វិភាគ៖ តើសារគំរាមនិងបិទសំឡេងឯករាជ្យ ឆ្លុះបញ្ចាំងអ្វីដល់ដំណើរការបោះឆ្នោត២០១៨?

ពលរដ្ឋ​កម្ពូជា​មួយ​រូប ស្វែង​រក​កម្មវិធី​ផ្សាយ​នៅ​លើ​វិទ្យុ​ បន្ទាប់​ពី​កម្មវិធី​ផ្សាយព័ត៌មាន​នៅ​លើ​ស្ថានីយ៍​វិទ្យុ​ជាង ៣០​ ត្រូវ​បាន​បិទ​មិន​ឱ្យ​ផ្សាយ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧។ (VOD)

អ្នកវិភាគលើកឡើងថា ការដែលបក្សកាន់អំណាចធ្លាក់ចុះប្រជាប្រិយភាពនៅឆ្នាំ២០១៣និង​ឆ្នាំ​២០​១៧​នេះ អាចជាមូលហេតុចំបងមួយ ជំរុញឲ្យពួកគេបង្កើតសារគំរាមជាប្រព័ន្ធ ដើម្បីបានបន្ត​​​កាន់អំណាច​​ក្រោ​​យ​​​បោះ​​​ឆ្នោ​​តឆ្នាំ២០១៨។

សារនយោបាយបែបគំរាមជាញឹកញាប់ ដែលសាធារណជនធ្លាប់ឭកន្លងទៅ គឺលទ្ធភាពផ្ទុះសង្គ្រាម បើ​ប​ក្ស​ប្រជា​ជ​នកម្ពុជា​ចាញ់ឆ្នោត គំរាមថានឹងចំណាយមនុស្ស១០០ទៅ២០០នាក់ ដើម្បីកា​រពារ​ស​​​ន្តិ​​​​ភា​ព គំរាមប្រើ​​​​​​​​គល់​​​ឫស្សី បង្ក្រាបអ្នកហ៊ានតវ៉ា គំរាមក្រុ​មអង្កការសង្គមស៊ីវិ​លឃ្លាំ​​មើ​​​​​​​​​លការបោះឆ្នោតជា​ដើ​ម។

អ្វីដែលសហគមន៍ជាតិនិងអន្តរជាតិភ្ញាក់ផ្អើលជាងនេះនោះ គឺរដ្ឋាភិបាលបញ្ជាឲ្យបិទ​វិទ្យាស្ថា​នជា​តិ​​ប្រ​​​ជា​ធិបតេយ្យ NDI របស់អាមេរិកប្រចាំកម្ពុជា និងវិធានការលើប្រព័ន្ធផ្សព្វផ្សាយមួយ​ចំនួន ឈានដល់​បិ​​​​ទ​សំឡេងឯករាជ្យ ដូចជាវិទ្យុអាសីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA វិទ្យុសំឡេ​ងប្រ​​ជាធិប​តេយ្យ VOD ផងដែរ ខណៈការបោះឆ្នោតជាតិជិតមកដល់។

តើវិធានការនេះ ឆ្លុះបញ្ចាំងអ្វីខ្លះពីដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៨?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា សារគំរាមនិងបញ្ជា​ឲ្យបិទ​សំឡេង​ឯក​រា​ជ្យនេះ លោកវិភាគថា អាចជាផែនការរបស់បក្សកាន់អំណាចមិ​នច្បាស់លាស់ពីការបន្តគ្រ​ប់គ្រងអំណា​ច​នៅ​​ក្រោ​​​​​​យបោះឆ្នោត ហើយព្យាយាមផាត់សង្គមស៊ីវិល និងសំឡេងឯករាជ្យ ដែលដើតួ​ជាអា​ជ្ញាកណ្តាល​នោះចេញពីទី​លាន​ប្រ​កួតមុនការ​បោះ​ឆ្នោ​តមក​ដល់។

លោក សូ ចន្ថា វិភាគដែរថា យន្តការនោះក៏នឹងជំរុញឲ្យមានការផ្សព្វផ្សាយតែគោលនយោបាយរបស់​​ប​​ក្ស​​​​​កា​ន់​​អំណាចរហូតដ​ល់ថ្ងៃ​បោះ​​ឆ្នោត ខណៈបញ្ហារបស់ព​លរដ្ឋមួយចំនួនមិន​ទាន់បានដោះស្រា​យនៅ​ឡើ​យ។

