អ្នកមានជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា១៥គ្រួសារបានស្នើសុំពន្យារពេលចាកចេញពីដីទំនាស់ ខណៈអាជ្ញាធរដាក់កំហិតឲ្យចាកចេញនៅសល់ពេលតែមួយសប្តាហ៍ទៀត។
ពលរដ្ឋបុរីកីឡាអមដំណើរដោយពលរដ្ឋមកពីសហគមន៍ផ្សេងទៀត មានគ្នាប្រមាណជាង១០ នាក់នៅថ្ងៃនេះនាំគ្នាយកញត្តិទៅដាក់នៅសាលារាជធានីភ្នំពេញ ដើម្បីសុំពន្យាពេលចាកចេញ ដោយថាជម្លោះនោះអូសន្លាយជាង៥ឆ្នាំហើយមិនមានដំណោះស្រាយ។
ជាមួយគ្នានោះពលរដ្ឋក៏បានទាមទារឲ្យក្រុមហ៊ុន ផាន អ៊ី ម៉ិច ចេញមុខដោះស្រាយផ្ទាល់វិញ ដោយថា សាលារាជធានីភ្នំពេញគ្មានសមត្ថភាពក្នុងការដោះស្រាយឡើយ។
កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០១៧ សាលារាជធានីភ្នំពេញ បានចេញលិខិតមួយដោយដាក់កំហិត១ខែឲ្យពលរដ្ឋសហគមន៍បុរីឡាចំនួន១៥គ្រួសារដែលសកម្មចេញតវ៉ាត្រូវចាកចេញជាថ្នូរនឹងផ្ទះ១ខ្នងនៅភូមិអណ្តូង និងថវិកា២០០០ដុល្លា។ អាជ្ញាធរបានព្រមានថា បើមិនទទួលយកសំណងតាមកាលកំណត់នេះទេ សាលារាជធានីភ្នំពេញមិនទទួលខុសក្នុងការដោះស្រាយជូនទៀតឡើយ។
អ្នកស្រី ង៉ូវ ណារី ដែលអះអាងថា ជាតំណាងពលរដ្ឋបុរីកីឡានៅសហគមន៍៣មករាប្រាប់អ្នក សាព័ត៌មានក្រោយដាក់ញត្តិថាសំណងដែលសាលារាជធានីភ្នំពេញដោះស្រាយឲ្យនេះ គឺអ្នកស្រីមិនអាចទទួលយកបានឡើយ ដោយថា អ្នកស្រីមានឯកសារគ្រប់គ្រាន់ក្នុងការទទួលផ្ទះនៅបុរីកីឡា។ អ្នកង៉ូវ ណារី ទាមទារឲ្យម្ចាល់ក្រុមហ៊ុន ផាន អ៊ីម៉ិចគឺ អ្នកស្រី ស៊ុយ សុផាន ចេញមកដោះស្រាយជំនួយវិញ ដោយថា កន្លងមកអ្នកស្រី ស៊ុយ ចេញមុខដោះស្រាយឲ្យពល រដ្ឋបុរីកីមួយក្រុមផ្សេងទៀតបានជោគជ័យ។
វិអូឌីមិនអាចសុំការឆ្លើយតបពីអ្នកស្រី ស៊ុយ សុផាន ម្ចាល់ក្រុមហ៊ុន ផាន អ៊ីម៉ិច បាននៅឡើយ ទេ។ យ៉ាងណាកន្លងមក មន្រ្តីសាលារាជធានីភ្នំពេញធ្លាប់អះអាងថា សាលារាជធានីភ្នំពេញ មិនមានគោលនយោបាយណាផ្សេងសម្រាប់ដោះស្រាយជូនពលរដ្ឋដែលនៅសេសសល់នោះទៀតទេ៕