ក្រុមផលិតករភាពយន្តស្នើ​​​​​ពន្យារពេលអនុវត្តន៍ច្បាប់​បង់ពន្ធ

ប្រភពរូបភាពពីហ្វេសប៊ុក

​​បន្ទាប់ ពីមានការ​កំណត់ឲ្យបង់ពន្ធ ​​​​​យ៉ាងហោច​​១០​ចំនុច លើការ​​ផលិតខ្សែភាពយន្ត ដែល​​​ក្រសួង​​វប្បធម៌និងវិចិត្រសិល្បៈ​ ប្រកាសថា ​នឹង​ចាប់អនុវត្ត​នៅ​ដើមឆ្នាំ​​២០១៨ បានធ្វើ​ឲ្យបណ្ដា​ផលិតករ និងតារាសម្ដែង​ផ្ទុះការ​​តវ៉ា​យ៉ាង​ខ្លាំង ដោយ​​ផលិតករ និង​តួសម្ដែង បាន​​ហៅ​​​​​​ការកំណត់ឲ្យ​បង់ពន្ធ​​​នោះថា ​ជាការសម្លាប់វិស័យភាពយន្ត​ខ្មែរ។ ​ជាមួយនោះ គេឃើញ​សមាគមន៍​​​​ភាពយន្តកម្ពុជា បាន​​សម្រចធ្វើ​​​ដាក់សំណើរសុំឲ្យក្រសួង និងថ្នាក់​ដឹកនាំ​​ពន្យារពេលអនុវត្តន៍ច្បាប់​បង់ពន្ធនោះ រហូតដល់​​​​​រយៈពេល​​១០ឆ្នាំទៀត ដើម្បីទុកឲ្យ​ផលិតករ​​បានរស់​។

​លោក ​ឆាយ បូរ៉ា ​ម្ចាស់ផលិតកម្មដើមត្នោត និងជា​ប្រធានសមាគមន៍​ភាពយន្តកម្ពុជា​ បានអះអាងថា​ក្រោយការ​ជួបប្រជុំជាមួយ​បណ្ដាផលិតករ​ភាគច្រើន ​បន្ទាប់ពីមានការ​​​​ប្រកាស​​​​ឲ្យដឹងពីពន្ធ​​​ថ្មីនោះ ​លោកនឹង​​​​​ដាក់សំណើរ​ឲ្យមានការ​ពន្យារ​ពេល​ទៅកាន់​​​​ក្រសួង និងថ្នាក់ដឹកនាំ​រហូតដល់​​១០ឆ្នាំទៀត។ លោក បានថ្លែងបញ្ជាក់​ក្នុងវេទិកា​​​កិច្ចពិភាក្សាថា ​​បណ្ដាក្រុមផលិតករ មិនមានការជំទាស់ចំពោះ​ចំណាត់ការ​បង់ពន្ធ ដែលបាន​ប្រកាសឡើងនោះទេ ប៉ុន្តែលោក​​ថា ​​​​​សមាគមន៍​ភាពយន្ត​​កម្ពុជា​គ្រាន់តែមានបំណងចង់ឲ្យមានការ​ពន្យារ​ពេល ​​​​ក្នុងរយៈពេល​មួយ​បន្ថែមទៀត ​ដើម្បី​ទុកឱកាសឲ្យ​ក្រុម​ផលិតករ​បាន​បន្តដង្ហើម​រស់ ​ក្នុងពេលដែល​​​ការផលិតភាពយន្ត​​​​នាពេលចុងក្រោយ ​ទើបតែងើបឡើងបានបន្តិច ​​​​បន្ទាប់ពីមានចំណាត់ការ​​​ឈប់​ឲ្យដាក់​បញ្ចាំង​​រឿងបរទេសនៅតាមកញ្ចក់ទូរទស្សន៍ក្នុងម៉ោងមាស។

