វិភាគ​៖ តើ​ទន្លេ​មេគង្គ​ក្រោម​អាច​នឹង​រីង​ស្ងួត​ទេ​នា​ពេល​អនាគត?

ម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឺងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៧៥ ម ខណៈកម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម)

មេគង្គ គឺ​​ជា​ទន្លេ​វែង​ជាង​គេ​លំដាប់​ទី​១២ នៅ​ក្នុង​ចំណោម​ទន្លេ​ទាំង​ឡាយ​នៅ​លើ​​ពិភព​លោក។ ទន្លេ​នេះ​ មាន​ប្រភព​ពី​ទន្លេឡានឆាង​ប្រទេស​ចិន ហូរ​ចុះ​កាត់​ប្រទេស​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​ ដែល​មាន​ប្រវែង​សរុប​ ៤ ៣៥០គីឡូ​ម៉ែត្រ​ ចាក់​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង។

គណៈកម្មការ​ទន្លេ​មេគង្គ ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ទទួល​បន្ទុក​លើ​ការ​គ្រប់​គ្រង និង​ថែ​រក្សា​ទន្លេ​នេះ បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ទន្លេ​មេគង្គ​នេះ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៦០​លាន​នាក់ បាន​ពឹង​អាស្រ័យ​ទៅ​លើ​ទន្លេ​មួយ​នេះ ជា​មធ្យោបាយ​ធ្វើ​ដំណើរ ជា​ប្រភព​នៃ​សន្តិសុខ​ស្បៀង ជា​ផ្លូវ​ដោះ​ដូរ​ពាណិជ្ជកម្ម និង​ជីវភាព​រស់​នៅ។

ទោះ​ជា​យ៉ាងណា​ ការ​ធ្វើ​ទំនប់​វារី​អគ្គិសនី​រាំង​ទឹក​ទន្លេ ការប្រែ​ប្រួល​អាកាស​ធាតុ និង​បញ្ហា​ផ្សេងទៀត​​កំពុង​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​ដ៏​ធំ​មួយ​នេះ ​ដែល​ទាម​ទារ​ឱ្យ​មាន​ដំណោះស្រាយ​ប្រសើរ​មួយចំពោះ​បញ្ហា​ប្រឈម​ទាំង​នេះ។

ក្នុង​អត្ថបទ​ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩ គេហទំព័រ​ National Geographic បាន​លើក​ឡើង​ថា​ ស្ថាន​ភាព​ទឹក​ទន្លេ​មេគង្គ​ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ១០០​ឆ្នាំ​ចុង​ក្រោយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​ជិវិត​មនុស្ស​ សត្វ​ ដែល​រស់​​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មួយ​នេះ។

National Geographic៖ «វិបត្តិបានចាប់ផ្តើមនៅពេលមានភ្លៀងមូសុង ដែលជាធម្មតាចាប់ផ្តើមនៅចុងខែឧសភានៅក្នុងតំបន់មេគង្គមិនបានមកដល់។ ស្ថានភាពរាំង​ស្ងួត ដែលជំរុញដោយបាតុភូតអាកាសធាតុអេលនីណូ និងកាន់តែធ្ងន់ធ្ងរដោយសារ ការ​ផ្លាស់ប្តូរអាកាសធាតុបានបន្តកើតមានដល់ខែកក្កដា។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថាស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារក្រុមហ៊ុនទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើនៅប្រទេសចិន និងឡាវ​បានដកហូតទឹកសម្រាប់គោលបំណងផ្ទាល់ខ្លួន»

បញ្ហា​ប្រឈម​របស់​ទន្លេ​មេគង្គ

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទិន្នផលត្រី​នៅ​តាម​ដង​ទន្លេ​មេគង្គ ជា​ពិសេស​នៅ​ក្នុង​បឹង​ទន្លេសាប ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ការ​ថយ​ចុះ​ជា​ច្រើន ខណៈ​ទំនប់​វារី​អគ្គិសនី​ជាច្រើន​ បាន និង​កំពុង​បន្តសាង់សង​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ​នេះ។

