បទយកការណ៍៖ ស្ត្រីជាជួរមុខ ពង្រឹងអំណាចសហគមន៍

ស្ត្រីតំណាងអ្នកតវ៉ាដីធ្លី

«ភាគច្រើនអ្នក ដែលធ្វើការមុខគេគឺស្ត្រី ព្រោះអី ដោយសារតែយើងទុកឲ្យបុរ​សនោះគាត់នៅរកប្រាក់​ចំណូ​ល ដើ​ម្បីឲ្យគ្រួសារគាត់បានមកតវ៉ា។ អញ្ចឹងពួកឃើងជាស្ត្រីមកនេះ មានសម្ពាធជាច្រើន ដូចជាអាជ្ញាធរ​ចាប់ខ្លួន គំរាមកំហែង ចាប់ដាក់គុក តុលាកា​រចោទប្រកាន់។ ដូចខ្ញុំអី ចោទពីបទល្មើស ទម្រាន់តែបា​ន​រួ​ចខ្លួន ករណីសំខាន់ៗក្នុងគ្រួសារ អ្នកចំណាកស្រុក កូនអត់បា​នចូ​​​លសាលា ជំពាក់​លុយឯ​កជនអីហ្នឹ​ង ​យើង​រៀបរាប់ស្ទើរតែមិនអស់»។

នេះជាការរៀបរាប់ពីទុក្ខលំបាកខ្លះៗ របស់ស្ត្រីតំណាងអ្នកតវ៉ាដីធ្លីម្នាក់ នៅខេត្តកោះកុង ពេល​ឃើ​​ងជួប​គា​ត់ នៅកន្លែងតវ៉ាមួយក្នុងរាជធានីភ្នំពេញ។

មានសម្បុរខ្មៅ សម្តីមាត់ៗ ហាក់បង្កប់នូវការឈឺចាប់អ្វីមួយ អ្នកស្រី ផាវ ញើង ឲ្យយើងដឹងថា មូលហេតុ​ចំ​ប​​ង​មួយ ដែលជំរុញឲ្យគាត់សម្រេ​ចចិត្តចេញតវ៉ា ប្រឈមនឹងបញ្ហាច្រើនជំពូកនោះ គឺនៅពេលដែ​លគាត់​ឃើ​ញមានការរំលោភបំពានយកដីអ្នកភូមិ គ្មានការទប់ស្កាត់ពីអាជ្ញាធរដែនដី ដែលគាត់បោះឆ្នោតឲ្យ។

អ្នកស្រីថា៖ «ពីមុនមក មានការរើសអើងពីក្រុមគ្រួសារថា យើងស្រីកុំដើរឆ្ងាយមានបញ្ហា គេមើលងាយ អ្នកឯ​ងរៀនបា​នតិចតួច អញ្ចេះទៅតវ៉ាមិនកើតទេ វាប៉ះពាល់ដល់កិត្តិយសអីជាដើ​ម។ ប៉ុន្តែដល់ពេ​លមានអា​ត្រា​ក់ ​មានអីទៅឈូសដំណាំអី មានតែស្រ្តីទេ ដែលដឹកមុខទៅបញ្ឈប់អាត្រាក់ ដើម្បីគេបញ្ឈ​ប់ រង់ចាំដោះ​ស្រាយ»។

ស្ត្រីរូបនេះបានរៀបរាប់ទៀតថា បើទោះបីជាមានជីវភាពក្រីក្រនិងចំណេះដឹងតិចតួចក៏ដោយ ប៉ុ​ន្តែដោ​យគាត់គិ​តថា ដីជាអាយុជីវិតរបស់កសិករ ទើបគាត់និងអ្នកភូមិផ្សេងសហការគ្នា ចេញតតាំងផ្លូវច្បាប់​​ ប្រឆាំងនឹងការរំលោភបំពាននេះ។

