លិខិតមិត្តអ្នកអាន៖ “ត្រូវរក្សាសន្តិភាព​ឲ្យ​បាន ទោះ​ក្នុង​តម្លៃណាក៏ដោយ”

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

អ្នកណាៗក៏ស្រឡាញ់សន្តិភាព អ្នកណាៗក៏ស្អប់ខ្ពើម​និង​ភ័យ​ខ្លាចសង្រ្គាម​ដែរ។ ប៉ុន្តែ​ការ​មិន​មាន​សង្រ្គាម មិន​មាន​ជម្លោះ​ប្រដាប់​អាវុធតែមួយ​មុខ​ មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយទេ ​សន្តិភាព​ត្រូវ​រួម​ជាមួយ សន្តិសុខ ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត មាន​យុត្តិធម៌​សង្គម មាន​ការ​គោរព​ច្បាប់ គុណភាពជីវិត សីលធម៌ និង​សេចក្តីថ្លៃថ្នូរផងដែរ។ សន្តិភាព​ដែល​ពុំ​មាន​កត្តារួមផ្សំ​ផ្សេង​ទៀត គឺជា​សន្តិភាព​ក្លែង​ក្លាយ ឬ​សន្តិភាព​តែសម្បកក្រៅ ជា​សន្តិភាព​ដែល​​រង​ការ​គំរាមកំហែងជា​ប្រចាំ។

តើស្ថានភាពសព្វថ្ងៃនៅ​កម្ពុជា​អាច​បង្ក​ឲ្យ​សង្រ្គាមស៊ីវិលឬទេ?

សង្រ្គាម​មាន​ពីរប្រទេស ​គឺ​សង្រ្គាម​ក្នុងស្រុក ឬ​សង្រ្គាម​ស៊ីវិល និង សង្រ្គាម​ជាមួយ​បរទេស។ តាមនិយមន័យ​ជាក់ស្តែង​ ​សង្រ្គាម គឺជាជម្លោះប្រដាប់អាវុធ​រវាងគូបដិបក្ខ​ពីរ​ឬ​ច្រើនក្រុម ពោល​គឺ​ក្រុម​នីមួយៗ​មាន​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​ផ្ទាល់ ឧទាហរណ៍ ជម្លោះប្រដាប់​អាវុធ​រវាង​​របប លន់ នល់ និង ក្រុម​ខ្មែរ​ក្រហម ឬ រវាង​ខ្មែរក្រហម និង របប​សាធារណរដ្ឋប្រជាមានិតកម្ពុជា។ល។

នៅកម្ពុជាបច្ចុប្បន្ន ក្រោយ​ពេលមាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស៍​ឆ្នាំ​១៩៩១ និង ក្រោយ​ពេលរំលាយ​អង្គការ​ចាត់​តាំង​របស់​ខ្មែរក្រហម​នៅ​ចុង​ទសវត្សរ៍ឆ្នាំ​១៩៩០​មក កង​កម្លាំង​ប្រដាប់អាវុធត្រូវ​បាន​បញ្ចូល​តែមួយ​ជាកងកម្លាំង​របស់​ជាតិ។ ហេតុ​នេះ សង្រ្គាម​ស៊ីវិល​អាច​នឹង​លែង​កើត​មាន​ទៀត​ហើយ ដោយសារ​ក្នុង​ចំណោម​គូបដិបក្ខ​នយោបាយ​ មាន​តែ​បក្សកាន់​អំណាច​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង​ទៅលើ​កងកម្លាំង​ប្រដាប់អាវុធ។

ក្នុង​នាម​ជា​កងកម្លាំង​ប្រដាប់​អាវុធ ទាំង​ផ្នែក​យោធា​ក្តី​ នគរបាល​ជាតិ​ក្តី ពួក​គេ​មាន​តួនាទី​ថែរក្សា​ការពារ​ទឹក​ដី ថែរក្សា​សុខ​សន្តិភាព សណ្តាប់ធ្នាប់ ការពារ​ការអនុវត្តច្បាប់។ល។និង។ល។ លើសពីនេះ​ទៀត ពួកគេ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​អព្យាក្រឹតភាព​ផ្នែក​នយោបាយ និង គោរពឆន្ទៈ​របស់​រាស្រ្តជា​ម្ចាស់​ឆ្នោត។ ការណ៍ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រកាស​គាំទ្រ​ និង​ការពារ​ដល់​ក្រុម​ណាមួយ បុគ្គលណាម្នាក់ តែមិន​ការពារ​ដល់​ការ​សម្រេចចិត្ត​​ផ្នែក​នយោបាយរបស់​ម្ចាស់​ឆ្នោត ថែម​មាន​ការ​គំរា​ម​កំហែង​បង្រ្កាប​ទៅលើ​អ្នកឈ្នះឆ្នោត​ថ្មី នោះជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើសិទ្ធិ​ពលរដ្ឋ និ​​ង​សិទ្ធិនយោបាយ អំណាចពលរដ្ឋ និង ដំណើរ​ការលទ្ធិ​ប្រជាធិបតេយ្យ នោះគេហៅថា រដ្ឋប្រហារ។

