជាកីឡាករ​​​ដោយ​​​​​សុខចិត្តឈ្នះ​​​ដោយស៊ីឡាក់។

យ៉ាងណាមិញ លោក ថៃ អ៊ូ អ្នកដឹកនាំ​​កីឡាករថៃអោយមកប្រកួត​​​មិន​​​​​​ដាក់កំហុសទៅលើកីឡាករ​​កម្ពុជា​​​​​ដូ​​ច
អ្នកគាំទ្រ​​មួយចំនួននោះទេ តែលោកបាន​​​​​​​​ទម្លាក់បញ្ហាថា​បណ្ដាលមកពី​​​​​លោក​អាជ្ញាកណ្ដាល​​សុទ្ធសាធ។
លោក​​ថ្លែងប្រាប់​ថា ​ជ័យ​ជម្នះដែល​​បានកាត់​​អោយ​កីឡាករ មាស ច័ន្ទមាន ឈ្នះ​​គឺមិនសម​​នោះទេ ដោយលោកបានចាត់ទុក​ថា​​​ការ​​ជ្រុល​​ដៃរបស់កីឡាករខ្លួនមិនមែនជាការថែម​​​​​​​ដូចច្បាប់របស់​​សហព័ន្ធដែលបានដាក់កំហុសនោះទេ ប៉ុន្តែ​ជាការវាយត្រូវដោយសារតែ​​​នៅ​​​​​សល់​​កម្លាំង​វ័ធក្នុងពេលសម្រុក​ទៅវិញទៅមក ស្របគ្នាដែលកីឡាករ​កម្ពុជាក៏ស្រាប់តែបែរ​ក្រោយ​​បណ្ដាលអោយ​​​កញ្ចឹងករបស់ក្លាយជាទីតាំង​​រងកែងទៅវិញ។

លោក​​និយាយថា​​​​​​​កំហុស​ប៉ុណ្ណឹង​មិន​ខុស​បញ្ហា​បច្ចេកទេសនោះទេ ដោយសារតែភាពជាក់ស្ដែងគឺកីឡាករ​​ថៃមិនបាន​​មើលឃើញកីឡាករ​​កម្ពុជាបែរក្រោយ​ហើយក៏ស្ទុះអុកកែងនោះទេ គឺ​កែងរបស់​គេ​​​​វ័ធតាំងពីពេល​វាយទៅវាយមក ​ដែលលោកបាន​ហៅ​​​​​​មួយ​​កែងវ័ធត្រូវ​​កញ្ចឹងករនេះ គឺចំហាយ​​​​​ដែលកីឡាករថៃវាយស្រប​ និងបញ្ឈប់កម្លាំង​ដៃមិន​បានប៉ុណ្ណោះ។

លោកថាបញ្ហាមួយនេះ បើ​ចង់ចាប់​កំហុសគឺត្រូវបន្ទោស​​​​​អាជ្ញាកណ្ដាលដែល​​ស្ទុះ​​ទប់​កែងរបស់កីឡាករថៃមិន
ទាន់ ​ដោយមិនអាចមកចាប់កំហុស​​របស់​​​កីឡាករ​លោកបានទេ។

លោកនិយាយថា​​ «​ខុសបច្ចេកទេសម៉េចត្រូវអាហ្នឹង ​គ្នា​​វ័ធកែងទៅស្រប​​ហើយ​​​​​​​​​​ខាងកម្ពុជា​ក៏ដួល​អស់​​ចំហបែរក្រោយតើ ​គឺវាមិន​មែនថែមទេ ​ចឹង​រឿងហ្នឹង​អត់ត្រូវកាត់ក្ដី​ចឹងទេ គឺ​ត្រូវ​​​ដាក់​​កំហុសអាជ្ញាកណ្ដាល​ទើបត្រូវ​!»។ ​

ឆ្លើយតប​នឹងការ​​ចោទប្រកាន់នេះ លោក ណន រិទ្ធិ ជាអាជ្ញាកណ្ដាលសម្រាប់ការប្រកួតមួយគូនេះ បាន​​​​បកស្រាយថា​សកម្មភាពវាយតប់របស់​​​​​ពួកគេ មិនអាចអោយ​​លោកទៅឃាត់មួយកែងដែលជ្រុលនោះបានទេ
ដោយលោកបញ្ជាក់ថាបញ្ហានោះគឺមិនអាចបន្ទោស​លោកបានទេ ដ្បិតលោក​​​ប្រឹង​ស្ទុះ​​ទៅ​​​​​​ទប់​​​​កម្លាំង​កែងនោះដែរ ប៉ុន្តែ​​មកពីទប់មិនទាន់​​ទើប​បណ្ដាល​​អោយ​មានកំហុស​បច្ចេកទេសកើតឡើង។

លោកថា​​នៅលើសង្វៀន​​មិនមែនស្រួល​អ្នកនៅ​ខាងក្រោយ​គ្រាន់តែមើលនោះទេ ​ជាពិសេសនៅក្នុងកាលៈទេសៈដែលគូភាគី​​សម្រុកដាក់គ្នាទៅវិញទៅមក គឺមិនមែនចេះតែចូលចាប់​​ដោយមិនមើលស្ថានភាព​នោះឡើយ។ យ៉ាងណាមិញ លោកថា​​សម្រាប់ការ​ប្រកួត​​​រវាង មាស ច័ន្ទមាន និង​កីឡាករថៃ Phat Chhayakphum គឺលោកប្រឹង​អស់​ពីសមត្ថភាព​ទៅហើយ ដោយ​មិនអាចមកទម្លាក់កំហុសថា​​​លោក​ចាប់​​​​កែងកីឡាករថៃមិនទាន់
គឺជាអ្វីដែលលោកត្រូវ​ទទួលខុសត្រូវនោះទេ។ ​

លោក ញាណ សុធី ​​អ្នករៀបចំ​ការប្រកួតបានអះអាងថាកំហុសបច្ចេកទេសដែលបាន​កើតឡើង គេ​មិនសំដៅថា​​​​​​លោក​​អាជ្ញាកណ្ដាលចាប់មិនទាន់​ ឬ​ក៏ចាប់​ទាន់នោះទេ ប៉ុន្តែអោយ​ការវាយត្រូវ​​​កញ្ចឹងករខាងក្រោយ​ដែលខាងសហព័ន្ធប្រកាស​​ជាកំហុស​​នៅលើសង្វៀន ​​គឺខាងគណៈកម្មការត្រូវតែ​កំណត់អោយ​អ្នក​​​សន្លប់​​​​​​ក្លាយជាអ្នកឈ្នះ
ដើម្បីព្រមានដល់​កីឡាករ​ដែល​ចេះតែ​​វាយ​មិនប៉ាន់ស្មាន​កម្លាំងនិងសន្ទុះ​ដែលនាំអោយទប់លំនឹង​​វាយចេញមិន​បាន​។

​យ៉ាងណាមិញ លោកថា​​​កីឡាករកម្ពុជា​​អាច​​​​​​​​​ស្ថិត​ក្នុងការ​​ស៊ីឡាក់​ដើម្បីចង់ឈ្នះក៏ថាបាន ប៉ុន្តែ​មកពី​​​​​សភាពដេកដួល​របស់ មាស ច័ន្ទមាន និង​​​មួយកែងជ្រុល​​ដៃរបស់​​កីឡាករមើលទៅ​ស្ថិត​ក្នុងសភាព​​​​​ស៊ីសង្វាក់គ្នា
ទើប​លោក​យល់ថាមិនមានហេតុផល​​ដែលនាំអោយ​ចាប់កំហុស​​​​កីឡាករកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