ប្រជានេសាទ​នៅ​តំបន់​ឆ្នុក​ទ្រូ ស្ថិត​ក្នុង​ស្រុក​បរិបូណ៌​ ខេត្ត​កំពង់​ឆ្នាំង លោក ញ៉ែម សុផល ប្រាប់​វីអូឌី​កាល​ពី​ចុង​ឆ្នាំ​មុន​ថា ​ទិន្នផល​ត្រីចាប់​ផ្ដើម​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​របស់​គាត់ ដែល​រំពឹង​លើ​ការ​រក​ត្រីនេះ​ ៣​ជំនាន់​មក​ហើយ​នោះ។

លោក ញ៉ែម សុផល ប្រាប់ថា​៖«គ្រួសារ​ខ្ញុំ​ប្រកបរបរ​នេសាទ​នេះ​ ៣ជំនាន់​មក​ហើយ​។ មិនដែលប្រទះ​រឿង​បែបនេះ​ទេ​ ផល​ត្រី​ធ្លាក់ចុះ​សឹងតែ៧០ភាគរយ​ទៅ​ហើយ​។ ឆ្នាំ​មុន​ៗ ម៉្ងៃៗ​ រកបាន​គ្រាន់បើ​ ទូទាត់​ថ្លៃ​ប្រេងសាំង​ ថ្លៃ​អី​ផ្សេង​ៗ សល់​បាន​ប្រហែល១៥ម៉ឺន​អីដែរ​ តែ​ឆ្នាំនេះ ​ចប់​!»

អ្នកពិគ្រោះយោបល់ឯករាជ្យផ្នែកធនធានទន្លេ និងបរិស្ថាន លោក ហែម ឧត្តម លើក​ឡើង​ប្រាប់​VOD​ថា បញ្ហា​ដែល​កើត​មាន​នៅ​ទន្លេ​មេគង្គបច្ចុប្បន្ន ​បង្កផល​ប៉ះពាល់​ដល់​​​​សុវត្ថិភាព​ស្បៀង​អាហារ​ សុខមាលភាព​របស់​ពលរដ្ឋដែល​រស់​នៅ​ពឹង​លើ​ទន្លេ​នេះ​ជា​ខ្លាំង។

លោក ​ហែម ឧត្តម៖«កង្វះខាតបរិមាណទឹក ការឡើងចុះមិនទៀងទាត់នៃរបបទឹកពីផ្នែកខាងលើនៃទន្លេមេគង្គ អាចជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់ទិន្នផលនេសាទ ការបង្ករបង្កើនផលស្រូវនិងដំណាំសេដ្ឋកិច្ចនានា (ដូចជាថ្នាំជក់ ពោត សណ្តែក ល្ង កប្បាស ។ល។) នៅតាមតំបន់ជាប់ទន្លេមេគង្គនិងបឹងទន្លេសាប។ កត្តានេះអាចឈានទៅដល់បញ្ហាសុវត្ថិភាពស្បៀងអាហារ និងសុខមាលភាពរបស់ប្រជាពលរដ្ឋដែលបណ្តាលមកពីកង្វះជីវជាតិពីសាច់ត្រី ជាពិសេសសម្រាប់ស្ត្រីនិងកុមារ»

ប្រធាន​វេទិការ​អនាគត​ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​សាងសង់​ទំនប់​វារី​អគ្គិសនី និង​បម្រែបម្រួល​​អាកាស​ធាតុ​​ បាន​ធ្វើ​ឱ្យ​បណ្ដាញ​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោមដែល​មាន​ប្រទេស​កម្ពុជា និង​វៀតណាម ​ប្រឈម​នឹង​ការ​ប៉ះពាល់ខ្លាំង​ជាង​គេ​ ដែល​ទាម​ទារ​ឱ្យ​រក​ដំណោះស្រាយ​សម​សម្រប​មួយ​​ចំពោះ​បញ្ហា​នាថ្ងៃ​អនាគត​នៃ​ទន្លេ​មួយ​នេះ។

