អតីតមន្ទីរឃុំឃាំងដ៏អាថ៌កំបាំងរបស់ខ្មែរក្រហម បានរៀបចំកែប្រែឯកសារនានាដាក់ចូលក្នុងប្រព័ន្ធឌីជីថល ជាផ្នែកមួយនៃការអភិរក្សស្លាកស្នាមប្រវត្តិសាស្ត្ររបស់របបកម្ពុជាប្រជាធិបតេយ្យ។
នៅក្នុងពិធីអនុវត្តន៍គម្រោងអភិរក្ស និងបញ្ចូលបណ្ណសារក្រោមការជួយជ្រោមជ្រែងពីអង្គការយូណេស្កូនៅព្រឹកថ្ងៃនេះ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លោក ឆាយ វិសុទ្ធ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សារមន្ទីរមួយនេះ បានផ្ដួចផ្ដើមនូវគម្រោងអភិរក្សនេះតាំងពីឆ្នាំ២០០៩មកម៉្លេះ ប៉ុន្តែ លោកថា ទើបតែរកដៃគូជួយឧបត្ថម្ភបាននៅពេលបច្ចុប្បន្ននេះ។
លោក វិសុទ្ធ ឲ្យដឹងបន្ថែមថា គម្រោងអភរិក្សមួយនេះ នឹងត្រូវចំណាយថវិកាប្រហែល ២លានដុល្លារ សម្រាប់ការអនុវត្តក្នុងរយៈពេល ២ឆ្នាំទៅមុខ។
លោក ឆាយ វិសុទ្ធ ប្រាប់ថា៖ «ក្រៅតែពីឯកសារដែលបោះពុម្ភផ្សព្វផ្សាយជាសៀវភៅក្តី ជាបទស្រាវជ្រាវក្តី ខ្ញុំគិតថា ឯកសារដើមនេះ គឺវាមានសារៈសំខាន់ណាស់ ព្រោះត្រូវចាំថា ឯកសារភាគច្រើនបំផុតទាក់ទងនឹងសម័យខ្មែរក្រហម ជាឯកសារដែលជាភាសាអង់គ្លេស ហើយមិនប្រាកដថា បរទេសយល់ច្រើនជាងយើងខ្មែរទេ។ អញ្ចឹង ខ្ញុំគិតថា វាអាចជាឱកាសមួយសម្រាប់កូនសិស្សហ្នឹង។ ទៅថ្ងៃអនាគត គាត់អាចធ្វើការផ្ទៀងផ្ទាត់ព័ត៌មានជាមួយនឹងឯកសារស្រាវជ្រាវមុនៗ ដើម្បីស្វែងយល់បន្ថែមទៀតពីខ្មែរក្រហម»។
បើតាមលោក ឆាយ វិសុទ្ធ ឯកសារដែលនឹងត្រូវបានគេរៀបចំជាប្រព័ន្ធឌីជីថល រួមមាន ចម្លើយសារភាពរបស់ជនរងគ្រោះនៅក្នុងមន្ទីរសន្តិសុខស-២១ ដែលមានជាង ៤ពាន់កំណត់ហេតុ ឯកសារប្រវត្តិរូបជាង ៦ពាន់ឯកសារ ឯកសាររូបថត និងហ្វីលរូបថតជាង ១ម៉ឺនសន្លឹក ឯកសារកំណត់ហេតុរៀនសូត្រប្រចាំថ្ងៃរបស់ខ្មែរក្រហមជិត ២០០ ទស្សនាវដ្តីទង់បដិវត្តជាង ៥០ក្បាល និងឯកសារផ្សេងៗទៀតដែលទាក់ទងនឹងសម័យខ្មែរក្រហមជាង ៥ពាន់ឯកសារ។
ថ្លែងក្នុងពិធីប្រកាសពីគម្រោងនេះ តំណាងអង្គការ UNESCO ប្រចាំកម្ពុជា អ្នកស្រី អាន ឡឺម៉ែស បានថ្លែងថា គម្រោងនេះ ទទួលបានគាំទ្រផ្នែកថវិកាពីប្រទេសអាឡឺម៉ង សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ហើយមជ្ឈមណ្ឌលឯកសារកម្ពុជា និងមជ្ឈមណ្ឌលបុប្ផាណា ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ដំណើរការគម្រោងមួយនេះ។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន មានប្រសាសន៍ថា នេះជាគម្រោងទីពីរបន្ទាប់ពីគម្រោងជួសជុល និងអភិរក្សវាយនភណ្ឌខ្មែរក្រហម ដែលគាំទ្រថវិកាដោយសហរដ្ឋអាមេរិក ដោយលោកសង្ឃឹមថា បន្ទាប់ពីបញ្ចប់គម្រោងនេះ មន្ត្រីសារមន្ទីរនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តបន្ត។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាអតីតមន្ទីរឃុំឃាំង ធ្វើទារុណកម្ម និងសួរចម្លើយ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។
មនុស្សចន្លោះពី ១ម៉ឺន ៧ពាន់នាក់ ទៅ ២ម៉ឺននាក់ ត្រូវបានប៉ាន់ប្រមាណថា ត្រូវបានចាប់ខ្លួនយកមកសួរចម្លើយនៅក្នុងគុកដ៏អាថ៌កំបាំងមួយនេះ មុននឹងពួកគេត្រូវយកទៅសម្លាប់ចោលនៅអំឡុងសម័យខ្មែរក្រហម។
កំណត់ហេតុចម្លើយសារភាពនៃអ្នកជាប់ឃុំរាប់ម៉ឺនសន្លឹក ត្រូវបានរកឃើញនៅក្នុងគុកនេះ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ក្រោយពីកងទ័ពវៀតណាមបានចូលមកដល់ទីក្រុងភ្នំពេញនៅដើមឆ្នាំ១៩៧៩។
កំណត់ហេតុនៃចម្លើយសារភាព និងស្លាកស្នាមដទៃទៀតដ៏ផុយស្រួយ សរុបទៅមានជាង ៤០ម៉ឺនសន្លឹក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០០៩៕