​យ៉ាងណាមិញ លោក​ ឆាយ បូរ៉ា ថា​​បណ្ដា​ផលិតករ​​​នៅមិនទាន់រកឃើញផលចំណេញពីការផលិតរឿងឲ្យ​បណ្ដាទូរទស្សន៍​ ដោយសារតែ​ខាងបណ្ដាម្ចាស់ទូរទស្សន៍​ ដ្បិតថា ​បានដំឡើង​តម្លៃ​ដល់ការផលិត​ភាពយន្តក្នុងមួយភាគៗ តែ​​តម្លៃ​​តារាដែល​បានសុំឡើង ​ហើយ​ការចំណាយ​ទៅ​លើការ​ពង្រឹង​គុណភាពផលិត​​ក៏ត្រូវបា​​​ន​​សម្រិតសម្រាំង ដែលធ្វើអោយការផលិតរបស់​ផលិត​ករនៅមិនទាន់បាន​​ចំណេញ​សម​ការចំណាយ​កម្លាំងនោះដែរ។

ក្នុងនោះ បណ្ដាផលិតកម្មខ្លះ ក៏នៅតែមានការ​ប្រឈម​នៅឡើយផង ជាពិសេស​​​បណ្ដា​​ផលិតកម្មដែល​​​​មិនទាន់មានទីផ្សារ​​តាម​​ទូរទស្សន៍ ហើយពឹងតែលើ​​​ការផលិតកុនដាក់រោង ​ក្នុងពេលដែ​លការដាក់បញ្ចាំង ក៏មិនសូវ​​​មានអ្នកទស្សនា​​​​​​​ក្រាស់​ក្រែល​គាំទ្រ​។ លោក នៅតែយល់ថា​​​​ ពន្ធដែល​បានកំណត់ឡើយ ដែល​តម្រូវឲ្យបង់​ពន្ធ​​​​​​​ច្រើនផ្នែក​ពាក់ព័ន្ធនឹងការ​ផលិតកុននោះ នឹងក្លាយជា​សម្ពាធ​សម្រាប់ការផលិតកកុន​ ដែលពិតជា​​ធ្វើឲ្យផលិតកម្មមួយចំនួន​បិទទ្វារ។ អ៊ីចឹងទើប ​លោក​​នឹងសុំឲ្យមានការ​ពន្យារ​ពេល​លើការអនុវត្តន៍ ​ដោយ​​​គម្រោង​​​​ការស្នើសុំរបស់លោក និង​​​បណ្ដា​ផលិតករ​​​​​ជាដៃគូគឺ​សុំឲ្យ​​​​​ពន្យារពេល​ដល់​​១០​ឆ្នាំទៀត។ លោកហាក់មានការរំពឹងខ្ពស់​ថា ការស្នើសុំរបស់​ក្រុមផលិតករ​នឹងទទួលបានលទ្ធផលវិជ្ជមាននោះ​ផង បើទោះជាក្នុងពេល​​​នេះ នៅមិនទាន់ដំណឹង​​ឆ្លើយតបណា​មួយ។

លោក​ រ៉ូណាន់ ​​អ្នកដឹកនាំ​​​​​ផលិតកម្ម​​ឥន្ទ្រា​និមិត្ត ​​​ដែល​មានស្នាដៃ​​​ផលិតរឿង «​​​​​កំណត់ហេតុនាងនាថ» និងរឿង «សរសរកន្លោង» បានបង្ហោះនៅលើហ្វេសប៊ុក​​​​ថា ការអនុគ្រោះពន្ធ ​​​​​​ដែលខាង​ផលិតករ​បានស្នើនេះ​ គឺលោករំពឹងថា មានការ​ពន្យារពេល ដោយ​លោករំពឹង​យ៉ាង​ខ្លាំងថា ​​​​​​ស្ថាប័ន​ពាក់ព័ន្ធនឹងយល់ព្រម​​​​​ពន្យារ​​​១០ឆ្នាំទៅមុខ ​ដើម្បីទុក​ផ្លូវឲ្យ​ខាងផលិតករ​បានរស់​ដោយស្រួលនោះផង។

