លិខិតមិត្តអ្នកអាន៖ «យក្សប្រែក្រឡា»

កន្លងមកគេសង្កេតឃើញប្រទេសដែលតែងតែប្រកាន់យកលិទ្ធិប្រជាធិបតេយ្យ ហើយធ្វើ​ឱ្យប្រទេសជាតិ​​របស់​គេរីកចម្រើនរុងរឿងលួតលាស់ទៅមុខ និងប្រជាជនមានមោទនភាពផងនោះ គឺមានដូចជា​ប្រទេស​សហ​រដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ស្វីស ស៊ុយអែត បារាំង ន័រវែហ្វាំងឡង់ ​អាល្លឺម៉ង់​ និងប្រទេស​ជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុបខាងលិច។

ដោយឡែកប្រទេសនៅអាស៊ីមួយចំនួនមានដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និង​កោះតៃវ៉ាន់ជាដើម។ ប្រជាជន​​​នៃប្រទេស​គេ​ទាំងនោះ ​សម​នឹងមានមោទនភាព​ជាប្រជាពលរដ្ឋ​នៃប្រទេស​របស់​គេ​ណាស់។​

យ៉ាងណាមិញ​ងាកមក ប្រទេស​កម្ពុជា​វិញ​ជាង​បី​ទសវត្សរ៍មកនេះ រដ្ឋាភិបាលលោក ហ៊ុន សែន​ តែងតែ​ផ្សព្វ​ផ្សាយ អួតអាងនិងទន្ទិញ​មិនដាច់​ពីមាត់ប្រាប់គេឯងក្តែងៗ ថាប្រទេសកម្ពុជា​ និងរដ្ឋាភិបាល​របស់គាត់​កំពុងប្រកាន់ខ្ជាប់​នូវលិទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សយ៉ាងពេញទំហឹង ហើយ​ប្រជាពលរដ្ឋកម្ពុជា ​កំពុងតែ​ពេញចិត្តពេញថ្លើមនឹងរបបដឹកនាំរបស់គាត់រហូតដល់បច្ចុប្បន្ន។

ដើម្បីឱ្យសមទៅនឹងការអួតអាង លោក ហ៊ុន សែន បានបង្គាប់បញ្ជា​គេឯង​ ឱ្យហៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្នថាជា «ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយ» (The Kingdom of Wonder) ទៀតផង។

តើគណបក្សប្រជាជនកម្ពុជា (CPP)​ និងការដឹកនាំរបស់លោក ហ៊ុន សែន បានធ្វើអ្វីខ្លះ ក្នុងរយៈពេលជាងសាមសិបឆ្នាំមកនេះ? តើលោក ហ៊ុន សែន បានជ្រើសរើសយកយុទ្ធសាស្ត្រអ្វីខ្លះ ក្រោយ​ការ​ចាញ់​ឆ្នោត​យ៉ាងគំហុកនាឆ្នាំ២០១៣ កន្លងមក ខណៈពេល​ដែលប្រជាពលរដ្ឋកម្ពុជា​ទំនងជាមិនពេញចិត្ត និង​អស់​ជំនឿ​ទៅ​នឹង​របបដឹកនាំ​របស់​គាត់?

ប្រជាពលរដ្ឋភាគច្រើននៅតែមិនមានជំនឿលើលោក ហ៊ុន សែន និងបក្សរបស់គាត់ដោយហេតុថា​រូបភាព​ធ្វើ​ល្អ​តិចតួចកន្លងមក វាប្រៀបបានទៅនឹង «យក្សប្រែក្រឡា» ធ្វើល្អតែមួយភ្លែត​ដើម្បីបំភ័ន​ភ្នែក​​គេ​ឯង​តែ​ប៉ុណ្ណោះ​តែតាមពិត (គឺផ្ទុយពីនេះ)។ ទង្វើរបស់រដ្ឋាភិបាលបច្ចុប្បន្ន ដែលកំពុងធ្វើមកលើប្រជាជន​ខ្លួន​ឯង​ ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា បាន​ស្តែង​ចេញ​​យ៉ាងច្បាស់មិនអាចលាក់បាំងបាន ដូចជា ការ​មិនអើពើ​និង​ការឈ្លានពាន​យកដី​តាម​បណ្តោយ​ព្រំដែន​​ពីសំណាក់ប្រទេសជិតខាង, ការបាត់បង់សម្បត្តិជាតិ, ធនធានធម្មជាតិ, ការរំ​លោភ​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ស្លូតត្រង់, ការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ, ការបង្ក្រាប​ការប្រមូល​ផ្តុំ​ដោយ​ប្រជាពលរដ្ឋដោយសន្តិវិធីនិងសន្តិភាព, ការចាប់ដាក់គុកអ្នក ដែលហ៊ានតវ៉ា នឹងអំពើអយុត្តិធម៌ និងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់សម្ពាធដល់ប្រជាពលរដ្ឋ និងអ្នកហ៊ានរិះគន់ដល់រដ្ឋាភិបាល។ល។