លោកថា៖ «នៅក្នុងដំណាក់កាលចុងក្រោយនេះ ឃើញមានសារគំរាម ការប្រើប្រាស់វោហាសាស​ន៍មួយចំនួ​នដូ​ចជាប្រើ​គល់ឫស្សី ឬក៏សង្គ្រាមអីជាដើមហ្នឹង សុទ្ធតែគំរាមដល់​អ្នកបោះឆ្នោត ហើយនឹងគណបក្សផ្សេ​ងៗទៀ​តដែលនៅក្រៅរដ្ឋាភិបាលហ្នឹង។ ការបិទសារព័ត៌មានឯករាជ្យមួយចំនួន រួមទាំងអង្គការអីហ្នឹង ក៏ជាមូលដ្ឋា​នមួយគំរាមដល់ការបោះ​ឆ្នោតផងដែរ។ ខ្ញុំគិ​តថា បើគណបក្សកាន់អំណា​ចនៅតែមិន​អាចឈ្នះ​ឆ្នោ​​តនោះ អាចនឹងមានបញ្ហាកើតឡើង​សម្រាប់ការបោះឆ្នោត ​ជាពិសេស​នោះទាក់ទិននឹងកា​រប្រកាស​លទ្ធផ​លបោះ​ឆ្នោតហ្នឹង អាចបិទមិនឲ្យផ្សព្វផ្សាយពីលទ្ធផលឆ្នោតតែម្តង»។

ប៉ុន្តែលោក សូ ចន្ថា វិភាគថា យន្តការដែលរដ្ឋាភិបាលកំពុងធ្វើនេះ មិនចំណេញដល់ប្រទេសជាតិទេ។

លោកថា៖ «ខ្ញុំគិតថាកម្ពុជាយើង ខាតបង់ធ្ងន់ធ្ងរណាស់ ខាតបង់ទីមួយទាក់ទងនឹងភាពស្របច្បាប់នៅលើឆា​ក​អ​ន្តរជាតិ មានន័យថាការបោះឆ្នោតមានសិទ្ធិស្របច្បាប់នៅបាន លុះណាតែសហគមន៍អន្តរជាតិ ដែល​​ប្រកា​ន់​​លទ្ធិប្រជាបតេយ្យនឹងបានប្រកាសទទួលស្គាល់ មិនអាចប្រទេសកុម្មុ​យនី​ស្តប្រកាសទទួលស្គាល់ថា ប្រទេ​​សមួយនេះបោះឆ្នោតដោយសេរី ដោយយុត្តិធម៌បានទាំងមូល។ ចំនុចទី​២ខ្ញុំគិតថា ស្ថាន​ការណ៍​នឹ​ងអា​ចវិលទៅរក របបអតីតកាលវិញ កម្ពុជាអាចនឹងទទួ​លទ​ណ្ឌ​កម្ម​ក្នុង​កម្រិតណាមួយ បើសិនជា​យើង​មិនដើរលើគន្លងប្រជាធិបតេយ្យ​ដែលមានចែងក្នុ​ងរដ្ឋធ​ម្មនុ​ញ្ញនោះ​»។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ បានបកស្រា​យថា វិធានការបិទអង្គកា​រ N​DI និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា ជាចំណាត់ការច្បាប់។

យ៉ាងនេះក្តី អ្នករាយការណ៍ពិសេសរបស់អង្គ​ការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានវាយតម្លៃថា កម្ពុជាកំពុង​​ដើរ​​​ទៅ​​រ​​កស្ថា​​ន​​ភាពដ៏​គ្រោះថ្នាក់មួយ ស​ម្រាប់ការ​ធានា​យុត្តិ​ធ​​ម៌ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ តាម​រយៈ​​​​ច្បា​ប់គ​ណបក្សនយោបាយ ច្បាប់គ្រង់អង្គកា​រសង្គម​សី​វិល និងប្រព័ន្ធតុលាការមិនឯករាជ្យជាដើម។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោក ចាន់ វិបុល លើកឡើងថា ប្រទេសដែលប្រ​កាន់​ល​​​ទ្ធិ​​​​​ប្រជាធិបតេយ្យ លោកថារដ្ឋជាអ្នកជំរុញការអនុវត្តច្បាប់ សង្គមស៊ីវិល អ្នកនយោបា​យមិ​ន​កា​​ន់អំ​ណា​​ច វិស័យឯកជន និងសារព័ត៌មាន ជាអ្នករំឭកពីភាពភាពអសកម្ម ដើម្បីជំរុញអភិ​បាលកិច្ច។

លោក ចាន់ វិបុល លើកឡើងទៀតថា បើរដ្ឋាភិបាលដាក់សម្ពាធទៅលើស្ថាប័នទាំងបីនេះ លោកថា ពលរ​ដ្ឋ​នឹងខ្វះ​ព័ត៌មានឯករាជ្យពិត ឈានទៅជ្រើសរើសមេដឹកនាំខុស។