លោកថា ​គម្រោងពន្ធ​​នេះ ​​​គ្រោងអនុវត្ត​តាំងពី​​២​ឆ្នាំមុន ​​ប៉ុន្តែ​ដោយសារតែមានការ​​ស្នើសុំ​ទើប​​​មានការ​លើកលែង​​​​​​​បាន​​២​ឆ្នាំដែរ ដោយ​​ទើបនឹងប្រកាស​អនុវត្តិនៅដើម​ឆ្នាំ​​២០១៨ ខាងមុខនេះ​ ទើបលោកយល់ថា​​​​​​​​​ ការ​សុំពន្យារពេល​​​របស់​ក្រុម​ផលិតករ ​​ក៏ពិតជា​​ទទួលបានជោគជ័យម្ដងទៀត។

លោកថា ​​ការ​​ដាក់សំណើរ​សុំ​លើកនេះ គឺ​​​​​​សុំពន្យារ​ពេញរយៈ​​១០ឆ្នាំ ដោយ​​ក្រុមផលិតករ​​នឹង​​​​​​​សុខចិត្ត​​​ទទួល​យកការកំណត់ពន្ធនោះ ​​នៅ​​​​ក្រោយការសុំ​​ពន្យារ​​ពេលជាលើកទី​២​​បានបញ្ចប់។ ​លោកថា ​ហេតុ​ផលដែលខាងផលិតករ​​មិនអាច​ទទួល​យកពន្ធនៅក្នុងពេលនេះ គឺដោយសារតែ​​​ក្រុម​ផលិតករ​នៅមិនទាន់រឹងដៃរឹងជើងនៅឡើយទេ។ លោកថា បណ្ដា​​ផលិតករត្រូវការ​រយៈពេល​មួយកំណត់បន្ថែមទៀត ក្នុងការ​ពង្រឹង​​គុណភាពរឿង និង​​​ដើម្បី​​ប្រមូលអ្នកគាំទ្រសិន ទើបអាចអោយវិស័យ​​​​ផលិតកុននៅកម្ពុជាមានការ​គាំទ្រ។ លោកបានហៅការកំណត់ពន្ធនៅក្នុងពេល​នេះ ថា​នឹងធ្វើអោយ​ផលិតករ​បន្ថយគុណភាព​​រឿង ហើយ​នៅក្នុងកាលៈទេសៈ ដែល​​​​​​​​​​ការផលិតរឿងត្រូវការ​​​ប្រកួតប្រជែង​គុណភាព ជាពិសេស​បើរដ្ឋ​សម្រេច​​យកពន្ធភ្លាមៗ គឺមិនខុសពី​​​​​ធ្វើអោ​យរឿង​​​​​​​​ដែលផលិតឡើង​ក្លាយជារឿងឆិនឆៃៗ​ដូចមុនទៀត​ទេ។

