អង្គការ​​អន្ដរជាតិមួយ​ទៀត​ថា រដ្ឋាភិបាលបន្តបង្ក្រាបលើក្រុម​ការពារ​សិទ្ធិមនុស្ស

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) (រូបដោយ៖ ជន ចាន់រ៉ែន)

ក្រុម​សិទ្ធិ​មនុស្ស​អន្ដរជាតិមួយទៀត បាន​រិះគន់ថា ការបញ្ជាឲ្យបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា ធ្វើឡើងដោយពុំត្រឹមត្រូវ និងថាជាការវាយប្រហារបន្ថែមទៀត​លើក្រុមអង្គការសង្គមស៊ីវិល​ក្នុងប្រទេសកម្ពុជា។

អង្គការលើកលែងទោសអន្ដរជាតិ ឬហៅជាភាសាអង់គ្លេស​ថា Amnesty International កាលពីថ្ងៃពុធម្សិលមិញ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស​រដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាឲ្យបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា “CCHR” ក្រោមការចោទប្រកាន់ថា បានបម្រើបរទេស និងមានទំនាក់ទំនងជាមួយអតីតមេដឹកនាំបក្សប្រឆាំង​លោក កឹម​ សុខា។

បើតាមសេចក្ដីថ្លែងការណ៍ អង្គការលើកលែងទោសអន្ដរជាតិ លើកឡើងថា ការព្រមានពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងថា បានរំលោភគោលការណ៍ទទួលបានការជម្រះក្ដីដោយយុត្តិធម៌ ដែលត្រូវបានធានាដោយច្បាប់អន្ដរជាតិនានា។

អង្គការ Amnesty International បន្ដថា រដ្ឋាភិបាល​នឹងប្រើច្បាប់អង្គការ​សមាគមថ្មី ដែលធ្លាប់ទទួលរងការរិះគន់យ៉ាងខ្លាំងនោះ ទៅ​ចាត់វិធានការ​លើមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះ និងថា ចំណាត់ការ​បែបនេះ ជាការបង្ក្រាបរបស់រដ្ឋាភិបាល លើសំឡេងរិះគន់ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល។

យ៉ាងណាក៏ដោយ អង្គការអន្ដរជាតិមួយនេះស្នើឲ្យអាជ្ញាធរម្ពុជា បើកការស៊ើបអង្កេត មានភាពត្រឹមត្រូវពេញលេញ និងនៅចំពោះមុខស្ថាប័នមួយ ដែលមានឯករាជ្យភាព។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ បានឲ្យ VOD ដឹងថា សេចក្ដីថ្លែងការណ៍របស់អង្គការអន្ដរជាតិ មិនមានឥទ្ធិពលលើកម្ពុជាទេ និងថា រដ្ឋាភិបាល​កំពុងបន្ដការស៊ើបអង្កេតលើអង្គការ CCHR នេះ។

ក្រោយការបញ្ជាផ្ទាល់មាត់ពីលោក ហ៊ុន សែន មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​អះ​អាង​ថា ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​ឯករាជ្យ​របស់​ខ្លួន​ពី​គណបក្ស​នយោបាយ​ទាំង​អស់ ហើយ​ប្ដេជ្ញា​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវបានបង្កើតឡើងដោយអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា នៅឆ្នាំ២០០២ ហើយក្រោយមកលោកបានលាឈប់ និងត្រូវបានដឹកនាំបន្ដដោយលោក អ៊ូ វីរៈ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣។ ហើយលោកស្រី ចក់ សុភាព បានដឹកនាំស្ថាប័នសិទ្ធិមនុស្សនេះ បន្ដរហូតដល់ពេលបច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