សម្លឹងមើលឆ្វេងស្តាំបន្តិច អ្នកស្រី ផាវ ញើង និយាយទៀតថា ការស្វែងរកយុត្តិធម៌ ស្របពេលដែលកា​រអ​នុ​​​​វត្ត​​​ច្បា​​​ប់ ​នៅមិនទាន់រឹងមាំផងនោះ គាត់ថា ពួកគាត់រងនូវការរំលោភបំពាន កាន់តែធ្ងន់ធ្ងរមួយកម្រិ​តថែ​ម​​​​​​ទៀ​តនោះ គឺថាអាជ្ញាធរចោទពួកគាត់ថាជាអ្នកបញ្ហាដល់សង្គម និងចាប់ផ្តើមចាត់​វិធា​នការពួកគាត់។

អ្នកស្រីថា៖ «នៅពេលដែលខ្ញុំចេញតវ៉ា គឺគ្រោះថ្នាក់មែនទែន ដោយសារប៉ូលិស ប៉េអឹមចាប់នៅទីក្រុងភ្នំពេ​ញផ្តុំ​ស្តុបផ្សារដើមគ ក៏ធ្លាប់ចាប់ខ្ញុំដែរ ខ្ញុំមកចែកញត្តិឲ្យអ្នកភ្នំពេញជួយការពារផ្នែកមួយនៃតំបន់ព្រៃឡង់កាល​​ណោះ។ ហើយទីពីរ គេ​ចាប់ខ្ញុំនៅរោ​ងចក្រស្ករ​អំពៅ​នៅជីខលើ (ស្រុកស្រែអំបិល ខេត្តកោះកុ​ង)នេះ​។​ គេ​ចា​ប់​យើង​យកមកទុកកន្លែង ​ប៉ូលិ​សប៉េ​​អឹ​ម ​គេនាំគ្នាអង្គុយលេងបៀ ហើយដល់ពេលខ្ញុំយំ​ គេថា​ខ្ញុំ​​យំអ​ញ្ចឹង ​គេលេង​បៀចាញ់ងាប់ហើ​យ»។

បើទោះបីជាស្ត្រីរូបនោះ ធ្លាប់និយាយមានសំឡេងខ្លាំង និងមាត់ៗក៏ដោយ ប៉ុន្តែទឹកមុខគាត់និងសំឡេង​ប្រែ​​​​ប្រួ​​​​ល​ភ្លាមមួ​យរំពេច នៅពេលសួរថា បើជីវភាពអ្នកខ្វះខាត ហើយចេញ​តវ៉ា​ជិត១០ឆ្នាំ​ មិនទាន់មានដំ​ណោះ​​​​​​ស្រា​យជាក់លាក់នោះ បញ្ហាជីវភាពនឹងទៅជាបែបណា?

អ្នកស្រីថា៖ «ពួកយើងមានហិង្សាក្នុងគ្រួសារ ដូចជាពេលពួកខ្ញុំឡើងមកតវ៉ាម្តងៗ ប្តីវាយ ដោយ​សារ​កូនអ​ត់បានចូល​រៀន ចំណាកស្រុក កូនឡើងមកភ្នំពេញអស់ ហើយស៊ី​ឈ្នួលគេ អ្នកខ្លះក៏រៀ​នផងស៊ីឈ្នួ​លគេផង។ ប្រ​ជាព​លរដ្ឋនៅក្នុងសហគមន៍ ខ្ញុំមានបញ្ហាជំពាក់លុយក្រុមអង្គការមួយចំនួន ដូចជា​ប្រា​សាក់ AMK យើងចង​ការប្រាក់គេយកមកទិញបាយទិញទឹកហូប​ពេលតវ៉ា។ យើងធ្វើអី​ ក៏ធ្វើ​អត់បា​ន​ដែរ ដោយសារតែ​អាជ្ញា​​ធរភូមិ​យើ​​ង​មានការរើសអើង»។

