ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានឲ្យដឹងថា រដ្ឋាភិបាលញូហ្សេឡែន នៅតែបន្ដឃ្លាំមើលដំណើរការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំក្រោយ។
ឯកអគ្គរាជទូតប្រទេសញូហ្សេឡែន ប្រចាំនៅប្រទេសចំនួនបី មានកម្ពុជា ថៃ និងឡាវ លោក បែន ឃីង លើកឡើងថា រដ្ឋាភិបាលញូហ្សេឡែននឹងយកចិត្តទុកដាក់ខ្ពស់ ចំពោះដំណើរការឃ្លាំមើលស្ថានការណ៍នយោបាយ និងការបោះឆ្នោតនៅកម្ពុជា។ នេះបើតាមការអះអាងលើហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី២៩ខែសីហានេះ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារមួយចំនួន នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ។
ការអះអាងនេះ ហាក់ធ្វើឡើងបន្ទាប់ពីមជ្ឈដ្ឋានជាតិ អង្គការអន្ដរជាតិ និងគណបក្សប្រឆាំង បានរិះគន់រដ្ឋាភិបាលកម្ពុជា ដែលបានបិទអង្គការមនុស្សធម៌អាមេរិមួយនិងការហាមឃាត់លើបណ្ដាញសារព័ត៌មានមួយចំនួន ពេលថ្មីៗនេះថា ជាការគាបសង្កត់ផ្នែកនយោបាយមួយ មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ខាងមុខនេះ៕
ម៉ាប់ ស៊ុយ [email protected]