ត្រឹម​៣ទឹក ម្ចាស់ខ្សែ​ក្រវាត់ ឆៃ សារ៉ា សន្លប់​ក្រោមដៃ​ថៃ

ម្ចាស់ខ្សែ​ក្រវាត់ ឆៃ សារ៉ា សន្លប់​ក្រោមដៃ​ថៃ (សុខ ឆាយ)

មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីម្ចាស់ខ្សែក្រវាត់របស់ក្រុមហ៊ុន K-Cement ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ត្រូវសន្លប់ក្រោមដៃកីឡាករថៃ ដែលមិនមែនជាម្ចាស់ខ្សែក្រវាត់ ក្នុងទឹកទី៣។ ការប្រកួតរបស់ពួកគេត្រូវបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី២៧ ខែវិច្ឆិកា ក្រោមក្រសែភ្នែកអ្នកគាំទ្រយ៉ាងច្រើនកុះករ ដែលខកចិត្តចំពោះលទ្ធផលរបស់កីឡាករកម្ពុជា។

ចាប់តាំងពីបានក្លាយខ្លួនជាម្ចាស់ខ្សែក្រវាត់ ជាលើកទី១ដែលជើងខ្លាំង ឆៃ សារ៉ា ទៅមិនដល់ទឹកទី៥ ក្នុងការប្រកួតជាមួយកីឡាករបរទេស។ គ្រប់លើកដែលកីឡាកររូបនេះឡើងប្រកួត មិនមានអ្នកស្នេហាវិស័យប្រដាល់ណាមួយមិនចាប់អារម្មណ៍នោះទេ ដោយសារតែលោកធ្លាប់តែធ្វើឲ្យមហាជនពេញចិត្ត បែរជាខកចិត្ត។ អ្នកស្នេហាប្រដាល់ដែលបានឃើញលទ្ធផលរបស់លោកក្នុងជំនួបកីឡាករថៃ Fa Phayak កាលពីថ្ងៃអាទិត្យ ២៧ ខែវិច្ឆិកា សឹងមិនជឿភ្នែក ទើបមានការអេចអូចច្រើនថា លោកមានបំណងបើកដៃឲ្យគូប្រកួតវាយចំចំណុចសំខាន់ តែក៏មានអ្នកលើកឡើងថាលោកពិតជាភ្លាត់ស្នៀតមែន ដោយសារតែកីឡាករថៃក៏មានថ្វីដៃមិនធម្មតា។ យ៉ាងណាមិញ ផ្នែកតាមវីដេអូដែលបានចាក់សារឡើងវិញ គឺ ឆៃ សារ៉ា ត្រូវថៃទាត់ត្រូវចំកន្លៀតក្អមពេញទំហឹងក្នុងពេលប្រតាយប្រតប់ ទើបបណ្ដាលឲ្យលោកដួលភីងលើរេញ។

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា បើធៀបពីសមត្ថភាពកីឡាករ ឆៃ សារ៉ា ជើងខ្លាំងរបស់ក្លឹបក្រសួងការពារជាតិ មិនគួរបរាជ័យក្រោមដៃកីឡាករថៃ Fa Phayak នោះទេ បើផ្អែកតាមកីឡាករថៃមិនមានខ្សែក្រវាត់ជាជើងឯក ហើយក៏គ្រាន់តែជាកីឡាករធម្មតាមួយរូបនៅក្នុងប្រទេសថៃ។

យ៉ាងណាមិញលោកថា ម្ចាស់ខ្សែក្រវាត់នៅក្នុងប្រទេសកម្ពុជាមិនអាចពេលខ្លះក៏មិនអាចស្មើនឹងកីឡាកររបស់ថៃនោះដែរ ដោយសារតែគេមានរបៀបហ្វឹកហាត់ច្បាស់លាស់ ហើយបើនិយាយពីកម្លាំងស៊ុហ្វក៏មើលទៅរឹងមាំជាង។ លោកថាកីឡាករថៃខ្លះ ទើបតែប្រកួតបានចន្លោះពី៣០-៤០ដងប៉ុណ្ណោះ ប៉ុន្តែនៅពេលដាក់ឲ្យប្រកួតជាមួយកីឡាករកម្ពុជាដែលមានប្រវត្តិប្រកួតជិត១០០ដង បែរជាកីឡាករកម្ពុជាចង់យ៉ាប់។ លោកថាការប្រកួតចាញ់របស់ ឆៃ សារ៉ា គឺជារឿងសមទំនងដោយសារតែពេលប្រកួតគ្នាគឺ ឆៃ សារ៉ា បានចន្លោះប្រហោងត្រង់ឆ្អឹងជំនី និងកន្លៀតក្អមក្រោមឆ្អឹងជំនី ទើបធ្វើឲ្យកីឡាករថៃទាត់ត្រូវមួយជើងពេញទំហឹងបណ្ដាលអោយសន្លប់ឈឹង។ លោកជឿថា ឆៃ សារ៉ា មិនប្រកួតលក់ឧត្តមគតិនោះទេ ដោយសារតែលោកនិងគណៈកម្មការវាយតម្លៃក៏មើលដឹងដូចគ្នារវាងអ្នកភ្លាត់ស្នៀតមែនទែន និងអ្នកធ្វើពុតឲ្យភ្លាត់គឺមិនដូចគ្នា។ លោកគ្រោងនឹងឲ្យ ឆៃ សារ៉ា ជួបប្រកួតសងសឹកជាមួយកីឡាករថៃ Fa Phayak ក្នុងពេលខាងមុខ ដោយលោកយល់ថាលទ្ធផលដែលបានស្ដែងឡើងក៏ពិតជាមិនទាន់អស់ចិត្តទាំងកីឡាករកម្ពុជានិងអ្នកគាំទ្រ។