ភាពអសន្តិសុខក្នុងសង្គម និងប្រជាពលរដ្ឋ​កំពុងរស់ក្រោម​ភាព​ភ័យខ្លាច​ និងអត្រា​អត់ការងារ​ធ្វើ​នៃ​ប្រជាពលរដ្ឋ​កើនឡើងយ៉ាងគំហុកពីមួយឆ្នាំទៅមួយឆ្នាំ ប្រាក់ចំណូលប្រជាជនទាប ធ្វើឱ្យ​ប្រទេស​ជាតិ​កំពុង​ដើរថយក្រោយបើប្រៀបធៀបជាមួយប្រទេសជិតខាងនិងក្នុងតំបន់។ កសិករគ្មានទីផ្សារ អំពើពុក​រលួយ​ដល់ឆ្អឹង បក្ខពួកនិយម ប្រជាពលរដ្ឋចំណាកស្រុក​ទៅរកការងារធ្វើ​នៅទីក្រុងកើនឡើង​ពីមួយឆ្នាំទៅ​មួយឆ្នាំ និងប្រជាពលរដ្ឋ​រាប់លាន​នាក់ ​ចាកចេញ​ពីស្រុកកំណើតទៅរកការងារធ្វើនៅប្រទេសជិតខាង និងក្នុងតំបន់។

ផ្ទុយទៅវិញ គ្រួសារលោក ហ៊ុន សែន និងបក្ខពួក ត្រូវបានអង្គការអន្តរជាតិមួយចំនួនចុះផ្សាយថា កំពុង​គ្រប់គ្រង​​លើគំនរមាសប្រាក់ដ៏មហាសាល ​ដែលធ្វើឱ្យគាត់ទាល់តំរិះ​នឹងការធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានជំ​នឿលើរដ្ឋាភិបាលរបស់គាត់ ហើយធ្វើឱ្យគាត់ពិបាកធ្វើអំពើល្អដើម្បីទាក់ទាញសណ្តាណចិត្តពីប្រជាពលរដ្ឋណាស់កន្លងមកលោក ហ៊ុន សែន បានប្រើប្រាស់​នូវ​យុទ្ធសាស្ត្រធ្វើ​ឱ្យគេខ្លាច​រហូតមក ហើយនៅឆ្នាំ២០១៣​ រដ្ឋាភិបាលបាន​បង្ក្រាបយ៉ាងឃោរ​ឃៅទៅ​លើកម្មករ​អ្នកតវ៉ា​ទាមទារ​ដំឡើងប្រាក់​ខែនិងក្រោយការចាញ់ឆ្នោត​យ៉ាងគំហុកមកនោះ។ លោក ហ៊ុន សែន ទំនងជាយល់ថា មាន​តែ​អំពើហិង្សាទេ ​​ដែលតែងតែនាំលោកឱ្យទទួលបានជោគជ័យក្នុងការកាន់អំណាចកន្លងមក។ ម្ប៉ាងវិញ​ទៀត​គាត់​យល់ថា ការធ្វើល្អគាប់ចិត្ត​រាស្ត្រ វាពិតជាពិបាកធ្វើណាស់ ដូច្នេះមានតែ «ធ្វើអាក្រក់ទេងាយជាង» ការធ្វើឱ្យគេភ័យខ្លាច មិនចាំបាច់រៀបឬកពារច្រើនទេ គឺគ្រាន់តែប្រើ​យុទ្ធសាស្ត្រ​និងធ្វើសកម្មភាព​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាចនោះ ប្រជាពលរដ្ឋច្បាស់ជា​នឹងខ្លោបខ្លាច​គាត់ហើយពេលនោះ​គាត់និងបក្ខពួក​ចង់ធ្វើអ្វីក៏បានដោយមិនមានអ្នកណាហ៊ានក្អក់ជាមួយគាត់ឡើយ។