លោក ​អ៊ូ វីរៈ៖ «ករណី​ហ្នឹង​វា​អាច​ប៉ះពាល់​ទៅ​លើ​ទឹក​នៅ​​ទន្លេ​មេគង្គ​​ ជា​ពិសេស​ទឹក​នៅ​​ទន្លេ​សាប​តែ​ម្ដង ហើយ​ក៏​ប៉ះពាល់​លើ​តំបន់​ដី​សណ្ដរ​ទន្លេ​មេគង្គ​នៅ​តំបន់​វៀតណាម​ខាង​ត្បូង​ ឬ​ក៏​កម្ពុជា​ក្រោមហ្នឹង។ បើសិន​យើង​មើល​ពី​បញ្ហា​ហ្នឹង​គឺ​យើង​បាន​ឃើញ​ពី​បញ្ហា​ តែ​មិន​មែន​បាន​ន័យ​ថា​យើង​អត់​មាន​ដំណោះស្រាយ ឬ​ក៏​យើង​ឃើញ​ពី​បញ្ហា​​ប្រឈម​នា​ថ្ងៃ​អនាគត​ហើយ​ មិន​មែន​យើង​​បោះបង់​ចោល​ ឬ​អស់​សង្ឃឹម​ទេ​»

ប្រភព​ថាមពល​កើត​ចេញ​ពី​លំហូរ​ទឹក

រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់មេគង្គ សុទ្ធតែបានបង្ហាញមហិច្ឆតាដើម្បីកសាងវារីអគ្គិសនី ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទំនប់វារីអគ្គីសនីនៅទន្លេមេគង្គលើ ដែលស្ថិតនៅប្រទេសចិនសរុបមានចំនួន ៦ ដែលអាច​ផ្ដល់​អានុភាពអគ្គិសនីសរុប ១៥ ៦០០ម៉េហ្គាវ៉ាត់ ហើយគម្រោងមួយទៀតឈ្មោះ ហ្គាឡាន់បា (១៥៥ម៉េហ្គាវ៉ាត់) កំពុងសិក្សា។ ចំពោះទន្លេមេគង្គក្រោមវិញ មានទំនប់វារីអគ្គិសនីចំនួន ៩នៅឡាវ ដែលអាច​ផលិត​ថាមពល​អគ្គិសនី​សរុបប្រមាណ ៨ ៧៨៩ម៉េហ្គាវ៉ាត់។

យោង​តាម​ការស្រាវជ្រាវ​របស់​ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ សន្និដ្ឋានថា ការអភិវឌ្ឍវារីអគ្គិសនីនៅដងទន្លេមេគង្គ ជាការខាតបង់គួរឱ្យបារម្ភ។ ការសិក្សានេះ រកឃើញថា ទំនប់វារី​អគ្គីសនី​​​ធំៗ​ចំនួន​១១​ បានសង់នៅលើតួទន្លេមេគង្គក្រោម និងទំនប់វារីអគ្គីសនី​តាម​ដៃទន្លេមេគង្គក្រោម ១២០ ដែលគ្រោងបញ្ចប់គម្រោងនឹងដាក់ឱ្យ​ដំណើរការ​នៅឆ្នាំ២០៤០។

អ្នកសា្រវជ្រាវជាន់ខ្ពស់ខាងទន្លេមេគង្គនៃមជ្ឈមណ្ឌល STIMSON មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក លោកបណ្ឌិត Richard P. Cronin បានឱ្យ VOD ដឹងតាម​សារ​អេឡិចត្រូនិច​អ៊ីម៉ែលថា ទំនប់​វារី​អគ្គិសនី​នៅ​តាម​តួទន្លេ​មេគង្គ ​មិន​ត្រឹម​តែ​បំផ្លាញ​ដល់​​ដំណើរ​​របស់​ត្រី​នោះ​ទេ វា​ថែម​ទាំង​រារាំង​នូវ​លំហូរ​ដី​ល្បាប់ និង​ទឹកមក​ខ្សែ​ទឹក​ខាង​ក្រោម​ផង​ដែរ។

