គណបក្សប្រឆាំងលើកឡើងថា ការបោះឆ្នោតនៅពេលខាងមុខ នឹងមិនមានភាពត្រឹមត្រូវទេ បើសិនជាគណបក្សសង្គ្រោះជាតិមិនបានចូលរួមប្រកួតប្រជែងនោះ។
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយក្រសួងមហាផ្ទៃ កាលពីម្សិលមិញ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃហាក់កំពុងចូលជ្រៀតជ្រែក ការងារផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការធ្វើសមាជសមាសសភាពរបស់គណបក្ស ដោយលោកថា នេះជារឿងរបស់គណបក្សសោះ បែរជាក្រសួងលូកដៃចូលឈឺឆ្អាលទៅវិញ។
លោក អេង ឆៃអ៊ាង បន្ដថា គណបក្សសង្គ្រោះនឹងមិនងាយរលាយដោយងាយស្រួលទេ។ ប៉ុន្ដែលោកថាប្រសិនបើគណបក្សប្រឆាំងត្រូវគេរារាំង ឬធ្វើទុក្ខបុកម្នេញមិនឲ្យចូលរួមប្រកួតប្រជែងនោះ លោកថា ការបោះឆ្នោតខាងមុខ គឺមិនអាចទទួលយកបាន និង «មិនដឹងទៅជាស្អីនោះទេ»។
លោកថា៖ «បើបិទគណបក្សសង្រ្គោះជាតិ ចប់ហើយបើបិទគណបក្សសង្រ្គោះជាតិ ការបោះឆ្នោតមិនដឹងទៅជាស្អីនោះទេ បាទ និយាយឱ្យស្រួលស្ដាប់»។
លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងមិនទទួលស្គាល់សមាជរបស់គណបក្សសង្រ្គោះជាតិ ដែលជ្រើសរើសប្រធាន និងអនុប្រធានថ្មីទេ ដោយលោកថា ខុសនឹងប្រការ៤៧ នៃលក្ខន្តិកៈគណបក្សនយោបាយ។ លោកបន្ដថា ក្រសួងក៏ស្នើឲ្យគណបក្សប្រឆាំងកែសារ «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» ដោយថា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់វិសោធកម្មបក្សនយោបាយ។ លោកថា វាអាស្រ័យលើគណបក្សសង្គ្រោះជាតិ ជាអ្នកពិចារណាតាមការណែនាំរបស់ក្រសួងឬអត់ និងថា ក្រសួងនឹងមានវិធានការបន្ដបន្ទាប់ បើសិនគណបក្សនេះមិនផ្លាស់ប្ដូរតាមការស្នើឡើង។
លោក ប្រាក់ សំអឿន អះអាងថា ក្រសួងមហាផ្ទៃមិនមែនលូកដៃចូលជ្រៀតជ្រែកផ្ទៃក្នុងគណបក្សសង្គ្រោះជាតិទេ ដោយថា ក្រសួងជាស្ថាប័នអនុវត្តច្បាប់ និងបំពេញតួនាទីដូចជាអាណាព្យាបាលរបស់គណបក្សទាំងអស់ និងថា មិនមែនធ្វើតាមខ្សែញាក់របស់រដ្ឋាភិបាលនោះទេ។
លោកថា៖ «សំខាន់គឺថាគាត់ទៅកែទៅ រឿងហ្នឹង វាចប់រឿងហើយ វាមានទៅបញ្ហាអី ឲ្យតែធ្វើតាមអ្វី ដែលក្រសួងមហាផ្ទៃ ឲ្យគាត់កែថា អាសមាជជ្រើសប្រធាន អនុប្រធានវាខុសច្បាប់ វាខុសនឹងប្រកាស៤៧ ខទី២ បើគាត់កែអាហ្នឹងឲ្យត្រូវទៅ ហើយដូរអាពាក្យស្លោកឲ្យចប់ទៅ វាចប់ហើយ […] ក្រសួងមហាផ្ទៃ គ្រាន់តែខ្ញុំសុំជំរាបចេះថា ក្រសួងមហាផ្ទៃ ជាក្រសួងស្ថាប័នអនុវត្តច្បាប់ អញ្ចឹងធ្វើម៉េចទៅតាមច្បាប់ទេ ហើយលោកត្រូវយល់សម្ដេចនាយករដ្ឋមន្ដ្រី គាត់ជាប្រធានបក្សមួយដោយឡែក គាត់ជានាយករដ្ឋមន្ដ្រី អត់មានជាប់គ្នា អត់មានពាក់ព័ន្ធគ្នាទេណា»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯក សុវណ្ណារ៉ា វិភាគថា អ្វីដែលបក្សកាន់អំណាចចង់បានបំផុត គឺយកឈ្នះការបោះឆ្នោត និងបន្តគ្រប់គ្រងអំណាច តាមគ្រប់រូបភាព និងតាមរយៈការធ្វើច្បាប់មួយចំនួន ដោយមិនខ្វល់ពីសំឡេងរិះគន់ ឬឈានដល់រំលាយបក្សប្រឆាំងទៀត ក៏អាចថាបាន។
លោកថា៖ «បើសិនជាទុកគូបដិបក្ខ នៃគណបក្សសង្គ្រោះជាតិ នៅជាគូប្រជែង គណបក្សប្រជាជនពិបាកក្នុងការទទួលយកជ័យជំនះ។ អញ្ចឹងហើយអ្វីដែលជាចន្លោះប្រហោង របស់ដៃគូប្រកួតគឺគណបក្សសង្គ្រោះជាតិហ្នឹងគឺជាប្រៀបខ្លាំង របស់គណបក្សកាន់អំណាច។ ហើយនៅក្នុងការរៀបចំយន្តការហ្នឹង គេមិនគិតពីអសីលធម៌ឬមិនល្អស្អីសម្រាប់មហាជនទេ គឺគេធ្វើគ្រប់រូបភាព សម្រាប់អ្នកនយោបាយ»។
កាលពីថ្ងៃទី២មីនាឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិបានរៀបចំសមាជដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដដឹកនាំថ្មីរបស់ គណបក្សបន្ទាប់ពីលោក សម រង្ស៊ី បានលាលែង ពីតំណែងប្រធានបក្ស។ បន្ទាប់ពីធ្វើសមាជនេះ បក្សប្រឆាំងបានបោះឆ្នោតគាំទ្រឱ្យលោក កឹម សុខា ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ ហើយមានអនុប្រធាន៣នាក់ រួមមានលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង៕