មិនមែនមានតែស្ត្រីនៅខេត្តកោះកុងទេ ដែលបានចំណាយពេលចេញតវ៉ាការពារប្រយោជន៍ស​ហ​គ​ម​ន៍​​​នោះ ស្ត្រីនៅខេត្តមួយចំនួនក៏បានសម្រេចចិត្តបែបនេះដែរ។

ស្ត្រីម្នា​ក់ទៀតនៅតំបន់បឹងកក់ អ្នកស្រី គង់ ចន្ថា ក៏បានឲ្យយើងដឹងដែរថា គាត់បាន​ចេ​ញតវ៉ា​ជា​ង​១០ឆ្នាំ​ម​ក​ហើ​​​យដែរ ប្រឆាំងនឹងការបណ្តេញចេញទាំងបង្ខំ។

បើតាមការរៀបរាប់របស់ស្ត្រីបឹងកក់ បញ្ហាប្រឈមជាច្រើន មិនខុសពីអ្នកស្រី ផាវ ញើង ទេ នៅពេ​លពួ​​ក​គេ​​បង្ខំចិត្ត ចូលប្រឡូក ជាស្តី្រនៅជួរមុខជំនួសបុរស ដើម្បីពង្រឹងអំណាចសហគមន៍នេះ។

អ្នកស្រី គង់ ចន្ថា មានអាយុជាង៤០ឆ្នាំ បាននិយាយថា ​មូលហេតុចំបងដែលជំរុញឲ្យគាត់ចេញតវ៉ាទាំ​ង​​ប្រថុ​យ​នឹង​​គ្រោះ​​​​ថ្នាក់នោះ គឺដោយសារតែ​​​ឃើញសហគមន៍ក្រីក្រនៅតំបន់ដីក្រហម ជិ​​​​តមន្ទីររដ្ឋសភា ត្រូវ​​បាន​​​​អាជ្ញា​ធរ​ក្រុងបណ្តេ​ញចេ​​ញទាំងបង្ខំ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនមួយ អាចចូលទៅកាន់កាប់ដីនោះបាន ទាំងមានកងកម្លាំងការពារ។

អ្នកស្រីថា ពេលនោះហើយធ្វើឲ្យអ្នកស្រីនិងអ្នករងគ្រោះផ្សេងទៀត នៅតំបន់បឹងកក់ ចាប់ផ្តើមគិតថា មា​​ន​តែ​​​​​​​ប្រ​​​ថុយដើរជួរមុខ តវ៉ាស្វែងរកអន្តរាគមន៍ផ្លូវច្បាប់ ពីស្ថានពាក់ព័ន្ធទេ ទើបអាចទប់ស្កាត់​​​ក្រុ​មហ៊ុនខិ​​លខូចនិ​ងមន្ត្រីពុករលួយបាន។

អ្នកស្រីថា៖ «ពេលចេញតវ៉ាក៏មានការព្រួយបារម្ភដែរ ដោយសារម៉េច ព្រោះមិនមែនព្រួយបារម្ភតែខ្លួនឯងទេ ព្រួយបារម្ភដល់កូនចៅទៀត វាត្រូវតែមាន វាត្រូវតែគិត ប៉ុន្តែបើយើងមិនទៅតស៊ូបញ្ចេញមតិទេ គេក៏អត់ដឹងថា​ យើងបាត់ប​ង់អីដែរ អញ្ចឹងពួកខ្ញុំត្រូវតែចេញ ទោះបីជួបឧបសគ្គប៉ុន្មានក៏ដោយ ព្រោះការតស៊ូមតិមិ​នដែ​​លគេ [អាជ្ញា​ធរ]គាំទ្រទេ អាជ្ញាធរមិនពេញចិត្តឲ្យយើងតវ៉ាទេ គឺទី១ ប្រឈមនឹងគុកច្រវ៉ាក់ ទី២ប្រឈ​មនឹង​បា​​ត់​ប​ង់អាយុជីវិត ហើយនឹងគេគំរាមកំហែង»។

