បទសម្ភាសន៍៖ លោកស្រី ធីតា ឃិះ ថាបើលោក ឈាង វុន និយាយជាការពិតបុរស៦០ភាគរយនឹង​ត្រូវជាប់ចោទពីបទរំលោភសិទ្ធិស្រ្តី

នាយិកា​អង្គការ​សីលកា​ អ្នកស្រី ធីតា ឃឹះ

លោក ឈាង វុន ​អ្នកនាំពាក្យ​ឲ្យ​តំណាងរាស្រ្ត​របស់គណប​ក្ស​ប្រជាជនកម្ពុជា​បានថ្លែង​ប្រាប់អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ទទួល​ញត្តិ​របស់​ក្រុមយុវជន​​ដែលប្រឆាំង​នឹង​លោក កឹម សុខា ថា​ប្រសិន​បើរឿងអាស្រូវស្នេហា​ជា​រឿងពិត​លោក​ កឹម សុខា រំលោភលើ ”តម្លៃស្រ្តីខ្មែរ​និង​សិទ្ធិ​នារី” ដោយ​​លោក​ចាត់ទុក​ថា​ជា ”គ្រោះ​ថ្នាក់មែនទែន”។

ប៉ុន្តែក្នុងបទសម្ភាសន៍ជាមួយVODលោកស្រី ធីតា ឃិះ នាយិកាអង្គការសីលការ ជាអង្គការមួយលើកកម្ពស់សិទ្ធិ​ស្រ្តីនោះ លោ​កស្រីយល់ថាបើលោក ឈាង វុន និយាយនោះវាជាការពិតគឺបុរស៦០ភាគរយនឹង​ត្រូវជាប់ចោទពីបទរំលោភសិទ្ធិស្រ្តី។

VOD៖ លោក ឈាង វុន មានប្រសាសន៍ថាករណីលោក កឹម សុខា គឺរំលោភលើ ”តម្លៃស្រ្តីខ្មែរ​និង​សិទ្ធិ​នារី”។ ក្នុងនាមលោកស្រីធ្វើការផ្នែកសិទ្ធិស្រ្តី តើលោកស្រីយល់យ៉ាងណាដែរ?

លោកស្រី ធីតា ឃិះ៖ ខ្ញុំថាប្រសិនបើអ្វីដែលគាត់និយាយជាការពិតខ្ញុំថាបុរសនៅក្នុងស្រុកខ្មែរទាំង៦០%ហ្នឹង បែបត្រូវជាប់ចោទពីបទរំលោភសិទ្ធិស្រ្តី។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំមើលឃើញថាគ្រោះថ្នាក់នៃការប្រើប្រាស់និងរំលោភសិទ្ធិស្រ្តីដោយស្ថាប័ននយោបាយធ្វើឱ្យប៉ះពាល់ច្រើនមិនមែនត្រឹមតែលើស្រ្តីទេគឺរហូតទៅដល់ការស្ថាប័នលទ្ធិប្រជាធិបតេយ្យរបស់យើងហើយនឹងការអភិវឌ្ឍប្រទេសជាតិ ហើយនឹងយុត្តិធម៌ក្នុងសង្គមពីព្រោះក្នុងពេលដែលយើងអនុវត្តលទ្ធិប្រជាធិបតេយ្យរបៀបយ៉ាងនេះ យើងមើលឃើញថាអត់មានច្បាប់អីនៅក្នុងប្រទេសយើងទេនីតិរដ្ឋយើងហ្នឹងឥឡូវធ្លាក់ដល់កម្រិតទាបមែនទែន។ ចឹងទៅយើង​មានការព្រួយបារម្ភរឿងនេះ ដូច្នេះការប្រើប្រាស់ស្រ្តីជាមូលហេតុដើម្បីគោលនយោបាយអី្វមួយវាធ្វើឱ្យមានការច្របូកច្របល់គ្នាហើយវាច្បាស់តែរឿងរំលោភសិទ្ធិស្រ្តី។ ប៉ុន្តែអ្វីដែលលោក ឈៀង វុន និយាយមិនមែនតែលោក កឹម សុខា មួយទេប្រហែលជាថាទាំងអស់ទៅលើអ្នករំលោភសិទ្ធិស្រ្តី។ ក៏ប៉ុន្តែរឿងច្បាប់យើងត្រូវយកមកអនុវត្តនៅពេលបចុប្បន្ននេះ។

VOD៖ តើលោកស្រីគិតថារឿងអនុវត្តច្បាប់ហ្នឹងបានស្មើភាពគ្នាហើយឬនៅ បើពិនិត្យមើលរឿង​អ្នក​នយោបាយមានស្រីក្រៅនោះ?

