គ.ជ.ប ថាពលករខ្មែរអាចបោះឆ្នោតក្រៅប្រទេស លុះត្រាធ្វើវិសោធនកម្មច្បាប់

វគ្គបណ្ដុះបណ្ដាលមួយស្ដីពី «ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧»

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ “គ.ជ.ប” លើកឡើងថា ពលករខ្មែរ កំពុងធ្វើការនៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតនៅទីនោះបាន លុះត្រាមានការធ្វើវិសោធកម្មច្បាប់។

បើតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប កំពុងរៀបចំ បើកវគ្គបណ្ដុះបណ្ដាលមួយស្ដីពី «ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧» ដល់មន្ដ្រី គ.ជ.ប គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល សម្រាប់រយៈពេល៣ថ្ងៃ ពីថ្ងៃទី៣១កក្កដាដល់ថ្ងៃទី២សីហាឆ្នាំ២០១៧។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ក្រោយថ្លែងបើកវគ្គបណ្ដុះបណ្ដាលនេះ អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា តាមនីតិវិធីច្បាប់បច្ចុប្បន្ន គឺ គ.ជ.ប មិនអាចរៀបចំការបោះឆ្នោត សម្រាប់ពលករខ្មែរ ធ្វើការនៅក្រៅប្រទេសបានទេ ដោយថា គ.ជ.ប មិនអាចអនុវត្តហួសព្រំដែនកំណត់ដោយច្បាប់។

លោកគូសបញ្ជាក់ថា បើសិនចង់ឲ្យពលករទាំងនោះ អាចចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺលុះត្រា តែមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រង់មាត្រា៣៨ និងមាត្រា៣៩ ជាមុនសិន។

លោកថា៖​«អញ្ចឹង​ បើសិនក្នុងករណីណាមួយ ចង់ឲ្យមានការចុះឈ្មោះហ្នឹង លុះត្រាណាតែមានការរៀបចំ ឲ្យ គ.ជ.ប មានលទ្ធភាពក្នុងការរៀបចំចុះឈ្មោះ នៅខាងក្រៅបាន លុត្រាតែកែ គេធ្វើវិសោធនកម្មច្បាប់ ទៅមាត្រា៣៨ និងមាត្រា៣៩ទៅ អាហ្នឹងគឺថា បើកផ្លូវឲ្យ គ.ជ.ប អាចធ្វើទៅបានហើយ»។

ករណីនេះ ក៏ជាកង្វល់របស់ក្រុមអង្គការសង្គមស៊ីវិលផងដែរ ដោយពួកគេស្នើថា រាជរដ្ឋាភិបាល និង គ.ជ.ប គួរធ្វើយ៉ាងណាសម្រួលឲ្យពលករខ្មែរនៅក្រៅប្រទេស អាចបោះឆ្នោតនៅតាមស្ថានទូត ឬស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅបរទេស ឬរៀបចំការបោះឆ្នោតតាមតំបន់ព្រំដែន។

ចំណែក អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា នេះជាការល្អ ដែល គ.ជ.ប ប្រាប់ពីបទបញ្ញត្តិក្នុងច្បាប់បោះឆ្នោត ដោយលោកថា បក្សប្រឆាំងក៏កំពុងសិក្សាផ្លូវច្បាប់ ក្នុងករណីនេះដូចគ្នា។

លោកថា៖ «កែ៣៨ ៣៩ អាហ្នឹតអត់អីទេ កាលណាគាត់ឆ្លើយតបអញ្ចឹង ខាងខ្ញុំនឹងសិក្សាមើលទៀតហើយ គោលជំហររួម ថាយើងកំពុងសិក្សារកផ្លូវច្បាប់ ដើម្បីធ្វើម៉េចឲ្យកម្មករ បានចុះឈ្មោះនៅខាងក្រៅប្រទេស»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា គាំទ្រឲ្យមានការកែប្រែធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយថា​ ដើម្បីឲ្យពលករខ្មែរ អាចបោះឆ្នោតបាន ដូចប្រជាពលរដ្ឋឯទៀត។ លោកថា បើតាមរបាយការណ៍ ពលករខ្មែរនៅក្រៅប្រទេសមានចំនួនជាង១លាន៩សែននាក់ ដូចជា នៅថៃ ចិន ជប៉ុន កូរ៉េខាងត្បូង និងបណ្ដាប្រទេសផ្សេងទៀត។ លោកជឿថា ការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ អាចធ្វើទៅបាន លុះត្រាមានឆន្ទៈនយោបាយពិតប្រាកដ។

លោកថា៖ «បើទោះជាវិសោធនកម្ម ឬយ៉ាងម៉េចក៏ដោយ ឲ្យតែមានការសម្រួលដល់ពលករហ្នឹង គាត់អាចចុះឈ្មោះ ​ហើយនិងអាចបោះឆ្នោត គឺជារឿងមួយ ដែលរដ្ឋចាំបាច់ត្រូវធ្វើ ត្រង់ថា បើសិនធ្វើវិសោធនកម្ម តើទាន់ ឬមិនទាន់ ខ្ញុំគិតថា ទាន់ បើសិនជាមានឆន្ទៈនយោបាយ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា បក្សកាន់អំណាចមិនទាន់មានគោលជំហរណាមួយ ក្នុងការស្នើកែប្រែច្បាប់បោះឆ្នោត ត្រង់មាត្រាទាំងនេះឡើយ។ លោកបន្ដថា ច្បាប់នេះ កើតចេញពីការព្រមព្រៀង រវាងគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៤ ដូច្នេះគឺគ្មានជម្រើសអ្វីផ្សេង ក្រៅពីបន្ដអនុវត្តតាមច្បាប់នេះនោះទេ។

លោកថា៖ «ច្បាប់នេះ វាជាសមិទ្ធផលនៃការជជែកគ្នាច្រើនខែ ហើយជជែកគ្នាលម្អិតរវាងក្រុមការងារគណបក្សទាំងពីរ ដែលមានអាសនៈនៅក្នុងសភា។ យើងដឹងហើយ អនុវត្តកិច្ចព្រមព្រៀង​ថ្ងៃ២២ខែកក្កដាឆ្នាំ២០១៤នោះ គឺគណបក្សទាំងពីរឯកភាពគ្នា ធ្វើកំណែទម្រង់ស៊ីជម្រៅ អញ្ចឹងទេ គឺថាយើងគ្មានជម្រើសអ្វី អនុវត្តតាមច្បាប់ ដែលចូលជាធរមាននេះហើយទេ»។

បើតាមសេចក្ដីប្រកាស គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១កញ្ញា រហូតដល់ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៧ ពោលគឺធ្វើឡើងមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។

បើតាមមន្ដ្រី គ.ជ.ប មានពលរដ្ឋខ្មែរប្រមាណ២លាននាក់ទៀត នៅមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ រួមមាន ពលរដ្ឋទើបគ្រប់អាយុបោះឆ្នោត ពលរដ្ឋមានសិទ្ធិបោះឆ្នោត តែមិនទាន់បានចុះឈ្មោះ និងករណីផ្លាស់ទីលំនៅ ឬទីសំណាក់ចូលថ្មី ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