អ្នកស្រី គង់ ចន្ថា រំឭកថាការចេញតវ៉ាច្រើនឆ្នាំមកនេះ ស្ត្រីអ្នកតវ៉ាជាច្រើន រួមទាំងអ្នកស្រីផង ត្រូវអា​ជ្ញា​ធរ​​​វា​​​​​យ​​​​​ដំ ខ្លះទៀតចា​ប់​ ខ្លះជាប់ពន្ធនាគារច្រើនលើក ទម្រាប់រដ្ឋាភិបាលទទួលស្គាល់ការពិត ហើយ​កាត់​​ដី​ជា​ង​​​​​១​២​ហិ​​កតា ឲ្យមកអ្នកភូមិវិញ។

ស្ត្រីវ័យជិត៥០ឆ្នាំរូបនោះឲ្យដឹងដែរថា ការតវ៉ាដ៏ក្តៅគគុកនោះ ធ្វើឲ្យតំណាងអ្នកភូមិច្រើននាក់ ត្រូវបាន​អា​ជ្ញា​​ធរចាប់​ខ្លួនច្រើនដងស្ទើរតែរាប់មិនអស់ និងខ្លះទៀតជាប់ពន្ធនាគារច្រើនដង រួមទាំងអ្នកស្រីផងដែរ។

អ្នកស្រីថា៖ «គេបញ្ជូនទៅព្រៃសហ្នឹងពីរដង។ ឥឡូវហ្នឹងប្រ​ឈមនឹងឈ្មោះឡើង​តុលាការឥតចេះ​ឈប់អត់ចេះ​ហើយ។ ជាប់លើកទី១នោះ ១ខែបីថ្ងៃ។ លើកទី២នេះ គឺ៦ខែ៣ថ្ងៃ មកដល់ឥឡូវហ្នឹងគេនៅតែព្យួរទោស។ ហើ​យ​​​​​ឥ​ឡូវហ្នឹង គេចោទខ្ញុំ កាលពីតវ៉ានៅឆ្នាំ២០១១ហ្នឹង គេដាក់ទោសខ្ញុំ៦ខែ តែអត់ទា​ន់ចូលជា​ស្ថាពរទេ»។

តាមរបាយការណ៍របស់អង្គការលីកាដូ គម្រោងអភិវឌ្ឍនៅតំបន់បឹងកក់ ​ប៉ះពាល់ដល់ពលរដ្ឋជាង៤ពា​ន់គ្រួ​​​សារ ក្នុង​នោះជាង៣ពាន់គ្រួសារ ត្រូ​វបានអាជ្ញាធរបណ្តេញចេញទាំងបង្ខំ និងជិត១ពាន់គ្រួ​សារផ្សេ​ង​ទៀ​​ត តវ៉ាប្រ​ឆាំង​នឹងការបណ្តេញចេញ ទាមទារអភិវឌ្ឍនៅនឹងកន្លែង។

ស្ត្រីអ្នកមានជម្លោះដីធ្លីម្នាក់ទៀត នៅសហគមន៍បុរីកីឡាដែលគេប្រទះឃើញចេញតវ៉ាញឹកញាប់ដែរនោះ គឺអ្នកស្រី ស ស៊ន បាននិយាយថា ស្ត្រីភាគច្រើនពេលនេះ មិនគ្រាន់តែបង្ខំចិត្តធ្វើជាអ្នកជួរមុខ ការពា​រសិទ្ធិ​​អ្ន​​កភូមិប៉ុណ្ណោះទេ ពួកគេថែមទាំងបានឈ្លាតពេល ចែករំលែកចំណេះដឹងពីសិទ្ធិរស់រា​នមា​​ន​ជីវិត​ និងសិ​ទ្ធិធ្វើ​ការតស៊ូមតិដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញទៀតផង។

