បទយកការណ៍៖ អ្នករស់នៅតាម​បណ្ដោយ​ប្រឡាយទឹកស្អុយស្ទឹងមានជ័យបារម្ពពី​បញ្ហា​សុខភាព

អ្នករស់នៅតាម​បណ្ដោយ​ប្រឡាយទឹកស្អុយស្ទឹងមានជ័យ (ណាត សុភាព)

ទឹកខ្មៅកខ្វក់ ត្រូ​វបានគេបង្ហូចេញពីលូ ចូល​ក្នុង​ប្រឡាយស្ទឹងមានជ័យ ស្ថិតនៅក្រោមស្ពានអាកាស​​ស្ទឹងមានជ័យ រហូតដល់​បឹងទំពុន រាជ​ធានី​ភ្នំពេញ ជាច្រើនឆ្នំាមក​ហើយ។

លូបង្ហូរ​ទឹក​ស្អុយ​ដ៏​វែង​នេះ បង្ហូរទឹកស្អុយកខ្វក់ចូលទៅក្នុង​​ប្រឡាយ​ស្ទឹងមានជ័យ និង​ប្រឡាយ​បឹងទំពុន ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដល់​ស្ថានីយ៍​បូមទឹក​បឹងទំពុន ក្នុង​ខណ្ឌមានជ័យ ដែលមានបណ្តោយប្រហែល​ជា​ ៥​គីឡូម៉ែត្រ និងទទឹងចន្លោះពី ២០​ម៉ែត្រ​ទៅ ៤០ម៉ែត្រ​។

ទោះបី​ជា​ពោរ​ពេញ​ទៅ​ដោយ​ក្លិន​ស្អុយ​យ៉ាងណា ក៏​មាន​ពលរដ្ឋ​សាង​សង់​ផ្ទះ​សម្បែង​រស់​នៅ​សង​ខាង​នៃ​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​នេះ ទាំង​ដែល​ពួកគេ​ មិន​សូវ​បាន​ចាប់​អារម្មណ៍​ពី​ផល​ប៉ះ​ពាល់​នៃ​ក្លិន​ស្អុយ​នោះ ទៅ​លើ​សុខភាព​របស់​ពួកគេ​នោះ​ឡើយ។

ស្នាក់​នៅក្នុង​ផ្ទះ​ជួល​ស្ថិត​ជាប់​នឹង​ប្រឡាយស្ទឹងមានជ័យ អ្នកស្រី ទេព ស្រីម៉ៅ បានឲ្យ​ដឹង​ថា គ្រួសារ​គាត់​បាន​រស់​នៅក្បែរប្រឡាយស្ទឹងមានជ័យ អស់រយៈពេលជិត ២០ឆ្នាំមក​ហើយ ដោយ​ប្រឈម​នឹង​ក្លិន​ស្អុយ​ហូរ​ឆ្លង​កាត់​ទីនោះ ២៤​ម៉ោង​លើ ២៤​ម៉ោង។ ខណៈ​ដែល​រស់នៅ​ប្រចាំ​នៅ​ជាប់​នឹង​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​បែប​នេះ អ្នកស្រី​ឲ្យ​ដឹង​ថា ខ្លួន​អ្នកស្រី​ផ្ទាល់ និង​សមាជិក​ក្នុង​ក្រុម​គ្រួសារ តែង​តែ​ប្រឈម​មុខ​នឹង​ជំងឺ​ផ្ដាសាយ គ្រុន​ក្ដៅ ឬ​ក៏​រងា​ខ្លាំង ជាពិសេស​នៅ​រដូង​វស្សា។

អ្នកស្រីនិយាយថា៖«ខែ​ភ្លៀង​ ជួនកាល គេទម្លាយសំរាមមក​ពីលើច្រើន ស្អុយ។ បារម្ភដូចថា ពេលហ្នឹង គឺសម្បូរជំងឺផ្តាសាយ គ្រុនក្តៅ គ្រុនរងាខ្លាំង​»។

ដោយ​ប្រឈម​ទៅ​នឹង​ក្លិន​ស្អុយ​ជះ​ចេញ​ពី​ទឹក​លូ​បង្ហូរ​ចេញ​ពី​គ្រប់​ប្រភព​នៃ​លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​តាម​បណ្ដោយ​ប្រព័ន្ធ​លូ​ទឹក​ស្អុយ​ទាំង​នោះ សុទ្ធ​ចង់​ចាក​ចេញ​ពី​ឲ្យ​ផុត​ពី​ទីតាំង​ពោរ​ពេញ​ទៅ​ដោយ​ក្លិន​ឆ្អេះ​ឆ្អាប​នោះ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ជម្រើស​ល្អ​ប្រសើរ​នោះ​ឡើយ។

ប្រឡាយទឹកស្អុយស្ទឹងមានជ័យ (ណាត សុភាព)