លោក សែម វិសាល ផលិតករ​​​​​ប្រចាំផលិតកម្ម​ Wonder Film Cambodia បានអះអាងថា ​​​​ភាពយន្ត​របស់កម្ពុជាមិនអាច​ប្រកាស​លក់សំបុត្រ​ក្នុងតម្លៃមួយខ្ពស់​ដូចគ្នានឹងភាពយន្ត​បរទេស​បានទេ ក្នុងពេលដែល​អ្នកទស្សនា​ភាពយន្តខ្មែរក៏​មានចំនួនមិនច្រើន​ដែលមិនអាចអោយ​ភាពយន្តមួយទទួលបានប្រាក់កប់ក្ដោង។ ​​​​លោកថា​​​ ករណី​​​​កំណត់​ដំឡើងតម្លៃសំបុត្រ​​​ក្រោយការ​​ប្រកាស​កាត់​​ពន្ធ គឺជារឿងមួយល្អ ប៉ុន្តែ​​បើ​រឿងរបស់​កម្ពុជា​​នៅតែ​មិនទាន់​ពង្រឹង​​អោយ​មានទំនុកចិត្ត​​សម្រាប់អ្នកទស្សនា គឺពិតជា​​បាត់​​​បរិមាណអ្នកចង់ទស្សនា​រឿង​​ខ្មែរជាក់ជាមិនខាន​ទេ ​ក្នុងពេលដែល​រដ្ឋ​​តម្រូវអោយបង់​ពន្ធសព្វគ្រប់បែបនេះ​។ លោកថា ​​​​​​​​ក្រសួងទាំងមូល​គួរតែ​ទុក​​​ពេលអោយ​​ខាង​ផលិតករ​​​​​​ប្រមូល​ផលចំណេញ​ដែលមានមិនច្រើនក្នុងពេល​​ផលិតរឿងម្ដង​ពង្រឹងគុណភាពរឿងសិន ​ដើម្បីអោយមហាជន​​​មានទំនុកចិត្ត​​​​រឿងក្នុងស្រុក​​​សិន ​​​​ហើយបើ​​អ្នកទស្សនា​កើនឡើង និងមានការគាំទ្រ​គ្រប់គ្រាន់​ហើយគឺទោះជា​មានការកំណត់ពន្ធធ្ងន់លើសហ្នឹង​​​​​​​​​២​ដង ក៏លោកយល់ថា ​មិនប៉ះពាល់ដល់​​ស្ថានភាព​ផលិតកុននាពេលនេះដែរ។ លោកថា​​​ ការកំណត់​​​​​តាំងពី​​​​​បង់​​​​​​ពន្ធអាករប្រចាំ​ឆ្នាំ ប្រចាំខែ ​បង់ពន្ធ​​​​​តួសម្ដែង ​បង់ពន្ធលើផលចំណេញ និង​បង់ពន្ធ​​ផ្នែក​ផ្សេង​ ដែលទើបនឹងដាក់ចេញនឹងធ្វើអោយ​​​ផលចំណេញរបស់ផលិត​ករ​កាន់តែមាន​ចំនួនតូច ក្នុងពេលដែល​​អ្នកទស្សនា​​​​តាម​កុន​​ និង​​តាមកញ្ចក់ទូរទស្សន៍មិនទាន់មានទំនុកចិត្ត​លើរឿងខ្មែរនៅឡើយ។ លោកថា​​​ ទទូចសុំការ​​ពន្យារ​ពេល​​១០ឆ្នាំ ​ដើម្បី​​​ស្រូបទាញ​ទំនុកចិត្ត​​​អោយ​​​មានការ​​​ការគាំទ្រ​​លើ​រឿង​​ខ្មែរសិន ​​​​ចាំ​ធ្វើការ​​ដំឡើងពន្ធ​គឺមិនមែនជារឿងបញ្ហាឡើយ។

ពាក់ព័ន្ធនឹងការ​ស្នើ​សុំពន្យារពេល​​១០ឆ្នាំទៅ​មុខ ទើប​​អោយអនុវត្តិច្បាប់​បង់ពន្ធនេះ លោក ប៉ុក បូរក្ស ប្រធានស្ដីទីនាយកដ្ឋានសិល្បៈភាពយន្ត និង​ផ្សព្វ​ផ្សាយវប្បធម៌ របស់​ក្រសួង​វប្បធម៌ បានអះអាងប្រាប់បណ្ដាញសារព័ត៌មាន​ថា ​លោក​​​​បានដឹងត្រឹមតែ​​ការ​​ទទូចចង់បាន​​របស់ផលិតករ​ប៉ុណ្ណោះ​ ប៉ុន្តែ​ត្រង់​​​​មានការ​​​​ឆ្លើយ​តបយ៉ាងណាពី​ថ្នាក់លើគឺមិនទាន់មានទេ។ លោកថា​​​ក្រសួង ក៏ដូចជានាយកដ្ឋាន​ នឹង​​ទទួលយកការស្នើសុំពន្យារពេល បើមានការ​​​​​​​​កំណត់ឡើងពី​​​​​​​​ថ្នាក់ដឹកនាំ​​​​។ តែបើគ្មានចំណារនោះ ការអនុវត្តិ​នឹង​ត្រូវ​ចាប់ផ្ដើម​ក្នុង​ដើមឆ្នាំខាងមុខ ​ដោយសារតែពន្ធនេះ ធ្លាប់​ពន្យារ​ពេល​រួចទៅហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