លោក Richard Cronin ​សរសេរ​ថា៖ «ទំនប់បានរារាំងដីល្បាប់ ដោយលទ្ធផលដែលទឹកចាកចេញពីបំពង់បង្ហូរ ប៉ះជាមួយពន្លឺព្រះអាទិត្យ បានប្រែជាពណ៌ខៀវ។ នេះគឺជាផលប៉ះពាល់នៃការចាប់យកដីល្បាប់ដោយទំនប់វារីអគ្គិសនីនៅប្រទេសចិន និងភាគខាងជើងប្រទេសឡាវ។ […]  ទំនប់វារីអគ្គិសនី បានរក្សាទុកទឹកនៅពេលមានគ្រោះរាំងស្ងួតដើម្បីធ្វើឱ្យគ្រប់គ្រាន់ក្នុងការបង្កើតថាមពលឱ្យបានឆាប់។ ផលប៉ះពាល់នៅខ្សែទឹកខាងក្រោមអាចជាមហន្តរាយ! ដោយសារទំនប់វារីអគ្គិសនី ចំនួនត្រីនៅតាមដងទន្លេមេគង្គ និងទន្លេសាបកំពុងតែគាំង(មិន​អាច​ផ្លាស់ទី​ឡើង​បាន)»

ក្រៅ​ពី​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ក៏​ជា​ចំណុច​ដែល​​គេ​យក​មក​ពិភាក្សា​ច្រើន​ពី​អនាគត​របស់​ទន្លេ​មេគង្គ​ដែរ។

ការ​ប្រែប្រួល​អាកាស​ធាតុ

​ទីភ្នាក់ងារ​ទទួល​បន្ទុក​​បរិយាកាស និង​មហា​សមុទ្រ​របស់​រដ្ឋាភិបាល​អាមេរិក (NOAA) បាន​ឱ្យ​ដឹង​ថា ​កម្ដៅ​ផែនដី​បាន​​កើន​ឡើង​កម្ដៅ​ជិត ​១អង្សារ(០,៧អង្សារ)​នៅ​ឆ្នាំ​២០១៩​ ធៀប​នឹង​ឆ្នាំ​១៩៨០។ ​ស្ថាប័ន​នេះ​ បង្ហាញ​ថា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៧មក ​បរិយាកាស​កម្ដៅ​ផែនដី បន្ត​​កើន​ឡើង​ជានិច្ច។

NOAA បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួនថា៖ «ទោះយ៉ាងណា នៅឆ្នាំ​២០៣០ អតុល្យភាពកម្ដៅដែលបណ្តាលមកពីឧស្ម័នផ្ទះកញ្ចក់ ចាប់ផ្តើម​មាន​ប្រៀប​ទៅ​លើ​ការ​រក្សា​លំនឹង​របស់​មហា​សមុទ្រ ហើយក្រាប​លំនឹង​សីតុណ្ហភាពដែល​គេ​ព្យាករ​ទុក​នោះ បាន​ចាប់​ផ្ដើម​​ងាក​ចេញ​ពី​គន្លង​លំនឹង​ហើយ ដោយសារ​តែ​ការ​​បំភាយកាបូនឌីអុកស៊ីត​​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ ដែល​ជា​កត្តា​ចម្បង​ជំរុញ​ដល់​ការ​ឡើង​កម្ដៅ​ផែនដី​ជាច្រើន​អង្សា​បន្ថែម​ទៀត​នៅចុងសតវត្សរ៍នេះ»