យ៉ាងណាមិញ លោកមិនទាន់ច្បាស់ថា នឹងឲ្យអ្នកទាំងពីរប៉ះគ្នាឲ្យច្បាស់នៅពេលណានោះទេ ដោយសារតែភាពជាក់ស្ដែងគឺត្រូវរង់ចាំឲ្យកីឡាករទាំងពីរមានពេលត្រូវគ្នា និងមានពេលហ្វឹកហាត់អោយត្រូវគ្នាសិន។

កីឡាករ ឆៃ សារ៉ា បានអះអាងថាលោកសន្លប់ក្រោមដៃកីឡាករថៃ Fa Phayak គឺជារឿងភ្លាត់ស្នៀត ដោយមិនពាក់ព័ន្ធនឹងរឿងបើកដៃឲ្យគូប្រកួតទាត់ត្រូវកន្លៀតក្អម ដើម្បីចង់ចាញ់នោះទេ។ លោកថាបញ្ហាដែលបានកើតឡើង គឺបណ្ដាលមកពីកីឡាករថៃទាត់ត្រូវចំពេលអស់ជំហរ ទើបលោកគេចខ្លួនមិនទាន់។ លោកសម្ដែងការសោកស្ដាយដែលបានចំណាយពេលហ្វឹកហាត់រហូតដល់មួយអាទិត្យពេញ ប៉ុន្តែចុងក្រោយនៅតែចាញ់ការប្រកួតដោយគ្មានការគ្រោងទុក។ លោកអះអាងថា មិនសំខាន់រឿងម្ចាស់ខ្សែក្រវាត់ឬមិនម្ចាស់ខ្សែក្រវាត់នោះទេ  សំខាន់ឲ្យតែពេលប្រកួតហើយអ្នកណាភ្លាត់មុន គឺអ្នកខ្លាំងគង់តែសន្លប់ដូចគ្នា។

ងាកទៅកាន់ការប្រកួតនាថ្ងៃនោះ គេកត់សម្គាល់ថា ឆៃ សារ៉ា ប្រឹងប្រែងបញ្ចេញបច្ចេកទេសបានល្អ ប៉ុន្តែសន្ទុះក្នុងការវាយចេញត្រូវចំគូប្រកួតមិនច្រើននោះទេ។ ផ្ទុយទៅវិញកីឡាករ Fa Phayak បែរជាឱកាសវាយសងវិញបានច្រើន ទើបធ្វើអោយកីឡាករកម្ពុជាពិបាកទប់តាំងពីទឹកទី១។ ក្នុងទឹកបើកឆាកកីឡាករថៃ គឺជាអ្នកមានប្រៀប ក្នុងទឹកទី២កម្រិតនៃការប្រកួតរបស់ពួកគេមានកម្រិតខ្លាំងប្រហែលគ្នា ខណៈដែលទឹកទី៣ពួកគេក៏បញ្ចញសន្ទុះកាន់តែខ្លាំងថែមទៀត ដោយក្នុងពេលប្រទូសរាយគឺ ឆៃ សារ៉ា បានក្លាយជាអ្នកភ្លាត់មុន ទើបបណ្ដាលឲ្យលោកសន្លប់លើរេញ។

នៅក្នុងព្រឹត្តិការណ៍នោះដែរ កីឡាករ សារឿន ច័ន្ទ មកពីក្លឹបសំរ៉ែករាជសីហ៍ ឈ្នះពិន្ទុកីឡាករថៃ Pha Yaknoy៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