ជ័យ សុវ៉ាត ថាបើគ្មានការ​បោះបង់ពីគ្រួសារ ក៏​គ្មាន​​ថ្ងៃនេះ

លោក ជ័យ​ សុវ៉ាត ជាមួយម្ដាយចិញ្ចឹម និងពិធីការិនី ក្នុងកិច្ច​សម្ភាសន៍ (វង្ស សុម៉ាលីន)

​​គ្មានអ្នកណាមិនដឹងនោះទេ ថា​​​តារាចម្រៀង​វ័យក្មេងលោក​​ ជ័យ សុវ៉ាត គឺកូនកំព្រា​​ទាំង​​​ឪពុក និងម្ដាយ ដោយសារតែឪពុករបស់លោកទទួលមរណភាព​​​ក្នុងពេលដែល​លោកស្ថិតនៅក្នុងផ្ទៃ​​៧ខែ ​ហើយម្ដាយបាន​​ទទួលមរណភាពក្នុង​​ពេលដែល​​លោកមាន​វ័យ​៧​ឆ្នាំ ​ខណៈដែល​ទាំងម្ដាយនិង​ឪពុករបស់លោក​​សុទ្ធតែ​​​​ទទួលមរណភាព​ក្នុងវ័យ​​៥១​ឆ្នាំ​ដូចគ្នា និង​​​​​ដោយសារតែជំងឺ​​លើស​ឈាមដូចគ្នា។

​​​​លោកថា​​ក្រោយអត់ពី​​ឪពុកម្ដាយ ​បង​ៗទាំង​​៤របស់លោក​​​​​​​​​មិនខុសពី​យក​លោកទៅ​បំបរ​បំបង់ចោលទេដោយសារតែ​ចាត់ទុកថា​លោកថា​ជាកូនចង្រៃ ហើយបណ្ដោយលោក​​រសាត់អណ្ដែង​មករស់នៅ​​​នៅ​ក្នុងមណ្ឌល​កុមារកំព្រា ក្នុងពេលដែលលោកមិនដែល​បានស្គាល់ភាព​កក់ក្ដៅទាល់តែសោះ​តាំងពី​បានកើតមក។

យ៉ាងណាមិញ លោកថា​​បើ​​គ្មានការបោះបង់របស់គ្រួសារ ក៏លោក​មិនស្គាល់​​​​​​​​​ឪពុកម្ដាយចិញ្ចឹម​សព្វថ្ងៃ និងមិនបានក្លាយ​ខ្លួនជា​​តារា​សាន់ដេដែលទើប​បាន​ចូលកុងត្រានេះ។ ​​​​តារា​ដែល​មាន​ឈ្មោះបោះសំឡេងតាំងពីក្នុងកម្មវិធី ផ្កាយ​រះក្នុងសួន មួយនេះបានថ្លែងនៅចំពោះមុខ​​​​ម្ដាយចិញ្ចឹម​ក្នុងកិច្ច​សម្ភាសន៍ពីជីវិត​ដ៏កម្សត់ថា ក្រោយពេល​ឪពុកម្ដាយ​​ស្លាប់ចោលលោក​មិនដែលគិត​ចង់​ទៅរស់នៅជាមួយ​​​​​​​អ្នកណា ​ក្រៅពីបង​​​ប្រុសបងស្រីបង្កើតរបស់ខ្លួននោះទេ ​​​ប៉ុន្តែ​​​​​​ប្រហែល​ជាភ័ព្វវាសនារបស់លោកមិនល្អ ទើបលោក​​សឹងតែគ្មានបងប្អូនណាម្នាក់ទទួល​​​​​ចិញ្ចឹមដោយក្ដីស្រឡាញ់ ​ដោយមានតែបងស្រីធំម្នាក់ ក៏​ចិញ្ចឹម​​​​​​​អោយលោកបានបាយហូប​ដោយ​​ពាក្យ​​សម្ដីមិនល្អ
និង​ប្រើអោយលោក​​​មើលតែ​កូន ​និងធ្វើការ​​​​ងារ​​លក់នំ​លក់ចំណី​តាម​ភូមិ​ស្ទើរតែគ្មានពេលសម្រាក។

