ខុសពីតារាសិល្បៈភាគច្រើនដែលមានមហិច្ឆតាឈោងចាប់អាជីពសិល្បៈជាពិសេសពិធីការិនីអោយបានយូរអង្វែង សម្រាប់ពិធីការិនីកញ្ញា ឌួង ហ្សូរីដា បានអះអាងថាកញ្ញាមិនមានគោលដៅបន្តអាជីពមួយនេះបានយូរទៀតទេ។
កញ្ញាបានប្រកាសអោយដឹងពីគម្រោងបោះបង់ចោលទាំងស្រុង ក្រោយពេលរៀបការនោះផង ទើបនាងបញ្ជាក់ថាត្រូវតែរៀបគម្រោងអោយបានម៉ត់ចត់ដើម្បីកុំអោយចាស់ទៅវេទនា។
ឌួង ហ្សូរីដា និយាយថាសម្រាប់តារាភាគច្រើនគេមានបំណងបន្តអាជីពសិល្បៈអោយអស់ពីលទ្ធភាពតាមរយៈដែលគេធ្វើការលែងកើតគឺនៅតែបន្តបង្កើតគម្រោងនេះឬបង្កើតផលិតនោះដើម្បីបណ្ដុះអ្នកក្រោយក្នុងបំណងបន្សល់ទុកស្នាដៃផង ប៉ុន្តែសម្រាប់នាងបើឈប់គឺឈប់ដាច់តែម្ដងគឹមិននៅត្រាំត្រែងក្នុងអាជីពនេះទៀតទេ។
អ៊ីចឹងហើយទើបមកទល់ពេលនេះ នាងមិនមានគម្រោងបង្កើតជាក្រុមហ៊ុន ឬជាផលិតកម្មណាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ។ នាងថាខ្លួននឹងឈប់ពីសិល្បៈក្នុងពេលឆាប់ៗ ជាពិសេសគឺក្រោយពេលនាងសម្រេចចិត្តរៀបការដើម្បីបង្កើតគ្រួសារមួយច្បាស់លាស់។ មកទល់ពេលនេះ នាងថាបុរសដែលនាងបានដាក់ចិត្តស្រឡាញ់បានរន្ថើនសុំនាងរៀបការកាន់តែខ្លាំង ប៉ុន្តែមកពីនាងមិនទាន់ចង់និងសុំពេលរៀបចំគ្រួសារអោយរឹងមាំសិនទើបតែបន្តពន្យារពេល។
នាងថាបើនាងមានប្ដី គឺមិនអាចមកគិតគូរគ្រួសារពេញដៃពេញជើងដូចរាល់ថ្ងៃបានទេ គឺពិតជាត្រូវរកលុយ និងប្រើពេលតែជាមួយនឹងស្វាមីប៉ុណ្ណោះ អីចឹងហើយទើបនាងមិនទាន់ស្រឡះចិត្តដោយនៅចង់រកលុយជួយដោះតម្រូវការរបស់គ្រួសារមួយរយៈទៀតសិនមុនសម្រេចចិត្តរៀបការ។
នាងថាបុរសដែលស្រឡាញ់នាងបានចំណាយពេលរង់ចាំនាងមួយឆ្នាំហើយមួយឆ្នាំទៀត ហើយនាងក៏អរគុណដល់ទឹកចិត្តស្មោះរបស់បុរសម្នាក់នោះដែរដែលដឹងថាគ្រួសាររបស់នាងនៅមានបន្ទុក ហើយទុកពេលអោយនាងរៀបចំគ្រួសារមួយរយៈដោយមិនបែកចិត្តទៅណានៅពេលនាងអោយរង់ចាំ។
ការរង់ចាំនេះក៏កាន់តែធ្វើអោយនាងមើលឃើញពីតម្លៃស្នេហារបស់បុរសជាសង្សារផងដែរ ជាពិសេសនៅពេលដែលនាងស្នើសុំពន្យារពេលរៀបការ ហើយបុរសម្នាក់នោះបន្តយោគយល់។
នាងថាខ្លួនស្ថិតក្នុងដំណាក់កាលរៀបចំផែនការដើម្បីរៀបការនិងបោះបង់សិល្បៈ ដោយសារតែនាងយល់ថាក្រោយពេលរៀបការគឺនាងមិនអាចបន្តឡុកឡាក់ជាមួយការងារសិល្បៈ ដែលនាំអោយប៉ះពាល់ដល់សម្ព័ន្ធស្នេហាទៀតឡើយ។ យ៉ាងណាមិញ អ្នកនាងមិនទាន់ដឹងថារហូតដល់ពេលណា ទើបអាចសម្រេចផែនការនោះបានទេ ក្នុងពេលដែលនាងក៏សារភាពថាខ្លួននៅជាប់បន្ទុករបស់គ្រួសារដែលត្រូវរកលុយមកផ្គត់ផ្គង់គ្រួសារក្នុងចំនួនច្រើនៗជាប្រចាំដែលមិនអាចទម្លាក់បន្ទុកនេះក្រោយពេលរៀបការ។