អ្នកស្រីថា តាមរយៈនៃការតស៊ូមតិច្រើនឆ្នាំមកនេះ ពួកគាត់ជាង១៥០គ្រួសារ ទទួលយក​សំណោះស្រា​យជិ​​ត​​អស់​ហើយ។

អ្នកស្រីថា៖ «ក្នុងចំណោមពួកខ្ញុំ ដែលសេសសល់១៥៤គ្រួសារហ្នឹង ពី៨០ទៅ៩០ភាគរយ ទទួ​លយ​កហើ​យ ​ប៉ុ​ន្តែ​​​នៅពួកខ្ញុំជាង១០គ្រួសារ ទទួលយកសំណងហ្នឹងអត់បាន ព្រោះពួកខ្ញុំ​ចង់បាន​ការអភិវឌ្ឍ​នៅនឹ​ងកន្លែ​ង»។

នាយិកាអង្គការសីលការ លោក ស្រី ធីតា ឃឹះ លើកឡើងថា ស្ត្រីបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាជាច្រើន​ ដូ​ច​ជា​ការរកចូលរួមចំណែកប្រាក់សម្រាប់ចិញ្ចឹមគ្រួសារផង ចូលរួមកិច្ចការសង្គម ពង្រឹងអភិបាលកិច្ច និងខ្លះ​ទៀតចេញតវ៉ារឿងដីធ្លីជំនួសបុរសជាដើម។

លោកស្រី ធីតា ឃឹះ លើកឡើងទៀតថា ដើម្បីដោះស្រាយបញ្ហារបស់ស្ត្រីឲ្យចំគោលដៅ លោកស្រីថារដ្ឋាភិបាលត្រូវជំរុញយន្តការបញ្ជូលស្ត្រីឲ្យបានច្រើនក្នុងវិស័យនយោបាយ។

លោកស្រីថា៖ «ប៉ុន្តែរឿងមួយទៀតដែលសំខាន់ដែរនោះ គឺអ្នកអនុវត្តច្បាប់ដូចជាប៉ូលីស តុលាការ ត្រូវតែមានស្ត្រី​ឲ្យបានច្រើនដែរ ដើម្បីឲ្យគាត់យល់ពីការលំបាករបស់ស្ត្រីដូចគ្នា នេះជារឿងមួ​យដ៏សំ​ខាន់។​ ពីព្រោះ​ការអនុវត្តច្បាប់ បើយើងគ្មានស្ត្រីទៅអនុវត្តច្បាប់ដើម្បីឲ្យគាត់យល់ពីទុក្ខធុរៈរបស់ស្ត្រី ពេលនោះ​ស្ត្រីនៅតែជួបការលំបាកដដែល»។

ទោះជាយ៉ាងណា ស្ត្រីអ្នកដើរជួរមុខ ក្នុងការតវ៉ារឿងបញ្ហាដីធ្លីជំរុញរដ្ឋាភិបាល ពន្លឿនរក​ដំណោះ​ស្រាយជម្លោះ​ដីធ្លី ឲ្យបានឆាប់ ដែលពួកគេថាយន្តការនេះជាការជួ​យលើកកម្ពស់សិទ្ធិស្ត្រីមួយផ្នែកទៀត។

អ្នកស្រីថា៖ «លើកកម្ពស់សិទ្ធិស្ត្រី ទី១រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាដីធ្លីហ្នឹងឲ្យបានចប់ ឲ្យបានលឿនទៅ វាអា​ច​កាត់បន្ថយហិង្សាក្នុងគ្រួសារ វាអាចកាត់បន្ថយការជំពាក់បំណុលគេ វាអាចកាត់បន្ថយការចំណាកស្រុក។​ដោ​យសារតែគាត់មានដី គាត់មានមុខរបរធ្វើ គាត់មានដីអាចដាំដុះទៅ អាចមានប្រាក់ចំណូល កូនគាត់​អាច​បានបានចូលសាលាចូលអីវិញជាដើម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