លោក​ចាត់ទុកថា​ខ្លួន​បានចូលសាលាដោយសារតែ​មាន​​​​អាណិត​របស់​​​​​​​​​អ្នកជិត​ខាងនិងសាច់ញាតិ​​ដែល​​​ស្នើអោយលោកមករស់នៅមណ្ឌលកុមារកំព្រា​​​ប៉ុណ្ណោះ ទើប​លោកចេះតែមាន​ឱកាស​បានស្គាល់​អ្នក​ឧបត្ថម្ភមណ្ឌល ​ហើយរហូតមាន​​​ស្រ្តី​ជាជនជាតិ​កាណាដា​ម្នាក់​​​​​​​ស្រឡាញ់​ និង​​ផ្ដល់​​​ប្រាក់​​ចិញ្ចឹម​ក្នុងមួយខែ​​៨០ដុល្លារ អោយលោកបាន​​​រៀន​សូត្រ​ ​​​ក្រោយពេលដែល​​មណ្ឌលត្រូវបានរំសាយ​​​ បញ្ចប់ការ​​ផ្គត់​ផ្គង់​ក្មេង​។

​លោក​​​​​កាន់តែមានវាសនារសាត់អណ្ដែត​នៅក្នុងផ្ទះ​ជួលតែ​​ឯង​​នៅរាជធានីភ្នំពេញ ហើយក៏បានដាក់ពាក្យចូលប្រលងក្នុងកម្មវិធី«​ផ្កាយរះក្នុងសួន»កាលពីឆ្នាំ​២០១៣ ​​ជំនាន់ទី​១របស់ទូរទស្សន៍អប្សរា ដោ​យទទួលបានចំណាត់ថ្នាក់លេខ​​​២។

ឱកាសបាន​ច្រៀង​​​នៅក្នុងកម្មវិធី​នោះហើយ ដែល​​ខ្សែ​ជីវិតរបស់លោក​ត្រូវបានគេលាតត្រដាង​​​​​​​ជាសាធារណៈ
រហូត​ត្រូវបាន​​អ្នកមាន​ស្ដុកស្ដម្ភ​ម្នាក់​​​​ដែលមាន​ស្វាមី​​​​​ជាមន្ត្រីជាន់ខ្ពស់នៅក្រសួង​​​​សេដ្ឋកិច្ច និងមាន​​ភរិយាជា​អ្នកជំនួញ​​​​​នៅខេត្តក្រចេះ ជ្រើសជាកូន​ចិញ្ចឹម ​ដោយ​​​​​​​បានចិញ្ចឹម​​បីបាច់​លោក​​​​​​​​តាំងពី​ឆ្នាំ​​២០១៤រហូតមក ដោយ​​ប្រកាស​អោយក្លាយជា​​​កូនស្របច្បាប់​​នៅក្រោមបន្ទុក​ផង។

​លោកត្រូវគេឃើញ​ផ្លាស់ប្ដូរពីជីវិត​ក្មេង​កំព្រា ទុរគត និង​​ក្រី​ក្រ ក្លាយជាក្មេងមាន​​ផ្ទះវីឡា​ទំនើប​រស់នៅនិង​មានរថយន្ត​យ៉ាង​ហ៊ឺហារ​​​ជាមធ្យោបាយរាល់ថ្ងៃ ដោយលោកនិង​​​គ្រួសារថ្មី​​គឺមិនខុស​ពីសាច់ឈាមតែមួយនោះទេ
បើទោះជា​​គ្រួសារ​របស់​ឪពុកម្ដាយ​ចិញ្ចឹមលោក​​មានកូនប្រុសស្រី​ពេញកំលោះក្រមុំ​​២​នាក់រួច​ទៅហើយ។

