ក្រសួងពាណិជ្ជកម្មប្រាប់ពលរដ្ឋកុំឱ្យបារម្ភថា​ខ្វះ​​អង្ករក្រោយពីមានព័ត៌មានរីករាលដាល​នៃ​កូវីដ​-១៩

អង្ករគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងហាងមួយកន្លែង ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ណាត សុភាព

ក្រសួងពាណិជ្ជកម្មអំពាវនាវទៅប្រជាពលរដ្ឋកុំបារម្ភថាខ្វះអង្ករហើយចាញ់បោកជនឱកាសនិយមមួយចំនួនទៅទិញអង្ករ​ថ្លៃខុសតម្លៃទីផ្សារ បន្ទាប់ពីមានព័ត៌មាន​នៃការរីករាលដាលនៃ​វីរុស​កូវីដ-១៩(COVID-19)។

ក្រសួងពាណិជ្ជកម្ម​បានបង្ហោះសេចក្តីប្រកាសព័ត៌មាននៅលើហ្វេសប៊ុករបស់ខ្លួន កាលពីម្សិលមិញថា ដោយ​សារ​ព័ត៌មាននៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩(COVID-19)ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភថា កម្ពុជាអាចនឹងជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសឈ្មួញមួយចំនួនបានតម្លើងថ្លៃអង្ករ។

ករណីនេះ ក្រសួងបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋកុំឲ្យព្រួយបារម្ភថា កម្ពុជាខ្វះអង្ករសំរាប់ផ្គត់ផ្គង់ក្នុងស្រុក ពី​ព្រោះសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រដ នៃក្រសួងពាណិជ្ជកម្ម  មានអង្ករគ្រប់គ្រាន់សំរាប់ផ្គត់​ផ្គង់​ទាំងនៅក្នុងស្រុក និងសំរាប់នាំចេញទៅក្រៅប្រទេស រហូតដល់រដូវប្រមូលផលខាងមុខផងដែរ។

លើសពីនេះទៀត ដើម្បីបញ្ចៀសកុំឲ្យឈ្មួញតម្លើងថ្លៃអង្ករ សហព័ន្ធស្រូវអង្ករកម្ពុជា និងសហការជាមួយ​ក្រុម​ហ៊ុន​​ហ្គ្រីនត្រដ នៃក្រសួងពាណិជ្ជកម្ម  លក់អង្ករក្នុងតម្លៃសមរម្យ នៅទីតាំងផ្សេងៗគ្នា ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ។

ទីតាំងទាំងនោះរួមមាន ស្ថិតផ្ទះលេខ ៦៥-៦៧-៦៩ ផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល១ ភ្នំពេញ និងទីតាំង​មួយ​ទៀត​ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខ័ណ្ឌឬស្សីកែវ ភ្នំពេញ រួមទាំងក្រុមហ៊ុន​មេគង្គអូរី​ហ្សា ក្រុមហ៊ុនអេមរ៉ូរាយ ក្រុមហ៊ុនបៃតងកម្ពុជា ក្រុមហ៊ុនខ្មែរហ្វូតគ្រុប រោងម៉ាស៊ីនវង្សប៊ុនហេង អៀង ហ៊ាង និងរោងម៉ាស៊ីនហាក់ សែន ជាដើម។

កាលពីថ្ងៃ៥ ខែមីនា ក្រសួង​សុខាភិបាល​កម្ពុជាបានដាក់​​មនុស្ស​៤នាក់នៅខេត្តសៀមរាប ស្ថិតនៅ​ក្នុង​ការតាម​ដាន​​​បន្ទាប់​ពី​រក​ឃើញ​ថា​​​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​មួយ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​រក​ឃើញ​ថា​មានកូវីដ-១៩ (​COVID-19)។ ដោយឡែក មនុស្សប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ក៏ត្រូវដាក់ឱ្យនៅដាច់​ដោយ​ឡែក​ចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​។

កាលពីម្សិលមិញ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថាក្នុងចំណោម​មនុស្សទាំង៤នាក់ មាន​បុរសជន​ជាតិខ្មែរ​ម្នាក់​មាន​​​ផ្ទុក​កូវីដ-១៩។ ក្រោយពីរកឃើញករណីនេះ​ រដ្ឋាភិបាល​បានសម្រេចបិទសាលាទូទាំងក្រុងសៀមរាប និងលុបចោល​កម្មវិធីអង្គរសង្រ្កាន្តផងដែរ ដើម្បី​បញ្ចៀសពីការ​រីករាល​ដាល​នៃ​វីរុសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