លោកស្រី ធីតា ឃិះ៖ អត់ទាន់ស្មើគ្នាទេបានជាយើងមើលឃើញចឹង​នៅក្នុងរឿងថតសម្លេង ខ្ញុំមើលឃើញថាជាការរំលោភសិទ្ធិឯកជនមិនមានការសុខស្រួលទេបើទូរស័ព្ទយើងអាចត្រូវមានការតាមស្តាប់តាមថតតែរហូតហ្នឹង។ ដូច្នេះអ្វីដែលយើងនិយាយ អ្វីដែលយើងប្រើប្រាស់ គឺគេត្រូវយកថត កាត់ត និងបង្កើតទៅជាបញ្ហាទៅថ្ងៃក្រោយ នេះគឺជាគ្រោះថ្នាក់ទៅដល់ សន្តិសុខសង្គមទៅថ្ងៃក្រោយទៀត។

VOD៖ លោកស្រីមើលឃើញថាមានករណីអ្វីខ្លះដែលអ្នកនយោបាយមានស្រីក្រៅ ហើយមិនត្រូវបានច្បាប់យកមកអនុវត្តដូចៗគ្នានោះ?

លោកស្រី ធីតា ឃិះ៖ ច្រើនណាស់មិនត្រឹមតែចឹងទេថាយើង(សើច)មើលតែអ្នកមានអំណាចនៅពេលបចុប្បន្ន អ្នកមានថវិកានៅពេលបច្ចុប្បន្នមិនមែនតិចតួចទេច្រើនព្រោះគេមានកន្លែងគេរកស៊ីរឿងនិងកន្លែងគេទៅសប្បាយដែលអាចថាជាសន្ទុះនៃការ​រំលោភច្បាប់ឯកពន្ធភាពរបស់យើង។ ក៏ប៉ុន្តែសួរថាយើងអនុវត្តយ៉ាងម៉េចដើម្បីក្លាយជាជ្រើសយកក្រុមជាអ្នករងគ្រោះពីការជាន់ឈ្លីច្បាប់ហ្នឹង ហើយវាមិនគា្រន់តែប៉ុណ្ណឹងទេការថតសម្លេងច្បាប់ ច្បាប់មានឱ្យមកប្រើប្រាស់ចឹងអ្នកអនុវត្តខុសច្បាប់អត់ដែលឃើញមានមកអនុវត្តនៅក្នុងរឿងនេះ។ ខ្ញុំថាការមានស្រីសាហាយអីខាងក្រៅបើសួរស្រ្តីមិនមានអ្នកណាមួយពេញចិត្តរឿងអស់ហ្នឹង ក៏ប៉ុន្តែយើងជឿថាការដែលធំបំផុតនៅក្នុងបញ្ហានេះបើយើងមើលឱ្យខ្ពស់ទៅវិញទៅសួរថាយើងគួរអនុវត្ត យក​ច្បាប់របស់រដ្ឋ ហើយស្ថាប័នរបស់រដ្ឋធ្វើមធ្យោបាយដើម្បីដាក់សម្ពាធឬមួយយ៉ាងណាក៏ធ្វើទៅលើមូលដ្ឋានគណបក្សផ្សេងដែលធ្វើឱ្យយើងមានការសោកស្តាយខ្លាំងណាស់ ហើយវាជាគ្រោះថ្នាក់ធំដល់ប្រទេសជាតិ។

VOD៖ កន្លងមកនេះមេដឹកនាំរដ្ឋាភិបាលបានមានប្រសាសន៍ទាក់ទងទៅនឹងស្រ្តីដែលអង្គការស្រ្តីចាត់ទុកថាប៉ះពាល់ដល់តម្លៃស្រ្តីនៅកម្ពុជា។ បន្ទាប់មកអង្គការស្រ្តីក៏ចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យជួយលើកកម្ពស់សិទ្ធិស្រ្តី។ មកដល់ពេលនេះតើរដ្ឋាភិបាលយកចិត្តទុកដាក់​ដល់ស្រ្តីកម្រិតណាដែរឬករណីលោក កឹម សុខា នេះបង្ហាញរដ្ឋាភិបាលយកចិត្តទុកដាក់លើ​តម្លៃស្រ្តី?