ប្រសិន​បើ​បក្សថ្មី​ឈ្នះឆ្នោត តើ​អាច​មាន​សង្រ្គាម​ជាមួយ​ប្រទេស​ជិតខាង​ឬទេ?

សង្រ្គាម​ជាមួយ​បរទេសអាច​កើត​ឡើង​ដោយសារ​កត្តា​មួយចំនួន​ដូចជា៖ ១.យល់​ថា​កម្លាំង​យោធា​របស់ខ្លួន​មាន​ប្រៀប​លើ​បដិបក្ខ ២.បង្ខំចិត្ត​ត្រូវ​ការពារ​ទឹក​ដី​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន។ តែ​ចំពោះ​កម្ពុជា សង្គ្រាមជាមួយ​ប្រទេស​ជិតខាង​គឺមិន​អាច​ទៅរួច​ទេ ​ដោយសារ​យើង​មាន​កម្លាំង​ខ្សោយ​ជាង​គេ ហើយ​បើ​ប្រទេស​ទាំង​នោះ​មិន​បំពាន​មក​លើ​អធិបតេយភាព​របស់​យើង​ទាំង​កម្រោល ក៏​យើង​ពុំ​មាន​មូលហេតុ​ទៅ​ឈ្លានពាន​ប្រទេស​គេ​ដែរ។

បើយើង​តាម​ដានសេចក្តីថ្លែង​ការណ៍ជាសាធារណៈរបស់​ថ្នាក់ដឹកនាំ​ដែល​​ថា បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​នឹង​មាន​សង្រ្គាម ហើយ​យើងត្រូវរក្សាសន្តិភាព​ឲ្យ​បាន “​ទោះ​ក្នុង​តម្លៃណាក៏ដោយ” យើង​ប្រាកដ​ជា​សួរ​ខ្លួ​ន​ឯង​ថា​​ តើ​តម្លៃនោះជា​អ្វីខ្លះ? ជាទ្រព្យសម្បត្តិជាតិ? ជាអាយុជីវិតមនុស្ស? ឬជាការ​បង្ហូរឈាមគ្នា?

ក្នុង​បណ្តា​ខ្សែ​ភាពយន្តបរទេស​ដែល​និយាយ​ពី​ទិដ្ឋភាព​សង្គម​អ្នកលេង បង​តូចបងធំ បង្ហាញ​ថា អ្នក​រកស៊ីតូចតាច​ត្រូវ​បង់​ថ្លៃការពារ​ឲ្យ​ក្រុម​បងធំ បើ​មិន​អញ្ចឹង​ទេ ពួកគេ​នឹង​មក​បង្ករឿង​អុកឡុក​រំខាន និង​បំផ្លិច​បំផ្លាញ​មុខ​របរ​របស់​អ្នករកស៊ី​មិនខាន។ ជិត​៤០ឆ្នាំ​ហើយ ដែល​ប្រជារាស្រ្ត​ខ្មែរ​បាន​បង់ថ្លៃ​ការពារដល់​អ្នក​កាន់​អំណាច​តាម​រយៈ ទទួលរង​នូវ​ការបណ្តេញ​ដេញពី​លំនៅដ្ឋាន​ ផ្ទះសម្បែង ដីធ្លី រាប់​ពាន់​រាប់​ម៉ឺន​គ្រួសារ។ ធនធាន​រ៉ែធម្មជាតិ លើដី ​ក្នុងដី​ ក្នុង​ទឹក ខ្សាច់​ក្នុង​ស្ទឹង ​បឹង​បួរ​ ទន្លេ​ សមុទ្រ ព្រៃឈើរាប់​លាន​ហិចតា ល។​និង​។ល។ ត្រូវ​បាន​កំណត់​ថា​ជា​ថ្លៃការពារ​ដែ​ល​រាស្រ្តត្រូវបង់​ដោយ​គ្មាន​ការ​តវ៉ា រហូត​មាន​ឈ្មួញមួយចំនួន​ក្លាយ​ជា​ឧកញ៉ា​ដោយ​សារ​​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ទៀតផង។ តើ​រាស្រ្ត​ត្រូវ​បង់​ថ្លៃការពារបែបនេះ​ប៉ុន្មាន​ឆ្នាំ​តទៅមុខ​ទៀត?