អ្វីដែលគេកត់សម្គាល់ទៅ​ទៀតនោះ គឺលោកបានត្រូវបាន​ផលិតកម្មសាន់ដេ​កុងត្រាអោយក្លាយជាអ្នកចម្រៀង​​ពេញសិទ្ធិរហូតដល់រយៈពេល​​​៧ឆ្នាំ​កាលពី​​ដើមខែធ្នូ ក្នុងឆ្នាំ​​២០១៧មុននេះនោះផង ទើបធ្វើអោយម្នាក់​កោតសរសើរពីជោគវាសនារបស់​តារារូបនេះ​ហួស​ប្រមាណ។

លោក ជ័យ សុវ៉ាត និយាយថា​​​​​​មុនជួប​ឪពុកម្ដាយចិញ្ចឹម​​លោកមិនខុសពីក្មេងដែលត្រូវគេបោះបង់ចោលនោះ ដោយសារតែ​មានបង​ៗ​៤នាក់ តែសុទ្ធតែ​​​​មិនអាច​ផ្ដល់​ភាពកក់ក្ដៅ​អោយលោករស់នៅជាមួយបាន ដោយ​​​​​លោក​​​​​គិតមានអារម្មណ៍មិនចង់​​រស់ម្ដងៗនោះផង ជាពិសេស​ក្នុងពេលដែល​​​​​​​លោកមិនទាន់​មានឱកាស​បានទទួល​ប្រាក់ជំនួយ​ពីម្ដាយធម៌នៅប្រទេសកាណាដា​ដែលអាច​អោយលោក​​ឡើងមកជួល​ផ្ទះ​គេបានរៀន​បន្ត។

សព្វថ្ងៃក្រៅពីជាតារាចម្រៀងសាន់ដេ ដែលទើបចេញបទ​​​បើក​ឆាក​​​​​​​​ក្រោមចំណងជើងថា​ «​​​ក្រចេះស្នេហ៍ខ្ញុំ» ក្ដៅៗ ​លោកក៏ជានិស្សិត​ពេទ្យឆ្នាំ​ទី៥​​ផងដែរ ដោយលោកប្រកាស​​អ្វីៗដែលទទួលបាននាពេលនេះ គឺ​​​​​សុទ្ធតែជា​កើតចេញពី​ការ​ប្រឹង​ប្រែង​​ក្រោក​ឈរ​​​​​​ក្រោយពីខ្វះភាពកក់ក្ដៅរបស់​​​​គ្រួសារ​​ក្រោយពី​​ឪពុកម្ដាយស្ដាប់​ចោលទាំងអស់។

យ៉ាងណាមិញលោកបានសរសើរដល់បង​ៗរបស់ដែលបាន​​​​ប្រគល់លោកមកអោយ​​ឪពុកម្ដាយចិញ្ចឹម​​សព្វថ្ងៃ ដោយមិនដែលមករំខាន​​ដល់ជីវិតរបស់លោកនោះទេ គឺ​​ដូចជា​​​​​ប្រគល់​អោយដាច់​​​ហើយ​ឈប់រវល់​​​​​​នឹង​ភាពមានបានរបស់លោកតែម្ដង ទើបធ្វើអោយលោក​​មិនមានអារម្មណ៍ខ្លាច​ចិត្តរបស់​​ឪពុកម្ដាយចិញ្ចឹម​​នៅពេលមានការ​រំខាន​​​​ពី​​គ្រួសារ​​ដើម។

លោកថា​នឹង​ខំប្រឹងពង្រឹងជំហរអោយបានរឹង​មាំទាំង​​ការ​សិក្សានិង​អាជីពចម្រៀងក្រោយចូលសាន់ដេ ហើយលោកក៏​​​​​នឹង​ខំ​ធ្វើជាកូន​ដ៏ល្អរបស់​​​​​​ឪពុកម្ដាយ​ចិញ្ចឹម​ទាំង​​២ ​ដោយមិនអោយមានឈ្មោះថាជាកូនអកត្តញ្ញូនោះដែរ បើទោះជាលោកនិង​ឪពុក​ម្ដាយ​​ចិញ្ចឹម​មិនជាប់ឈាម​នឹង​គ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