ក្នុង​សៀវ​ភៅ​ណែ​នាំ​ពី​ការ​បន្ស៊ាំទៅ​​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ ចេញ​ផ្សាយ​កាល​ពី​​ឆ្នាំ​២០១៨ សាស្ត្រាចារ្យ​ជាន់​ខ្ពស់​ផ្នែក​អភិបាល​កិច្ច​​​ទឹក​របស់​​អង្គការ​សហប្រជាជាតិ ​លោកបណ្ឌិត Jaap Evers បាន​លើក​ឡើង​ថា​ ការ​កើន​ឡើង​កម្ដៅ​ផែន​ដី និង​របប​ទឹក​ភ្លៀង​ប្រចាំ​ឆ្នាំ​ បង្ក​ឱ្យ​​តំបន់​ខ្លះនៃ​ទន្លេ​មេគង្គ​​ មាន​​រដូវ​ក្ដៅ​វែងជាង​រដូវ​វស្សា ជា​ពិសេស​តំបន់​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​។

លោក​បណ្ឌិត Jaap Evers សរសេរថា៖ «ផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុ នឹងជះឥទ្ធិពលដល់សហគមន៍ផ្សេងៗគ្នា នៅក្នុងអាងទន្លេមេគង្គ​តាមវិធីផ្សេងគ្នាហើយជាលទ្ធផល សហគមន៍ផ្សេងគ្នានៅក្នុងអាងទន្លេ នឹងមានផលប៉ះពាល់ផ្សេងៗគ្នាទៅលើលំហូរទឹកទន្លេនាពេលអនាគត»

​ក្នុង​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះ​រាំង​ស្ងួត​​សម្រាប់​អាង​មេគង្គ​ក្រោម​ឆ្នាំ​២០២០ ដល់ ២០២៥ គណៈកម្មការ​ទន្លេ​មេគង្គ​លើកឡើង​ថា​ ការ​ប្រែប្រួល​អាកាស​ធាតុ​ពិភព​លោក នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោមចាប់​ពី​ឆ្នាំ​២០៣០​ទៅ​​ អាចនឹង​​រីង​ស្ងួតដោយ​កន្លែង ​ដែល​ត្រូវ​ការ​យន្ត​ការ​ចាំ​បាច់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​​។

យុទ្ធសាស្ត្រ​នោះ​ លើក​ឡើង​ថា៖ «នេះមានន័យថា តំបន់ អាច​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​ ទំនងជានឹងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ​នៅប៉ុន្មាន​ទសវត្សរ៍​ខាងមុខ។ ដូច្នេះ យន្ដការរៀបចំផែនការ និងការគ្រប់គ្រងឱ្យបានត្រឹមត្រូវនៅកម្រិតគណៈកម្មការ​ទន្លេ​មេគង្គ ចាំបាច់ត្រូវកំណត់ និងដាក់ឱ្យអនុវត្ត មុនពេលផលប៉ះពាល់នៃបម្រែបម្រួល​អាកាសធាតុមក​ដល់»

តើអនាគតមេគង្គខាង​ក្រោម​អាច​នឹង​រាំង​ស្ងួត​ដែរ​ឬ​ទេ?

​លោក​បណ្ឌិត Richard P. Cronin បានឱ្យ VOD ដឹង​ថា ​បញ្ហា​នៃ​ភាព​រាំង​ស្ងួត​នៅ​តំបន់​មេគង្គ​ផ្នែក​ខាង​ក្រោម​កើត​ឡើង​ខ្លាំង​បំផុត​ចេញពី​ទំនប់​វារី​អគ្គិសនី។

លោកសរសេរ​ថា ប្រាប់ ​VOD ថា៖ «ទាំងបម្រែ​បម្រួល​អាកាសធាតុ និងផលប៉ះពាល់នៃគម្រោងវារីអគ្គីសនីធំ​ៗ ដូចជាទំនប់វារី យូណានដ៏ធំសម្បើមរបស់ប្រទេសចិន និងទំនប់សាយ៉ាប៊ូរី នៅប្រទេសឡាវ ដែលបានបញ្ចប់នាពេលថ្មីៗនេះ បានរួមចំណែកដល់វិបត្តិនៅក្នុងតំបន់ ប៉ុន្តែ គ្រោះរាំងស្ងួត ត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយសារទំនប់ទាំងនោះ»