លោកស្រី ធីតា ឃិះ៖ ខ្ញុំថាមិនមែនជាការយកចិត្តទុកដាក់ទៅលើសិទ្ធិរបស់ស្រ្តីតម្លៃរបស់ស្រ្តីទេនៅពេលបចុប្បន្ន ពីព្រោះស្រ្តីត្រូវបានគេយកមកធ្វើជាឧបករណ៍ចោទដាក់គ្នាទៅវិញទៅមកទៅលើបញ្ហារឿងនយោបាយមើលទៅដូចជាមិនមែនជារឿងនយោបាយដល់ទីបញ្ចប់វាជារឿងនយោបាយ។ ពួកខាងខ្ញុំខាងស្រីបានជជែកគ្នាច្រើនដែរ ហើយយើងកំពុងពិចារណាថាត្រូវចេញអីសមស្របជាមួយស្ថានភាពបច្ចុប្បន្នប៉ះពាល់ទៅដល់សិទ្ធិសេរីភាពអនុវត្តច្បាប់នៅក្នុងករណីជនរងគ្រោះ ហើយករណីស្ថិរភាពក្នុងសង្គមយើងទាំងអស់គ្នានៅក្នុងផ្ទះយើងទាំងអស់គ្នានៅក្នុងប្រទេសជាតិនេះ។ តែរឿងហ្នឹងចេះតែវិវដ្តលឿនទៅៗ យើងកំពុងតែពិចារណាមិនដឹងត្រូវធ្វើយ៉ាងម៉េចដើម្បីចាក់ប្រយុងដើមធ្វើជាផលប្រយោជន៍យើងទាំងអស់គ្នា។

VOD៖ ក្នុងនាមលោកស្រីជាស្រ្តីម្នាក់បើសិនជាស្វាមីមានស្រីក្រៅ តើលោកស្រីតវ៉ារបៀបម៉េចដើម្បី​រក្សាតម្លៃស្រ្តីនិងរក្សាតម្លៃស្វាមី?

លោកស្រី ធីតា ឃិះ៖ ខ្ញុំថានៅក្នុងករណីមួយហ្នឹងជារឿងឯកជនចឹងប្រសិនប្តីខ្ញុំគាត់អនុវត្តនូវអំពើមិនសមស្របខុសនឹង  សីលធម៌នៅក្នុងរឿងហ្នឹង ខ្ញុំត្រូវជាអ្នកប្រតិកម្មជាមួយគ្រួសារខ្ញុំ។ [ករណីលោក កឹម សុខា]វាជារឿងឯកជនមិនមែនត្រូវយកមកដាក់ជាកន្លែងសាធារណៈចឹងទេ។ ខ្ញុំមើលឃើញថាវាមិនមែនជារឿងសមស្របជាមួយសីលធម៌និងការអនុវត្តច្បាប់របស់យើងបានទេ។

VOD៖ កន្លងមកមានសាធារណៈមតិលើកឡើងថាប្រតិកម្មនោះរហូតធ្វើឲ្យស្រ្តីដែលគេថាជាគូកំណាន់របស់ប្តីនោះស្លាប់បាត់បង់ជីវិតទៀតផង។ ក្នុងនាមលោកស្រី តើប្រតិកម្មនោះក្នុងកម្រិតណា?

លោកស្រី ធីតា ឃិះ៖ ខ្ញុំថានៅក្នុងគំនិតរបស់យើងទាំងអស់គ្នានិងនៅក្នុងការចងចាំរបស់យើង យើងនៅចងចាំរឿងដែលកើតមានឡើងដូចរឿងកើតជារឿយៗពីអតីតកាលកន្លងមក។ មានច្រើនដែលគេយកមកប្រើប្រាស់ឯកជន រឿងឯកជនលើកមុនឬមួយជារឿងឈ្លោះគ្នាបៀតបៀនលើស្រ្តីឃាតកម្មលើស្រ្តីដែលជារឿងឯកជន។ ប៉ុន្តែនេះដំណាក់កាលមួយដែលកាន់តែធ្ងន់ធ្ងរគឺស្ត្រីធ្វើជាកម្មវត្ថុនៃការចោទប្រកាន់គ្នានៅក្នុងរឿងនយោបាយ។ ដូច្នេះស្រ្តីមិនមែនជាមនុស្សវាទៅជាវត្ថុដែលយកមកប្រើប្រាស់ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការរស់នៅរបស់ស្រ្តីហ្នឹងដូចជានាង ស្រី មុំ ឥឡូវអស់ការងារធ្វើកំពុងរស់នៅដោយមានការភ័យខ្លាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