រាប់​ពាន់ឆ្នាំ​ហើយ តាំង​ពី​កកើត​ទឹក​ដី​មក​ទល់​នឹង​ពេល​នេះ កម្ពុជា​ពុំ​មាន​​បទពិសោធន៍​ផ្ទេរ​អំណាច​ដោ​យ​គ្មាន​ការ​បង្ហូរឈាម​គ្នា​ទេ។ គួរណាស់តែអព្ភូតហេតុនេះ​ អាច​កើតឡើង​ក្នុង​ដើម​សតវត្សរ៍ទី​២១នេះ​ម្តង គួរ​ណាស់​តែ​យើង​រៀន​ពី​បទ​ពិសោធន៍ល្អ​ៗ​របស់​មិត្តភក្តិ​បរទេស​នានា ​ដូច​ជា​ភូមា​ជា​ដើម​ដែល​ពួក​យោធា​ស្រុះស្រួល​ប្រគល់​អំណាច​ដល់​​បក្សដែល​ឈ្នះឆ្នោត គួរ​ណាស់​តែ​អ្នក​នយោបាយ​យក​ការ​តតាំង​តាម​រយៈ​ប្រជា​ប្រិយភាពពី​ការ​បោះ​ឆ្នោត ​ជាជាង​គំរាម​ប្រកាស​សង្រ្គាម គំរាម​បង្រ្កាប​ដោយ​ការ​បង្ហូរឈាម​រវាង​ខ្មែរ​និង​ខ្មែរ ​ដើម្បី​រក្សា​អំណាច​របស់ខ្លួន។

ក្រៅពីអំណាច គួរណាស់​តែ​ថ្នាក់ដឹកនាំងាក​មក​គិត​គូរ​​ពីបញ្ហា​ធំៗ ​ដែល​សង្គម​ខ្មែរ​កំពុង​ប្រឈម​ ដូចជា អយុត្តិធម៌​សង្គម អំពើ​ពុក​រលួយ អំពើនិទណ្ឌភាព គម្លាត​រវាង​អ្នក​មាន​និង​អ្នកក្រ អន្តោប្រវេសន្ត៍​បរទេស​ខុស​ច្បាប់​ ដែល​មក​ដណ្តើម​ការងារ​របស់​ប្រជាជនខ្មែរ ការ​កិបកេង​ទ្រព្យសម្បត្តិជាតិ ការ​អនុវត្តច្បាប់​មិន​ស្មើភាព អំពើ​ហិង្សា​ក្នុងសង្គម ការ​ធ្លាក់ចុះ​យ៉ាង​ដុនដាប​ផ្នែក​សីលធម៌សង្គម ការ​អស់ជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌ ការ​បំផ្លិចបំផ្លាញ​សម្បត្តិធម្មជាតិ​ អត្រា​អត់​ការងារ​ធ្វើ​ក្នុងចំណោម​យុវជន បញ្ហា​ចំណាក​ស្រុ​ក​ដោយ​សារ​ជីវភាព ។ល។ ជាជាង​គិត​តែ​ពី​រិះរក​វិធីសាស្រ្ត​ ដើម្បី​កម្ទេច​គូ​បដិបក្ខ​មុន​ពេលការ​ប្រកួតជាក់ស្តែង​មកដល់។

ព្រឹត្តិការណ៍​នៃ​ការ​វា​យដំទៅ​លើ​​អ្នក​បើក​បរ​ ដែល​បាន​បង្កឲ្យ​មាន​ការ​ស្លាប់​អ្នកធ្វើ​ដំណើរ​កាលពី២-៣ថ្ងៃមុន គឺ​ជា​សញ្ញាណ​បង្ហាញពីការ​ប្រកាស​អាសន្ន​ ចំពោះ​កត្តានានា​ទាំង​អម្បាលម៉ាណ ដែល​បាន​រៀប​រាប់​ខាង​លើ ដែល​អ្ន​ក​នយោបាយ​មាន​ឥទ្ធិពល​ត្រូវ​ដោះស្រាយជា​បន្ទាន់ ព្រោះ​ថា នៅក្នុងសង្គម​មួយ​ ក៏ដូច​ជា​ក្នុង​គ្រួសារ​មួយ​ដែរ បើ​សមាជិកគ្រួសារ​គិតតែ​ឈ្លោះទាស់​ទែង​គ្នា វា​បង្ហាញ​ពីអសមត្ថភាព​របស់​អាណាព្យាបាល និងអ្នក​គ្រប់​គ្រង​ក្នុងគ្រួសារ​នោះ!!!

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