អង្គុយបីកូនតូច​ក្រោមតូបលើប្រឡាយទឹកស្អុយ​ អ្នកស្រី ញឹប សុខឃាង ដែលអះអាងថា ជួលបន្ទប់ ៤ម៉ែត្រ​បួន​ជ្រុង នៅម្តុំប្រឡាយ​ស្ទឹងមាន​ជ័យជា​ង ​១០ឆ្នាំ​មក​ហើយ​នោះ បានឲ្យដឹងដែរថា អ្នកស្រី​​មិន​ចង់​រស់​នៅក្បែរប្រឡាយទឹកស្អុយនោះទេ ប៉ុន្តែ គាត់ថា គ្មានជម្រើស ព្រោះ​ត្រូវ​សន្សំ​លុយ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ បើទោះបី​ជា​អ្នកស្រី​បាន​ដឹង​ពី​ផល​ប៉ះ​ពាល់​លើ​សុខភាព​ខ្លួន​គាត់​ផ្ទាល់ និង​កូនក្មេង​តូចៗ​ក្ដី។

អ្នកស្រីនិយាយថា៖«នៅទៅ ចាំមើលដល់ថ្ងៃណា​ ដែលថា អាច​មាន​ជម្រើស យើងនឹងចេញពីទីហ្នឹងទៅ​ជួលកន្លែងផ្សេង រកលុយទុកសិន ត្រៀម​ទ្រទ្រង់សុខភាពកូន គ្រួសារ​ ផ្គត់ផ្គង់កូននៅតូច​»។

ខណៈ​ដែល​ពលរដ្ឋ​ខ្លះ​ពិចារណា​ចាក​ចេញ​ពី​​ប្រព័ន្ធ​ទឹក​លូ​ស្អុយ​នោះ ពលរដ្ឋ​ខ្លះ​ទៀត​មិន​គិត​បែប​នោះឡើយ ប៉ុន្តែ ពួកគេ​ចង់​ឃើញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​លូ​ទឹក​ស្អុយ​នោះ​ឲ្យ​បាន​ត្រឹម ដើម្បី​ទប់​ស្កាត់​ក្លិន​ស្អុយ ព្រម​ទាំង​ធ្វើឲ្យ​ស្ថានភាព​សុខភាព​របស់​ពួកគេ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

ដោយ​អះ​អាង​ថា បាន​រស់​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​នោះ​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ អ្នកស្រី ម៉ិច សាមឿន អំពាវ​នាវ​ទៅ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ឲ្យ​ជួយ​កសាង​គម្រប​លើ​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ​នោះ ហើយ​អ្នកស្រី​ជឿ​ថា វា​អាច​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សុខភាព​ប្រជា​ពលរដ្ឋ​បាន​មួយ​ផ្នែក។

អ្នកស្រីអំពាវនាវថា៖ «ស្នើឲ្យរដ្ឋអំណាច​ឲ្យជួយមើល[ប្រឡាយទឹកស្អុយ]​គ្របឲ្យជិតទៅ ការពារ ការឈឺស្កាត់​ វាប៉ះពាល់សុខភាពហើយ វាមិនអត់ទេ​ ទោះយ៉ាងណាក៏វាត្រូវ​តែប៉ះពាល់ដែរ​»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង យល់​ថា រដ្ឋាភិបាលគួរតែធ្វើគម្របបិទ​ប្រឡាយ ឬ​លូ​បង្ហូរ​ទឹក​ស្អុយ​ឲ្យជិត និង​រកវិធីច្រោះទឹកស្អុយនោះឲ្យបានស្អាត មុននឹង​បង្ហូរ​ចូលប្រឡាយនោះ។ លោក​ថា ធ្វើ​បែប​នេះ ទើបអាច​កាត់បន្ថយការប៉ះពាល់សុខភាព​ប្រជាពលរដ្ឋបាន។

លោកផ្តល់ជាអនុសាសន៍ថា «យើងត្រូវតែមានអាងចំរោះ​​ ដើម្បីកុំឲ្យវាមានជាតិពុលកម្រិតខ្ពស់​ ឬក៏មានការធំខ្លិន ហើយមុននឹង​ទឹកវាហូ​ចូល​ក្នុង​ទឹកប្រឡាយ ប្រសិនបើយើងធ្វើ​នៅក្នុងប្រឡាយ​មេ​​ បើសិនជាយើងធ្វើដូច្នេះបាន​​ បើសិនយើងធ្វើបានអាច​កាត់បន្ថយ​ផ្សេងៗ ឬក៏​ផលប៉ះ​ពាល់សុខភាពប្រជាពលរដ្ឋ ហើយជាមួយគ្នានោះដែរ​ យើងត្រូវតែរក្សាថែប្រព័ន្ធប្រលាយ​ឲ្យបានល្អ កុំឲ្យមានអ្នកបោះសំរាមចូល ផ្តេះផ្តាស ធ្វើឲ្យ​ប៉ះពាល់ដល់សុខភាព និងបរិស្ថានថែមទៀត​»។

ក្លិន​ស្អុយ​ជះ​ចេញ​ពី​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ នៅ​តែ​ស្ថិត​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​ដែល​រស់​នៅ​តាម​បណ្ដោយ​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ​នានា នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បើទោះបី​ជា​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ជា​គំនិត​ផ្ដួច​ផ្ដើម​កាល​ពី​ឆ្នាំ​២០១៤ ឲ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​កសាង​សង​គម្រប​បិទ​លើ​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