អ្នកពិគ្រោះយោបល់ឯករាជ្យផ្នែកធនធានទន្លេ និងបរិស្ថាន លោក ហែម ឧត្តម លើក​ឡើង​​ថា រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់ច្បាស​លាស់​ណាមួយ​​ពី​ការ​រីងស្ងួត​លើ​ផ្ទៃ​​ទន្លេ​មេគង្គ​នា​ថ្ងៃ​អនាគត​នៅ​ឡើយទេ តែ​​លោកថា ​ការ​ធ្វើ​ទំនប់​ទប់​ទឹក​ពី​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ​ដោយ​ចិន និង​ឡាវ បាន​ធ្វើ​ឱ្យ​កម្រិត​ទឹក​សាប​ហូរ​ចូល​សមុទ្រ​ចុះ​ខ្សោយ​ បូករួម​នឹង​កង្វះ​ដី​ល្បាប់​ដោយ​សារ​ការ​រារាំង​ពី​ទំនប់​ទៀត​នោះ ទឹក​ប្រៃ​នឹង​ហូរ​ចាក់​បំពេញ​មក​ផ្ទៃ​ទន្លេមេគង្គ​ផ្នៃក​ខាង​ក្រោម​វិញ​ ដែល​លោក​ថា​ នៅពេល​នោះ​ហើយ​ ជា​ពេល​ដែល​តំបន់​ទន្លេ​ផ្នែក​ខាង​ក្រោម​រង​គ្រោះ​បំផុត។

 លោក ​ហែម ឧត្តម៖ «កង្វះខាតទឹកសាបហូរចាក់ពីទន្លេមេគង្គផ្នែកខាងលើ អាចនឹងធ្វើអោយតំបន់ដីសណ្តរទន្លេមេគង្គ ប្រទេសវៀតណាមដែលផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាជននៃប្រទេសវៀតណាមជាងពាក់កណ្តាល នឹងត្រូវលេបត្របាក់ដោយទឹកប្រៃនៃសមុទ្រចិនខាងត្បូង។ ការបង្ករបង្កើនផលដំណាំកសិកម្ម នឹងមិនអាចបន្តប្រព្រឹត្តិទៅបានទៀត។ ផ្នែកខ្លះនៃតំបន់បឹងទន្លេសាប ក៏អាចនឹងត្រូវទឹកប្រៃលុកលុយផងដែរ»

សម្រាប់​លោកបណ្ឌិត Richard P. Cronin ដើម្បី​រក្សាប្រយោជន៍​ទន្លេ​មេគង្គ​សម្រាប់​ប្រទេស​ក្នុង​តំបន់​ទាំង​អស់ ​រដ្ឋ​ជាសមាជិក​ទាំង​៤ និង​ប្រទេស​ចិន​ ត្រូវ​មាន​កិច្ច​សហការ​គ្នា​ក្នុង​ការ​សម្របសម្រួល​ការ​គ្រប់គ្រង​ទំនប់វារី​អគ្គិសនីក្នុង​ការ​ពង្រី​ក​អតិបរិមា​លំហូរ​ទឹក បញ្ឈប់​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី ​ហើយ​ងាក​មក​ពឹង​ផ្អែក​លើ​ប្រភព​ថាម​ពល​កើត​ឡើង​វិញ​ផ្សេង​ទៀត។

លោក​បន្ត​ថា ​ទោះ​ជា​យ៉ាង​ណា ​វា​ត្រូវ​ការ​​ការ​ចូល​រួម​ខ្លាំង​បំផុត​ពី​ប្រទេស​ចិន​ក្នុង​ការ​បង្ហាញ​នូវ​តម្លាភាព​នៃ​ទំនប់​របស់​ខ្លួន​ចំពោះ​ប្រទេស​ជិត​ខាង​ផ្នែក​ខាង​ក្រោម​ទាំង​អស់ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