រដ្ឋាភិបាលចិនបើកស្ថានកុងស៊ុលនៅខេត្ដសៀមរាប

ប្រទេសចិន បានបើកការិយាល័យកុងស៊ុលបន្ថែម នៅខេត្ដសៀមរាប ដោយថា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់​គ្រង​ឯកសារផ្សេងៗ ដល់ប្រជាជនចិន ដែលមករស់នៅប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។

AKP បានឲ្យដឹងថា រដ្ឋាភិបាលចិន បានបើកឱ្យមានកុងស៊ុលរបស់ខ្លួននៅខេត្ដសៀមរាប កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយថា ដើម្បីបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធបន្ថែមទៀតរវាងប្រទេសទាំងពីរកម្ពុជា និងចិន ក៏ដូចជាភាពងាយស្រួលក្នុងការគ្រប់គ្រង និងផ្តល់ឯកសារ ផ្សេងៗដល់ប្រជាជនចិនដែលមករស់នៅ ប្រកបរបររកស៊ីនៅតាមបណ្តាខេត្តភូមិភាគ៤ នៃប្រទេសកម្ពុជា។

សារព័ត៌មានដដែល បញ្ជាក់ថា ការបង្កើតការិយាល័យកុងស៊ុលនេះ គឺធ្វើឡើង បន្ទាប់ពីទស្សនកិច្ចរបស់ប្រធានរដ្ឋចិន លោក ស៊ី ជីនភីង មកប្រទេសកម្ពុជា កាលពីពេលកន្លងទៅ។

ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិនរហូតមកដល់ពេលនេះ មានរយៈពេល៦០ឆ្នំាហើយ តាមរយៈ គម្រោងផ្លូវមួយខែ្សក្រវ៉ាត់មួយ ប្រទេសចិន មានគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះដ៏ធំមួយនៅខេត្តសៀមរាប និងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ។

បើតាមទិន្នន័យ ក្រសួងទេសចរណ៍ឲ្យ ដឹងថា ប្រទេសចិន ក្លាយជាប្រទេសនាំមុនគេ ដែលមានភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជា។ តួលេខ នៃការការមកដល់ភ្ញៀវទេសចរចិន មានជាង៨៤ម៉ឺននាក់ (៨៤១ ០០០នាក់) ក្នុងរយៈពេល៩ខែ ដំបូងនៃឆ្នាំ២០១៧ គឺកើនឡើង ៤៥ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មួយរយៈចុងក្រោយនេះ គេឃើញសហគមន៍អន្តរជាតិ ខាងលោកសេរីរិះគន់ ប្រទេសកម្ពុជា ពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការរំលាយបក្សប្រឆាំង ប៉ុន្តែប្រទេសចិន នៅតែគាំទ្ររដ្ឋាភិបាលកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