ការជ្រើសរើសអំពើមិនល្អរបស់លោក ហ៊ុន សែន ត្រូវបានអ្នកវិភាគ, បញ្ញាវន្តនានា, និងអ្នក​វិទ្យាសាស្ត្រន​យោបាយ​​​​អន្តរជាតិមួយចំនួន ប្រៀបប្រដូចទៅនឹងទង្វើដែលមេដឹកនាំ​ផ្តាច់ការមួយ​ចំនួន​នៅ​លើ​លោកនេះ​បាន​អនុវត្តកន្លងមក ហើយក៏នៅ​មានមេដឹកនាំមួយ​ចំនួននៅបន្ត​កាន់អំណាច​យូរ ដូចជាលោក ហ៊ុន សែន នៅឡើយដែរ។ ក្នុងនោះ មានដូចជាលោក ប្លាឌេមឿ ពូទីន (Vladimir Putin)ប្រធានាធិបតីនៃប្រទេសរុស្សីលោក រូប៉ើត ម៉ូកាប៉េ (Robert Mugabe) ប្រធានាធិបតី​ស៊ីម​បា​វ៉េ ដែល​កាន់អំណាច​តាំងពី​ឆ្នាំ​១៩៨០ សូម្បី​​តែរូប​គាត់​មាន​​​អាយុ​៩៣​​ឆ្នាំទៅហើយនោះ​ លោក បាសឿអាល់អាសាត (Bashar al-Assad) ប្រធានាធិបតី​នៃប្រទេសស៊ីរីនិងអាកូនក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល គឹម ជុងអ៊ុន (Kim Jong-un) ប្រធានាធិបតី​នៃប្រទេស​កូរ៉េខាងជើងជាដើម។

មេដឹកនាំផ្តាច់ការទាំងនោះ បាននិងកំពុងយកប្រជាជនខ្លួនឯងធ្វើជាសត្រូវ ជាទាសករ និង​យក​ទ្រព្យសម្បត្តិ​ជាតិ​សិ្ថតនៅក្រោមការត្រួតត្រារបស់គ្រួសារខ្លួន។ ក៏ប៉ុន្តែ​កន្លងមក​ក៏មាន​ជនផ្តាច់ការមួយចំនួនធំត្រូវបានប្រជាជន​ខ្លួនឯងទាញទម្លាក់​ពីអំណាច​យ៉ាងទាន់ហន់​ផងដែរ​គឺមានដូចជាលោក សាដាម ហូសែន(Saddam Hussein) អតីតប្រធានាធិបតី​ប្រទេសអ៊ីរ៉ាក់ លោកបែន អាលី (Zine ElAbidine Ben Ali) អតីតប្រធានាធិបតីប្រទេសទុយនេស៊ី លោក​កាដាហ្វី (Muammar Gaddafi) អតីតប្រធានាធិបតីប្រទេសលីប៊ីជាដើម។ ថ្មីៗនេះ នៅតំបន់អាហ្វ្រិក មេដឹកនាំផ្តាច់ការលោកយ៉ាហ៍យ៉ា យ៉ាម៉េហ (Yahja Jammeh) នៃប្រទេសកាបៀ ដែលគាត់បានកាន់អំណាចផ្តាច់ការតាំងពីឆ្នាំ១៩៩៤មកនោះ ទីបំផុតក៏ត្រូវ​បានប្រជាជន​រ​បស់ខ្លួនបោះឆ្នោតទម្លាក់ និងរត់ចោល​ប្រទេស​ដោយ​ចោល​លុយរាប់​ពាន់លានដុល្លារ​ទៅលាក់ខ្លួននៅក្រៅប្រទេសយ៉ាងផាស់ក្រញាំ។

ពួកផ្តាច់ការចង់បាននូវអ្វី ដែលគេចង់បានហើយអ្នកដទៃមិនត្រូវមាននូវអ្វី​ដែលអ្នកមាន​អំណាច​មាន​ឡើយ។ ដើម្បីបង្គ្រប់មហិចតារបស់គេ ពួកញៀន​នឹងអំណាចទាំង​នោះ​មានតែ​បន្តការ​ប្រើ​ហិង្សា​ទេ​ទើប​គេទទួលបាននូវវត្ថុបំណងទាំងនោះបាន ឧទាហរណ៍ដូច​ជា​អតីត​ស្តេច​បារាំង ណាប៉ូលីអ៊ុង (Napolen ១៧៦៩-១៨២១) តាំងខ្លួនជាមហាអធិរាជ្យបារាំង គាត់បាន​បង្ករសង្គ្រាម​កាប់សម្លាប់​មនុស្ស​រាប់​លាននាក់​​​នៅតំបន់អឺរ៉ុបម្តងហើយម្តងទៀត។ ណាប៉ូលីអ៊ុងធ្លាប់ប្រាប់គេឯងថា «គាត់បានអំណាចដោយសារធ្វើសង្គ្រាមបង្ហូរឈាម» ដូច្នេះគាត់មិនអាចរស់ដោយមិនធ្វើសង្គ្រាមកាប់សម្លាប់មនុស្សដើម្បីរក្សាអំណាចបានទេ អញ្ចឹងហើយទើបគាត់តែងតែ បង្ករសង្គ្រាមម្តងហើយម្តងទៀត វាយវាតទីយកតំបន់អ៊ឺរ៉ុប។