កញ្ញានិយាយថា «សម្រាប់ខ្ញុំតែរៀបការគឺចោលសិល្បៈតែម្ដង អ៊ីចឹងហើយបានខ្ញុំរាល់ថ្ងៃខំរៀបផែនការណាស់ តែសម្រេចគឺឈប់តែម្ដង»។
នាងថាផែនការដែលនាងស្វះស្វែងរៀបចំនោះគឺការពង្រីកមុខជំនួញដោយសារតែនាងយល់ថាក្រោយពេលរៀបការនិងឈប់សិល្បៈគឺមានតែប្រាក់ចំណូលពីការបើកហាងទើបអាចអោយនាងរស់បានដោយមិនលំបាក។
មកទល់សព្វថ្ងៃនាងមានហាង២ក្នុងដៃហើយគឺហាងកាត់ដេរសំលៀកបំពាក់ដែលម្ដាយកាន់កាប់និងហាងនាំចូលផលិតផលថែរក្សាសម្រស់មកពីបរទេស តែបណ្ដាលមកពីហាងទាំងពីរនាងថាមិនទាន់រឹងមាំនៅឡើយទើបតម្រូវអោយនាងបន្តឈរពីក្រោយខ្នងអោយខ្លាំងសិនហើយមិនសម្រេចចិត្តរៀបការដូចគ្នានឹងតារាសម្ដែង លី ច័ន្ទសីហា។
នាងនិយាយថា «រាល់ថ្ងៃយើងមានហាង និងមានផ្ទះសម្បែងអីសមរម្យហើយ ប៉ុន្តែយើងនៅបង់រំលោះខ្លះៗ ទើបខ្ញុំរៀបការមិនទាន់បានហើយចង់អោយបន្ទុកទាំងអស់ហ្នឹងរួចរាល់សិនចាំរៀបការទៅស្រួលចិត្តតែម្ដង!»។
នាងប្រកាសមិនយកបន្ទុកទៅអោយអនាគតស្វាមីជួយរ៉ាប់រងនោះទេ បើទោះជាអនាគតស្វាមីរបស់នាងបានប្រកាសថានឹងជួយដល់នាងប្រសិនបើនាងចង់អោយមានការរ៉ាប់រងណាមួយអោយតែនាងយល់ព្រមរៀបការអោយបានឆាប់។ ឌួង ហ្សូរីដា បញ្ជាក់ថានាងចង់រៀបការ និងបោះបង់សិល្បៈ ដោយភាពរឹងមាំក្នុងមុខជំនួញ គឺមិនមែនគ្រាន់តែមានហាងបន្តិចបន្តួចក៏ប្រកាសរៀបការ និងបោះបង់សិល្បៈ លុះដល់ការបោះជំហានបន្តបន្ទាប់ពើបប្រទះនឹងវិបត្តិក៏ត្រលប់មកសម្ដែងឬទទួលការងារសិល្បៈវិញទេ។
ឌួង ហ្សូរីដា អះអាងថា ដំណឹងរៀបការ និងដំណឹងបោះបង់សិល្បៈនឹងកើតឡើងទន្ទឹមគ្នានៅពេលបន្ទុកបង់រំលោះលើអចលនទ្រព្យរបស់នាងដែលបានទិញរួចរាល់។ អ៊ីចឹងហើយទើបនាងប្រកាសថាទទួលមិនបាននៅពេលមានការលើកឡើងថានាងមានរបស់នេះមានរបស់នោះគឺដោយសារតែបុរសនេះទិញបុរសនោះទិញអោយ។
នាងក៏មិនខ្លាចក្នុងបង្ហាញមុខមាត់ពិតរបស់អនាគតស្វាមីនោះដែរ ប៉ុន្តែមកពីបុរសជាសង្សាររបស់នាងនៅមិនទាន់អោយមានព័ត៌មានណាមួយផ្ដេសផ្ដាស ទើបនាងប្រកាសថាមហាជននឹងបានឃើញលោកនៅថ្ងៃរៀបការតែម្ដង។
នាងថាគម្រោងមួយនោះមិនយូរទៀតទេជួនកាលអាចនឹងឆាប់លើសពីការរំពឹងទុកនោះផងក្នុងពេលដែលនាងដែលទើបតែបានក្លាយជាថៅកែហាងដល់ទៅ២ដែលជាបង្អែកក្នុងជិវិតនាពេលនេះ៕