លោកថា៖ «ពេលដែលការសម្រេចចិត្តមួយខ្វះខាតព័ត៌មានពេញលេញ ចំនុចទី១ដែលសំខានបំផុត គឺការជ្រើសរើសមេដឹកនាំខុស គាត់អត់បានតាមដានមើលពីសកម្មភាពរបស់ គ.ជ.ប ទេ នៅពេលដែល​មានសម្ពាធន​យោបាយកើតឡើង។ អញ្ចឹងគាត់អត់ដឹងថា គ.ជ.ប ហ្នឹងបំពេញការងា​រមានប្រសិ​ទ្ធភាពកម្រិត​ណា ចំនុចនេះឯង អាច​ជំរុញឲ្យកា​របោះឆ្នោតមួយ ទោះបីមានការបោះឆ្នោ​តកើតឡើងក៏ដោយ ប៉ុន្តែមេដឹកនាំនេះ​ អាចជាមេដឹកនាំដែ​លប្រជាពល​​រដ្ឋគាត់សម្រេចចិត្តខុស ឬអាច​កើតចេញពីការកេង​បន្លំពីចំនុចណាមួយ»។

ជាការកត់សម្គាល់ បើទោះបីជាមានការិះគន់ថា រដ្ឋាភិបាលបានដាក់សម្ពាធដល់អ្នកឃ្លាំមើល​ការបោះ​ឆ្នោត​ អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក៏ដោយ ប៉ុន្តែគេសង្គេតឃើញ មេដឹ​កនាំបក្ស​កាន់​អំណាច លោក ហ៊ុន សែន បានចុះជួបកម្មករនៅតាមរោងចក្រមួយចំនួន ប្រកាសពីតម្លើ​ង​ប្រាក់ឈ្នួ​ល​១​៦៨ដុល្លារសម្រាប់ឆ្នាំ២០១៨ និងប្រាប់ពីគោលនយោបាយ ថានឹង​ប្រឹងប្រែ​​ង​ស្វែ​ង​រកអ្នកវិនិយោគ ម​កប​ណ្តាក់ទន់ ដើម្បីបង្កើតទីផ្សារការងារ។

លោក ចាន់ វិបុល វិភាគថា ស្ថានការណ៍នយោបាយបង្ហាញថា រដ្ឋាភិបាលបានត្រៀម​ខ្លួនទៅកាន់​ការបោះឆ្នោ​​ត​២០១៨ ប៉ុន្តែលោកថាយន្តការនោះ ពោរពេ​ញទៅដោយការគំរាមកំហែង ដល់អ្នកឃ្លាំមើលកា​របោះ​ឆ្នោ​ត​ ​សង្គមស៊ីវិលដែលសកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ដែលនៅតែបន្តសរសេររឿងរស៊ើបរបស់រដ្ឋាភិបាលនិ​​ង​​គ​ណបក្សដែលងាយរងគ្រោះ។

លោកថា៖ «ខ្ញុំមើលជាបែបវិទ្យាសាស្ត្រទេ ខ្ញុំមិនវាយតម្លៃដោយអារម្មណ៍ទេ ការធ្វើបែបនេះ ក្នុងបុព្វ​ហេតុ​គំរាមកំហែងដល់អ្នកប្រជាធិបតេយ្យ និងក្រុមដែលរួមចំណែក​យ៉ាងសកម្ម ក្នុងស​កម្មភាពឃ្លាំ​មើ​លនិង​តាម​ដានការបោះឆ្នោត។ អញ្ចឹងយន្តការទាំងអស់នេះ​ ដើម្បីបំបាក់ស្មារតី​សម្រាប់អ្នកទាំងអស់​គ្នានោះ​។ ខ្ញុំ​មិនជឿជាក់ទេ ថាការបោះឆ្នោតឆ្នាំ២០១៨នឹងបិទទេ ខ្ញុំនៅតែយល់ថាកា​របោះឆ្នោត​នៅ​តែកើតមាន ប៉ុន្តែនេះ​ជាការគំរាមកំហែងនិងបំបាក់ស្មារតីផ្នែកនយោបាយ»។

សរុបជារួម អ្នកវិភាគថា អ្នកដែលងាយរងគ្រោះ ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៨ នោះគឺមាន អ្នកឃ្លាំមើល​ការបោះឆ្នោត សង្គមស៊ីវិលដែលសកម្មជំរុញឲ្យគោរពសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វ​ផ្សា​​​​យដែ​លមិនចំណុះរដ្ឋាភិបាល ដោយពួកគេថា អ្នកនយោបាយខ្មែរមិនខ្លាច​អ្វីនឹងប្រើមធ្យោបាយ​គ្រប់បែ​ប​យ៉ា​​ង ដើម្បីប្រយោជន៍បក្ខពួក ហើយមិនសូវខ្វល់ពីពីការបាត់បង់ប្រយោជន៍ជាតិនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