នៅឆ្នាំ១៨១៥ គាត់បានបង្ករសង្គ្រាម​កាប់សម្លាប់សារជាថ្មី​ក្រោយពេលវិលចូលកាន់អំណាចជាលើកទីពីរ ប៉ុន្តែ​​ទីបញ្ចប់​ប្រទេស​សម័្ពន្ធមិត្ត​ដឹកនាំ​ដោយ​ចក្រភព​អង់គ្លេសនាសម័យនោះ ​សម្រេចបញ្ចប់​ជីវិត​អំណាច​យោធាឃោរឃៅរបស់ ណាប៉ូលីអ៊ុង ដោយបាននិរទេសរូបគាត់​ឱ្យទៅរស់នៅលើកោះ​មួយ​ដាច់​ឆ្ងាយ​ពីគេ ហើយណាប៉ូលីអ៊ុង ក៏បានស្លាប់នាពេលប៉ុន្មានឆ្នាំក្រោយមកនៅលើកោះនោះទៅ។

ក្រោយមកគេសង្កេតឃើញមេដឹកនាំផ្តាច់ការដទៃទៀតដែលបានអនុវត្តយុទ្ធសាស្ត្រដូច ស្តេចណាប៉ូលីអ៊ុង​ដែរ​ហើយក្នុងនោះមានលោកម៊ូសូលីនី (Benito Mussolini) អតីតអ្នកផ្តាក់ការអ៊ីតាលីឆ្នាំ១៩២២ដល់១៩៤៥ គាត់ក៏ជាមហាមិត្តចាក់ទឹកមិនលិចរបស់អាឌុលហ៍ ហ៊ីត្លេ នាសម័យសង្គ្រាមលោកឡើកទី២ផងដែរ។

អ្នកផ្តាច់ការអាល្លឺម៉ង់អាឌុលហ៍ ហ៊ីត្លេ (Adolf Hitler)១៩៣៣ ដល់១៩៤៥ មេដឹកនាំសង្គ្រាមលោកលើកទី២ បង្ករកាប់សម្លាប់មនុស្ស​រាប់រយលាននាក់​នៅលើលោក និងក្រោយមកមានលោកប៉េនោសេ (Augusto Pinochet)១៩៧៣ ដល់១៩៩០ អ្នកកាន់អំណាចផ្តាច់ការនៃប្រទេសឈីលីជាដើម។

អ្នកញៀននឹងអំណាចហើយបានអ្វីៗ មកដោយសារអំណាចតាមរយៈអំពើហិង្សា ការកាប់សម្លាប់មនុស្ស (អំណាចដែលបានមកដោយហិង្សា) គឺអ្នកនោះមិននៅស្ងៀមឡើយ ដោយសារ​គេមានមោទនភាព​ក្អេងក្អាងតាមរយៈទេព​កោលស្យរបស់គេក្នុងការប្រើប្រាស់ហិង្សាបានសម្រេច គេចង់ឃើញមនុស្ស​ខាងក្រៅបន្តភាពភ័យខ្លាច តក់ស្លុត​នឹងអំណាច​របស់គេ​។ កន្លងមកមេដឹកនាំណា ដែលជ្រើសយក​យុទ្ធសាស្ត្រ​គំរាមកំហែងហិង្សាព្រៃផ្សៃផ្តាច់ការ និងយកប្រជាពលរដ្ឋ​ខ្លួនឯងធ្វើជាសត្រូវ​រដ្ឋាភិបាលមួយ​នោះ នឹងមានវាសនាមិនខុសអ្វីពីមេដឹកនាំផ្តាច់ការ ដូចដែលបានរៀបរាប់ខាងលើឡើយ ហើយទីបំផុត​មេដឹកនាំផ្តាច់ការរូបនោះ និងបក្ខពួកទាំងអស់​បានត្រឹមតែយក​ទៅជាមួយនូវ​ខោមួយចង្កេះ​ជាប់​នឹងខ្លួន​តែប៉ុណ្ណោះ ហើយកេរ្តិ៍ឈ្មោះ​ដ៏អសោចជួ​ជាតិចារ​ក្នុង​ប្រវត្តិសាស្ត្រ​រាប់ពាន់ឆ្នាំទៅមុខ​នឹងមិនអាច​ធ្វើឱ្យ​គេ​បំភ្លេច​បានឡើយ។

ដោយ អ៊ំ សារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