រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់កម្ពុជាថ្លែងថា ប្រទេសកម្ពុជាបានឯកភាពគ្នាក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិចំនួន៤បន្ថែមទៀត ដើម្បីបង្កភាពកាន់តែងាយស្រួលក្នុងការទំនាក់ទំនងគ្នារវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុងការឆ្លងកាត់ព្រំដែន។
នៅក្នុងពិធីបញ្ចុះបឋមសិលាអគារស្នាក់ការនគរបាលអន្តរជាតិច្រកទ្វារអន្តោប្រវេសន៍ប៉ោយប៉ែត្រ កាលពីម្សិលមិញលោក ស ខេង មានប្រសាសន៍ថា កម្ពុជានិងថៃព្រមព្រៀងបើកច្រកអន្តរជាតិចំនួន៤ទៀតរួមមានច្រកអានសេះស្ថិតក្នុងខេត្តព្រះវិហារជាប់ព្រំដែនខេត្តអ៊ុប៊ុន ច្រកភ្នំដីខេត្តបាត់ដំបងជាប់ព្រំដែនខេត្តស្រះកែវ ច្រកថ្មដាខេត្តពោធិ៍សាត់ជាប់ព្រំដែនខេត្តត្រាត និងច្រកជប់គគីរខេត្តឧត្តរមានជ័យជាប់ព្រំដែនខេត្តបូរីរ៉ាំ។
ច្រកអន្តរជាតិកម្ពុជាជាប់ព្រំដែនប្រទេសវៀតណាមចំនួន ១០កន្លែង ច្រកទ្វារអន្តរជាតិកម្ពុជាជាប់ព្រំដែនប្រទេសថៃមានចំនួន៩កន្លែង និងច្រកទ្វារអន្តរជាតិកម្ពុជាជាប់ព្រំដែនប្រទេសឡាវមានចនួន១កន្លែង៕